ព័ត៌មាន

ការប្រកាសដំណើរការនីតិវិធីព្យួរ EBA ពីកម្ពុជា ជាឱកាសសម្រាប់កម្ពុជា

2019-02-15 15:45:26 ថ្ងៃសុក្រ, 15 កុម្ភៈ 2019 ម៉ោង 10:45 PM
អ្នកមើល 2895
post_detail

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចពិភាក្សាតុមូលមួយស្ដីពី «សេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ស្ដីពីការប្រកាសដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវ EBA ពីកម្ពុជា» ដែលប្រព្រឹត្តទៅនៅសាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជា។

ថ្លែងក្នុងកិច្ចពិភាក្សាតុមូលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចោទជាសំណួរសម្រាប់ការពិចារណាថា «តើគោលបំណងពិតនៅក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប(EBA) ពីកម្ពុជា ជាច្បាប់ឬនយោបាយ?»។ មិនថានៅក្នុងហេតុផលណាមួយក៏ដោយក្ដី យើងអាចមើលឃើញបានយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញភាពជឿជាក់របស់ខ្លួននៅចំពោះមុខការប្រកាសខាងលើនេះ។ ជាការពិតណាស់ ថ្វីត្បិតតែវាមិនមែនជាដំណាក់កាលសម្រេចចិត្តចុងក្រោយរបស់អឺរ៉ុប ចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប(EBA) ពីកម្ពុជា ប៉ុន្តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវវិធានការនិងការសម្រេចចិត្តជាយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីពង្រឹងបន្ថែមនូវមូលដ្ឋានដណ្ដើមឈ្នះក្នុងសមរភូមិទីផ្សារផលិតផលនិងការវិនិយោគរបស់កម្ពុជា។

សម្រាប់ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រៅតែពីការមិនបង្ហាញអំពីការព្រួយបារម្ភចំពោះលទ្ធភាពដែលសហភាពអាចនឹងដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប(EBA) ពីកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យថែមទាំងបានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានប្រកាសអំពីការរៀបចំដំណើរការនីតិវិធីខាងលើថែមទៀតផង។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងថា «យើងសូមអរគុណដល់អឺរ៉ុប ដែលបានប្រកាសអំពីការរៀបចំដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវ EBA ពីកម្ពុជា ដែលបានរំឭកដល់រដ្ឋាភិបាលឱ្យត្រៀមលក្ខណៈរួចរាល់ជាមុន ប្រឈមនឹងបរិយាកាសប្រកួតប្រជែងដោយស្មើភាពគ្នា»។

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ក្នុងករណីនេះ (ការដកប្រព័ន្ធអនុគ្រោះពន្ធ) គឺជាការបង្រៀនឱ្យកម្ពុជាដើរលើផ្លូវរបស់ខ្លួនឯង ដែលត្រូវពឹងពាក់លើសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន។ ឯកឧត្ដមបានចោទជាសំណួរថា ប្រទេសនៅអាស៊ាន មានតែប្រទេស៣ប៉ុណ្ណោះដែលទទួលបាន EBA គឺកម្ពុជា ឡាវ និងភូមា ចុះតើប្រទេសអាស៊ាន៧ទៀតដែលមិនទទួលបាន EBA គ្មានការងារធ្វើឬយ៉ាងណា? ប្រទេសទាំងនោះអាចធ្វើបាន កម្ពុជាក៏អាចធ្វើបានផងដែរ។

ជាការពិតណាស់ ក្នុងនាមជាមេដឹកនាំដែលប្ដេជ្ញាការពារអធិបតេយ្យភាពនិងឯករាជភាពរបស់ប្រទេស រាជរដ្ឋាភិបាលត្រូវមានទំនួលខុសត្រូវ ក្នុងការអនុវត្តទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានចែងជាធរមាន ពិសេសការពារនូវរាល់ផលប្រយោជន៍របស់ប្រទេសជាតិ នៅចំពោះមុខការប្រើប្រាស់លទ្ធភាព ឬសម្ពាធណាមួយពីមជ្ឈនដ្ឋានខាងក្រៅដែលស្ថិតក្នុងរូបភាពជះឥទ្ធិពលដល់ការសម្រេចចិត្តក្នុងការអនុវត្តច្បាប់របស់កម្ពុជា។ ក្នុងហេតុផលនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយកការប្រឈមនឹងការគម្រាមដក EBA ពីកម្ពុជា ហើយបដិសេធការលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ជាមួយគ្នា ការតាំងជំហរយ៉ាងរឹងមាំរបស់រាជរដ្ឋាភិបាល ត្រូវបានធ្វើឡើងក្នុងលក្ខណៈជាត្រៀមប្រយុទ្ធរួចជាស្រេច នៅក្នុងសមរភូមិទីផ្សារផលិតផលនៅកម្ពុជា និងពង្រឹងឱកាសនៃការវិនិយោគពីបរទេស (FDI) មកកម្ពុជា។ ការលុបបំបាត់រចនាសម្ព័ន្ធរដ្ឋ ដែលបង្កផលវិបាក និងជាឧបសគ្គសម្រាប់វិនិយោគិន ពិសេសអ្នករកស៊ីនៅតាមបណ្ដោយព្រំដែន ត្រូវបានរាជរដ្ឋាភិបាលកែសម្រួល ដើម្បីបន្ថយនូវការចំណាយរបស់វិនិយោគិននៅកម្ពុជា។ លើសពីនេះផងដែរ ការបញ្ចុះថ្លៃអគ្គិសនីដែលជាមូលដ្ឋានផលិតកម្មក្នុងស្រុករបស់កម្ពុជា ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាសំខាន់ដើម្បីកាត់បន្ថយថ្លៃដើមផលិត នៅខណៈដែលការិយាធិបតេយ្យត្រូវបានលុបបំបាត់ជាបណ្ដើរៗ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលបាននិងកំពុងជំរុញឱ្យមានការរៀបចំរចនាសម្ព័ន្ធត្រួតពិនិត្យ និងការគ្រប់គ្រងច្រកចេញចូលតែមួយឱ្យបានកាន់តែប្រសើរ ខណៈដែលគម្រោងវិនិយោគធំៗជាច្រើនត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចសម្រេចអនុញ្ញាតឱ្យដំណើរការជាបន្តបន្ទាប់៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

មូលនិធិកសាងរចនាសម្ព័ន្ធតាមព្រំដែន៖ ស្មារតីជាតិខ្មែរតែមួយ ដើម្បីកសាងនិងអភិវឌ្ឍសង្គមជាតិកម្ពុជា

ដោយ៖ បណ្ឌិត យង់ ពៅ ចាប់តាំងពីការចុះសិក្សាស្រាវជ្រាវបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅឆ្នាំ២០១៥ រហូតមកដល់ពេលនេះ មានរយៈពេលជិត១០មកហើយ។ នៅក្នុងពេលពេល ស្ថានភាពនយោបាយនៅកម្ពុជាមានកម្ដៅយ៉ាងខ្លាំង ពិសេសប្រធានបទល...

2024-09-11 04:35:27   ថ្ងៃពុធ, 11 កញ្ញា 2024 ម៉ោង 11:35 AM
ក្នុងនាមជារដ្ឋអធិបតេយ្យ ហេតុអ្វីកម្ពុជាគ្មានសិទ្ធិពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន?

ដោយ៖ លឹម សុវណ្ណរិទ្ធ ថ្មីៗកន្លងទៅនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់អំពីការស្នើសុំនាវាល្បាតពីសំណាក់កម្ពុជាទៅកាន់ចិន២គ្រឿង ដើម្បីពង្រឹងសមត្ថភាព និងសន្តិសុខកម្ពុជា ដែលនាវាទាំងពីរគ្...

2024-09-10 10:52:49   ថ្ងៃអង្គារ, 10 កញ្ញា 2024 ម៉ោង 05:52 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបពិភាក្សាការងារប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រខ្វាងស៊ី (Guangxi) និងជីនសានហាយ-ធិចគ្រុប (Jinshan Hi-Tech Group)

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀល ថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបពិភាក្សាការងារប្រតិភូបណ្ឌិត្យសភាវិទ្យ...

2024-09-06 11:27:19   ថ្ងៃសុក្រ, 06 កញ្ញា 2024 ម៉ោង 06:27 PM
ការផ្ដោតអាទិភាពលើឯករាជ្យ អធិបតេយ្យជាតិ និងការអភិវឌ្ឍប្រទេស បង្ហាញពីភាពជាអ្នកដឹកនាំដែលទទួលខុសត្រូវចំពោះជាតិនិងប្រជាជន

ដោយ៖ លឹម សុវណ្ណរិទ្ធ នៅក្នុងសង្គមប្រជាធិបតេយ្យ អ្នកនយោបាយតែងតែប្រកួតប្រជែងគ្នា ដើម្បីទាក់ទាញប្រជាប្រិយភាព និងដណ្ដើមយកការគាំទ្រពីសំណាក់ប្រជាពលរដ្ឋតាមរយៈវិធីសាស្ត្រ និងយុទ្ធសាស្ត្រនយោបាយផ្សេងៗគ្នានៅគ...

2024-09-06 08:08:30   ថ្ងៃសុក្រ, 06 កញ្ញា 2024 ម៉ោង 03:08 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ជួបពិភាក្សាការងារជាមួយប្រតិភូមកពីមន្ទីរបរិស្ថាននៃតំបន់ស្វយ័តខេត្តខ្វាងស៊ី

នៅព្រឹក ថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្នុងនាមប្រធានរាជបណ្ឌិត្យសភាកម្ពុជា ខ្ញុំបានទទួលជួបប្រតិភូមន្ទីរបរិស្ថាននៃតំបន់ស្វយ័តខេត្តខ្វាងស៊ី ដឹកន...

2024-09-06 05:12:41   ថ្ងៃសុក្រ, 06 កញ្ញា 2024 ម៉ោង 12:12 PM
បណ្ឌិត យង់ ពៅ៖ ការធានានីតិរដ្ឋ អធិបតេយ្យជាតិ និងការអភិវឌ្ឍ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល

​នៅក្នុងទស្សនៈនៃភាពជាអ្នកដឹកនាំ និងក្នុងនាមជាមេដឹកនាំដែលទទួលបានការគាំទ្រពីប្រជាជនភាគច្រើន រាជរដ្ឋាភិបាលមានកាតព្វកិច្ចធ្វើជាតំណាង ដែលថែរក្សានិងការពារផលប្រយោជន៍ប្រទេសជាតិនិងប្រជាជននៅក្នុងប្រទេសទាំងមូល...

2024-09-05 09:39:50   ថ្ងៃព្រហស្បតិ៍, 05 កញ្ញា 2024 ម៉ោង 04:39 PM

សេចក្តីប្រកាស