ព័ត៌មាន

«អ្នកជាតិនិយមខ្មែរមួយចំនួនគួរមើលប្រទេសជិតខាង» ដោយ៖ ស៊ឺន សម

2019-01-24 11:32:52 ថ្ងៃព្រហស្បតិ៍, 24 មករា 2019 ម៉ោង 06:32 PM
អ្នកមើល 3544
post_detail

ប្រទេសកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងកោះឥណ្ឌូចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសថៃនៅទិសខាងបស្ចិម និងពាយ័ព្យ ជាប់ប្រទេសឡាវនៅទិសឧត្តរ ប្រទេសវៀតណាមនៅទិសបូព៌ា និងឈូងសមុទ្រថៃនៅទិសនិរតី។ ដោយមានប្រជាជនប្រមាណជាង ១៦លាននាក់ កម្ពុជាគឺជាប្រទេសដែលមានប្រជាជនច្រើនបំផុតទី៧២ក្នុងលោក។ សាសនាផ្លូវការគឺព្រះពុទ្ធសាសនាថេរវាទ ដែលត្រូវបាននិយមគោរពដោយប្រជាជនកម្ពុជាប្រហែល៩៥%។ ជនជាតិភាគតិចក្នុងប្រទេសនេះរួមមានវៀតណាម ចិន ចាម និងកុលសម្ព័ន្ធ​ផ្សេងៗទៀត មានដូចជាកួយ ចារ៉ាយ ព្នង ជាដើម។

បើយោងតាមប្រវត្តិសាស្ត្រ ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិល និងសង្គ្រាមឈ្លានពានពីប្រទេសជិតខាងជាច្រើនដង ហើយប្រទេសនេះតែងតែមានវីរៈបុរសស្នេហាជាតិចេញមុខការពារទឹកដី នៅពេលដែលមានសង្គ្រាម ឬឈ្លានពានម្តងៗ។

ដោយសារតែប្រវត្តិសាស្ត្រមិនល្អជាមួយប្រទេសជិតខាងមួយចំនួន បានធ្វើឱ្យពលរដ្ឋកម្ពុជាខ្លះមិនពេញចិត្តចំពោះការសិក្សាភាសា វប្បធម៌ ឬប្រពៃណី ទំនៀមទម្លាប់នៃប្រទេសជិតខាង រហូតដល់មានពេលខ្លះ អ្នកស្នេហាជាតិជ្រុលនិយមមួយចំនួនបានធ្វើការតិះដៀលអ្នកដែលមានបំណងសិក្សាភាសា ឬវប្បធម៌របស់ប្រទេសជិតខាង ថាជាអាយ៉ង ឬជាអ្នកបំផ្លាញជាតិទៅវិញ។

បើសិនជាយើងក្រឡេកមើលប្រទេសជិតខាងរបស់កម្ពុជាចំនួនពីរ គឺប្រទេសថៃ និងប្រទេសវៀតណាមវិញនោះ យើងនឹងឃើញមានភាពខុសស្រឡះអំពីប្រទេសកម្ពុជា ព្រោះថានៅតាមសាកលវិទ្យាល័យ ឬស្ថាប័នស្រាវជ្រាវ ភាគច្រើននៅក្នុងប្រទេសទាំងពីរនោះ សុទ្ធតែមាននាយកដ្ឋាន ឬផ្នែកដែលសិក្សាអំពីប្រទេសកម្ពុជា ដូចជាគោលនយោបាយ ភាសា វប្បធម៌ និងប្រពៃណីរបស់កម្ពុជា។ ពួកគេបានយល់យ៉ាងច្បាស់អំពីកម្ពុជា ហើយគេមិននិយាយថា ការសិក្សាអំពីគោលនយោបាយ ភាសា វប្បធម៌ និងប្រពៃណីរបស់កម្ពុជា ពួកគេនឹងក្លាយជាអាយ៉ង ឬជាទាសកររបស់កម្ពុជាសោះឡើយ តែពួកគេយល់ច្បាស់អំពីសារៈប្រយោជន៍សម្រាប់ជាតិសាសន៍របស់គេនៅពេលដែលគេបានស្គាល់ប្រទេសជិតខាងបានកាន់តែច្បាស់។

កន្លងមក សាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ មានបំណងបើកការសិក្សាភាសាវៀតណាមកម្រិតបរិញ្ញាបត្រក្នុងប្រទេសកម្ពុជាជាលើកដំបូង តែបែរជាមានការរិះគន់អំពីអ្នកស្នេហាជាតិតាមបណ្តាញសង្គម ថាប្រទេសកម្ពុជា នឹងក្លាយជាយ៉ង ឬទឹកដីរបស់ប្រទេសជិតខាងទៅវិញ។

ការសិក្សាភាសា គោលនយោបាយ វប្បធម៌ និងប្រពៃណីរបស់ប្រទេសជិតខាង ពិតជាមានសារៈសំខាន់ណាស់ ឧទាហរណ៍ សម្តេចព្រះសង្ឃរាជ ជួន ណាត កាលលោកនៅមានព្រះជន្មនៅឡើយ លោកមានសមត្ថភាព ប្រើប្រាស់ភាសាបារាំង អង់គ្លេស វៀតណាម ថៃ និងឡាវ បានយ៉ាងស្ទាត់ជំនាញ ហើយលោកក៏បានជម្រុញឱ្យជនជាតិខ្មែរ សិក្សាភាសាប្រទេសជិតខាងឱ្យបានច្បាស់ ដើម្បីបានជាប្រយោជន៍សម្រាប់ប្រទេសជាតិ។ 

មនុស្សមួយចំនួន ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន ឬផលប្រយោជន៍របស់ក្រុម បានញុះញង់ឱ្យអ្នកគាំទ្ររបស់ខ្លួនស្អប់ប្រទេសជិតខាង ហើយសូម្បីតែភាសារបស់ប្រទេសជិតខាង ដែលចាំបាច់សម្រាប់គោលនយោបាយជាតិ ក៏គេមិនចង់ឱ្យមានការសិក្សាដែរ ហើយចំណុចនេះ គឺជាការខុសឆ្គងខ្លាំងណាស់ ព្រោះថា «ការទទួលបានព័ត៌មានជាក់លាក់តាមរយៈការយល់ភាសារបស់អ្នកដែលយើងមិនពេញចិត្ត ឬអ្នកជិតខាងរបស់យើងនោះ គឺជាច្រកនាំទៅរកជោគជ័យសម្រាប់ប្រទេសជាតិរបស់យើង»។ 

«បើយើងមិនពេញចិត្តអ្នកណាម្នាក់ យើងត្រូវដឹងគ្រប់យ៉ាងអំពីអ្នកនោះ»

ដោយលោក ស៊ឺន សម មន្ត្រីទំនាក់ទំនងសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media


អត្ថបទទាក់ទង

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលចួបនិងពិភាក្សាការងារជាមួយឯកឧត្ដមឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៥កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្...

2020-10-21 10:49:43   ថ្ងៃពុធ, 21 តុលា 2020 ម៉ោង 05:49 PM
វេទិកាពិភាក្សាស្តីពី «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧»

រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំវេទិកាពិភាក្សាស្តីពី «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧» នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត...

2020-10-21 05:31:12   ថ្ងៃពុធ, 21 តុលា 2020 ម៉ោង 12:31 PM
ផលប៉ះពាល់ជំនន់ទឹកភ្លៀងដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដោយ៖ សោ សុន្ទរ៍ធារី និស្សិតសិក្សាថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា

១-ជំនន់ទឹកភ្លៀងឆ្នាំ២០២០ចាប់តាំងពីថ្ងៃ១ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានទទួលរងនូវជំនន់ទឹកភ្លៀងដែលធ្វើឱ្យប៉ះពាល់​​ដល់១៩រាជធានី-ខេត្ត ក្រុង ស្មើ៩១ខណ្ឌ-ស្រុក។ ប្រជាជនកម្ពុជាប្រមាណ៧៨,០៥៦គ្រ...

2020-10-21 03:03:03   ថ្ងៃពុធ, 21 តុលា 2020 ម៉ោង 10:03 AM
ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម វ៉ាង យី មកអាស៊ានបានទទួលលទ្ធផល៩ចំណុច

ឯកឧត្តម វ៉ាង យី ជាទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើដំណើរទស្សនកិច្ចការទូតថ្មីៗនេះ អញ្ជើញមកអាស៊ានក្នុងការបង្កើនសាមគ្គីភាពជាមួយចិន និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅនូវ...

2020-10-20 10:21:32   ថ្ងៃអង្គារ, 20 តុលា 2020 ម៉ោង 05:21 PM
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ យើងចង់ឱ្យភាសាខ្មែរទៅជាភាសាដ៏អស្ចារ្យ ជាភាសាមួយដែលត្រូវបានគេទទួលស្គាល់

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសថ្លែងសុន្ទរកថាបិទសិក្ខាសាលា ស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងអនុ ក្រឹត្យ ស្ដីពី ការគ្រប់គ្រងលើការប្រើភាសាខ្មែរនៅលើរូបសញ្ញា និងការផ្សព្វផ្សាយសុសវែរសម្រាប់កំណែកំហុស...

2020-10-20 09:44:38   ថ្ងៃអង្គារ, 20 តុលា 2020 ម៉ោង 04:44 PM
ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលា ស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការប្រើភាសាខ្មែរនៅលើរូបសញ្ញា និងការផ្សព្វផ្សាយសុសវែរសម្រាប់កំណែកំហុសក្នុងសំណេរលើស្លាក និងប្រព័ន្ធផ្សព្វផ្សាយ»

...

2020-10-20 08:36:25   ថ្ងៃអង្គារ, 20 តុលា 2020 ម៉ោង 03:36 PM

សេចក្តីប្រកាស