Royal Academy of Cambodia
«ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២» ជាគម្រោងស្រាវជ្រាវមួយដែលរាជបណ្ឌិត្យសភាកម្ពុជា កំពុងរៀបចំធ្វើការសិក្សា ដើម្បីគាស់កកាយឡើងវិញពីព្រះរាជបូជនីយកិច្ចរបស់អតីតព្រះមហាក្សត្រខ្មែរពីសម័យកាលដ៏រុងរឿងនៃចក្រភពខ្មែរ កាលពីមួយសហស្សវត្សរ៍មុននេះ។
អាណាចក្រអង្គរ ដែលមានអាយុកាលចាប់ពីសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៥ នៃគ្រិស្តសករាជ ត្រូវបានចាត់ទុកថាជាសម័យកាលរុងរឿងក្នុងប្រវត្តិសាស្រ្តកម្ពុជា ដោយអាណាចក្រនេះមានវិសាលភាពទឹកដីគ្របដណ្តប់មួយភាគធំនៃតំបន់អាស៊ីអាគ្នេយ៍ដីគោក លាតសន្ធឹងក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ភាគឦសាននៃប្រទេសថៃ ភាគខាងត្បូងនៃប្រទេសឡាវ និងភាគខាងត្បូងនៃប្រទេសវៀតណាមបច្ចុប្បន្ន[1] ដោយបានបន្សល់ទុកនូវស្នាដៃស្ថាបត្យកម្មសិល្បៈល្អឯកនៃសំណង់ប្រាសាទធំស្កឹមស្កៃជាច្រើន នៅស្ទើរពាសពេញអាណាចក្រនេះ។
ព្រះមហាក្សត្រខ្មែរដំបូងរាប់តាំងពីសម័យហ្វូណន ជាពេលដែលប្រទេសកម្ពុជាទើបក្លាយជារដ្ឋដំបូងបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក បានខិតខំកសាងប្រទេសឱ្យក្លាយជារដ្ឋថ្កុំថ្កើងរុងរឿង រហូតអភិវឌ្ឍខ្លួនជាអាណាចក្រមួយក្នុងតំបន់។ តាមឯកសារប្រវត្តិសាស្រ្ត ព្រះមហាក្សត្រខ្មែរជាច្រើនអង្គក្នុងសម័យមហានគរ ដែលពាក់ព័ន្ធនឹងការរៀបចំស្រុកឱ្យក្លាយជារដ្ឋមានអំណាច ចាប់តាំងពីរជ្ជកាលព្រះបាទជ័យវរ័្មនទី២ រហូតដល់រជ្ជកាលព្រះបាទជ័យវរ័្មនទី៧។ ពីរជ្ជកាលមួយទៅរជ្ជកាលមួយ ព្រះរាជាតែងខិតខំកសាងស្នាព្រះហស្តជាច្រើនសម្រាប់ជាតិទឹកដី។
ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០ គ.ស.) ជាព្រះរាជាមួយអង្គដែលគេស្គាល់ថាចូលចិត្តធ្វើសង្រ្គាម[2] ហើយបានចូលរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាក្លាយជាអាណាចក្រ។ ស្នាព្រះហស្តរបស់ព្រះអង្គដែលមនុស្សជាតិក្នុងពិភពលោកស្គាល់គឺ «ប្រាសាទអង្គរវត្ត» ដែលជាសំណង់ប្រាសាទសាសនាធំជាងគេក្នុងពិភពលោកអំឡុងសតវត្សរ៍ទី១២ នៃគ្រិស្តសករាជ ហើយត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តដែលជាស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២ ត្រូវបានគេទទួលស្គាល់ថាជាស្នាព្រះហស្តល្អឯក ដែលមានទំហំធំនិងខ្ពស់ស្កឹមស្កៃ។ ក្រៅពីប្រាសាទអង្គរវត្ត ព្រះអង្គបានកសាងប្រាសាទធំជាច្រើនទៀត ទាំងក្នុងតំបន់អង្គរនិងនៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ និងប្រទេសឡាវ។
សមត្ថភាព ភាពប៉ិនប្រសប់ក្នុងការរៀបចំនិងកសាងទឹកដីឱ្យរុងរឿងទៅបាន ព្រះអង្គបានរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក៏ដូចជារៀបចំនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងជាមួយនឹងប្រទេសផ្សេងៗទៀត។ ព្រះអង្គក៏បានចាប់អារម្មណ៍យ៉ាងខ្លាំងលើការពង្រីកវិស័យពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងការទូតជាមួយនឹង ប្រទេសចិន។
អ្វីដែលបានបង្ហាញខាងលើត្រូវបានអ្នកស្រាវជ្រាវជំនាន់មុន បានសិក្សានិងបោះពុម្ពផ្សាយអំពីប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២។ យ៉ាងណាក៏ដោយ ការសិក្សាស្រាវជ្រាវមិនមានដែនកំណត់ឡើយ។ ការសិក្សាវិភាគអំពីប្រព័ន្ធគំនិត ទស្សនវិជ្ជា ដែលព្រះបាទសូរ្យវរ្ម័នទី២ មាននិងបានប្រើសម្រាប់ដឹកនាំរដ្ឋឱ្យក្លាយជាអាណាចក្រ និងពង្រីកឥទ្ធិពលនៃអាណាចក្រដល់ប្រទេសជិតខាង គឺត្រូវសិក្សាស្រាវជ្រាវស្វែងយល់ផងដែរ។ អាស្រ័យហេតុដូច្នេះហើយបានជាក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្ដួចផ្ដើមគំនិតសិក្សាស្រាវជ្រាវមួយ ស្ដីពី «ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២»។
សូមបញ្ជាក់ថា គម្រោងស្រាវជ្រាវពី«ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២» ការសិក្សាស្រាវនេះមានគោលបំណង៖សិក្សាស្រាវជ្រាវអំពីគំនិតនៃការដឹកនាំដែលនាំឱ្យកម្ពុជាក្លាយជាអាណាចក្រស្នាព្រះហស្តរបស់ព្រះអង្គដែលលេចធ្លោ លក្ខណៈពិសេសរបស់ព្រះបាទសូរ្យវរ្ម័នទី២ លើសពីព្រះរាជាផ្សេងៗ។
គម្រោងស្រាវជ្រាវនេះ ដឹកនាំដោយសមាសភាព៖
[1] ឆាល ហាយហេម “វប្បធម៌ដំបូងនៃតំបន់អាស៊ីអាគ្នេយ៍ដីគោក” ប្រែជាភាសាខ្មែរពី Early Cultures of Mainland Southeast Asia, បុរាណវិទ្យាខ្មែរ រាជបណ្ឌិត្យសភាកម្ពុជា, ភ្នំពេញ, ២០១៣។
[2] Brigg, L.P., The Ancient Khmer Empire, 1951, p. 188
Under the cooperation between the Royal Academy of Cambodia and the National Research Council for Economics, Humanities and Social Sciences of the Republic of Korea, has brought me to the Republic of...
តបតាមការអញ្ជើញរបស់សាកលវិទ្យាល័យមីងជូ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានដឹកនាំគណៈប្រតិភូ ចូលរួមសន្និសីទអន្តរជាតិលើកទី៦ នៃសប្តាហ៍សហប្រតិបត្តិការមេគង្គ-ឡានឆាង និងវេទិកាល...
ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ទីក្រុងគន់មីង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួ...
ការគ្រប់គ្រងរដ្ឋបាលតាមបែប វិមជ្ឈការ គឺជាប្រព័ន្ធនៃការគ្រប់គ្រងរដ្ឋបាល ដែលរដ្ឋបាលកណ្តាលផ្ទេរអំណាចទៅឱ្យរដ្ឋបាល មូលដ្ឋាន ដែលមានរដ្ឋបាលឃុំ សង្កាត់។ ការផ្ទេរអំណាចបែបនេះ ក្នុងគោលបំណងឱ្យរដ្ឋបាលមូលដ...
ច្បាប់កិច្ចសន្យា ត្រូវបានគេយកទៅអនុវត្ត នៅគ្រប់ក្របខណ្ឌអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យមក្រុមហ៊ុនរូបវន្តបុគ្គល និង ក្រុមហ៊ុននីតិបុគ្គលជាតិ និង អន្តរជាតិ។ ដើម្បីដំណើរការប្រព្រឹត្តទៅបានល្អ កាត់បន្ថយនូវជម្...
មនុស្សក្នុងលោកយើងនេះតែងតែមានជំនឿលើអ្វីៗជាច្រើន តាមការយល់ឃើញរបស់ពួកគេ។ ជនជាតិខ្លះមានជំនឿលើកធម្មជាតិដូចជា បឹងបួ ទន្លេ ព្រៃភ្នំ ដើមឈើធំៗ ឬអព្ហូតហេតុផ្សេងៗ ដែលជារឿង អច្ឆរិយៈ។ ពួកគេនាំគ្នាគោរពបន់ស្រន់ដោយជ...