Royal Academy of Cambodia
គោលនយោបាយ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» របស់មហាយក្សចិន នៅតែជាគោលនយោបាយអទិភាពដែលមិនថាតែរដ្ឋាភិបាលចិន សូម្បីតែគ្រឺះស្ថានឧត្តមសិក្សា ក្រុមហ៊ុនវិនិយោគ ទាំងរដ្ឋ និងឯកជននានា តែងលើកយកគោលនយោបាយនេះ ជាអទិភាពក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងប្រទេសជាដៃគូ។ យ៉ាងណាម៉ិញ ប្រតិភូនៃសាកលវិទ្យាល័យក្វាងតុង បានអញ្ជើញមកជួបប្រជុំជាមួយថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
ក្នុងជំនួបនៅព្រឹកថ្ងៃច័ន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូសាកលវិទ្យាល័យក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាលើចំណុចអទិភាព៤៖
ឯកឧត្តមបណ្ឌិត យង់ ពៅ បានប្រគល់ការងារពាក់ព័ន្ធនឹងការទំនាក់ទំនងការងារបន្តជាមួយសាកលវិទ្យាល័យក្វាងតុង ទៅមជ្ឈមណ្ឌលសិក្សាចិន ដែលមានលោកបណ្ឌិត គី សេរីវឌ្ឍន៍ ជាប្រធានដឹកនាំការងារនេះ។ ឯកឧត្តមបណ្ឌិត យង់ ពៅ ក៏បានមានប្រសាសន៍ដែរថា «យើងគួរមានការសិក្សាស្រាវជ្រាវដែលមាន លក្ខណៈវិទ្យាសាស្រ្តរួមគ្នាមួយអំពីផ្លូវមួយខ្សែក្រវាត់មួយជាមួយកម្ពុជា ព្រោះយើងចង់ឱ្យចំណុចនេះក្លាយជាគំរូល្អមួយសម្រាប់ប្រទេសឯទៀត ជៀសវាងមហាជនគេថាវិនិយោគិនចិនមិនមានបំណងល្អ ហើយពុំមានប្រទេសណាមួយគេចង់ស្វាគមន៍ភ្ញៀវចិន ដោយយើងធ្វើការសិក្សាថា តើការចូលវិនិយោគរបស់ចិនមានផលវិបាក ឬប្រឈមយ៉ាងដូចម្តេចខ្លះ?»។ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ដូច្នេះថា ការចុះអនុស្សរណៈលើកិច្ចការជាក់ស្តែង អាចជា MoU ឬ MoA រួមគ្នា រវាងស្ថាប័នទាំងពីរ គឺជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់ជំរុញការសហប្រតិបត្តិការផ្លូវមួយខ្សែក្រវ៉ាត់មួយក្នុងក្របខណ្ឌនៃស្ថាប័នទាំងពីរ។
Dr. Zhao Weihua ប្រធានគណៈប្រតិភូចិនមកពីសាកលវិទ្យាល័យក្វាងតុង និងសហការីចំនួន៥រូប បានបង្ហាញពីទំនុកចិត្តក្នុងការពិភាក្សាជាមួយនឹងប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពិនិត្យពីលទ្ធភាពក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យស្របតាមគោលនយោបាយ«ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» របស់រដ្ឋាភិបាលចិន ព្រោះនេះមិនត្រឹមជាគោលនយោបាយដែលមានការគាំទ្រក្នុងកម្រិតប្រទេសរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ប៉ុណ្ណោះទេ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏ជាបញ្ហាអទិភាពដែលត្រូវស្វះស្វែងបង្កើតឡើង ដើម្បីជម្រុញឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានលក្ខណៈគ្រប់ជ្រុងជ្រោយ តាំងពីកម្រិតលំដាប់ថ្នាក់ដឹកនាំកំពូល និងរវាងស្ថាប័នសំខាន់នៃប្រទេសទាំងពីរផងដែរ។
បន្ថែមលើបញ្ហាសហប្រតិបត្តិការវិទ្យាសាស្ត្រ ឯកឧត្តមបណ្ឌិត យង់ ពៅ ក៏បានលើកឡើងពីបញ្ហាសង្គមមួយចំនួនដែលបានកើតឡើងបន្ទាប់ពីមានវត្តមានជនជាតិចិននៅពេលថ្មីនេះ ក៏ដូចជាការបញ្ហាដែលបន្សល់ទុកពីការវិនិយោគរបស់ភាគីចិនផងដែរ។ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ជនជាតិចិនដែលចូលមកនៅក្នុងប្រទេសកម្ពុជាកាលពីសម័យមុន ដែលភាគច្រើនបានបង្ហាញពីវប្បធម៌ក្នុងការរស់នៅ តស៊ូ អត់ធ្មត់ ព្យាយាមក្នុងរបររកស៊ី និងមានចរឹតសុភាពរាបសារ មិនដូចជាជនជាតិចិនភាគច្រើនដែលចូលមកប្រទេសកម្ពុជាបច្ចុប្បន្ននេះ ហាក់ដូចជារស់នៅមិនសូវចុះសម្រុងជាមួយជនជាតិខ្មែរជិតខាង ហើយបង្កបញ្ហាក៏ច្រើន។
ជាការឆ្លើយតប ភាគីចិនពិតជាចង់សហការជាមួយខាងកម្ពុជាណាស់ ហើយដើម្បីឱ្យការសហការគ្នានោះកាន់តែមានទម្ងន់ភាគីនឹងសិក្សាលម្អិតចំពោះរឿងនេះ។ ដោយឡែករឿងឥរិយាបទអ្នកវិនិយោគចិនចូលមកកម្ពុជា គឺជារឿងដែលគួរឱ្យចាប់អារម្មណ៍ និងគួរមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់។ ជៀសវាងបង្កបរិយាកាសមិនល្អដល់ទំនាក់ទំនងរបស់រដ្ឋាភិបាលយើងទាំងពីរ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានលើកយកបញ្ហាគុណភាពក្នុងវិស័យសំណង់របស់ក្រុមហ៊ុនចិន មានដូចជា សំណង់អាគារ ស្ពាន ថ្នល់… នៅប្រទេសកម្ពុជា ដែលហាក់បីដូចជាមិនសូវបានគិតគូរនិងពិនិត្យពិច័យឱ្យបានហ្មត់ចត់។
ចំពោះនេះ Dr. Zhao Weihua និងសហការី បានលើកឡើងថា យុទ្ធសាស្ត្ររបស់ចិន គឺកសាងទំនុកចិត្តដល់បណ្តាប្រទេសនានាក្នុងតំបន់ គឺមិនគិតតែបរិមាណនោះទេ។ ភាគី បានបង្ហាញពីឆន្ទៈក្នុងការសិក្សាពីបញ្ហាតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ និងលើកយកបញ្ហាសិក្សាឱ្យបានលំអិតបន្ថែមទៀតដើម្បីបង្កើនប្រសិទ្ធភាពការងារ និងសហប្រតិបត្តិការឱ្យកាន់តែប្រសើរជាងមុន ហើយភាគីចិននឹងអញ្ជើញភាគីរាជបណ្ឌិត្យសភាកម្ពុជា ទៅចូលរួមក្នុងកម្មវិធីប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបានសិក្សាពីវប្បធម៌របស់ចិនបន្ថែមទៀត។ សូមបញ្ជាក់ថា សាកលវិទ្យាល័យក្វាងតុង ជាឃ្លាំងចំណេះដឹង ប្រមូលផ្តុំដោយអ្នកសិក្សាស្រាវជ្រាវជាច្រើន ហើយក៏ជាមជ្ឈមណ្ឌលស្រាវជ្រាវធំមួយរបស់ខេត្តក្វាងតុងនៃសាធារណៈរដ្ឋប្រជាមានិតចិន។
កន្លងមក ថ្នាក់ដឹកនាំ និងអ្នកសិក្សាស្រាវជ្រាវពីរាជបណ្ឌិត្យសភាកម្ពុជា ក៏ធ្លាប់ទទួលបានការអញ្ជើញពីសាកលវិទ្យាល័យក្វាងតុង ចូលរួមក្នុងកម្មវិធីវេទិកាវិទ្យាសាស្ត្រ សិក្ខាសាលាអន្តរជាតិជាច្រើនលើកផងដែរ ហើយកិច្ចសហប្រតិបត្តិការនេះ នឹងនៅតែបន្តមានរវាងសាកលវិទ្យាល័យក្វាងតុង និងរាជបណ្ឌិត្យសភាកម្ពុជា។
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អាស៊ាននៅចន្លោះចិន និងសហរដ្ឋអាម៉េរិក» ដែលរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ច...
យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនៅប្រទេសវៀតណាម ក្នុងទ្រង់ទ្រាយធំ និងទូទាំងប្រទេស បានបោះជំហានទៅមុខ យ៉ាងរឹងមាំ និងពេញទំហឹង។ ចំណុចរបត់ដ៏ធំបំផុតក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយនៅវៀតណាម គឺចាប់ផ្តើមតាំ...
ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃ...
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩:០០ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកម្មវិធីកិច្ចពិភាក្សាតុមូលស្តីពី «អាស៊ាននៅចន្លោះមហាអំណាចចិននិងសហរដ្ឋអាម៉េរិកក្នុងបរិ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្ងៃទី៧ កក្កដា ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនគ្នា ជាមួយតំណាងក្រុមការងារក្រុមហ៊ុនហួវៃ (Huawei) ប្រចាំកម្ពុជា។ ភាគីទាំងពីរ បានសិក្សាល...
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រកាស លទ្ធផលជាផ្លូវការនៅថ្ងៃអាទិត្យទី២៦ ខែមិថុនា ឆ្នាំ២០២២ ដោយ គ.ជ.ប និងមានគណបក្សចំនួន៩ ក្នុងចំណោមគណបក្ស១៧ដែលបានដាក់បេក្ខភាព ប្រ...