Royal Academy of Cambodia
ការរស់នៅរបស់ជនជាតិខ្មែរតែងមានទម្លាប់ផ្សារភ្ជាប់ជីវភាពរបស់ខ្លួនទៅនឹងធម្មជាតិដែលមាននៅជុំវិញខ្លួនរបស់គេ។ គំនិតខ្មែរដែលបានភ្ជាប់ជីវភាពរបស់ខ្លួនទៅនឹងបាតុភូតនេះ គឺក្នុងន័យស្វែងរកភាពស្ងប់ស្ងាត់ខាងផ្លូវចិត្ត ដែលយើងអាចនិយាយបានថា ទង្វើនេះជាប្រព័ន្ធគំនិតមួយកើតចេញពីការយល់ឃើញរបស់ដូនតាយើងអំពីជីវិតនិងធម្មជាតិ ជីវិតនិងការងារប្រចាំថ្ងៃរបស់ខ្លួន។ ប្រព័ន្ធគំនិតនេះកើតមានដំណាលមនុស្សខ្មែរដែរ តែដំបូងឡើយវាមានលក្ខណៈជាសញ្ញាណនៃភាពអរូបី ការជឿលើវិញ្ញាណ ព្រលឹង ឥទ្ធិពលកម្លាំងក្រៅខ្លួននៃធម្មជាតិតែប៉ុណ្ណោះ។ ជាបន្តបន្ទាប់ ប្រព័ន្ធគំនិតខ្មែរដើមនេះក៏ត្រូវបានប្រតិបត្តិព្រមគ្នាជាមួយនឹងទស្សនៈនៃលទ្ធិសាសនាព្រាហ្មណ៍និងសាសនាព្រះពុទ្ធថែមទៀតផង។ ទោះជាយ៉ាងនេះក៏ដោយ វាក៏នៅតែរក្សាខ្លឹមសារជាប្រព័ន្ធគំនិតជាតិជាក់លាក់និងស្ថិតជាប់ក្នុងអារម្មណ៍ប្រជាជនជានិច្ច។ ប្រព័ន្ធគំនិតខ្មែរបានស្ដែងតាមរយៈការប្រតិបត្តិផ្សេងៗរបស់ប្រជាជនក្នុងសង្គមជាក់ស្ដែង ដូចជា តាមរយៈរូបបដិមា សិល្បៈ រឿងព្រេង ក៏ដូចជាកិច្ចការគ្រប់គ្រងសង្គមនិងនយោបាយផងដែរ។ ជាទូទៅតាមរយៈរឿងព្រេង សិល្បៈ ក៏ដូចជាកិច្ចការសង្គម ត្រូវបានអ្នកសិក្សាស្វែងយល់អំពីអត្ថន័យជាមូលដ្ឋាននិងទាញយកគតិបណ្ឌិតសម្រាប់ទុកជាមេរៀនអប់រំតរៀងមក។
ការលើកយកប្រធានបទវប្បធម៌សន្តិភាពតាមរយៈប្រព័ន្ធគំនិតខ្មែរ មកសិក្សា គឺដើម្បីឆ្លុះបញ្ចាំង ឱ្យឃើញពីស្មារតីសន្តិភាពរបស់ខ្មែរតាំងពីបុរាណកាលក៏ដូចបច្ចុប្បន្នផងដែរ។ សិក្សារបស់យើងនេះគឺរំលេចតាមរយៈខ្លឹមសារបដិមានៃជំនឿសាសនា ស្ថាបត្យកម្ម ចម្លាក់ សិល្បៈរបាំមួយចំនួន រួមទាំងសិល្បៈ ក្នុងការធ្វើនយោបាយខ្លះៗផងដែរ។
តាមរយៈប្រព័ន្ធគំនិតនេះ យើងអាចនិយាយបានថា ប្រជាជនខ្មែរពិតមានគំនិតសន្តិភាពនិយមច្រើនជាងគំនិតហិង្សា ហើយ គំនិតសន្តិភាពនេះបានក្លាយជាគោលការណ៍មួយក្នុងការប្រតិបត្តិផ្សេងៗក្នុងសង្គមជាតិតាំងពីយូរលង់ណាស់មកហើយ។ វប្បធម៌សន្តិភាពជាការចាំបាច់បំផុតក្នុងសង្គមជាតិនីមួយៗ ប៉ុន្តែការធ្វើឱ្យមានសន្តិភាពឡើងបាន គឺត្រូវផ្ដើមចេញពីភាពស្ងប់ជាចម្បងរបស់បុគ្គលម្នាក់ៗក្នុងការឈានទៅរកសន្តិភាពពិភពលោកផងដែរ។
ដូចនេះ បើមានសន្តិភាព ហើយខ្វះការរក្សាសន្ដិភាពក៏ជាបញ្ហាមួយមិនគ្រប់គ្រាន់ដែរ។ ពាក្យថាសន្តិភាពមិនមែនមានន័យត្រឹមតែអវត្តមានសង្រ្គាមនោះទេ។ សន្តិភាពសំដៅដល់ការរស់នៅដែលមានភាពស្ងប់ផ្លូវចិត្ត គ្មានការគំរាមកំហែង គ្មានការភ័យខ្លាចក្នុងការគិត ការបញ្ចេញមតិ ការជួបជុំ ដែលធ្វើឱ្យបុគ្គលម្នាក់ៗមានសេរីភាពនិងជឿជាក់ទុកចិត្តបាន ទើបហៅសន្តិភាពពិតប្រាកដ។
អត្ថបទស្រាវជ្រាវទាំងស្រុងរបស់បណ្ឌិត ណុន សុខា ប្រធានផ្នែកអក្សរសាស្រ្តនិងអក្សរសិល្ប៍ នៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា៖ http://rac.apppeppers.com/royal-academy/research/attachments/original/48.pdf?1548738604
(បណ្ឌិត ក្តាន់ ធុល វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជា)នៅក្នុងជីវភាពប្រចាំថ្ងៃ ជំនឿ គឺជាអាហារស្មារតីរបស់មនុស្ស ដែលគេត្រូវបរិភោគជារៀងរាល់ថ្ងៃ។ អាហារខ្លះមានរសជាតិពុលដែលធ្វើឱ្យប៉ះពា...
(គូរដោយ៖ ចាន់ សម្ផស្ស និស្សិតសិក្សាមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិតសភាកម្ពុជា)កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ ជាការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមបាល់ទាត់ជម្រើសជាតិ...
នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានទទួលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យបណ្ឌិត Dat...
វិនិយោគគឺជាវេចនសព្ទ ជាមួយពាក្យការបណ្ដាក់ទុន។ វិនិយោគជាការបណ្ដាក់ទុនធ្វើអាជីវកម្មក្នុងការបង្កើតរោងចក្រ សហគ្រាស កសិដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឬ សេវាអ្វីមួយដើម្បីបានទទួលប្រាក់ចំណេញ។ ម្យ៉ាងទៀត វិ...
មរតកវប្បធម៌អរូបីសំដៅដល់ប្រពៃណីទំនៀមទម្លាប់របៀបរបបក្នុងសង្គម ល្បែងរបាំ កិច្ចពិធី ឬចំណេះជំនាញប្រពៃណីដូនតានានាជាដើម។ ការទទួលស្គាល់និងប្រតិបត្តិចំពោះមរតកវប្បធម៌អរូបីរបស់អ្នកស្រុកភូមិ ឬមនុស្សក្រុម និងមួយគ...