ព័ត៌មាន

«៦ចំណុចដែលគេមិនអាចប្រៀបធៀបកម្ពុជាទៅនឹងករណីវេណេស៊ុយអេឡាបាន...»

2019-02-03 13:46:36 ថ្ងៃអាទិត្យ, 03 កុម្ភៈ 2019 ម៉ោង 08:46 PM
អ្នកមើល 9061
post_detail

ចុះផ្សាយថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩

ភ្នំពេញ៖ ក្នុងរយៈពេលប្រហែលជាមួយសប្ដាហ៍មកនេះ ទាំងអ្នកនយោបាយ អ្នកវិភាគ សកម្មជននយោបាយ និងប្រជាពលរដ្ឋខ្មែរមួយចំនួននៅក្នុងបណ្ដាញសង្គម Facebook បានផ្ដោតចំណាប់អារម្មណ៍ខ្លាំងទៅលើករណីវិបត្តិដែលកំពុងកើតមានឡើងនៅប្រទេសវេណេស៊ុយអេឡា។

ផ្ដើមចេញពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីវេណេស៊ុយអេឡា ដែលអវត្តមានអ្នកនយោបាយគណបក្សប្រឆាំងរបស់ប្រទេសនេះ វិបត្តិនយោបាយនិងវិបត្តិសេដ្ឋកិច្ចបានរុញច្រានប្រទេសនេះឱ្យធ្លាក់ចូលទៅក្នុងស្ថានការណ៍មួយដ៏គួរឱ្យព្រួយបារម្ភ។ នៅខណៈដែលប្រធានរដ្ឋសភា ដែលជាអ្នកនយោបាយវ័យក្មេងមួយរូប បានប្រកាសពុំទទួលស្គាល់លោក ម៉ាឌូរ៉ូ ប្រធានាធិបតីដែលទើបនឹងជាប់ឆ្នោតកាលពីឆ្នាំ២០១៨។ ប្រធានរដ្ឋសភារូបនេះបានប្រកាសខ្លួនថាជាប្រធានាធិបតីស្ដីទីរបស់ប្រទេសដែលស្ថិតនៅក្នុងតំបន់អាម៉េរិកឡាទីនមួយនេះ ហើយក៏ត្រូវបានទទួលស្គាល់ដោយបស្ចឹមប្រទេសនិងមហាអំណាចមួយចំនួនរហូតឈានដល់មានការប្រកាសឱ្យយោធានៃប្រទេសនេះធ្វើរដ្ឋប្រហារ ទម្លាក់លោកប្រធានាធិបតីប្រទេសនេះ ដោយមហាអំណាចសហរដ្ឋអាម៉េរិកថែមទៀតផង។

បើក្រឡេកមកមើលនៅកម្ពុជាវិញ អ្នកនយោបាយ និងអ្នកវិភាគមួយចំនួនបានទាញចំណាប់អារម្មណ៍មហាជន និងលើកជាការប្រៀបធៀបអំពីករណីដែលពួកគេបានចាត់ទុកថាវិបត្តិនៅវេណេស៊ុយអេឡាមានភាពដូចគ្នាជាមួយនឹងអ្វីដែលបានកើតឡើងនៅប្រទេសកម្ពុជាបច្ចុប្បន្ន ហើយអន្តរជាតិគួរតែដាក់សម្ពាធឬធ្វើការសម្រេចចិត្តនយោបាយណា មួយមកលើកម្ពុជាដូចដែលគេបានធ្វើទៅលើមេដឹកនាំប្រទេសវេណេស៊ុយអេឡា។

ជាការស្រាយបំភ្លឺទៅលើការលើកឡើងដោយខ្វះមូលដ្ឋានវិទ្យាសាស្ត្រដែលនឹងអាចធ្វើឱ្យសាធារណៈមតិទូទៅភាន់ច្រ ឡំខាងលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានបកស្រាយបញ្ជាក់អំពីការប្រៀបធៀបនេះថាជាការយល់ឃើញខុសឆ្គង និងពុំមានហេតុផលសមស្របទាល់តែសោះ។ នៅក្នុងការពន្យល់បកស្រាយនេះ ឯកឧត្ដមបណ្ឌិតសភា ចារ្យបានលើកឡើងនូវទិដ្ឋភាពចំនួន៦ដែលគេមិនអាចទាញករណីវិបត្តិនៅប្រទេសវេណេស៊ុយអេឡាមកប្រៀប ធៀបនឹងប្រទេសកម្ពុជាបានដែលក្នុងនោះរួមមាន៖

១. ផ្ទុយស្រឡះពីវេណេស៊ុយអេឡាទាំងស្រុង នៅកម្ពុជា ពុំធ្លាប់បានលើកកាលបរិច្ឆេទនៃការបោះឆ្នោតម្ដងណាឡើយ ដោយការបោះឆ្នោតត្រូវបានធ្វើឡើងជាទៀងទាត់និងទៅតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងបានប្រព្រឹត្តទៅដោយរលូននៅរៀងរាល់អាណត្តិ ដែលខុសប្លែកពីការបោះឆ្នោតនៅវេណេស៊ុយអេឡា គឺពេលមានវិបត្តិទើបធ្វើការបោះឆ្នោត។

២. ការរំលាយគណបក្សប្រឆាំងនៅកម្ពុជា គឺឈរនៅលើអង្គហេតុនិងអង្គច្បាប់ដោយវីដេអូដែលមេដឹកនាំគណបក្សប្រឆាំងនិយាយនៅអូស្ត្រាលី បានបង្ហាញយ៉ាងច្បាស់ពីចេតនានិងបញ្ជាក់អំពីពិរុទ្ធភាពរបស់ខ្លួន។

៣. នៅកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវឯករាជភាពនៃអំណាចទាំងបី (នីតិប្រតិបត្តិ នីតិបញ្ញត្តិ និងតុលាការ) ដោយស្របទៅតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស។

៤. កម្ពុជាមិនមានវិបត្តិសេដ្ឋកិច្ចនោះទេ ហើយមិនត្រឹមតែប៉ុណ្ណោះរាជរដ្ឋាភិបាលថែមទាំងបានសម្រួលដល់ជីវភាពរបស់ពលរដ្ឋដោយរៀបចំអនុវត្តការបើប្រាក់បៀរវត្សរ៍នៅរៀងរាល់២សប្ដាហ៍ម្ដងថែមទៀតផង។

៥. រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់នូវប្រាក់ចូលនិវត្តន៍ជូនដល់កម្មករឱ្យបានដូចជាមន្ត្រីរាជការផងដែរ។

៦. ស្របពេលដែលសេដ្ឋកិច្ចកំពុងរីកចម្រើន ហើយពលរដ្ឋគ្រប់រូបសុទ្ធតែខិតខំធ្វើការងារនិងរកស៊ីទទួលទានដើម្បីមានថវិកាសម្រាប់ការចាយវាយ ប្រើប្រាស់និងទិញអចលនវត្ថុនិងទ្រព្យសម្បត្តិផ្សេងៗដូចជា រថយន្ត ដីធ្លី ដែលមានអ្នកខ្លះពុំមានលទ្ធភាពទិញទាំងស្រុងក៏បានធ្វើការបង់រំលោះដីធ្លី ផ្ទះសម្បែង តើមាននរណាដែលនឹងចូលរួមធ្វើបាតុកម្មដើម្បីដុតឡាននិងដីធ្លីរបស់គេ? ហេតុនេះហើយពុំមានពលរដ្ឋណាម្នាក់ចង់ឱ្យប្រទេសជាតិជួបប្រទះនឹង អស្ថិរភាពនោះឡើយ។

ជាមួយគ្នានោះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ឱ្យពលរដ្ឋធ្វើការពិចារណាថា នៅពេលដែលពលរដ្ឋបានផ្ដល់ទំនុកចិត្តដល់អតីតគណបក្សសង្គ្រោះជាតិតាមរយៈសន្លឹកឆ្នោត ដែលគណបក្សនេះទទួលបានរហូតដល់៥៥ អសនៈ តើគណបក្សបានធ្វើអ្វីខ្លះដើម្បីប្រជាពលរដ្ឋ? តើហេតុអ្វីបានជាមិនយកវេទិកានៅក្នុងរដ្ឋសភាជាតិ ដើម្បីដោះស្រាយបញ្ហា តាមរយៈការកោះហៅរដ្ឋមន្ត្រីនៃក្រសួងនីមួយៗដែលខ្លួនយល់ថាមិនបានបំពេញតួនាទីនិងភារកិច្ចការងារបានល្អទៅធ្វើការបំភ្លឺ? ហេតុអ្វីបានជាទៅយកវេទិការបរទេសទៅស្រែកនៅលើឆាកអន្តរជាតិ ហែកហួរអំពីបញ្ហាប្រទេសជាតិរបស់ខ្លួនឯងទៅវិញ?




RAC Media | លឹម សុវណ្ណរិទ្ធ




អត្ថបទទាក់ទង

«ការប្រើប្រាស់អក្សរថៃនៅក្នុងការសរសេរអក្សរបាលី៖ បញ្ហា និងដំណោះស្រាយ»

លោកសាស្ត្រាចារ្យ Kangvol Khatshima ជាជនជាតិថៃ ដើមកំណើតខ្មែរសុរិន្ទ​ បានអញ្ជើញ​មក​ចូលរួមជាវាគ្មិន ក្នុងកម្មវិធីសន្និសីទអន្តរជាតិ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌, ប្រវត្តិ និងមោទកភាព» ថ្ងៃ...

2018-12-20 09:34:55   ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 04:34 PM
ចង្កៀងគោមបុរាណខ្មែរ LANTERN LAMP OF KHMER ANCIENT

បទបង្ហាញដោយបណ្ឌិត ខៀវ កុសល អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ និងជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា    តាមនិយមន័យវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត «ចង្កៀង»មានន័យថា ប្រដាប់សម្រា...

2018-12-20 07:44:44   ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 02:44 PM
«អប្សរា» ពីទេវកថាឥណ្ឌា មកចម្លាក់ខ្មែរ និងរបាំតន្តីខ្មែរ

បទបង្ហាញដោយ៖ បណ្ឌិតសភាចារ្យ សោម សុមុនី សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា        របាំ​អប្សរា​ រួមទាំងរបាំ​ព្រះរាជ​ទ្រព្យ​ទាំងអស់នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកវប...

2018-12-20 06:56:24   ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 01:56 PM
សន្និសីទអន្តរជាតិ៖ «តម្លៃវប្បធម៌សិល្បៈខ្មែរ៖ ក្បាច់ហៀន»

វាគ្មិន៖ លោក រ៉េត សាមុត   នៅក្នុងសន្និសីទអន្តរជាតិលើកទី១៤ ស្តីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វីក ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមការង...

2018-12-20 05:01:06   ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 12:01 PM
«សមិទ្ធផលពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់»

ដោយ៖ លោក ខែក វីរៈកិច្ចព្រមព្រៀង ស្តីពីការអនុវត្តនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០០៤។ ជំនួបរវាងភាគីទាំងពីរ ​បានជួបនិងចុះអនុស្សរណៈ​យោគយល...

2018-12-20 03:59:18   ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 10:59 AM
«រាជបណ្ឌិត្យសភាកម្ពុជារៀបចំសន្និសីទអន្តរជាតិស្តីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក»

ដោយ៖ លោក ស៊ឺន សំ   មជ្ឈមណ្ឌលសា្រវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា បានកំពុងរៀបចំសន្និសីទអន្តរជាតិមួយ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវតិ្ត និងមោទកភាព» នាថ្ងៃនេះ។ កម្មវិធីសន្និសីទអន្តរ...

2018-12-20 03:39:08   ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 10:39 AM

សេចក្តីប្រកាស