Royal Academy of Cambodia
ភ្នំពេញ៖ វត្តមានប្រជាជនចិននៅកម្ពុជា មានចាប់តាំងពីចុងសតវត្សរ៍ទី១៣ រហូតមកដល់បច្ចុប្បន្ន។ អន្ដោប្រវេសន៍ជនជាតិចិនដែលមកដល់កម្ពុជាដំបូងៗ ភាគច្រើនបំផុតជាបុរស ហើយពួកគេបានយកស្ត្រីខ្មែរធ្វើជាភរិយា។ កូនចៅជំនាន់ក្រោយរបស់ពួកគេ បានធ្វើសមាហរណកម្មយ៉ាងលឿនចូលទៅក្នុងសហគមន៍ខ្មែរ តាមរយៈការបញ្ចូលខ្លួនឯង ជាលក្ខណៈសង្គមនិងសេដ្ឋកិច្ច ទៅក្នុងសហគមន៍កសិកម្មរបស់ប្រជាជនខ្មែរបុរាណ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏អន្តោប្រវេសន៍ចិនមួយចំនួន បានរក្សាទុកការប្រតិបត្តិតាមមីង(Ming) នូវការរក្សាម៉ូតសក់បែបចិនរហូតដល់សតវត្សទី១៨។ លើសពីនេះទៀត ពួកគេក៏បានថែរក្សាប្រពៃណី ទំនៀមទម្លាប់របស់ខ្លួនដែរ ដូចជា ប្រពៃណីបុណ្យចូលឆ្នាំចិន បុណ្យសែនលោកខែ បុណ្យសែនក្បាលទឹក បុណ្យឆេងម៉េង ជាដើម។ ក្រោយមក ជនជាតិភាគតិចចិន ឬ អន្តោប្រវេសន៍ចិន មិនគ្រាន់តែអាចរក្សាប្រពៃណី ទំនៀមទម្លាប់របស់ខ្លួនបានប៉ុណ្ណោះទេ ពួកគេថែមទាំងបានជះឥទ្ធិពលប្រពៃណីរបស់ខ្លួនទៅលើសង្គមខ្មែរវិញ និងបន្ថែមពីលើនេះ ពួកគេក៏បានជះឥទ្ធិពលផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ និងវិស័យផ្សេងៗផងដែរ។
ប្រជាជនចិនដែលកំពុងមានវត្តមាននៅលើទឹកដីកម្ពុជា ទាំងចាស់ទាំងថ្មី មានមុខរបរខុសៗគ្នា ដូចជា អ្នកការទូត ពាណិជ្ជករ វិនិយោគគិន វិស្វករ កម្មករជំនាញ ពលករ គ្រូបង្រៀនភាសាចិន អ្នកផ្សាយសាសនា។ល។ ទោះបីជាពួកគេមានចំនួនមិនច្រើនក៏ដោយ បើប្រៀបធៀបនឹងចំនួនប្រជាជនសរុបរបស់កម្ពុជា ក៏ពួកគេបានចូលរួមក្នុងវិស័យផ្សេងៗភាគច្រើនក្នុងសង្គមខ្មែរដែរ។ ជាទូទៅ ពួកគេមិនត្រូវបានរើសអើង ឬមើលងាយដោយពលរដ្ឋខ្មែរទេ។ ផ្ទុយទៅវិញ ពួកគេទទួលបានការចូលចិត្ត និងការឱ្យតម្លៃពីសង្គមខ្មែរ។ ដូចជា មានការលើកឡើងថា «កុំឈ្លោះនឹងស្រី កុំក្ដីនឹងចិន», «ចិនដេញខ្មែរ ខ្មែរដេញខ្មោច» ដែលមានន័យថា បើឈ្លោះនឹងចិន កម្រឈ្នះចិនណាស់ ហើយម្យ៉ាងទៀត ជនជាតិខ្មែរបានត្រឹមតែកាប់ឆ្ការរានដីព្រៃមុនប៉ុណ្ណោះ ទីបំផុត ជនជាតិចិនបានទិញយកកន្លែងល្អៗអស់ ឯខ្មែរក៏បន្តទៅកាប់រានព្រៃថ្មីទៀតជាបន្តបន្ទាប់។ លើសពីនេះទៀត ពួកគេបានដើរតួនាទីនាំមុខគេនៅក្នុងវិស័យពាណិជ្ជកម្ម ក៏ដូចជាវិស័យនយោបាយនៅកម្ពុជាផងដែរ។
យោងតាមការកត់សម្គាល់ នៅដំណាក់កាលដំបូងៗ ជនជាតិភាគតិចចិន ឬអន្តោប្រវេសន៍ចិនទទួលឥទ្ធិពលច្រើនពីសង្គមខ្មែរ ដូចក្នុងករណីពួកគេបានរៀបការជាមួយជនជាតិខ្មែរ និងខិតខំធ្វើសមាហរណកម្មចូលក្នុងសង្គមទូទៅនិងសហគមន៍កសិកម្មខ្មែរបុរាណ ប៉ុន្តែក្នុងរយៈពេលក្រោយមក យើងបានសង្កេតឃើញថា សង្គមខ្មែរក៏បានទទួលឥទ្ធិពលពីជនជាតិភាគតិចចិន ឬអន្តោប្រវេសន៍ចិនវិញដែរ។ ជាពិសេស លើវិស័យពាណិជ្ជកម្ម។ យោងតាមតថភាពសង្គមខ្មែរទាំងសម័យបុរាណ និងសម័យទំនើប បង្ហាញឱ្យឃើញថា ប្រជាជនខ្មែរ មិនសូវពូកែខាងពាណិជ្ជកម្មដូចជនជាតិចិនទេ។
ក្នុងសង្គមខ្មែរ អ្នកលក់ដូរ ឬពាណិជ្ជករ ទាំងតូច ទាំងធំ ភាគច្រើន ជាជនជាតិភាគតិចចិន ឯជនជាតិខ្មែរវិញចូលចិត្តប្រកបរបរកសិកម្ម និងធ្វើការងាររាជការ។ បើទោះបីជាក្រោយមក មានជនជាតិខ្មែរខ្លះ បានប្រកបរបស់ជួញដូរដូចជនជាតិភាគតិចចិនក៏ដោយ ក៏គេនៅតែហៅខ្មែរទាំងនោះថាចិនដែរ។
បច្ចុប្បន្ន ពលរដ្ឋខ្មែរដើមកំណើតចិន ចិនកាត់ខ្មែរ និងអន្តោប្រវេសន៍ចិនដទៃទៀតដែលកំពុងមានវត្តមាននៅកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា។ ពួកគេមួយចំនួនជាម្ចាស់ភាគហ៊ុនមួយចំណែកធំក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដូចជា ជាម្ចាស់រោងច្រក ម្ចាស់សហគ្រាស និងម្ចាស់អាជីវកម្មធំៗនៅកម្ពុជា។ ជារួម ភាគច្រើននៃពួកគេ មានឥទ្ធិពលពិសេសនៅក្នុងវិស័យធនាគាររបស់កម្ពុជាដែលជាសហគ្រាសផ្តល់ប្រាក់កម្ចី សហគ្រាសប្ដូរប្រាក់ ស្ថាប័នហិរញ្ញវត្ថុខ្នាតតូច និងសហគ្រាសពាក់ព័ន្ធដទៃទៀត។
លើសពីនេះទៀត ផ្ដើមចេញពីការមានលុយកាក់ច្រើន ការមានទីលំនៅក្នុងរាជធានី ទីក្រុង និងទីប្រជុំជន នាំឱ្យជនជាតិភាគតិចចិន ឬជនជាតិចិនកាត់ខ្មែរ មានឱកាសរៀនសូត្របានខ្ពង់ខ្ពស់ មានឱកាសធ្វើដំណើរបានច្រើនកន្លែងដែលជាកត្តានាំឱ្យពួកគេមានចំណេះដឹងខ្ពស់ និងមានការយលដឹងជ្រៅជ្រះ។ ដោយសារកត្តាទាំងអស់នេះ រួមផ្សំជាមួយឱកាសផ្សេងៗ មានដូចជាអំពើពុករលួយជាដើម នាំឱ្យជនជាតិចិនកាត់ខ្មែរទទួលបានតួនាទីសំខាន់ៗក្នុងរដ្ឋាភិបាល និងក្នុងការងាររាជការទូទៅ ជាពិសេសការងារមួយចំនួនដែលគេនិយមហៅថាការងារល្អ ឬការងារកន្លែងខ្លាញ់ ពោលគឺប្រភេទការងារទាំងឡាយដែលអាចរកកម្រៃ ឬចំណូលក្រៅច្បាប់បានច្រើន ដូចជាការងារគយ ការងារពន្ធដារ ការងារហិរញ្ញវត្ថុ ជាដើម។
ជាទូទៅ ឥទ្ធិពលក្នុងសង្គមមួយ វាតែងតែជះពីទីក្រុងទៅជនបទ ពីអ្នកមានទៅអ្នកក្រ ពីអ្នកធំទៅអ្នកតូចពីស្ថាប័នទៅបុគ្គល ពីអ្នកមានចំណេះដឹងច្រើនទៅអ្នកមានចំណេះដឹងតិច។ល។ ហេតុផលនេះហើយបានជាជនជាតិភាគតិចចិន ឬជនជាតិចិនកាត់ខ្មែរ ថ្វីបើពួកគេមានចំនួនតិច ប៉ុន្តែដោយសារតែពួកគេមានសក្ដានុពលខាងពាណិជ្ជកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងចំណេះដឹង, នាំឱ្យពួកគេមានឥទ្ធិពលទាំងក្នុងសង្គមនយោបាយ និងវិស័យដទៃទៀត។
ផ្ដើមចេញពីនេះ នាំឱ្យភាសាចិន ភាពយន្តចិន និងប្រពៃណីចិន ដូចជាបុណ្យចូលឆ្នាំចិន បុណ្យសែនលោកខែ បុណ្យសែនក្បាលទឹក បុណ្យឆេងម៉េង ជាដើម មិនគ្រាន់តែមានជីវិត និងមានឥទ្ធិពលក្នុងសហគមន៍ជនជាតិភាគតិចចិន ជនជាតិចិនកាត់ខ្មែរ និងអន្តោប្រវេសន៍ចិននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ វាក៏មានឥទ្ធិពលលើប្រជាជនខ្មែរដែរ។ ជាក់ស្ដែង សព្វថ្ងៃ ទូរទស្សន៍ខ្មែរស្ទើរតែទាំងអស់បញ្ចាំងភាពយន្តចិន ហើយប្រជាជនខ្មែរភាគច្រើនក៏ចូលចិត្តទស្សនាភាពយន្តចិនដែរ។ មិនតែប៉ុណ្ណោះ ប្រជាជនខ្មែរសុទ្ធមួយចំនួនក៏បានប្រារព្ធពិធីប្រពៃណីរបស់ចិនដូចដែលបានរៀបរាប់ខាងលើនេះដែរ ជាពិសេស ការសែនព្រេនក្នុងពីធីបុណ្យចូលឆ្នាំចិន និងការឈប់សម្រាកពេលចូលឆ្នាំចិន។ ហេតុផលមួយក្នុងចំណោមហេតុផលដទៃទៀត ត្រូវបានប្រជាជនខ្មែរសុទ្ធដែលទទួលយកឥទ្ធិពលប្រពៃណីចិននោះ អះអាងថា«ការកាន់ប្រពៃណីដូចចិន ដើម្បីឱ្យរកស៊ីមានបានដូចគេដែរ»។
ម្យ៉ាងទៀត ដោយសារទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន គោលនយោបាយទីផ្សារសេរីរបស់កម្ពុជា និងគោលការណ៍ប្រជាធិបតេយ្យ គេបានសង្កេតឃើញថា សហគមន៍ជនជាតិភាគតិចចិន ជនជាតិចិនកាត់ខ្មែរ និងអន្តោប្រវេសន៍ចិន មិនគ្រាន់តែបានរស់នៅយ៉ាងសុខសាន្តប៉ុណ្ណោះទេ ពួកគេថែមទាំងបានចងក្រងគ្នាជាសមាគម បង្កើតសាលារៀនភាសាចិន ព្រះវិហារចិន ភោជនីយដ្ឋានចិន វិទ្យុផ្សាយសម្លេងជាភាសាចិន និងក្រុមហ៊ុនចិនជាច្រើនទៀតកំពុងរកស៊ីនៅស្រុកខ្មែរ ដូចជាក្រុមហ៊ុនវិនិយោគខាងរោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រកាត់ស្បែកជើង សហគ្រាសសំណង់ស្ពានថ្នល់ វារីអគ្គិសនី និងការរុករករ៉ែ ជាដើម។
ជាសន្និដ្ឋាន ឥទ្ធិពលរបស់ចិននៅកម្ពុជា ពិតជាមានលក្ខណៈលេចធ្លោគួរឱ្យកត់សម្គាល់ ទាំងវិស័យភាព-យន្ត សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ភាសា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ ទាំងផ្ទៃក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ ដោយសារតែចិនជាមិត្តយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់កម្ពុជាផង ចិនអ្នកផ្ដល់ជំនួយឱ្យកម្ពុជាធំជាងគេបំផុតផង ហើយទុនវិនិយោគរបស់វិស័យឯកជនចិននៅកម្ពុជាក៏ច្រើនជាងគេដែរ៕
អត្ថបទស្រាវជ្រាវទាំងស្រុងដោយ លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។
Opinion Cambodia and Vietnam's bilateral ties can be described as love-hate in nature. The two nations have a long history of interaction, cooperation, and hostility as close neighbors and have had bo...
Opinion The 22nd ASEAN-Republic of Korea (ROK) Summit was held virtually on October 26, 2021, last year. His Majesty Sultan Haji Hassanal Bolkiah, the Sultan and Yang Di-Pertuan of Brunei Darussalam,...
Since October 30, 1997, Cambodia's Prime Minister Hun Sen has developed excellent ties with the Republic of Korea. Since the two nations' diplomatic ties were established, the prime minister of Cambod...
ក្នុងបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងដំណើរការនៃការបង្កើតនិងដំណើរការរបស់អង្គការអាស៊ាន លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃ...
"មិត្តភក្តិដែលគួរឱ្យទុកចិត្តបំផុត" "មិត្តល្អជួយគ្នាក្នុងគ្រាក្រ" "មិត្តភាពដែក" "ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" និង "សហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នា" ជាឃ្លោងឃ្លាមួយចំនួនក្នុងចំណោមឃ្លោងឃ្លាដទៃទៀតដ...
«ក្នុងបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ពាក់ព័ន្ធនឹងវត្តមាននាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau ចូលរួម ក្នុង កិច្ចប្រជុំ កំពូល អាស៊ាន នៅរាជធានី ភ្នំពេញរួមជាមួយកិច្ចប្រជុំ កំពូល ក្រុមប្រទេសសេដ្ឋក...