ព័ត៌មាន

ការប្រកាសដំណើរការនីតិវិធីព្យួរ EBA ពីកម្ពុជា ជាឱកាសសម្រាប់កម្ពុជា

2019-02-15 15:45:26 ថ្ងៃសុក្រ, 15 កុម្ភៈ 2019, 03:45 PM
post_detail

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចពិភាក្សាតុមូលមួយស្ដីពី «សេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ស្ដីពីការប្រកាសដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវ EBA ពីកម្ពុជា» ដែលប្រព្រឹត្តទៅនៅសាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជា។

ថ្លែងក្នុងកិច្ចពិភាក្សាតុមូលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចោទជាសំណួរសម្រាប់ការពិចារណាថា «តើគោលបំណងពិតនៅក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប(EBA) ពីកម្ពុជា ជាច្បាប់ឬនយោបាយ?»។ មិនថានៅក្នុងហេតុផលណាមួយក៏ដោយក្ដី យើងអាចមើលឃើញបានយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញភាពជឿជាក់របស់ខ្លួននៅចំពោះមុខការប្រកាសខាងលើនេះ។ ជាការពិតណាស់ ថ្វីត្បិតតែវាមិនមែនជាដំណាក់កាលសម្រេចចិត្តចុងក្រោយរបស់អឺរ៉ុប ចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប(EBA) ពីកម្ពុជា ប៉ុន្តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវវិធានការនិងការសម្រេចចិត្តជាយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីពង្រឹងបន្ថែមនូវមូលដ្ឋានដណ្ដើមឈ្នះក្នុងសមរភូមិទីផ្សារផលិតផលនិងការវិនិយោគរបស់កម្ពុជា។

សម្រាប់ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រៅតែពីការមិនបង្ហាញអំពីការព្រួយបារម្ភចំពោះលទ្ធភាពដែលសហភាពអាចនឹងដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប(EBA) ពីកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យថែមទាំងបានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានប្រកាសអំពីការរៀបចំដំណើរការនីតិវិធីខាងលើថែមទៀតផង។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងថា «យើងសូមអរគុណដល់អឺរ៉ុប ដែលបានប្រកាសអំពីការរៀបចំដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវ EBA ពីកម្ពុជា ដែលបានរំឭកដល់រដ្ឋាភិបាលឱ្យត្រៀមលក្ខណៈរួចរាល់ជាមុន ប្រឈមនឹងបរិយាកាសប្រកួតប្រជែងដោយស្មើភាពគ្នា»។

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ក្នុងករណីនេះ (ការដកប្រព័ន្ធអនុគ្រោះពន្ធ) គឺជាការបង្រៀនឱ្យកម្ពុជាដើរលើផ្លូវរបស់ខ្លួនឯង ដែលត្រូវពឹងពាក់លើសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន។ ឯកឧត្ដមបានចោទជាសំណួរថា ប្រទេសនៅអាស៊ាន មានតែប្រទេស៣ប៉ុណ្ណោះដែលទទួលបាន EBA គឺកម្ពុជា ឡាវ និងភូមា ចុះតើប្រទេសអាស៊ាន៧ទៀតដែលមិនទទួលបាន EBA គ្មានការងារធ្វើឬយ៉ាងណា? ប្រទេសទាំងនោះអាចធ្វើបាន កម្ពុជាក៏អាចធ្វើបានផងដែរ។

ជាការពិតណាស់ ក្នុងនាមជាមេដឹកនាំដែលប្ដេជ្ញាការពារអធិបតេយ្យភាពនិងឯករាជភាពរបស់ប្រទេស រាជរដ្ឋាភិបាលត្រូវមានទំនួលខុសត្រូវ ក្នុងការអនុវត្តទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានចែងជាធរមាន ពិសេសការពារនូវរាល់ផលប្រយោជន៍របស់ប្រទេសជាតិ នៅចំពោះមុខការប្រើប្រាស់លទ្ធភាព ឬសម្ពាធណាមួយពីមជ្ឈនដ្ឋានខាងក្រៅដែលស្ថិតក្នុងរូបភាពជះឥទ្ធិពលដល់ការសម្រេចចិត្តក្នុងការអនុវត្តច្បាប់របស់កម្ពុជា។ ក្នុងហេតុផលនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយកការប្រឈមនឹងការគម្រាមដក EBA ពីកម្ពុជា ហើយបដិសេធការលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ជាមួយគ្នា ការតាំងជំហរយ៉ាងរឹងមាំរបស់រាជរដ្ឋាភិបាល ត្រូវបានធ្វើឡើងក្នុងលក្ខណៈជាត្រៀមប្រយុទ្ធរួចជាស្រេច នៅក្នុងសមរភូមិទីផ្សារផលិតផលនៅកម្ពុជា និងពង្រឹងឱកាសនៃការវិនិយោគពីបរទេស (FDI) មកកម្ពុជា។ ការលុបបំបាត់រចនាសម្ព័ន្ធរដ្ឋ ដែលបង្កផលវិបាក និងជាឧបសគ្គសម្រាប់វិនិយោគិន ពិសេសអ្នករកស៊ីនៅតាមបណ្ដោយព្រំដែន ត្រូវបានរាជរដ្ឋាភិបាលកែសម្រួល ដើម្បីបន្ថយនូវការចំណាយរបស់វិនិយោគិននៅកម្ពុជា។ លើសពីនេះផងដែរ ការបញ្ចុះថ្លៃអគ្គិសនីដែលជាមូលដ្ឋានផលិតកម្មក្នុងស្រុករបស់កម្ពុជា ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាសំខាន់ដើម្បីកាត់បន្ថយថ្លៃដើមផលិត នៅខណៈដែលការិយាធិបតេយ្យត្រូវបានលុបបំបាត់ជាបណ្ដើរៗ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលបាននិងកំពុងជំរុញឱ្យមានការរៀបចំរចនាសម្ព័ន្ធត្រួតពិនិត្យ និងការគ្រប់គ្រងច្រកចេញចូលតែមួយឱ្យបានកាន់តែប្រសើរ ខណៈដែលគម្រោងវិនិយោគធំៗជាច្រើនត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចសម្រេចអនុញ្ញាតឱ្យដំណើរការជាបន្តបន្ទាប់៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

«វគ្គសិក្សាអនឡាញស្តីពីគោលនយោបាយបរិស្ថាន៖ សិក្ខាកាម មានកំណើនឡើងច្រើន»

ការចុះឈ្មោះរៀនពីគោលនយោបាយបរិស្ថានអនឡាញ លើកទីពីរនៅឆ្នាំ ២០១៨ នេះ មានកំណើនកើនឡើងច្រើនគួរកត់សម្គាល់បើប្រៀបធៀបជាមួយអ្វីដែលសម្រេចបានកាលពីឆ្នាំ២០១៧កន្លងទៅ។ បើតាមប្រសាសន៍ លោកស្រី កែវ ខេមរា អ្នកសម្របសម្រួលទូទ...

2018-12-14 15:04:00   Fri, 14,12,2018, 03:04 PM
«កម្មវិធីបោះជំរំនៅនាថ្ងៃទី២ របស់យុវជនកាកបាទក្រហមនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប»

ចុះផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង ៤ : ៥០ នាទីព្រះវិហារ៖ កម្មវិធីបោះជំរំរបស់យុវជនកាកបាទក្រហមនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១...

2018-12-14 09:32:02   Fri, 14,12,2018, 09:32 AM
សិក្ខាសាលា ស្តីពី «ការអភិវឌ្ឍសមត្ថភាពផ្នែកគោលនយោបាយបរិស្ថានតាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍»

ឯកឧត្តមបណ្ឌិត យង់ ពៅ ថ្លែងក្នុងឱកាសបើកកម្មវិធីសិក្ខាសាលានៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នេះ បាន​ឱ្យ​​ដឹង​ថា «បញ្ហាប្រឈមចំពោះមុខរបស់យើង គឺការរក្សាតុល្យភាពរវាងវិជ្ជមាត្រទាំងបីនៃការអភិវឌ្ឍប្រកបដោយចីរភាពគ...

2018-12-14 08:37:15   Fri, 14,12,2018, 08:37 AM
«ជំនួបរវាងអ្នកគិត»

ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជានៅក្នុងក្របខណ្ឌខ្សែក្រវាត់សេដ្ឋកិច្ច (Belt and Road) ក៏ដូចជាកិច្ចសហប្រតិបត្តិការចិន-អាស៊ាន និងកិច្ចសហប្រតិបត្តិការ និងបញ្ហាដែលភាគីរាជបណ្ឌិត្យសភាកម្ពុជា ន...

2018-12-14 07:51:35   Fri, 14,12,2018, 07:51 AM
ជំនួបរវាងអគ្គលេខាធិការ និងអតីតប្រធានវិទ្យាស្ថានខុងជឺ ហាន់ប៉ាន់

កាលពីព្រឹកម៉ិញនេះ នៅវេលាព្រឹកម៉ោង៩:00 ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូចិនជាន់ខ្ពស់ចិនចំនួន៥រូប មកពីក្រុមប្រឹក្សារដ្ឋចិន។ លោកស្រី Xu Lin អតីត​នាយក​ប្រ...

2018-12-14 06:38:54   Fri, 14,12,2018, 06:38 AM
«ការគ្រប់គ្រងបម្រែបម្រួលដើម្បីអនាគតប្រកបដោយនិរន្តភាព៖បន្តការផ្តល់សេវាហិរញ្ញវត្ថុដែលមានឥទ្ធិពលវិជ្ជមាន»

សៀមរាប៖ មន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ពីររូប គឺកញ្ញា ម៉ៅ សុគន្ធា និងលោក មឿង ចំរើន បានទទួលការចាត់តាំងពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច តាមការអញ្ជើញ នៅក្នុងកម្មវិធីសន្និសីទមីក្រូហិរញ្ញវ...

2018-12-14 05:15:41   Fri, 14,12,2018, 05:15 AM

សេចក្តីប្រកាស