ព័ត៌មាន

«ឥទ្ធិពលនៃបុណ្យនៃសេចក្ដីស្រឡាញ់ (Valentine's Day)» ដោយ បណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2019-02-14 08:41:41 ថ្ងៃព្រហស្បតិ៍, 14 កុម្ភៈ 2019 ម៉ោង 03:41 PM
អ្នកមើល 3603
post_detail

ភ្នំពេញ៖ មកដល់ពេលនេះ អត្ថន័យនិងប្រតិកម្មចំពោះ​បុណ្យនៃសេចក្ដីស្រឡាញ់ (Valentine's Day) ត្រូវ​បានគេ​យល់​​ដឹងនិងមើលឃើញស្ទើរតែគ្រប់គ្នាក្នុងសង្គមខ្មែរ។ ប្រតិកម្ម ឬការឆ្លើយតបខ្លះ មានលក្ខណៈគួរឱ្យ​សរសើរ​ ឯប្រតិកម្ម ឬការឆ្លើយតបខ្លះទៀត មានលក្ខណៈមិនសមស្រប​ដែលហាក់ដូចជាបង្ហាញឱ្យថា​មានការភ័យស្លន់ស្លោ​ជ្រុលពេក​ចំពោះឥទ្ធិពលនៃបុណ្យ Valentine's Day។ 

ឆ្លងតាមរយៈនៃការសង្កេត យើងបានមើលថា ប្រតិកម្មចំពោះ Valentine's Day នេះ មានទាំងកម្រិតបុគ្គល កម្រិតស្ថាប័ន និង កម្រិតផ្សេងៗទៀត។ យុវវ័យមួយចំនួន ជាពិសេស យុវវ័យដែលមានសេរីភាពច្រើននិងរស់នៅ​ទីក្រុង បានទទួលយកឥទ្ធិពលនៃបុណ្យនេះ ព្រមទាំងហ៊ានអះអាងដោយ​ភាន់ច្រឡំថា បុណ្យនេះគឺប្រពៃណីខ្មែរទៀតផង​ ឯយុវជនខ្លះទៀតមិនខ្វល់ថា បុណ្យនេះមានប្រភពមកពីណាទេ ពួកគេគ្រាន់តែដឹងថា ក្នុងឱកាសនេះ គេអាច​បង្កការសប្បាយតាមរយៈការទិញផ្កា ឬ អំណោយ(កាដូ) ជូនសង្សា ឬមិត្តស្រី/មិត្តប្រុស ឬ ក៏នាំសង្សារបស់ពួកគេទៅកម្សាន្តតាមកន្លែង​កម្សាន្តផ្សេងៗ ហើយក្នុងករណីខ្លះទៀតក៏​ធ្លាប់មានការលើកឡើងថា ពួកយុវជន​បានយកឱកាសនេះ ដើម្បីចាប់ផ្ដើមប្រគល់ខ្លួនប្រាណជាលើកដំបូង ឬ លើកបន្តបន្ទាប់ជូនសង្សារបស់ពួកគេផងដែរ។

ចំពោះមជ្ឈដ្ឋានអ្នកអភិរក្សវិញ បានលើកឡើងថា មិនគួរអនុញ្ញាតឱ្យបុណ្យនេះមានឥទ្ធិពល​មកលើ​សង្គមខ្មែរទេ ពីព្រោះនាំឱ្យប៉ះពាល់ដល់វប្បធម៌និងទំនៀមទម្លាប់របស់ខ្មែរ។ ស្របនឹងគំនិតនេះ និងក្នុងបំណងចង់ធ្វើអន្តរាគមន៍ទប់ស្កាត់ Valentine's Day យើងក៏បានឃើញក្រសួងខ្លះ អំពាវនាវឱ្យយកឱកាសនេះ ទៅធ្វើជាថ្ងៃនេះ​បុណ្យ​រំលឹកគុណឪពុកម្ដាយ អ្នកមានគុណ ឬ លោកគ្រូ អ្នកគ្រូទៅវិញ។ ការបង្វែរថ្ងៃ «Valentine's Day» នេះទៅជាថ្ងៃ​សម្រាប់ការធ្វើ​សកម្មភាពផ្សេងៗបែបវិជ្ជមាន ស្ដាប់ទៅហាក់ដូចជាគួរឱ្យកោតសរសើរដែរ ប៉ុន្តែ បើយើងពិចារណាឱ្យ​វែង​ឆ្ងាយបន្តិចទៅ យើងអាចមើលឃើញថា ការធ្វើបែបនេះ ក៏ហាក់ដូចជាបានរួមចំណែកក្នុងការអបអរសាទរ បុណ្យនេះដែរ ដោយគ្រាន់តែមានគោលបំណងផ្សេង។ ម្យ៉ាងទៀត វាក៏អាចមានន័យថា សង្គមរបស់យើង​មិនមានគំនិតថ្មី ឬ មិនចេះធ្វើថ្មីដោយខ្លួនឯងនោះទេ សូម្បី​តែ​ពិធី​បុណ្យក៏មិនចេះបង្កើតដែរ រង់ចាំតែបង្វែរថ្ងៃបុណ្យរបស់បរទេសទៅជាថ្ងៃបុណ្យរបស់ខ្លួនឯងតែប៉ុណ្ណោះ ដែលបង្ហាញឱ្យ​ឃើញថា ខ្មែរគ្មានការបង្កើតថ្មី គ្មានការស្រាវជ្រាវ គ្មានរបកគំហើញ គ្មានផែនការអភិវឌ្ឍន៍សង្គម គ្មានគំនិតច្នៃប្រឌិត និង គ្មានទស្សនវិជ្ជា ជាដើម។ ហើយផ្ទុយទៅវិញ ខ្មែរគ្រាន់តែជាអ្នកចម្លងអ្វីៗពីបរទេស ​ដោយ​គ្រាន់តែយកមកកែសម្រួលបន្តិចបន្តួចប៉ុណ្ណោះ ដូចជា ការចម្លងបទភ្លេង បទចម្រៀង  ប្លង់ ឬ រចនាបទណាមួយពីបរទេស ជាដើម។

យើងយល់ថា ខ្មែរបច្ចុប្បន្នមិនគួរធ្វើបែបនេះទេ ខ្មែរគួរបង្កើតថ្ងៃបុណ្យដោយខ្លួនឯង ខ្មែរគួរតែមានគ្រឹះវប្បធម៌​ផ្ទាល់ខ្លួន ដូចដែលដូនតារបស់យើងបានបន្សល់ទុកមកដូច្នោះដែរ។ ខ្មែរគួរតែឱ្យតម្លៃទិវាបុណ្យរបស់ខ្មែរ ហើយ​ប្រសិនបើ​មានតម្រូវការចាំបាច់ ខ្មែរគួរតែបង្កើតទិវាបុណ្យថ្មីៗទៀត​ដែលអាច​បំពេញ​តម្រូវការនៃ​ពលរដ្ឋរបស់ខ្លួន ដូចជា កន្លងមក រាជរដ្ឋាភិបាលក៏ធ្លាប់បង្កើតទិវាគ្រូបង្រៀន បង្កើតថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ហើយពេលនេះ ប្រសិនបើចាំបាច់ រាជរដ្ឋាភិបាលក៏គួរបង្កើតទិវានៃក្ដីស្រឡាញ់ ឬ បុណ្យកតញ្ញុតា បន្ថែមទៀត ដោយកំណត់យកពេលវេលាសមស្របណាមួយ ប៉ុន្តែ មិនមែនយកថ្ងៃទី១៤ កុម្ភៈ ដូចបុណ្យ Valentine's Dayនោះទេ។ យើងជាខ្មែរ​ដែលជាកូនចៅជំនាន់ក្រោយនៃអតីតមហានគរដ៏រុងរឿង មិនគួរអង្គុយរង់ចាំតែចម្លងទិវាបុណ្យរបស់បរទេស ឬ រង់ចាំតែអបអរសាទរ ឬ ហៃអើចំពោះទិវាបុណ្យនានារបស់បរទេសនោះទេ យើងត្រូវតែមានពិធីបុណ្យផ្ទាល់ខ្លួន​របស់យើង។ 

ការចង់ទប់ស្កាត់ឥទ្ធិពលនៃវប្បធម៌បរទេស គឺជារឿងដែលគួរធ្វើ ប៉ុន្តែ ការប្រតិបត្តិ​ជាក់ស្ដែង ពិតជាជួបការលំបាក ទាំងក្នុងក្របខណ្ឌច្បាប់ សីលធម៌ សិទ្ធិមនុស្ស និងបរិបទសាកលភាវូបនីយកម្ម។ ហេតុផលមួយក្នុងចំណោមហេតុផលនានា គឺការទប់​ស្កាត់កុំឱ្យយុវវ័យឆាប់ចូលប្រឡូកក្នុងការរួមភេទ ប៉ុន្តែទំនាក់ទំនងស្នេហា និងការរួមភេទ គឺសភាវគតិ ជាតម្រូវការបែបធម្មជាតិ និងជាសេរីភាពបុគ្គល ដែលពិបាកនឹងរារាំងណាស់ បើទោះបីជាគ្មានថ្ងៃ Valentine Day ​ក៏សកម្មភាពទាំងនោះនៅតែកើតឡើងដែរ។ ដូច្នេះ អ្វីដែលសំខាន់នោះ គឺយើងត្រូវអប់រំយុវជនឱ្យយល់ពីផលអាក្រក់នៃការប្រញាប់ប្រញាល់ចូលប្រឡូកក្នុងការ​រួមភេទ និងព្យាយាមពន្យល់ពួកគេឱ្យលើកកម្ពស់តម្លៃការសិក្សា ដែលសំខាន់ជាងអ្វីទាំងអស់។ ប៉ុន្តែ យើងក៏ត្រូវតែអប់រំពួកគេអំពី​ការរួមភេទ​ដោយ​សុវត្ថិភាពផងដែរ។   

លើសពីនេះទៀត ឥទ្ធិពលនៃពិធីបុណ្យ Valentine's Day នេះ ក៏ត្រូវបានជំរុញដោយក្រុមហ៊ុន សាលារៀន សាកលវិទ្យាល័យ ស្ថាប័នឯកជន និងសង្គមស៊ីវិលមួយចំនួន រួមទាំងប្រព័ន្ធផ្សព្វផ្សាយ មានវិទ្យុ ទូរទស្សន៍ កាសែត បណ្ដាញសង្គម facebook ជាដើម ដោយសារតែម្ចាស់ស្ថាប័នទាំងនេះ ចង់បង្កភាពសប្បាយរីករាយដល់សិស្ស និស្សិត កម្មករ បុគ្គលិករបស់ខ្លួន និង ក្នុងបំណងទាក់ទាញការចាប់អារម្មណ៍មកលើសេវាកម្ម ទំនិញ ការផ្សព្វផ្សាយ គណនី គេហទំព័រ និង ស្ថាប័នរបស់ខ្លួន ពួកគេក៏បានអបអរសាទរពិធីបុណ្យ Valentine Day នេះដែរ។ កត្តានេះហើយដែលធ្វើឱ្យពិធីបុណ្យ Valentine Day និង បុណ្យ​បរទេស​ផ្សេងៗទៀតកំពុងតែមានឥទ្ធិពលមកលើសង្គមខ្មែរជាបន្តបន្ទាប់យ៉ាងគំហុក។


(រូបភាពពីបណ្តាញសង្គមរបស់អ្នកនិពន្ធ)

=============================================

សូមបញ្ជាក់ថា រាល់អត្ថបទដែលបានផ្សព្វផ្សាយឡើង ជាគំនិតទស្សនៈផ្ទាល់របស់អ្នកនិពន្ធ។ រាជបណ្ឌិត្យសភាកម្ពុជា រក្សាសិទ្ធិក្នុងការផ្សព្វផ្សាយ និងកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធ។

អត្ថបទទាក់ទង

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជ​បណ្ឌិត្យសភាកម្ពុជាទទួលជួប និងពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យសភាកម្ពុជាបានដឹកនាំថ្នាក់ដឹកនាំ ព្រ...

2021-02-22 06:10:48   ថ្ងៃចន្ទ, 22 កុម្ភៈ 2021 ម៉ោង 01:10 PM
មីយ៉ាន់ម៉ា៖ ការប្រទាញប្រទង់ឥទ្ធិពលរវាងមហាអំណាច និងតុល្យភាពភូមិសាស្ត្រក្នុងតំបន់

រយៈពេល២សប្ដាហ៍ក្រោយការធ្វើរដ្ឋប្រហារយោធា ពីសំណាក់ឧត្ដមសេនីយ៍យោធាមីយ៉ាន់ម៉ា ពេលនេះ ប្រទេស មីយ៉ាន់ម៉ាកំពុងប្រឈមនឹងប្រតិកម្ម និងការដាក់សម្ពាធពីមជ្ឈដ្ឋាននានា ពិសេសពីបណ្ដាប្រទេសមហាអំណាចលោកខាងលិច និងសហរដ្ឋអ...

2021-02-18 08:11:22   ថ្ងៃព្រហស្បតិ៍, 18 កុម្ភៈ 2021 ម៉ោង 03:11 PM
ទស្សនៈវិស័យចំពោះឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា

ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលបានឆ្លងកាត់សង្គ្រាមស៊ីវិល និងសង្គ្រាមឈ្លានពានអស់រយៈពេលយូរជាងគេនៅសហគមអាស៊ាន និងនៅក្នុងតំបន់។ ក្រោយសម័យខ្មែរក្រហមត្រូវបានបញ្ចប់ និងក្រោយការបោះឆ្នោតសកល​លើកដំបូងក្នុងឆ្នាំ១៩៩...

2021-02-17 08:13:40   ថ្ងៃពុធ, 17 កុម្ភៈ 2021 ម៉ោង 03:13 PM
តើកត្តាអ្វីនាំឱ្យមានប្រសិទ្ធភាពនៃការទូតសេដ្ឋកិច្ច?

ប្រសិទ្ធភាពនៃការទូតសេដ្ឋកិច្ច គឺជាប្រធានបទថ្មីសម្រាប់ប្រទេសកម្ពុជា ហើយក៏ជាប្រធានបទដែលត្រូវបានពិភាក្សាដោយយកចិត្តទុកដាក់ក្នុងចំណោមបញ្ញវន្ត អ្នកស្រាវជ្រាវ និងថា្នក់ដឹកនាំសំខាន់ៗក្នុងប្រទេសកម្ពុជាផងដែរ។ ម...

2021-02-16 13:56:39   ថ្ងៃអង្គារ, 16 កុម្ភៈ 2021 ម៉ោង 08:56 PM
សំណង់បុរាណវត្ថុ (Archaeological Feature) ជាធាតុនៃប្រាសាទបុរាណខ្មែរ ស្ថិតក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន និងក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវស្វែងយល់បន្ថែមអំពី «ប្រព័ន្ធធារាសា...

2021-02-16 07:40:17   ថ្ងៃអង្គារ, 16 កុម្ភៈ 2021 ម៉ោង 02:40 PM
ជំហរអាស៊ានក្នុងស្ថានការណ៍នយោបាយមីយ៉ាន់ម៉ា ដោយ៖ ចាន់ វណ្ឌី លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិត្យសភាចារ្យ

នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ យោធាមីយ៉ាន់ម៉ា បានចាប់ឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុង សាន ស៊ូជី និងប្រធានាធិបតី ព្រមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើននាក់។ យ៉ាងណាមិញ មុនរដ្ឋប្រហារនេះកើតឡើង អគ្គមេបញ្ជ...

2021-02-15 04:38:47   ថ្ងៃចន្ទ, 15 កុម្ភៈ 2021 ម៉ោង 11:38 AM

សេចក្តីប្រកាស