ព័ត៌មាន

«ជំនួបដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយសាកលវិទ្យាល័យក្វាងតុង ...»

2018-08-13 08:02:14 ថ្ងៃចន្ទ, 13 សីហា 2018 ម៉ោង 03:02 PM
អ្នកមើល 5251
post_detail

គោលនយោបាយ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» របស់មហាយក្សចិន នៅ​តែ​​ជាគោលនយោបាយអទិភាពដែលមិនថាតែរដ្ឋាភិបាលចិន សូម្បី​តែ​គ្រឺះស្ថានឧត្តមសិក្សា ក្រុមហ៊ុនវិនិយោគ ទាំងរដ្ឋ និងឯកជន​នានា តែងលើកយកគោលនយោបាយនេះ ជាអទិភាពក្នុងការភ្ជាប់ទំនាក់​ទំនងជាមួយនឹងប្រទេសជាដៃគូ។ យ៉ាងណា​ម៉ិញ ប្រតិភូនៃសាកល​វិទ្យាល័យក្វាងតុង បានអញ្ជើញមកជួបប្រជុំជាមួយថ្នាក់ដឹក​នាំ​នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ ក្នុងនាមឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។


ក្នុងជំនួបនៅព្រឹកថ្ងៃច័ន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០១៨ នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​វត្តមាន​គណៈប្រតិភូសាកលវិទ្យាល័យក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាលើចំណុចអទិភាព​៤៖ 

  • ការផ្លាស់ប្តូរការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ
  • ការស្វែងរកដៃគូសហប្រតិបត្តិការរួមគ្នា
  • ការពិភាក្សាលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងខេត្តក្វាងតុងជាមួយប្រទេសកម្ពុជា ក្រោមគំនិតផ្តួចផ្តើមគោលនយោបាយ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ” 
  • ស្វែងយល់ពីបរិយាកាសវិនិយោគនៃបណ្តាប្រទេសអាស៊ាន។​            


      ឯកឧត្តមបណ្ឌិត យង់ ពៅ បានប្រគល់ការងារពាក់ព័ន្ធនឹងការទំនាក់ទំនងការងារបន្តជាមួយសាកលវិទ្យាល័យ​ក្វាងតុង ទៅ​មជ្ឈមណ្ឌលសិក្សាចិន ដែលមានលោកបណ្ឌិត គី សេរីវឌ្ឍន៍ ជាប្រធានដឹកនាំការងារនេះ។ ឯកឧត្តម​បណ្ឌិត យង់ ពៅ ក៏បានមានប្រសាសន៍ដែរថា «យើងគួរមានការសិក្សាស្រាវជ្រាវដែលមាន  លក្ខណៈ​វិទ្យាសាស្រ្តរួមគ្នាមួយអំពីផ្លូវមួយខ្សែក្រវាត់មួយជាមួយកម្ពុជា ព្រោះយើងចង់ឱ្យចំណុចនេះក្លាយជាគំរូ​ល្អមួយសម្រាប់​ប្រទេសឯទៀត ជៀសវាងមហាជនគេថាវិនិយោគិនចិនមិនមានបំណងល្អ ហើយពុំមានប្រទេសណាមួយគេចង់ស្វាគមន៍ភ្ញៀវចិន ដោយយើងធ្វើការសិក្សាថា តើការចូលវិនិយោគរបស់ចិនមាន​ផលវិបាក ឬប្រឈមយ៉ាងដូចម្តេចខ្លះ?»។ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ដូច្នេះថា ការចុះអនុស្សរណៈលើកិច្ចការជាក់ស្តែង អាចជា MoU ឬ MoA រួមគ្នា រវាងស្ថាប័នទាំងពីរ គឺជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់ជំរុញការសហប្រតិបត្តិការផ្លូវមួយខ្សែក្រវ៉ាត់មួយក្នុងក្របខណ្ឌនៃស្ថាប័នទាំងពីរ។


      Dr. Zhao Weihua ប្រធានគណៈប្រតិភូចិនមកពីសាកលវិទ្យាល័យក្វាងតុង និងសហការីចំនួន៥រូប បានបង្ហាញពីទំនុកចិត្តក្នុងការពិភាក្សាជាមួយនឹងប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពិនិត្យពីលទ្ធភាពក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យស្របតាមគោលនយោបាយ«ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» របស់រដ្ឋាភិបាលចិន ព្រោះនេះមិនត្រឹមជាគោលនយោបាយដែលមានការគាំទ្រក្នុងកម្រិតប្រទេសរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ប៉ុណ្ណោះទេ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏ជាបញ្ហាអទិភាពដែលត្រូវស្វះស្វែងបង្កើតឡើង ដើម្បីជម្រុញឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានលក្ខណៈគ្រប់​ជ្រុងជ្រោយ តាំងពីកម្រិតលំដាប់ថ្នាក់ដឹកនាំកំពូល និងរវាងស្ថាប័នសំខាន់នៃប្រទេសទាំងពីរផងដែរ។


      បន្ថែមលើបញ្ហាសហប្រតិបត្តិការវិទ្យាសាស្ត្រ ឯកឧត្តមបណ្ឌិត យង់ ពៅ ក៏បានលើកឡើងពីបញ្ហាសង្គមមួយចំនួនដែលបានកើតឡើងបន្ទាប់ពីមានវត្តមានជនជាតិចិននៅពេលថ្មីនេះ ក៏ដូចជាការបញ្ហាដែលបន្សល់ទុកពីការវិនិយោគរបស់ភាគីចិនផងដែរ។ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ជនជាតិចិនដែលចូលមកនៅក្នុងប្រទេសកម្ពុជាកាលពីសម័យមុន ដែលភាគច្រើនបានបង្ហាញពីវប្បធម៌ក្នុងការរស់នៅ តស៊ូ អត់ធ្មត់ ព្យាយាមក្នុងរបររកស៊ី និងមានចរឹតសុភាពរាបសារ មិន​ដូចជាជនជាតិចិនភាគច្រើនដែលចូលមកប្រទេសកម្ពុជាបច្ចុប្បន្ននេះ ហាក់ដូចជារស់នៅមិនសូវចុះសម្រុងជាមួយជនជាតិខ្មែរជិតខាង ហើយបង្កបញ្ហាក៏ច្រើន។

      ជាការឆ្លើយតប ភាគីចិនពិតជាចង់សហការជាមួយខាងកម្ពុជាណាស់ ហើយដើម្បីឱ្យការសហការគ្នានោះកាន់​តែមានទម្ងន់ភាគីនឹងសិក្សាលម្អិតចំពោះរឿងនេះ។ ដោយឡែករឿងឥរិយាបទអ្នកវិនិយោគចិនចូល​មក​កម្ពុជា គឺជារឿងដែលគួរឱ្យចាប់អារម្មណ៍ និងគួរមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់។ ជៀសវាងបង្កបរិយាកាសមិនល្អដល់ទំនាក់ទំនងរបស់រដ្ឋាភិបាលយើងទាំងពីរ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានលើកយកបញ្ហា​គុណភាពក្នុងវិស័យសំណង់របស់ក្រុមហ៊ុនចិន មានដូចជា សំណង់អាគារ ស្ពាន ថ្នល់… នៅប្រទេស​កម្ពុជា ដែលហាក់បីដូចជាមិនសូវបានគិតគូរនិងពិនិត្យពិច័យឱ្យបានហ្មត់ចត់។

      ចំពោះ​នេះ Dr. Zhao Weihua និងសហការី បានលើកឡើងថា យុទ្ធសាស្ត្ររបស់ចិន គឺកសាងទំនុកចិត្តដល់បណ្តា​ប្រទេសនានាក្នុងតំបន់ គឺមិនគិតតែបរិមាណនោះទេ។ ភាគី បានបង្ហាញពីឆន្ទៈក្នុងការសិក្សាពីបញ្ហាតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ​ និងលើកយកបញ្ហាសិក្សាឱ្យបានលំអិតបន្ថែមទៀតដើម្បី​បង្កើនប្រសិទ្ធភាព​ការងារ និងសហប្រតិបត្តិការឱ្យកាន់តែប្រសើរជាងមុន ហើយភាគីចិននឹងអញ្ជើញភាគីរាជបណ្ឌិត្យសភាកម្ពុជា ទៅចូលរួមក្នុងកម្មវិធីប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបានសិក្សាពីវប្បធម៌របស់ចិនបន្ថែមទៀត។ សូមបញ្ជាក់ថា សាកលវិទ្យាល័យក្វាងតុង ជាឃ្លាំងចំណេះដឹង ប្រមូលផ្តុំដោយអ្នកសិក្សាស្រាវជ្រាវជាច្រើន ហើយក៏ជាមជ្ឈមណ្ឌលស្រាវជ្រាវធំមួយរបស់ខេត្តក្វាងតុងនៃសាធារណៈរដ្ឋប្រជាមានិតចិន។

      កន្លងមក ថ្នាក់ដឹកនាំ និងអ្នកសិក្សាស្រាវជ្រាវពីរាជបណ្ឌិត្យសភាកម្ពុជា ក៏ធ្លាប់ទទួលបានការអញ្ជើញពី​សាកលវិទ្យាល័យក្វាងតុង ចូលរួមក្នុងកម្មវិធីវេទិកាវិទ្យាសាស្ត្រ សិក្ខាសាលាអន្តរជាតិជាច្រើនលើកផងដែរ ហើយកិច្ចសហប្រតិបត្តិការនេះ នឹងនៅតែបន្តមានរវាងសាកលវិទ្យាល័យក្វាងតុង និងរាជបណ្ឌិត្យសភាកម្ពុជា។  

      RAC Media

      អត្ថបទទាក់ទង

      សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់សម្ភារៈអេឡិចត្រូនិចសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

      2021-12-01 05:43:18   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:43 PM
      សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់គ្រឿងសង្ហារឹមសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

      2021-12-01 05:40:15   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:40 PM
      ពិធីប្រគល់-ទទួលសៀវភៅស្តីអំពីប្រទេសចិនជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

      នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...

      2021-11-29 13:57:02   ថ្ងៃចន្ទ, 29 វិច្ឆិកា 2021 ម៉ោង 08:57 PM
      សិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រឡង HSK នៅកម្ពុជាប្រចាំឆ្នាំ២០២១

      RAC Media 

      2021-11-26 03:34:31   ថ្ងៃសុក្រ, 26 វិច្ឆិកា 2021 ម៉ោង 10:34 AM
      កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ប្រធានបទ៖«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»

      កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)...

      2021-11-23 12:01:55   ថ្ងៃអង្គារ, 23 វិច្ឆិកា 2021 ម៉ោង 07:01 PM
      អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច

      (រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច» នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត សភ...

      2021-11-15 12:09:10   ថ្ងៃចន្ទ, 15 វិច្ឆិកា 2021 ម៉ោង 07:09 PM

      សេចក្តីប្រកាស