ព័ត៌មាន

ការប្រកាសដំណើរការនីតិវិធីព្យួរ EBA ពីកម្ពុជា ជាឱកាសសម្រាប់កម្ពុជា

2019-02-15 15:45:26 ថ្ងៃសុក្រ, 15 កុម្ភៈ 2019 ម៉ោង 10:45 PM
អ្នកមើល 3054
post_detail

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចពិភាក្សាតុមូលមួយស្ដីពី «សេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ស្ដីពីការប្រកាសដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវ EBA ពីកម្ពុជា» ដែលប្រព្រឹត្តទៅនៅសាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជា។

ថ្លែងក្នុងកិច្ចពិភាក្សាតុមូលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចោទជាសំណួរសម្រាប់ការពិចារណាថា «តើគោលបំណងពិតនៅក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប(EBA) ពីកម្ពុជា ជាច្បាប់ឬនយោបាយ?»។ មិនថានៅក្នុងហេតុផលណាមួយក៏ដោយក្ដី យើងអាចមើលឃើញបានយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញភាពជឿជាក់របស់ខ្លួននៅចំពោះមុខការប្រកាសខាងលើនេះ។ ជាការពិតណាស់ ថ្វីត្បិតតែវាមិនមែនជាដំណាក់កាលសម្រេចចិត្តចុងក្រោយរបស់អឺរ៉ុប ចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប(EBA) ពីកម្ពុជា ប៉ុន្តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវវិធានការនិងការសម្រេចចិត្តជាយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីពង្រឹងបន្ថែមនូវមូលដ្ឋានដណ្ដើមឈ្នះក្នុងសមរភូមិទីផ្សារផលិតផលនិងការវិនិយោគរបស់កម្ពុជា។

សម្រាប់ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រៅតែពីការមិនបង្ហាញអំពីការព្រួយបារម្ភចំពោះលទ្ធភាពដែលសហភាពអាចនឹងដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប(EBA) ពីកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យថែមទាំងបានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានប្រកាសអំពីការរៀបចំដំណើរការនីតិវិធីខាងលើថែមទៀតផង។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងថា «យើងសូមអរគុណដល់អឺរ៉ុប ដែលបានប្រកាសអំពីការរៀបចំដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវ EBA ពីកម្ពុជា ដែលបានរំឭកដល់រដ្ឋាភិបាលឱ្យត្រៀមលក្ខណៈរួចរាល់ជាមុន ប្រឈមនឹងបរិយាកាសប្រកួតប្រជែងដោយស្មើភាពគ្នា»។

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ក្នុងករណីនេះ (ការដកប្រព័ន្ធអនុគ្រោះពន្ធ) គឺជាការបង្រៀនឱ្យកម្ពុជាដើរលើផ្លូវរបស់ខ្លួនឯង ដែលត្រូវពឹងពាក់លើសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន។ ឯកឧត្ដមបានចោទជាសំណួរថា ប្រទេសនៅអាស៊ាន មានតែប្រទេស៣ប៉ុណ្ណោះដែលទទួលបាន EBA គឺកម្ពុជា ឡាវ និងភូមា ចុះតើប្រទេសអាស៊ាន៧ទៀតដែលមិនទទួលបាន EBA គ្មានការងារធ្វើឬយ៉ាងណា? ប្រទេសទាំងនោះអាចធ្វើបាន កម្ពុជាក៏អាចធ្វើបានផងដែរ។

ជាការពិតណាស់ ក្នុងនាមជាមេដឹកនាំដែលប្ដេជ្ញាការពារអធិបតេយ្យភាពនិងឯករាជភាពរបស់ប្រទេស រាជរដ្ឋាភិបាលត្រូវមានទំនួលខុសត្រូវ ក្នុងការអនុវត្តទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានចែងជាធរមាន ពិសេសការពារនូវរាល់ផលប្រយោជន៍របស់ប្រទេសជាតិ នៅចំពោះមុខការប្រើប្រាស់លទ្ធភាព ឬសម្ពាធណាមួយពីមជ្ឈនដ្ឋានខាងក្រៅដែលស្ថិតក្នុងរូបភាពជះឥទ្ធិពលដល់ការសម្រេចចិត្តក្នុងការអនុវត្តច្បាប់របស់កម្ពុជា។ ក្នុងហេតុផលនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយកការប្រឈមនឹងការគម្រាមដក EBA ពីកម្ពុជា ហើយបដិសេធការលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ជាមួយគ្នា ការតាំងជំហរយ៉ាងរឹងមាំរបស់រាជរដ្ឋាភិបាល ត្រូវបានធ្វើឡើងក្នុងលក្ខណៈជាត្រៀមប្រយុទ្ធរួចជាស្រេច នៅក្នុងសមរភូមិទីផ្សារផលិតផលនៅកម្ពុជា និងពង្រឹងឱកាសនៃការវិនិយោគពីបរទេស (FDI) មកកម្ពុជា។ ការលុបបំបាត់រចនាសម្ព័ន្ធរដ្ឋ ដែលបង្កផលវិបាក និងជាឧបសគ្គសម្រាប់វិនិយោគិន ពិសេសអ្នករកស៊ីនៅតាមបណ្ដោយព្រំដែន ត្រូវបានរាជរដ្ឋាភិបាលកែសម្រួល ដើម្បីបន្ថយនូវការចំណាយរបស់វិនិយោគិននៅកម្ពុជា។ លើសពីនេះផងដែរ ការបញ្ចុះថ្លៃអគ្គិសនីដែលជាមូលដ្ឋានផលិតកម្មក្នុងស្រុករបស់កម្ពុជា ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាសំខាន់ដើម្បីកាត់បន្ថយថ្លៃដើមផលិត នៅខណៈដែលការិយាធិបតេយ្យត្រូវបានលុបបំបាត់ជាបណ្ដើរៗ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលបាននិងកំពុងជំរុញឱ្យមានការរៀបចំរចនាសម្ព័ន្ធត្រួតពិនិត្យ និងការគ្រប់គ្រងច្រកចេញចូលតែមួយឱ្យបានកាន់តែប្រសើរ ខណៈដែលគម្រោងវិនិយោគធំៗជាច្រើនត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចសម្រេចអនុញ្ញាតឱ្យដំណើរការជាបន្តបន្ទាប់៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

«យុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ជប៉ុន» ដោយ៖ លឹម សុវណ្ណរិទ្ធ រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣

លោក ហ៊្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុនក្នុងអតីតកាល ជប៉ុនគឺជាប្រទេសចក្រពត្តិនិយមមួយ ដែលឈ្លានពានបណ្ដាប្រទេសជិតខាងដើម្បីមហិច្ឆតាកសាងប្រទេសរបស់ខ្លួនជាមហាអំណាចប្រកបដោយសក្ដានុពល។ ដោយសារតែជប៉ុនជាប្រ...

2023-01-20 08:29:30   ថ្ងៃសុក្រ, 20 មករា 2023 ម៉ោង 03:29 PM
«យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សាធារណរដ្ឋកូរ៉េ»

ដោយ៖​ លឹម សុវ​ណ្ណរិទ្ធ សម្រាប់កូរ៉េខាងត្បូង ឥណ្ឌូប៉ាស៊ីហ្វិក ក្រៅពីជាតំបន់ដែលប្រកបដោយសក្ដានុពលសេដ្ឋកិច្ច និងយុទ្ធសាស្ត្រនយោបាយការទូតដ៏ចម្បង តំបន់នេះក៏ជាបណ្ដុំនៃដៃគូឧស្សាហកម្មយុទ្ធសាស្ត្រដូចជា គ្រ...

2023-01-17 10:06:18   ថ្ងៃអង្គារ, 17 មករា 2023 ម៉ោង 05:06 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភានៃសាធារណរដ្ឋកូរ៉េដែលដឹកនាំដោយឯកឧត្ដម Park Byeong-Seug

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃសុក្រ ៧ រោច ខែបុស្ស ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចា្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្ស...

2023-01-13 11:01:07   ថ្ងៃសុក្រ, 13 មករា 2023 ម៉ោង 06:01 PM
«អង្គប្រជុំស្តីអំពី ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា»

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៩៖០០នាទីព្រឹក នៅសាលទន្លេសាប (អគារខេមរវិទូ)នៃរាជបណ្ឌិត្យសភាកម្ពុជា មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំអង្គប្រជុំម...

2023-01-13 10:50:41   ថ្ងៃសុក្រ, 13 មករា 2023 ម៉ោង 05:50 PM
រាជបណ្ឌិត្យសភាកម្ពុជា ទទួលលិខិតថ្លែងអំណរគុណពីឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងបំផុសចលនាយល់ដឹងពាក់ព័ន្ធនឹងប្រធានបទអាស៊ាន

នៅរសៀលថ្ងៃទី១២​ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា តំណាងឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលយកលិខិតថ្លែងអំណរគុណរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករ...

2023-01-13 10:31:45   ថ្ងៃសុក្រ, 13 មករា 2023 ម៉ោង 05:31 PM
ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានដឹកនាំប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា មកឈ្វេងយល់អំពីរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ៥ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុម...

2023-01-11 07:01:42   ថ្ងៃពុធ, 11 មករា 2023 ម៉ោង 02:01 PM

សេចក្តីប្រកាស