ព័ត៌មាន

ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២

2019-02-19 07:01:50 ថ្ងៃអង្គារ, 19 កុម្ភៈ 2019 ម៉ោង 02:01 PM
អ្នកមើល 3035
post_detail

«ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២» ជាគម្រោងស្រាវជ្រាវមួយដែលរាជបណ្ឌិត្យសភាកម្ពុជា កំពុងរៀបចំធ្វើការសិក្សា ដើម្បីគាស់កកាយឡើងវិញពីព្រះរាជបូជនីយកិច្ចរបស់អតីតព្រះមហាក្សត្រខ្មែរពីសម័យកាលដ៏រុងរឿងនៃចក្រភពខ្មែរ កាលពីមួយសហស្សវត្សរ៍មុននេះ។ 

អាណាចក្រអង្គរ ដែលមានអាយុកាលចាប់ពីសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៥ នៃគ្រិស្ត​សករាជ ត្រូវបានចាត់ទុកថាជាសម័យកាលរុងរឿង​ក្នុង​ប្រវត្តិសាស្រ្តកម្ពុជា ដោយអាណាចក្រនេះមានវិសាលភាពទឹកដីគ្របដណ្តប់មួយភាគធំនៃតំបន់អាស៊ី​អាគ្នេយ៍ដីគោក លាតសន្ធឹងក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ភាគឦសាននៃប្រទេសថៃ ភាគខាងត្បូងនៃប្រទេសឡាវ និងភាគខាងត្បូងនៃ​ប្រទេស​​វៀតណាម​បច្ចុប្បន្ន[1]  ដោយបានបន្សល់ទុកនូវស្នាដៃស្ថាបត្យកម្ម​​សិល្បៈល្អឯកនៃសំណង់​ប្រាសាទធំស្កឹមស្កៃជាច្រើន ​នៅស្ទើរ​ពាស​ពេញ​អាណាចក្រនេះ។

ព្រះមហាក្សត្រខ្មែរដំបូងរាប់តាំងពីសម័យហ្វូណន ជាពេលដែលប្រទេសកម្ពុជាទើបក្លាយជារដ្ឋដំបូងបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក បានខិតខំកសាងប្រទេសឱ្យក្លាយជារដ្ឋថ្កុំថ្កើងរុងរឿង រហូតអភិវឌ្ឍខ្លួនជាអាណាចក្រមួយក្នុងតំបន់។ តាមឯកសារប្រវត្តិសាស្រ្ត ព្រះមហាក្សត្រខ្មែរជាច្រើនអង្គក្នុងសម័យមហានគរ ដែលពាក់ព័ន្ធនឹងការរៀបចំស្រុកឱ្យក្លាយជារដ្ឋមានអំណាច ចាប់តាំងពីរជ្ជកាលព្រះបាទជ័យវរ័្មនទី២ រហូតដល់រជ្ជកាលព្រះបាទជ័យវរ័្មនទី៧។ ពីរជ្ជកាលមួយទៅរជ្ជកាលមួយ ព្រះរាជាតែងខិតខំកសាងស្នាព្រះហស្តជាច្រើនសម្រាប់ជាតិទឹកដី។ 

ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០ គ.ស.) ជាព្រះរាជាមួយអង្គដែលគេស្គាល់ថាចូលចិត្តធ្វើសង្រ្គាម[2] ហើយបានចូលរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាក្លាយជាអាណាចក្រ។ ស្នាព្រះហស្តរបស់ព្រះអង្គដែលមនុស្សជាតិក្នុងពិភពលោកស្គាល់គឺ «ប្រាសាទអង្គរវត្ត» ដែលជាសំណង់ប្រាសាទសាសនាធំជាងគេក្នុងពិភពលោក​អំឡុងសតវត្សរ៍ទី១២  នៃគ្រិស្តសករាជ ហើយត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តដែលជាស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២ ត្រូវបានគេទទួលស្គាល់ថាជាស្នាព្រះហស្តល្អឯក  ដែលមានទំហំធំនិងខ្ពស់ស្កឹមស្កៃ។ ក្រៅពីប្រាសាទអង្គរវត្ត ព្រះអង្គបានកសាងប្រាសាទធំជាច្រើនទៀត ទាំងក្នុងតំបន់អង្គរនិងនៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ និងប្រទេសឡាវ។

សមត្ថភាព ភាពប៉ិនប្រសប់ក្នុងការរៀបចំនិងកសាងទឹកដីឱ្យរុងរឿងទៅបាន ព្រះអង្គបានរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក៏ដូចជារៀបចំនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងជាមួយនឹងប្រទេសផ្សេងៗទៀត។ ព្រះអង្គក៏បានចាប់អារម្មណ៍យ៉ាងខ្លាំងលើការពង្រីកវិស័យពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងការទូតជាមួយនឹង ប្រទេសចិន។

អ្វីដែលបានបង្ហាញខាងលើត្រូវបានអ្នកស្រាវជ្រាវជំនាន់មុន បានសិក្សានិងបោះពុម្ពផ្សាយអំពីប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២។ យ៉ាងណាក៏ដោយ ការសិក្សាស្រាវជ្រាវមិនមានដែនកំណត់ឡើយ។ ការសិក្សាវិភាគអំពីប្រព័ន្ធគំនិត ទស្សនវិជ្ជា ដែលព្រះបាទសូរ្យវរ្ម័នទី២ មាននិងបានប្រើសម្រាប់ដឹកនាំរដ្ឋឱ្យក្លាយជាអាណាចក្រ និងពង្រីកឥទ្ធិពលនៃអាណាចក្រដល់ប្រទេសជិតខាង គឺត្រូវសិក្សាស្រាវជ្រាវស្វែងយល់ផងដែរ។ អាស្រ័យហេតុដូច្នេះហើយបានជាក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្ដួចផ្ដើមគំនិតសិក្សាស្រាវជ្រាវមួយ ស្ដីពី «ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២»។

សូមបញ្ជាក់ថា គម្រោងស្រាវជ្រាវពី«ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២» ការសិក្សាស្រាវនេះមានគោលបំណង៖សិក្សាស្រាវជ្រាវអំពីគំនិតនៃការដឹកនាំដែលនាំឱ្យកម្ពុជាក្លាយជាអាណាចក្រស្នាព្រះហស្តរបស់ព្រះអង្គដែលលេចធ្លោ លក្ខណៈពិសេសរបស់ព្រះបាទសូរ្យវរ្ម័នទី២ លើសពីព្រះរាជាផ្សេងៗ។

គម្រោងស្រាវជ្រាវនេះ ដឹកនាំដោយសមាសភាព៖

  • ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានក្រុមស្រាវជ្រាវ
  • លោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ  និងជាអនុប្រធានក្រុមស្រាវជ្រាវ
  • លោកបណ្ឌិត មាឃ បូរ៉ា ប្រធានផ្នែកសិលាចារឹកវិទ្យា នៃវិទ្យាស្ថានភាសាជាតិ ជាសមាជិក
  • លោក សួ ប៉ុណ្ណារ៉ាត់ ប្រធានផ្នែកប្រវត្តិវិទ្យា និងវិទ្យាសាស្រ្តនយោបាយ នៃវិទ្យាស្ថានមនុស្សសាស្រ្ត ជាសមាជិក។ ​

[1] ឆាល ហាយហេម “វប្បធម៌ដំបូងនៃតំបន់អាស៊ីអាគ្នេយ៍ដីគោក” ប្រែជាភាសាខ្មែរពី Early Cultures of Mainland Southeast Asia, បុរាណវិទ្យាខ្មែរ រាជបណ្ឌិត្យសភាកម្ពុជា, ភ្នំពេញ, ២០១៣។

[2] Brigg, L.P., The Ancient Khmer Empire, 1951, p. 188


អត្ថបទទាក់ទង

លោកស្រី អ៊ុង សានស៊ូជី៖ ព្រះចន្ទដែលពិបាករះ

លោកស្រី អ៊ុង សានស៊ូជី នៃប្រទេសភូមាបានប្រើប្រាស់ជីវិតរបស់លោកស្រីជាបួនផ្នែកធំៗ គឺ ទី ១ លោកស្រី គឺជាអ្នកនយោបាយស្ត្រីដែលមានភាពក្លាហានក្នុងការប្រឈមមុខជាមួយបញ្ហាដែលកើតមានក្នុងប្រទេសរបស់លោកស្រី ទី ២ លោកស្រីគ...

2021-02-13 05:05:56   ថ្ងៃសៅរ៍, 13 កុម្ភៈ 2021 ម៉ោង 12:05 PM
ហេតុអ្វីមេដឹកនាំយោធានៃប្រទេសភូមាផ្ញើលិខិតសុំការណែនាំអំពីលទ្ធិប្រជាធិបតេយ្យពីនាយករដ្ឋមន្ត្រីថៃ?

នៅដើមឆ្នាំ ២០២១នេះ ប្រទេសភូមា ឬមីយ៉ាន់ម៉ា គឺជាប្រទេសមួយដែលមានភាពល្បីល្បាញ និងបានទាក់ទាញការចាប់អារម្មណ៍ជាអន្តរជាតិ ដោយសារតែប្រទេសនេះមានរដ្ឋប្រហារមួយដែលបានទំលាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុង សានស៊ូជី និងសម...

2021-02-12 14:08:29   ថ្ងៃសុក្រ, 12 កុម្ភៈ 2021 ម៉ោង 09:08 PM
ចំណោទបញ្ហា ដោយ៖បណ្ឌិត ព្រុំ ទេវី, អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2021-02-12 09:07:54   ថ្ងៃសុក្រ, 12 កុម្ភៈ 2021 ម៉ោង 04:07 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញត្រួតពិនិត្យដំណើរការសាងសង់អគារខេមរវិទូ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្...

2021-02-10 13:38:34   ថ្ងៃពុធ, 10 កុម្ភៈ 2021 ម៉ោង 08:38 PM
នយោបាយការបរទេសចិនក្នុងបញ្ហាមីយ៉ាន់ម៉ា ដោយ៖ ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិន

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-02-10 07:51:47   ថ្ងៃពុធ, 10 កុម្ភៈ 2021 ម៉ោង 02:51 PM
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការភាសាវិទ្យា

កាលពីរសៀលថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអន...

2021-02-10 03:34:12   ថ្ងៃពុធ, 10 កុម្ភៈ 2021 ម៉ោង 10:34 AM

សេចក្តីប្រកាស