ព័ត៌មាន

«អ្នកជាតិនិយមខ្មែរមួយចំនួនគួរមើលប្រទេសជិតខាង» ដោយ៖ ស៊ឺន សម

2019-01-24 11:32:52 ថ្ងៃព្រហស្បតិ៍, 24 មករា 2019 ម៉ោង 06:32 PM
អ្នកមើល 9342
post_detail

ប្រទេសកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងកោះឥណ្ឌូចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសថៃនៅទិសខាងបស្ចិម និងពាយ័ព្យ ជាប់ប្រទេសឡាវនៅទិសឧត្តរ ប្រទេសវៀតណាមនៅទិសបូព៌ា និងឈូងសមុទ្រថៃនៅទិសនិរតី។ ដោយមានប្រជាជនប្រមាណជាង ១៦លាននាក់ កម្ពុជាគឺជាប្រទេសដែលមានប្រជាជនច្រើនបំផុតទី៧២ក្នុងលោក។ សាសនាផ្លូវការគឺព្រះពុទ្ធសាសនាថេរវាទ ដែលត្រូវបាននិយមគោរពដោយប្រជាជនកម្ពុជាប្រហែល៩៥%។ ជនជាតិភាគតិចក្នុងប្រទេសនេះរួមមានវៀតណាម ចិន ចាម និងកុលសម្ព័ន្ធ​ផ្សេងៗទៀត មានដូចជាកួយ ចារ៉ាយ ព្នង ជាដើម។

បើយោងតាមប្រវត្តិសាស្ត្រ ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិល និងសង្គ្រាមឈ្លានពានពីប្រទេសជិតខាងជាច្រើនដង ហើយប្រទេសនេះតែងតែមានវីរៈបុរសស្នេហាជាតិចេញមុខការពារទឹកដី នៅពេលដែលមានសង្គ្រាម ឬឈ្លានពានម្តងៗ។

ដោយសារតែប្រវត្តិសាស្ត្រមិនល្អជាមួយប្រទេសជិតខាងមួយចំនួន បានធ្វើឱ្យពលរដ្ឋកម្ពុជាខ្លះមិនពេញចិត្តចំពោះការសិក្សាភាសា វប្បធម៌ ឬប្រពៃណី ទំនៀមទម្លាប់នៃប្រទេសជិតខាង រហូតដល់មានពេលខ្លះ អ្នកស្នេហាជាតិជ្រុលនិយមមួយចំនួនបានធ្វើការតិះដៀលអ្នកដែលមានបំណងសិក្សាភាសា ឬវប្បធម៌របស់ប្រទេសជិតខាង ថាជាអាយ៉ង ឬជាអ្នកបំផ្លាញជាតិទៅវិញ។

បើសិនជាយើងក្រឡេកមើលប្រទេសជិតខាងរបស់កម្ពុជាចំនួនពីរ គឺប្រទេសថៃ និងប្រទេសវៀតណាមវិញនោះ យើងនឹងឃើញមានភាពខុសស្រឡះអំពីប្រទេសកម្ពុជា ព្រោះថានៅតាមសាកលវិទ្យាល័យ ឬស្ថាប័នស្រាវជ្រាវ ភាគច្រើននៅក្នុងប្រទេសទាំងពីរនោះ សុទ្ធតែមាននាយកដ្ឋាន ឬផ្នែកដែលសិក្សាអំពីប្រទេសកម្ពុជា ដូចជាគោលនយោបាយ ភាសា វប្បធម៌ និងប្រពៃណីរបស់កម្ពុជា។ ពួកគេបានយល់យ៉ាងច្បាស់អំពីកម្ពុជា ហើយគេមិននិយាយថា ការសិក្សាអំពីគោលនយោបាយ ភាសា វប្បធម៌ និងប្រពៃណីរបស់កម្ពុជា ពួកគេនឹងក្លាយជាអាយ៉ង ឬជាទាសកររបស់កម្ពុជាសោះឡើយ តែពួកគេយល់ច្បាស់អំពីសារៈប្រយោជន៍សម្រាប់ជាតិសាសន៍របស់គេនៅពេលដែលគេបានស្គាល់ប្រទេសជិតខាងបានកាន់តែច្បាស់។

កន្លងមក សាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ មានបំណងបើកការសិក្សាភាសាវៀតណាមកម្រិតបរិញ្ញាបត្រក្នុងប្រទេសកម្ពុជាជាលើកដំបូង តែបែរជាមានការរិះគន់អំពីអ្នកស្នេហាជាតិតាមបណ្តាញសង្គម ថាប្រទេសកម្ពុជា នឹងក្លាយជាយ៉ង ឬទឹកដីរបស់ប្រទេសជិតខាងទៅវិញ។

ការសិក្សាភាសា គោលនយោបាយ វប្បធម៌ និងប្រពៃណីរបស់ប្រទេសជិតខាង ពិតជាមានសារៈសំខាន់ណាស់ ឧទាហរណ៍ សម្តេចព្រះសង្ឃរាជ ជួន ណាត កាលលោកនៅមានព្រះជន្មនៅឡើយ លោកមានសមត្ថភាព ប្រើប្រាស់ភាសាបារាំង អង់គ្លេស វៀតណាម ថៃ និងឡាវ បានយ៉ាងស្ទាត់ជំនាញ ហើយលោកក៏បានជម្រុញឱ្យជនជាតិខ្មែរ សិក្សាភាសាប្រទេសជិតខាងឱ្យបានច្បាស់ ដើម្បីបានជាប្រយោជន៍សម្រាប់ប្រទេសជាតិ។ 

មនុស្សមួយចំនួន ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន ឬផលប្រយោជន៍របស់ក្រុម បានញុះញង់ឱ្យអ្នកគាំទ្ររបស់ខ្លួនស្អប់ប្រទេសជិតខាង ហើយសូម្បីតែភាសារបស់ប្រទេសជិតខាង ដែលចាំបាច់សម្រាប់គោលនយោបាយជាតិ ក៏គេមិនចង់ឱ្យមានការសិក្សាដែរ ហើយចំណុចនេះ គឺជាការខុសឆ្គងខ្លាំងណាស់ ព្រោះថា «ការទទួលបានព័ត៌មានជាក់លាក់តាមរយៈការយល់ភាសារបស់អ្នកដែលយើងមិនពេញចិត្ត ឬអ្នកជិតខាងរបស់យើងនោះ គឺជាច្រកនាំទៅរកជោគជ័យសម្រាប់ប្រទេសជាតិរបស់យើង»។ 

«បើយើងមិនពេញចិត្តអ្នកណាម្នាក់ យើងត្រូវដឹងគ្រប់យ៉ាងអំពីអ្នកនោះ»

ដោយលោក ស៊ឺន សម មន្ត្រីទំនាក់ទំនងសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media


អត្ថបទទាក់ទង

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ យើងនឹងនៅតែបន្តពង្រឹងធនធានបញ្ញវន្តចេញពីរាជបណ្ឌិត្យសភាកម្ពុជា គឺត្រូវតែជាធនធានបញ្ញវន្តប្រកបដោយមូលធនចំណេះដឹងទូលំទូលាយបែបវិទ្យាសាស្ត្រ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ដែលបានផ្សាយផ្ទាល់នៅលើទំព័រ Facebook ផ្លូវការរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ នៅល្ងាចថ្ងៃទី៣ ខែធ្នូ...

2019-12-03 13:51:38   ថ្ងៃអង្គារ, 03 ធ្នូ 2019 ម៉ោង 08:51 PM
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច លើកទឹកចិត្តមន្ត្រីរាជការចំណុះរាជបណ្ឌិត្យសភាកម្ពុជាឱ្យចូលរួមផ្តួចផ្តើមគំនិតការងារ ដើម្បីឱ្យរាជបណ្ឌិត្យសភាកម្ពុជាកាន់តែអភិវឌ្ឍន៍

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកទឹកចិត្តមន្ត្រីរាជការទាំងអស់ចំណុះរាជបណ្ឌិត្យសភាកម្ពុជាឱ្យចូលរួមផ្តួចផ្តើមគំនិតការងារថ្មីៗលើការសិក្សា និងការស្រា...

2019-12-02 09:17:39   ថ្ងៃចន្ទ, 02 ធ្នូ 2019 ម៉ោង 04:17 PM
លោក សេង សុវណ្ណដារ៉ា៖ រចនាបថសំណង់ស្ថាបត្យកម្មខ្មែរ ពីសម័យអាណាព្យាបាលបារាំងដល់សម័យសង្គមរាស្ត្រនិយម

ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹង...

2019-11-29 07:49:21   ថ្ងៃសុក្រ, 29 វិច្ឆិកា 2019 ម៉ោង 02:49 PM
ព្រឹទ្ធាចារ្យ ឡោ សាន៖ ក្រៅពីទេពកោសល្យផ្សែផ្សំ និងធ្វើសំយោគពីសិល្បៈបរទេស និងសិល្បៈខ្មែរជំនាន់មុនៗ ស្ថាបត្យករខ្មែរបានបង្កើតសិល្បៈថ្មីមួយទៀតដែលមានទម្រង់ជាសិល្បៈខ្មែរ និងស្របតាមទស្សនៈខ្មែរសុទ្ធសាធ

ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹង...

2019-11-29 07:42:47   ថ្ងៃសុក្រ, 29 វិច្ឆិកា 2019 ម៉ោង 02:42 PM
លោក រ៉េត សាមុត៖ ស្ថាបត្យកម្ម និងសំណង់ប្រាសាទបុរាណខ្មែរសម័យអង្គរមានប្រាសាទពីរបែប

ភ្នំពេញ៖ «ស្ថាបត្យកម្ម និងសំណង់ប្រាសាទបុរាណខ្មែរសម័យអង្គរ មានប្រាសាទពីរបែប...» នេះជាការលើកឡើងរបស់លោក រ៉េត សាមុត មគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាបអង្គរ នៅក្នុងសិក្ខាសាលា ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថ...

2019-11-29 07:39:46   ថ្ងៃសុក្រ, 29 វិច្ឆិកា 2019 ម៉ោង 02:39 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន៖ ក្រោយរៀបចំសិក្ខាសាលាជាតិចំនួនពីរលើកអំពីសំណង់ស្ថាបត្យកម្មខ្មែរ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជានឹងផលិតនូវខ្សែវីដេអូអំពី ការវិវត្តនៃស្ថាបត្យកម្មខ្មែរចាប់តាំងពីការកកើតដំបូងរហូតដល់បច្ចុប្បន្ន

ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹង...

2019-11-29 07:36:31   ថ្ងៃសុក្រ, 29 វិច្ឆិកា 2019 ម៉ោង 02:36 PM

សេចក្តីប្រកាស