ព័ត៌មាន

«ឥទ្ធិពលជនជាតិចិននៅកម្ពុជា» ដោយ បណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2019-02-06 04:08:58 ថ្ងៃពុធ, 06 កុម្ភៈ 2019 ម៉ោង 11:08 AM
អ្នកមើល 3960
post_detail

ភ្នំពេញ៖ វត្តមាន​ប្រជាជន​ចិននៅកម្ពុជា មានចាប់តាំងពី​ចុង​សតវត្សរ៍​ទី១៣ ​រហូត​មកដល់បច្ចុប្បន្ន។ អន្ដោ​ប្រវេសន៍​ជនជាតិ​ចិន​ដែលមកដល់កម្ពុជាដំបូងៗ ភាគច្រើនបំផុតជា​បុរស ហើយ​ពួកគេ​បាន​យក​ស្ត្រី​ខ្មែរ​ធ្វើជា​ភរិយា​។ កូនចៅជំនាន់ក្រោយ​របស់​ពួកគេ​ បាន​ធ្វើសមាហរណកម្ម​យ៉ាង​លឿន​ចូល​ទៅ​ក្នុង​សហគមន៍ខ្មែរ​ តាម​រយៈការ​បញ្ចូល​​ខ្លួន​ឯង​ ជាលក្ខណៈ​សង្គម​និង​សេដ្ឋកិច្ច​ ទៅក្នុងសហគមន៍កសិកម្ម​របស់ប្រជាជន​ខ្មែរ​បុរាណ​។ ទោះបីជាយ៉ាងណាក៏ដោយ ក៏អន្តោប្រវេសន៍ចិនមួយចំនួន ​បាន​រក្សា​ទុក​ការប្រតិបត្តិតាមមីង(Ming) នូវការ​រក្សា​ម៉ូតសក់បែប​ចិន​រហូត​ដល់សតវត្ស​ទី១៨។ លើសពីនេះទៀត ពួកគេក៏បានថែរក្សាប្រពៃណី ទំនៀមទម្លាប់របស់ខ្លួនដែរ ដូចជា ប្រពៃណីបុណ្យចូលឆ្នាំចិន បុណ្យសែនលោកខែ បុណ្យសែនក្បាលទឹក បុណ្យឆេងម៉េង ជាដើម។ ក្រោយមក ជនជាតិភាគតិចចិន ឬ អន្តោប្រវេសន៍ចិន មិនគ្រាន់តែអាចរក្សាប្រពៃណី ទំនៀមទម្លាប់របស់ខ្លួនបានប៉ុណ្ណោះទេ ពួកគេ​ថែមទាំងបានជះឥទ្ធិពលប្រពៃណីរបស់ខ្លួនទៅលើសង្គមខ្មែរវិញ និងបន្ថែមពីលើនេះ​ ពួកគេក៏បានជះឥទ្ធិពលផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ និងវិស័យផ្សេងៗផងដែរ។   

ប្រជាជនចិនដែលកំពុងមានវត្តមាននៅលើទឹកដីកម្ពុជា ទាំងចាស់ទាំងថ្មី មានមុខរបរ​ខុសៗគ្នា ដូចជា អ្នកការទូត ពាណិជ្ជករ វិនិយោគគិន វិស្វករ កម្មករជំនាញ ពលករ គ្រូបង្រៀនភាសាចិន អ្នកផ្សាយ​សាសនា។ល។ ទោះបីជាពួកគេមានចំនួនមិនច្រើនក៏ដោយ បើប្រៀបធៀបនឹង​ចំនួន​ប្រជាជន​សរុបរបស់កម្ពុជា ក៏ពួកគេ​បានចូលរួម​ក្នុង​វិស័យ​ផ្សេងៗភាគច្រើនក្នុងសង្គមខ្មែរដែរ។ ជាទូទៅ ពួកគេ​មិនត្រូវបាន​រើសអើង ​ឬមើលងាយ​ដោយ​ពលរដ្ឋ​ខ្មែរទេ។ ផ្ទុយទៅវិញ ពួកគេទទួលបានការចូលចិត្ត និងការឱ្យតម្លៃពីសង្គមខ្មែរ។ ដូចជា មានការលើកឡើងថា «កុំឈ្លោះនឹងស្រី កុំក្ដីនឹងចិន», «ចិនដេញខ្មែរ ខ្មែរដេញខ្មោច» ដែលមានន័យថា បើឈ្លោះនឹងចិន កម្រឈ្នះចិនណាស់ ហើយម្យ៉ាងទៀត ជនជាតិខ្មែរបានត្រឹមតែកាប់ឆ្ការរានដីព្រៃមុនប៉ុណ្ណោះ ទីបំផុត ជនជាតិចិនបានទិញយកកន្លែងល្អៗអស់ ឯខ្មែរក៏បន្តទៅកាប់រានព្រៃថ្មីទៀត​ជាបន្តបន្ទាប់។ លើសពីនេះទៀត ពួកគេបាន​ដើរ​តួនាទី​នាំមុខ​គេ​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ ក៏​ដូច​ជា​វិស័យនយោបាយ​នៅ​កម្ពុជា​ផងដែរ។

យោងតាមការកត់សម្គាល់ នៅដំណាក់កាលដំបូងៗ ជនជាតិភាគតិចចិន ឬអន្តោប្រវេសន៍ចិន​ទទួលឥទ្ធិពល​ច្រើនពីសង្គមខ្មែរ ដូចក្នុងករណីពួកគេបានរៀបការជាមួយជនជាតិខ្មែរ និង​ខិតខំធ្វើសមាហរណកម្មចូលក្នុងសង្គមទូទៅនិងសហគមន៍កសិកម្ម​ខ្មែរបុរាណ ប៉ុន្តែក្នុងរយៈពេលក្រោយមក យើងបាន​សង្កេតឃើញថា សង្គមខ្មែរក៏បានទទួលឥទ្ធិពលពីជនជាតិភាគតិចចិន ឬអន្តោប្រវេសន៍ចិនវិញដែរ។ ​ជាពិសេស លើវិស័យពាណិជ្ជកម្ម។ យោងតាមតថភាពសង្គមខ្មែរទាំងសម័យបុរាណ និងសម័យទំនើប បង្ហាញឱ្យឃើញថា ប្រជាជន​ខ្មែរ មិនសូវពូកែខាងពាណិជ្ជកម្មដូចជនជាតិចិនទេ។ 

ក្នុងសង្គមខ្មែរ​ អ្នកលក់ដូរ ឬពាណិជ្ជករ ទាំងតូច ទាំងធំ ភាគច្រើន ជាជនជាតិភាគតិចចិន ឯជនជាតិខ្មែរវិញចូលចិត្តប្រកបរបរកសិកម្ម និងធ្វើការងាររាជការ។ បើទោះបីជាក្រោយមក មានជនជាតិខ្មែរខ្លះ បានប្រកប​របស់ជួញដូរដូចជនជាតិភាគតិចចិនក៏ដោយ ក៏គេនៅតែហៅខ្មែរទាំងនោះថាចិនដែរ។    

បច្ចុប្បន្ន ពលរដ្ឋខ្មែរដើមកំណើតចិន ចិនកាត់ខ្មែរ និងអន្តោប្រវេសន៍ចិនដទៃទៀតដែលកំពុងមាន​វត្តមាន​នៅកម្ពុជា ​បានចូលរួមយ៉ាងសកម្ម​ក្នុងវិស័យ​សេដ្ឋកិច្ច​កម្ពុជា​។ ពួកគេមួយចំនួនជា​ម្ចាស់​ភាគហ៊ុនមួយ​ចំណែក​ធំ​ក្នុងវិស័យ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម​ ដូចជា ជាម្ចាស់រោងច្រក ម្ចាស់សហគ្រាស និងម្ចាស់អាជីវកម្មធំៗនៅកម្ពុជា។ ជារួម ភាគច្រើននៃពួកគេ ​មាន​ឥទ្ធិពល​ពិសេស​នៅ​ក្នុង​វិស័យ​​ធនាគារ​របស់​កម្ពុជា​ដែល​ជា​​សហ​គ្រាស​ផ្តល់​ប្រាក់​កម្ចី​ សហគ្រាសប្ដូរប្រាក់ ស្ថាប័នហិរញ្ញវត្ថុខ្នាតតូច និងសហគ្រាសពាក់ព័ន្ធដទៃទៀត​។

លើសពីនេះទៀត ផ្ដើមចេញពីការមានលុយកាក់ច្រើន ការមានទីលំនៅក្នុងរាជធានី ទីក្រុង និងទីប្រជុំជន នាំឱ្យជនជាតិភាគតិចចិន ឬជនជាតិចិនកាត់ខ្មែរ មានឱកាសរៀនសូត្របានខ្ពង់ខ្ពស់ មានឱកាសធ្វើដំណើរបានច្រើនកន្លែងដែលជាកត្តានាំឱ្យពួកគេមានចំណេះដឹងខ្ពស់ និងមានការយលដឹង​ជ្រៅជ្រះ។ ដោយសារកត្តាទាំងអស់នេះ រួមផ្សំជាមួយឱកាសផ្សេងៗ មានដូចជា​អំពើពុករលួយជាដើម នាំឱ្យជនជាតិចិនកាត់ខ្មែរ​ទទួលបានតួនាទីសំខាន់ៗក្នុង​​រដ្ឋាភិបាល និងក្នុងការងាររាជការទូទៅ ជាពិសេសការងារមួយចំនួនដែលគេនិយមហៅថាការងារល្អ ឬការងារកន្លែងខ្លាញ់ ពោលគឺប្រភេទការងារទាំងឡាយដែលអាចរកកម្រៃ ឬចំណូលក្រៅច្បាប់បានច្រើន ដូចជាការងារគយ ការងារពន្ធដារ ការងារហិរញ្ញវត្ថុ ជាដើម។

ជាទូទៅ ឥទ្ធិពលក្នុងសង្គមមួយ វាតែងតែជះពីទីក្រុងទៅជនបទ ពីអ្នកមានទៅអ្នកក្រ ពីអ្នកធំទៅអ្នកតូចពីស្ថាប័នទៅបុគ្គល ពីអ្នកមានចំណេះដឹងច្រើនទៅ​អ្នកមានចំណេះដឹងតិច។ល។ ហេតុផលនេះហើយបានជាជនជាតិភាគតិចចិន ឬជនជាតិចិនកាត់ខ្មែរ ថ្វីបើពួកគេមានចំនួនតិច ប៉ុន្តែដោយសារតែពួកគេមានសក្ដានុពលខាងពាណិជ្ជកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងចំណេះដឹង, នាំឱ្យពួកគេមានឥទ្ធិពលទាំងក្នុងសង្គមនយោបាយ និងវិស័យដទៃទៀត។ 

ផ្ដើមចេញពីនេះ នាំឱ្យភាសាចិន ភាពយន្តចិន និងប្រពៃណីចិន ដូចជាបុណ្យចូលឆ្នាំចិន បុណ្យសែនលោកខែ បុណ្យសែនក្បាលទឹក បុណ្យឆេងម៉េង ជាដើម មិនគ្រាន់តែមានជីវិត និងមានឥទ្ធិពលក្នុងសហគមន៍ជនជាតិភាគតិចចិន ជនជាតិចិនកាត់ខ្មែរ និងអន្តោប្រវេសន៍ចិននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ វាក៏មានឥទ្ធិពលលើ​​ប្រជាជនខ្មែរដែរ។ ជាក់ស្ដែង សព្វថ្ងៃ ទូរទស្សន៍ខ្មែរស្ទើរតែទាំងអស់បញ្ចាំងភាពយន្តចិន ហើយប្រជាជនខ្មែរភាគច្រើនក៏ចូលចិត្តទស្សនាភាពយន្តចិនដែរ។ មិនតែប៉ុណ្ណោះ ប្រជាជនខ្មែរសុទ្ធមួយចំនួនក៏បានប្រារព្ធពិធីប្រពៃណីរបស់ចិនដូចដែលបានរៀបរាប់ខាងលើនេះដែរ ជាពិសេស ការសែនព្រេនក្នុងពីធីបុណ្យចូលឆ្នាំចិន និងការឈប់សម្រាកពេលចូលឆ្នាំចិន។ ហេតុផលមួយ​ក្នុងចំណោមហេតុផលដទៃទៀត ត្រូវបានប្រជាជនខ្មែរសុទ្ធដែលទទួលយកឥទ្ធិពលប្រពៃណីចិននោះ អះអាងថា«ការកាន់ប្រពៃណីដូចចិន ដើម្បីឱ្យរកស៊ីមានបានដូចគេដែរ»។

ម្យ៉ាងទៀត ដោយសារទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន គោលនយោបាយទីផ្សារសេរីរបស់កម្ពុជា និងគោលការណ៍ប្រជាធិបតេយ្យ គេបានសង្កេតឃើញថា សហគមន៍ជនជាតិភាគតិចចិន ជនជាតិចិនកាត់ខ្មែរ និងអន្តោប្រវេសន៍ចិន មិនគ្រាន់តែបានរស់នៅយ៉ាងសុខសាន្តប៉ុណ្ណោះទេ ពួកគេថែមទាំងបានចងក្រងគ្នាជាសមាគម បង្កើតសាលារៀនភាសាចិន ព្រះវិហារចិន ភោជនីយដ្ឋានចិន វិទ្យុ​ផ្សាយសម្លេងជាភាសាចិន និងក្រុមហ៊ុនចិនជាច្រើនទៀតកំពុងរកស៊ីនៅស្រុកខ្មែរ ដូចជាក្រុមហ៊ុនវិនិយោគខាងរោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រកាត់ស្បែកជើង សហគ្រាសសំណង់ស្ពានថ្នល់ វារីអគ្គិសនី និងការរុករករ៉ែ ជាដើម។

ជាសន្និដ្ឋាន ឥទ្ធិពលរបស់ចិននៅកម្ពុជា ពិតជាមានលក្ខណៈលេចធ្លោគួរឱ្យកត់សម្គាល់ ទាំងវិស័យ​ភាព-​យន្ត សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ភាសា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ ទាំងផ្ទៃក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ ដោយសារតែចិនជាមិត្តយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់កម្ពុជាផង ចិនអ្នកផ្ដល់ជំនួយឱ្យកម្ពុជាធំជាងគេបំផុតផង ហើយទុនវិនិយោគរបស់វិស័យឯកជនចិននៅកម្ពុជាក៏ច្រើនជាងគេដែរ៕    

អត្ថបទស្រាវជ្រាវទាំងស្រុងដោយ លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។


អត្ថបទទាក់ទង

«គណៈប្រតិភូនៃរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញចូលរួម វេទិកាបញ្ញាជន ឡានឆាង-មេគង្គ លើកទី២...!»

វេទិកានេះ បានអញ្ជើញ អ្នកស្រាវជ្រាវទាំងរដ្ឋនិងឯកជនជួបគ្នានៅសាកលវិទ្យាល័យយូណាន ពីថ្ងៃ២៥-២៨ ខែកញ្ញា។ កម្មវិធីនេះ ធ្វើឡើងក្នុងឱកាសខួបលើកទី១៥ នៃទំនាក់ដៃគូជាយុទ្ធសាស្ត្ររវាង ចិន-អាស៊ាន និងជាឆ្នាំសំខាន់សម្រា...

2018-09-25 02:39:55   ថ្ងៃអង្គារ, 25 កញ្ញា 2018 ម៉ោង 09:39 AM
«២៤ កញ្ញា ឆ្នាំ២០១៨ ខួបទី២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា»

ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ គឺជាខួប ២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម័យរាជាណាចក្រទី២។ មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មានអាយុ...

2018-09-22 14:24:27   ថ្ងៃសៅរ៍, 22 កញ្ញា 2018 ម៉ោង 09:24 PM
«ជំនួបជាមួយលោកបណ្ឌិត Brad Glosserman»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានទទួលជួបជាមួយលោកបណ្ឌិត Brad Glosserman នាយករង និងជាសាស្ត្រាចារ្យដែលកំពុងផ្លាស់ប...

2018-09-19 09:29:20   ថ្ងៃពុធ, 19 កញ្ញា 2018 ម៉ោង 04:29 PM
គម្រោងស្រាវជ្រាវលើប្រសិទ្ធភាព Biochar បានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីកម្រឹត​ពិភពលោក

ទីបំផុតការតបស្នងដល់ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា និងដល់ក្រុមស្រាវជ្រាវនៃគម្រោង«ការគាំទ្របច្ចេកវិទ្យា សម្រាប់ផលិតនិងប្រើប្រាស់ Biochar ដើម្បីបង្កើនទិន្នផល កសិកម្ម នៅ ប្រទេសកម្ពុជា» បានបង្ហាញឱ្យឃើញយ៉ាង ច...

2018-09-17 12:17:54   ថ្ងៃចន្ទ, 17 កញ្ញា 2018 ម៉ោង 07:17 PM
សង្ខេបព័ត៌មាន ២សប្តាហ៍កន្លងមកនេះ

ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨៖ មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា ៦រូបទទួលបានគ្រឿងឥស្សរិយយស​ពីវិទ្យាស្ថានស្តង់ដា​កម្ពុជា​នៃក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម បន្ទាប់ពីបំពេញភារកិច្ចក្នុងគណៈកម្មាការស្តង់រយៈកាលជាង១០ឆ្...

2018-09-17 04:31:18   ថ្ងៃចន្ទ, 17 កញ្ញា 2018 ម៉ោង 11:31 AM
«ប្រវត្តិសិល្បៈមហោរីខ្មែរ»

(ស្រាវជ្រាវចងក្រងដោយលោកស្រី យ៉ាន់ វិភារតន៍ ប្រធានផ្នែកសិល្បៈទស្សនីយភាព នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិតស្យសភាកម្ពុជា) ការសិក្សាអំពីសង្គម និងវប្បធម៌របស់ជាតិសាសន៍ណាមួយ មិនមែនជាការងាយស្រួ...

2018-09-14 03:05:51   ថ្ងៃសុក្រ, 14 កញ្ញា 2018 ម៉ោង 10:05 AM

សេចក្តីប្រកាស