ព័ត៌មាន

បាឋកថា ស្តីពី «ការកាត់បន្ថយភាពក្រីក្រប្រជាជនតាមរយៈ​ ការដាំដំណាំមន និងចិញ្ចឹមដង្កូវនាង» ​

2018-08-07 04:34:40 ថ្ងៃអង្គារ, 07 សីហា 2018 ម៉ោង 11:34 AM
អ្នកមើល 5323
post_detail

ឆ្លៀតក្នុងឱកាសបើកកម្មវិធីបាឋកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា «កម្មវិធីនេះ​ពិត​ជា​​ល្អប្រសើរ​ណាស់ ព្រោះថាយើងមានបញ្ញវន្តដែលអាច​ចែករំលែកបទពិសោធន៍ជាមួយអ្នកសិក្សាស្រាវ​ជ្រាវរបស់រាជ​បណ្ឌិត្យ​​សភាកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។ ការ​ចិញ្ចឹមដង្កូវនាង​នៅប្រទេសចិន ត្រូវ​បាន​គេទទួល​ស្គាល់​និង​ឱ្យ​​ឈ្មោះថាជា ប្រទេស​សរសៃសូត្រ»។ 

«ចំណែកនៅក្នុងប្រទេសកម្ពុជាវិញ សរសៃសូត្រមានសារសំខាន់ និងបានចាក់ឫស​យ៉ាងជ្រៅនៅក្នុងប្រពៃណី​ទំនៀម​ទម្លាប់​​របស់ខ្មែរយើង។» ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច​ បានបញ្ជាក់ថា សរសៃសូត្រ បាន​ក្លាយ​ជាចំណែក​មួយ​​លើក​តម្លៃសម្លៀកបំពាក់ប្រពៃណី។ នៅពេលគេនិយាយពីសំពត់ហូល គឺគេគិតភ្លាមថា ហូលរបស់ខ្មែរ គឺ​ត្បាញ​ពី​សរសៃ​​សូត្រ។ ជាការពិតណាស់ថា នៅពេលគេ និយាយអំពីសរសៃសូត្រ គឺធ្វើឱ្យយើងនឹកឃើញភ្លាម​ពីសម្លៀកបំពាក់​ដែល​ផលិត​ពីសរសៃសូត្រ ហើយប្រភេទសម្លៀកបំពាក់ធ្វើពីសរសៃសូត្រ ត្រូវបានចាត់ទុកជាប្រភេទសម្លៀកបំពាក់​ប្រណិត និង​មានតម្លៃថ្លៃ។  

ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជម្រុញលើកទឹកចិត្តដល់អ្នកសិក្សា​ស្រាវជ្រាវ​ទាំង​​ក្នុងនិងក្រៅស្ថាប័ន ត្រូវជម្រុញការសិក្សា​ឱ្យបានស៊ីជម្រៅលើវិស័យសូត្រនេះ ព្រោះនេះ មិនមែន​ត្រឹមតែផ្តល់​នូវ​​អត្ថ​ប្រយោជន៍​ជូនដល់ស្ថាប័ន និងកសិករទូទៅប៉ុណ្ណោះទេ តែក៏​ដើម្បី​ប្រជាពលរដ្ឋ​ដែលរស់នៅតំបន់ជុំវិញ​កសិដ្ឋាន​ចិញ្ចឹមកូន​នាង។ រាជបណ្ឌិត្យសភាកម្ពុជា សុខចិត្តខាតបង់ប្រសិនបើពេលសិក្សាស្រាវជ្រាវដំណើរ​ការមិនល្អ តែមិនអាចឱ្យ​ប្រជាពលរដ្ឋ ត្រូវបរាជ័យលើវិស័យផលិតកម្មសូត្រនេះទេ។ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំចងក្រងឯកសារ​ស្រាវជ្រាវ​នានា​អំពីផលិតកម្មសូត្រ និងផ្តល់ជាធាតុចូលជូនដល់ក្រសួងស្ថាប័ន​ដែលពាក់ព័ន្ធ អ្នកសិក្សា ជាពិសេស​ប្រជាកសិករ​ខ្មែរ​ទូទៅ។ ឯកសារទាំងនេះ នឹងក្លាយជាការចង្អុលបង្ហាញ​ផ្លូវឆ្ពោះទៅរកភាពជោគជ័យលើ​អាជីវកម្មផលិតកម្មសូត្រ នៅក្នុង​ប្រទេស​កម្ពុជា។ 

ក្នុងខណៈឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ប្រធានរាជបណ្ឌិត្យ​សភា​កម្ពុជា បានបញ្ជាក់ថា រាជបណ្ឌិត្យសភា​កម្ពុជា នឹងជម្រុញ​ឱ្យមានការអនុវត្តភូមិមួយផលិតផលមួយ នៅតំបន់កសិដ្ឋាន​ដាំមនចិញ្ចឹមដង្កូវនាងនៅខេត្តព្រះវិហារ ដោយ​ហេតុថា អ្នកវិនិយោគ មិនមកទិញផលិតផលសូត្រក្នុងចំនួនតិចតួចនោះទេ ដូច្នេះប្រជាពលរដ្ឋចូលរួមតិចគ្នា​ក៏មិន​អាច​បំពេញតម្រូវការដល់អ្នកវិនិយោគដែរ ក្នុងន័យនេះ ការចងក្រងជាសហគមន៍ នឹងដើរតួនាទីសំខាន់ក្នុងការលើកតម្លៃ និងការពារផលិតផលរបស់ខ្មែរយើង។              

សូមបញ្ជាក់ថា កម្មវិធីបាឋកថានេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃ១១ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស.​២៥៦២ ត្រូវនឹងថ្ងៃទី ៧ សីហា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភាកម្ពុជា និងវាគ្មិនកិត្តិយស គឺ សាស្ត្រាចារ្យ លីវ ជីវ ភិង (Dr. Liu Ji Ping) ជានាយកស្តីទី​នៃ​មជ្ឈមណ្ឌលបណ្តុះ​បណ្តាលដង្កូវនាងក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិក (២០០៧រហូតដល់បច្ចុប្បន្ន) និងជាអ្នកឯកទេស​ចិញ្ចឹម​ដង្កូវ​នាង និងសត្វល្អិតកសិកម្ម ដែលនឹងធ្វើបទបង្ហាញស្តីពី «ការកាត់បន្ថយភាពក្រីក្រ​តាមរយៈការដាំដំណាំមន និង​ចិញ្ចឹម​ដង្កូវនាង»។ កម្មវិធីនេះ ប្រព្រឹត្តឡើងដោយមានវត្តមានអ្នកចូលរួមមកពីក្រសួង ស្ថាប័នរដ្ឋនិងឯកជន ជាង ១0០នាក់៕


អត្ថបទទាក់ទង

«វប្បធម៌សន្តិភាពតាមរយៈប្រព័ន្ធគំនិតខ្មែរ» អត្ថបទស្រាវជ្រាវដោយ៖ បណ្ឌិត ណុន សុខា ប្រធានផ្នែកអក្សរសាស្រ្តនិងអក្សរសិល្ប៍ នៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

ការរស់នៅរបស់ជនជាតិខ្មែរតែងមានទម្លាប់ផ្សារភ្ជាប់ជីវភាពរបស់ខ្លួនទៅនឹងធម្មជាតិដែលមាននៅជុំវិញខ្លួនរបស់គេ។ គំនិតខ្មែរដែលបានភ្ជាប់ជីវភាពរបស់ខ្លួនទៅនឹងបាតុភូតនេះ គឺក្នុងន័យស្វែងរកភាពស្ងប់ស្ងាត់ខាងផ្លូវចិត្ត...

2019-01-29 05:27:06   ថ្ងៃអង្គារ, 29 មករា 2019 ម៉ោង 12:27 PM
សាកលវិទ្យាល័យ Ubon Rachathani Rajabhat មានបំណងចុះអនុស្សរណៈជាមួយរាជបណ្ឌិត្យសភាកម្ពុជា

នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Ubon Rachathani Rajabhat នៃព្រះរាជាណាចក្រថៃ ដែលមានគោលបំណងម...

2019-01-25 08:55:14   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 03:55 PM
សមិទ្ធផលស្នាដៃស្រាវជ្រាវ៖ «បច្ចេកវិទ្យាសម្រាប់ផលិតនិងការប្រើប្រាស់បាយអូឆាដើម្បីបង្កើនទិន្នផលកសិកម្ម»

ក្រុមការងារស្រាវជ្រាវចុះត្រួតពិនិត្យដំណាំពោតនៅស្ថានីយពិសោធន៍ខេត្តកំពង់ស្ពឺតាមរយៈការសម្របសម្រួលដោយផ្ទាល់របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ ព្រមទាំងមានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ឯកឧត្តមបណ្ឌិតសភ...

2019-01-25 08:11:35   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 03:11 PM
ក្រុមប្រឹក្សាជាតិភាសាខ្មែរសប្តាហ៍នេះ៖ អនុម័តបចេ្ចកសព្ទអក្សរសិល្ប៍ (៣) និងបច្ចេកសព្ទគីមីនិងរូបវិទ្យា (៤)

បច្ចុប្បន្ន ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា កំពុងដំណើរការកិច្ចប្រជុំអនុម័តបច្ចេកសព្ទអក្សរសិល្ប៍ នៅរៀងរាល់ថ្ងៃអង្គារ និងបច្ចេកសព្ទគីមីវិទ្យា និងរូបវិទ្យានៅរៀងរាល់ថ្ងៃពុធ ប្រចាំសប្តាហ...

2019-01-25 06:33:41   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 01:33 PM
តើអ្វីជាមុខងារបេសកកម្មការទូត?

ស្ថានបេសកកម្មដែលបង្កើតឡើងក្នុងប្រទេសនីមួយៗសុទ្ធតែមានមុខងាររបស់ខ្លួន ហើយមុខងារនោះមានដូចខាងក្រោម៖ ១) មុខងារតំណាង៖ ជាតំណាងរបស់រដ្ឋដាក់ទូត ដែលភាសាអង់គ្លេសហៅថា Sending State រដ្ឋដែលចាត់មន្ត្រីធ្វើជាតំណាងមក...

2019-01-25 04:35:48   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 11:35 AM
«អ្នកជាតិនិយមខ្មែរមួយចំនួនគួរមើលប្រទេសជិតខាង» ដោយ៖ ស៊ឺន សម

ប្រទេសកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងកោះឥណ្ឌូចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសថៃនៅទិសខាងបស្ចិម និងពាយ័ព្យ ជាប់ប្រទេសឡាវនៅទិសឧត្តរ ប្រទេសវៀតណាមនៅទិសបូព៌ា និងឈូងសមុទ្...

2019-01-24 11:32:52   ថ្ងៃព្រហស្បតិ៍, 24 មករា 2019 ម៉ោង 06:32 PM

សេចក្តីប្រកាស