Royal Academy of Cambodia
នៅក្នុងនិក្ខេបបទថ្នាក់បណ្ឌិតដែលមានចំណងជើងថា«ប្រទេសកម្ពុជានិងអាណានិគមកម្មបារាំង, ប្រវត្តិនៃអាណានិគមកម្មមួយដែលគ្មានការប៉ះទង្គិច» នោះ លោក Alain Forest បានសរសេរបន្តថា ការអំពាវនាវជ្រើសរើសទាហានស្ម័គ្រចិត្តទៅច្បាំងនៅប្រទេសបារាំង បានជួបនឹងការមិនអើពើជាទូទៅ ទោះបីមានការឃោសនាយ៉ាងខ្លាំងក្លាក៏ដោយ។ សេចក្តីប្រកាសត្រូវគេបិទផ្សាយនៅគ្រប់ៗភូមិ ដោយរៀបរាប់ប្រាប់អំពីផលប្រយោជន៍ដែលត្រូវផ្តល់ឱ្យដល់អ្នកស្ម័គ្រចិត្ត ដូចជា ការឱ្យរួចពន្ធខ្លួននៅឆ្នាំ១៩១៦ ការផ្តល់ប្រាក់ឧបត្ថម្ភ២០០ហ្វ្រង់នៅពេលស្ម័គ្រចិត្ត ការផ្តល់ប្រាក់៣រៀលក្នុង១ខែសម្រាប់គ្រួសារ និងការឧបត្ថម្ភប្រាក់១២០រៀលនៅពេលស្លាប់។ ៣ខែបន្ទាប់ពីការខិតខំជ្រើសរើស គឺនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩១៦ គេរើសបានចំនួន ២ ២៩៥នាក់ ដែលនៅក្នុងនោះមនុស្ ស៥០៨នាក់ ត្រូវបានគេបញ្ជូនទៅវិញព្រោះមិនស្ម័គ្រចិត្ត ស្ថិតនៅក្រោមការបង្ខិតបង្ខំពីពួកមន្ត្រី។ មនុស្សដែលនៅសល់ចំនួន១ ០០៨នាក់ត្រូវបានទទួលស្គាល់ថាអាចបម្រើកងទ័ពបាន។ ទោះជាយ៉ាងនេះក្តីក៏មានអ្នកស្លាប់ ២០នាក់ដោយជំងឺហើមសួត បណ្តាលមកពីការហ្វឹកហាត់ដោយបង្ខំ កន្លែងស្នាក់នៅ និងចំណីអាហារមិនសមស្រប និងមនុស្ស៣៤០នាក់ទៀតបានរត់ចោល[1]។
សកម្មភាពជ្រើសរើសអ្នកស្ម័គ្រចិត្តទៅច្បាំងនៅប្រទេសបារាំងនោះ ក៏មានប្រភពមួយទៀតជា «បណ្ណសារ» (Archive) (ឯកសារប្រភពទី១) គឺលិខិតរបស់ឧកញ៉ាវាំង (រដ្ឋមន្ត្រីព្រះបរមរាជវាំង) ជូនទៅលោករេស៊ីដង់ជាន់ខ្ពស់បារាំង ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩១៦។ តាមលិខិតនោះ ព្រះបាទស៊ីសុវត្ថិបានយាងទៅជ្រើសរើសអ្នកស្ម័គ្រចិត្តនៅតាមខេត្តចំនួន២លើក ដើម្បីធ្វើជា«ក្រុមយុទ្ធនា និងជាង»[2] ក្នុងរាជការក្រុងបារាំងសែសសម្រាប់សង្គ្រាមលោកលើកទី១។ ព្រះរាជដំណើរនេះមានរយៈពេលសរុប១៦ថ្ងៃ៖ លើកទី១ចំនួន២ថ្ងៃ និងលើកទី២ចំនួន១៤ថ្ងៃ ដែលមានខ្លឹមសារដើមនិងការកែសម្រួលមួយចំនួនដូចខាងក្រោម[3]។
ក-ព្រះរាជដំណើរលើកទី១
ព្រះអង្គបានយាងចេញពីក្រុងភ្នំពេញនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩១៦ ទៅដល់ព្រែកបាណាម ខេត្តបាភ្នំ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩១៦ វេលាម៉ោង២រសៀលដែលនៅសល់តែ១ម៉ោងទៀតនឹងដល់ទីរួមខេត្តព្រៃវែង។ លោកឧកញ៉ាវាំងបានទទួលតេឡេក្រាម[4] ពីលោករេស៊ីដង់ជាន់ខ្ពស់លេខ១១២ ចុះថ្ងៃដដែលដើម្បីក្រាបបង្គំទូលព្រះអង្គសូមឱ្យបង្អង់ព្រះរាជដំណើរ ដោយសារលោកអគ្គទេសាភិបាល[5] នឹងអញ្ជើញមកដល់ក្រុងភ្នំពេញនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩១៦។ ក្នុងវេលាព្រឹកនោះព្រះអង្គក៏បានទ្រង់យាងវិលមកដល់ក្រុងភ្នំពេញវិញក្នុងថ្ងៃទី២៤ ខែកុម្ភៈ វេលាអាធ្រាត្រ។ក្នុងព្រះរាជដំណើរជ្រើសរើសអ្នកស្ម័គ្រចិត្តលើកទី១នេះ មានព្រះរាជបុត្រា៤អង្គ របស់ព្រះបាទស៊ីសុវត្ថិ គឺព្រះអង្គម្ចាស់មុនីវង្ស, ខណារ៉ាក់, សុភានុវង្ស និងវង្កត់[6] ព្រមទាំងព្រះអង្គម្ចាស់ និងឧកញ៉ាមួយចំនួនទៀតតាមហែផងដែរ។
ខ-ព្រះរាជដំណើរលើកទី២
ព្រះអង្គបានយាងទៅកាន់ទីរួមខេត្តព្រៃវែងម្តងទៀតដោយមានក្រុមតាមហែព្រះអង្គដដែលដូចព្រះរាជដំណើរលើកទី១ដែរ ប៉ុន្តែព្រះអង្គម្ចាស់វង្កត់មិនបានចូលរួមទេ។ ព្រះបាទស៊ីសុវត្ថិដែលអមព្រះរាជដំណើរដោយក្សត្រាក្សត្រី និងមន្ត្រីនានានោះ បានចេញពីក្រុងភ្នំពេញនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ១៩១៦ វេលាម៉ោង១១កន្លះយប់ដោយព្រះទីនាំងកប៉ាល់(ឈ្មោះអម្រឹតរង្សី), សាលុព្វ[7](ឈ្មោះឥន្ទ្រីសំបូរ) និងវេដេត[8]។ ក្នុងព្រះរាជដំណើរពីបាណាមខេត្តបាភ្នំទៅកាន់ព្រៃវែងទឹករាក់ព្រះអង្គប្រថាប់លើព្រះទីនាំងទូក ធំ-តូច ទាំងអស់៧ ដោយមានកប៉ាល់តូចៗ សណ្តោងព្រមទាំងមានអ្នកតាមហែផងនោះបានមកដល់ទីរួមខេត្តព្រៃវែងនៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩១៦វេលាម៉ោង១២និង២០នាទី។ ទ្រង់ប្រថាប់ក្នុងព្រះទីនាំងទូកចតនៅកំពុងជំនួញព្រៃវែងហើយបានគិតអំពីការជ្រើសរើសអ្នកស្ម័គ្រចិត្តនៅទីនេះ ដោយជ្រើសរើសក្នុងបណ្តាប្រជាជនទាំង៨ខេត្តរួមមាន៖
ក្នុងព្រះរាជដំណើរមកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ១៩១៦នេះ គឺបានចំនួន១០ថ្ងៃ ហើយចំនួនអ្នកស្ម័គ្រចិត្តដែលជ្រើសរើសបានសរុបទាំងអស់៥០៦នាក់ ដោយពុំមានអ្នកស្ម័គ្រចិត្តមកពីខេត្តល្វាឯមនោះទេ។ អ្នកស្ម័គ្រចិត្តដែលជ្រើសរើសបានទាំងនោះត្រូវបានបញ្ជូនមកភ្នំពេញដើម្បីទទួលការត្រួតពិនិត្យ។ អ្នកខ្លះត្រូវគេជ្រើសរើសយក ដោយសារមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចធ្វើជារាជការបាន ចំណែកអ្នកខ្លះទៀតត្រូវគេបញ្ជូនឱ្យត្រឡប់ទៅវិញ ពីព្រោះពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ រីឯអ្នកខ្លះទៀតពេលមកដល់ក្រុងភ្នំពេញក៏ផ្លាស់ប្តូរគំនិតថាមិនធ្វើរាជការវិញ។ ដោយសារតែមូលហេតុ ខាងលើនេះហើយបានជាព្រះបាទស៊ីសុវត្ថិបញ្ជាក់ទៅចៅហ្វាយស្រុកនៃខេត្តទាំង៨ខាងលើ(ក្នុងទីរួមខេត្តរេស៊ីដង់ព្រៃវែង និងទាំងប៉ុស្តិ៍រាជការស្វាយរៀង) ឱ្យជ្រើសរើសអ្នកស្ម័គ្រចិត្តដែលមានគ្រប់លក្ខណៈសម្បត្តិឱ្យហើយ ឱ្យបានចំនួន៥០០ឬ៦០០នាក់(ដោយមិនបាច់ជ្រើសរើសជាលើកទី២នៅភ្នំពេញទៀតទេ)។
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩១៦ ទូរលេខរបស់ឧកញ៉ាវាំង លេខ៣៧ បានឱ្យដឹងថា ព្រះអង្គបានយាងពីបាណាមមកដល់ភូមិកោះកែវខេត្តល្វាឯម នៅម៉ោង៦ល្ងាច។ ដោយព្រះអង្គមិនសព្វព្រះទ័យគង់នៅទីនោះព្រះអង្គក៏យាងហួសមកចតព្រះទីនាំងកប៉ាល់ ទូក នៅភូមិទឹកឃ្លាំង(ទីតាំងសាលាខេត្តល្វាឯម)នៅម៉ោង៨យប់។
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩១៦ ពីម៉ោង៥រសៀល ចៅហ្វាយស្រុកខេត្តល្វាឯមបានរៀបទទួលព្រះអង្គដើម្បីជួបជុំនឹងព្រះសង្ឃ ក្រមការ អ្នកស្រុក ដើម្បីពន្យល់អំពីមូលហេតុនៃការជ្រើសរើសអ្នកស្ម័គ្រចិត្តនៅទីនោះ។ ក្នុងពេលនោះដែរ អ្នកស្រុកមកថ្វាយបង្គំគាល់មិនទាន់គ្រប់ឃុំនៅឡើយ ដូច្នេះព្រះអង្គទ្រង់ប្រថាប់នៅភូមិទឹកឃ្លាំងចាំទទួលរាស្ត្រនៅព្រឹកស្អែកបន្តទៀត។
នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩១៦ ព្រះអង្គម្ចាស់មុនីវង្សនិងលោកឧកញ៉ាវាំង បានធ្វើជាព្រះរាជតំណាងក្នុងការជួបជាមួយបណ្តារាស្ត្រហើយបានបញ្ចុះបញ្ចូលរាស្ត្រទាំងនោះឱ្យស្ម័គ្រចិត្តធ្វើរាជការ ក្នុងពេលនោះក៏ជ្រើសរើសបានអ្នកស្ម័គ្រចិត្តចំនួនតែ១០នាក់ដែលចូលធ្វើជាជាង ដោយសារតែអ្នកស្រុកខេត្តល្វាឯមមួយចំនួនបានចូលក្នុងក្រុងភ្នំពេញដោយខ្លួនឯងដើម្បីស្ម័គ្រធ្វើរាជការរួចហើយ។ ឯការជ្រើសរើសអ្នកស្ម័គ្រចិត្តក្នុងខេត្តនេះតទៅទៀត ព្រះអង្គក៏បានដាក់បញ្ញត្តិទៅចៅហ្វាយស្រុកនិងក្រមការខេត្ត-ឃុំ ឱ្យយកចិត្តទុកដាក់នឹងបន្តជ្រើសរើសឱ្យបានខ្លះទៀត។ រហូតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩១៦ វេលាម៉ោង៩ព្រឹក ព្រះអង្គជ្រើសរើសបានអ្នកស្ម័គ្រចិត្តសរុបចំនួន៥១៦នាក់ ក្នុងទីរួមខេត្តព្រៃវែង។ព្រះបាទស៊ីសុវត្ថិ បានយាងចេញពីភូមិទឹកឃ្លាំងនៅវេលាម៉ោង៩កន្លះ មកដល់ក្រុងភ្នំពេញនៅម៉ោង១២ថ្ងៃត្រង់។ (នៅមានត...)
(ភាគទី៣ នឹងផ្សាយជូនជាបន្តនៅសប្តាហ៍ក្រោយ)
[1] Alain Forest, ប្រទេសកម្ពុជានិងអាណានិគមកម្មបារាំង, ប្រវត្តិនៃអាណានិគមកម្មមួយដែលគ្មានការប៉ះទង្គិច (១៨៩៧-១៩២០), Editions L’Harmattan, ១៩៨០, ទំព័រ១៣៨-១៣៩។
[2] ក្រុមយុទ្ធនានិងជាង គឺទាហានប្រយុទ្ធនិងទាហានជាង។
[3] ចុម្មាយ ឧកញ៉ាវាំង្គវរៈវៀងជៃ្យ គណៈរដ្ឋមន្ត្រី លេខ៦២ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩១៦។
[4] ពាក្យបារាំងថា Télégramme គឺទូរលេខជាសំបុត្រទាក់ទងគ្នាតាមប្រៃសណីយ៍ឬសំបុត្រខ្សែលួស។
[5] Gouverneur Général គឺលោកអគ្គទេសាភិបាលឥណ្ឌូចិនដែលគ្រប់គ្រងលើរដ្ឋទាំង៥ គឺកូសាំងស៊ីន, កម្ពុជា, អណ្ណាម, តុងកឹង និងឡាវ។
[6] ស៊ន សំណាង, ការវិវត្តនៃសង្គមកម្ពុជានៅចន្លោះសង្គ្រាមលោកទាំង២ (១៩១៩-១៩៣៩), និក្ខេបបទថ្នាក់បណ្ឌិតប្រវត្តិវិទ្យា សាកលវិទ្យាល័យបារីស៧, ឆ្នាំ១៩៩៥, ទំព័រ៩៤ (ព្រះបាទស៊ីសុវត្ថិមានព្រះរាជបុត្រ១អង្គទៀតឈ្មោះដួងលក្ខិណា)។
[7] សាលុព្វ (Chaloupe) ជាកប៉ាល់ឬកាណូតធំលឿនដោយចែវឬបើកក្តោង។
[8] វេដេត (Vedette) ជានាវាចម្បាំងខ្នាតតូចសម្រាប់យាមល្បាត។
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុប (ASEM) លើកទី១២ដោយសម្ដ...
(ហាឡុង)៖ ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ក្នុងកម្មវិធីសិក្ខាសាលាដែលរៀបចំនៅទីក្រុងហាឡុង ខេត្តគ័ងនីង សាធារណៈរដ្ឋសង្គមនិយមវៀតណាមដោយមាន៣ប្រទេសចូលរួម គឺ វៀតណាម កម្ពុជា ឡាវ ក្រោ...
នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំ ៣ប្រទេស(CLV) រួមមាន វៀតណាម-កម្ពុជា-ឡាវ ដែលកំពុងប្រព្រឹត...
នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញ ដោយសុវត្តិភាពហើយ បន្ទាប់...
(ហាណូយ,វៀតណាម)៖ អង្ករក្រអូបប្រណិតរបស់កម្ពុជា បានឈ្នះពានរង្វាន់ជាអង្ករល្អជាងគេបំផុត ក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។នេះបើតាមការបញ្ជាក់របស់ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់ប...