Royal Academy of Cambodia
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចពិភាក្សាតុមូលមួយស្ដីពី «សេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ស្ដីពីការប្រកាសដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវ EBA ពីកម្ពុជា» ដែលប្រព្រឹត្តទៅនៅសាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជា។
ថ្លែងក្នុងកិច្ចពិភាក្សាតុមូលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចោទជាសំណួរសម្រាប់ការពិចារណាថា «តើគោលបំណងពិតនៅក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប(EBA) ពីកម្ពុជា ជាច្បាប់ឬនយោបាយ?»។ មិនថានៅក្នុងហេតុផលណាមួយក៏ដោយក្ដី យើងអាចមើលឃើញបានយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញភាពជឿជាក់របស់ខ្លួននៅចំពោះមុខការប្រកាសខាងលើនេះ។ ជាការពិតណាស់ ថ្វីត្បិតតែវាមិនមែនជាដំណាក់កាលសម្រេចចិត្តចុងក្រោយរបស់អឺរ៉ុប ចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប(EBA) ពីកម្ពុជា ប៉ុន្តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវវិធានការនិងការសម្រេចចិត្តជាយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីពង្រឹងបន្ថែមនូវមូលដ្ឋានដណ្ដើមឈ្នះក្នុងសមរភូមិទីផ្សារផលិតផលនិងការវិនិយោគរបស់កម្ពុជា។
សម្រាប់ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រៅតែពីការមិនបង្ហាញអំពីការព្រួយបារម្ភចំពោះលទ្ធភាពដែលសហភាពអាចនឹងដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប(EBA) ពីកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យថែមទាំងបានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានប្រកាសអំពីការរៀបចំដំណើរការនីតិវិធីខាងលើថែមទៀតផង។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងថា «យើងសូមអរគុណដល់អឺរ៉ុប ដែលបានប្រកាសអំពីការរៀបចំដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវ EBA ពីកម្ពុជា ដែលបានរំឭកដល់រដ្ឋាភិបាលឱ្យត្រៀមលក្ខណៈរួចរាល់ជាមុន ប្រឈមនឹងបរិយាកាសប្រកួតប្រជែងដោយស្មើភាពគ្នា»។
បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ក្នុងករណីនេះ (ការដកប្រព័ន្ធអនុគ្រោះពន្ធ) គឺជាការបង្រៀនឱ្យកម្ពុជាដើរលើផ្លូវរបស់ខ្លួនឯង ដែលត្រូវពឹងពាក់លើសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន។ ឯកឧត្ដមបានចោទជាសំណួរថា ប្រទេសនៅអាស៊ាន មានតែប្រទេស៣ប៉ុណ្ណោះដែលទទួលបាន EBA គឺកម្ពុជា ឡាវ និងភូមា ចុះតើប្រទេសអាស៊ាន៧ទៀតដែលមិនទទួលបាន EBA គ្មានការងារធ្វើឬយ៉ាងណា? ប្រទេសទាំងនោះអាចធ្វើបាន កម្ពុជាក៏អាចធ្វើបានផងដែរ។
ជាការពិតណាស់ ក្នុងនាមជាមេដឹកនាំដែលប្ដេជ្ញាការពារអធិបតេយ្យភាពនិងឯករាជភាពរបស់ប្រទេស រាជរដ្ឋាភិបាលត្រូវមានទំនួលខុសត្រូវ ក្នុងការអនុវត្តទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានចែងជាធរមាន ពិសេសការពារនូវរាល់ផលប្រយោជន៍របស់ប្រទេសជាតិ នៅចំពោះមុខការប្រើប្រាស់លទ្ធភាព ឬសម្ពាធណាមួយពីមជ្ឈនដ្ឋានខាងក្រៅដែលស្ថិតក្នុងរូបភាពជះឥទ្ធិពលដល់ការសម្រេចចិត្តក្នុងការអនុវត្តច្បាប់របស់កម្ពុជា។ ក្នុងហេតុផលនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយកការប្រឈមនឹងការគម្រាមដក EBA ពីកម្ពុជា ហើយបដិសេធការលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ជាមួយគ្នា ការតាំងជំហរយ៉ាងរឹងមាំរបស់រាជរដ្ឋាភិបាល ត្រូវបានធ្វើឡើងក្នុងលក្ខណៈជាត្រៀមប្រយុទ្ធរួចជាស្រេច នៅក្នុងសមរភូមិទីផ្សារផលិតផលនៅកម្ពុជា និងពង្រឹងឱកាសនៃការវិនិយោគពីបរទេស (FDI) មកកម្ពុជា។ ការលុបបំបាត់រចនាសម្ព័ន្ធរដ្ឋ ដែលបង្កផលវិបាក និងជាឧបសគ្គសម្រាប់វិនិយោគិន ពិសេសអ្នករកស៊ីនៅតាមបណ្ដោយព្រំដែន ត្រូវបានរាជរដ្ឋាភិបាលកែសម្រួល ដើម្បីបន្ថយនូវការចំណាយរបស់វិនិយោគិននៅកម្ពុជា។ លើសពីនេះផងដែរ ការបញ្ចុះថ្លៃអគ្គិសនីដែលជាមូលដ្ឋានផលិតកម្មក្នុងស្រុករបស់កម្ពុជា ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាសំខាន់ដើម្បីកាត់បន្ថយថ្លៃដើមផលិត នៅខណៈដែលការិយាធិបតេយ្យត្រូវបានលុបបំបាត់ជាបណ្ដើរៗ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលបាននិងកំពុងជំរុញឱ្យមានការរៀបចំរចនាសម្ព័ន្ធត្រួតពិនិត្យ និងការគ្រប់គ្រងច្រកចេញចូលតែមួយឱ្យបានកាន់តែប្រសើរ ខណៈដែលគម្រោងវិនិយោគធំៗជាច្រើនត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចសម្រេចអនុញ្ញាតឱ្យដំណើរការជាបន្តបន្ទាប់៕
RAC Media | លឹម សុវណ្ណរិទ្ធ
ដោយចាក់ឫសក្នុងប្រវត្តិសាស្ត្រ វប្បធម៌ និងប្រពៃណីនៃប្រទេសនីមួយៗ លទ្ធិប្រជាធិបតេយ្យមានទម្រង់ចម្រុះនិងអភិវឌ្ឍតាមមាគ៌ាដែលបានជ្រើសរើសដោយប្រជាជននៃប្រទេសនានា ដោយផ្អែកលើការយល់ដឹងនិងនវានុវត្តន៍របស់ពួកគេ។ ដូចនេ...
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាលា KDI School of Public Policy ដែលមានទីតាំងនៅក្នុងទី...
នៅរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ទៅទស្សនា និងស្តាប់ការធ្វើបទបង្ហាញអំពីការងារ និងស្នាដៃដែលវិទ្យាស្ថានស្រាវ...
ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានជាតិសម្រាប់សិក្សាសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងមនុស្សសាស្ត្រនៃសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ...
នៅក្នុងឱកាសកម្មវិធីតាំងពិព័រណ៍លើកទី១ ដែលរៀបចំឡើងដោយក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ ស្ដង់ពិព័រណ៍ទឹកដោះគោស្រស់តេ...