ព័ត៌មាន

«កិច្ចសហប្រតិបត្តិការរវាងមូលនិធិខុនរ៉ាដ អាដិនណូអ៊ែររបស់អាល្លឺម៉ង់ និងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា»

2018-08-13 09:03:09 ថ្ងៃចន្ទ, 13 សីហា 2018 ម៉ោង 04:03 PM
អ្នកមើល 4392
post_detail

នៅក្នុងឱកាសឡើងតំណែងថ្មីជានាយកមូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ លោកបណ្ឌិត Daniel Schmueking បានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងជំនួបមួយជាមួយអគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា នៅឯសាលស្លឹករឹត នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ នៅក្នុងជំនួបកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត គិន ភា និងមន្រ្តីជាសហការី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់លោកបណ្ឌិត Daniel Schmueking និងសហការី មកពីមូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ តំណាងនៅកម្ពុជា។ 


ឆ្លៀតក្នុងឱកាសដ៏កម្រនេះ ឯកឧត្តមបណ្ឌិត គិន ភា បានស្វាគមន៍ និងអបអរចំពោះលោកបណ្ឌិត Daniel Schmueking ដែលបានឡើងតំណែងជាប្រធានមូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ ហើយឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូនដល់ប្រធានមូលនិធីថា កន្លងមក ស្ថាប័នទាំងពីរ បានធ្វើកិច្ចសហការជាមួយគ្នាយ៉ាងស្អិត រមួត ហើយសង្ឃឹមថា ក្រោមការដឹកនាំថ្មីរបស់លោកបណ្ឌិត Daniel Schmueking ស្ថាប័នទាំងពីរនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត។ ឯកឧត្តមបណ្ឌិត ក៏បានជម្រាបផងដែរថា វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានរៀបចំនូវផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំរបស់ខ្លួនរួចហើយ ហើយស្នើឱ្យមូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ ពិនិត្យពីលទ្ធភាពដែលអាចឱ្យស្ថាប័នធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាបន្តបន្ថែមទៀត តាមរយៈផែនការសកម្មភាពដែលមានក្នុងផែនការយុទ្ធសាស្ត្ររបស់វិទ្យាស្ថាន។ ឆ្លើយតប នឹងចំណុចនេះ លោកបណ្ឌិត Daniel Schmueking បានបង្ហាញចំណាប់អារម្មណ៍ទៅនឹងលើកឡើងរបស់ឯកឧត្តមបណ្ឌិត គិន ភា ពីគម្រោងជាយុទ្ធសាស្រ្តរបស់វិទ្យាស្ថាន និងបានបញ្ជាក់ថា លោកនឹងធ្វើការសិក្សាបន្ថែម សម្រាប់ជំរុញបង្កើនកិច្ចសហការទៅថ្ងៃមុខរវាងស្ថាប័នទាំងពីរ។


ចុងបញ្ចប់នៃជំនួបនេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា និងមូលនិធិ ខុនរ៉ាដ អាដិនណូអ៊ែរ បានសម្រេចនិងឯកភាព នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត ហើយមូលនិធិ នឹងពិនិត្យពីលទ្ធភាពក្នុងការឧបត្ថម្ភគាំទ្រដល់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាលើគម្រោងយុទ្ធសាស្រ្តអភិវឌ្ឍរយៈពេល៥ឆ្នាំរបស់វិទ្យាស្ថាន ដោយផ្តោតសំខាន់ទៅលើចំណុចអទិភាពបួនដូចខាងក្រោម៖ 

  • ការរៀបចំនិងអនុវត្តគម្រោងសិក្សាស្រាវជ្រាវ
  • ការរៀបចំវេទិកាវិទ្យាសាស្រ្ត
  • ការបោះពុម្ពផ្សាយដែលចេញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវកន្លងមក
  • ការរៀបចំបាឋកថា

សូមបញ្ជាក់ដែរថា មូលនិធិខុដរ៉ាដ អាដិនណូអ៊ែរ ជាដៃគូសហប្រតិបត្តិការជាមួយវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិកម្ពុជា អស់រយៈពេលជាងដប់ឆ្នាំមកហើយគិតចាប់ពីឆ្នាំ២០០៦ មក តាំងពីពេលដែល ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច នៅជាអនុប្រធានវិទ្យាស្ថានមកម្លេះ។ ស្ថាប័នទាំងពីរ បានបង្កើតវប្បធម៌នៃកិច្ច សហប្រតិបត្តិការជាមួយគ្នាជាប់រហូតមក។ មូលនីធិខុនរ៉ាដ អាដិនណូអ៊ែរ បានជួយគាំទ្រដល់ការរៀបចំ វេទិកាបណ្ឌិតសភាចំហ ការបោះពុម្ពផ្សាយឯកសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងសកម្មភាពស្រាវជ្រាវជាច្រើន។ តាមរយៈជំនួបកាលពីព្រឹកម៉ិញនេះ មូលនីធិខុនរ៉ាដ អាដិនណូអ៊ែរ បានបង្ហាញពីសញ្ញាណវិជ្ជមានក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។






RAC Media

អត្ថបទទាក់ទង

ជំនួបពិភាក្សាការងារ

នៅរសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ZENG YU FENG សាស្ត្រាចារ្យសាកលវិទ្យា...

2018-03-14 06:36:13   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:36 PM
ចនានុក្រមអក្ខរាវិរុទ្ធ

កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងក...

2018-03-14 06:32:21   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:32 PM
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

2018-03-14 06:26:23   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស