Royal Academy of Cambodia
ឆ្លៀតក្នុងឱកាសបើកកម្មវិធីបាឋកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា «កម្មវិធីនេះពិតជាល្អប្រសើរណាស់ ព្រោះថាយើងមានបញ្ញវន្តដែលអាចចែករំលែកបទពិសោធន៍ជាមួយអ្នកសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។ ការចិញ្ចឹមដង្កូវនាងនៅប្រទេសចិន ត្រូវបានគេទទួលស្គាល់និងឱ្យឈ្មោះថាជា ប្រទេសសរសៃសូត្រ»។
«ចំណែកនៅក្នុងប្រទេសកម្ពុជាវិញ សរសៃសូត្រមានសារសំខាន់ និងបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើង។» ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា សរសៃសូត្រ បានក្លាយជាចំណែកមួយលើកតម្លៃសម្លៀកបំពាក់ប្រពៃណី។ នៅពេលគេនិយាយពីសំពត់ហូល គឺគេគិតភ្លាមថា ហូលរបស់ខ្មែរ គឺត្បាញពីសរសៃសូត្រ។ ជាការពិតណាស់ថា នៅពេលគេ និយាយអំពីសរសៃសូត្រ គឺធ្វើឱ្យយើងនឹកឃើញភ្លាមពីសម្លៀកបំពាក់ដែលផលិតពីសរសៃសូត្រ ហើយប្រភេទសម្លៀកបំពាក់ធ្វើពីសរសៃសូត្រ ត្រូវបានចាត់ទុកជាប្រភេទសម្លៀកបំពាក់ប្រណិត និងមានតម្លៃថ្លៃ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជម្រុញលើកទឹកចិត្តដល់អ្នកសិក្សាស្រាវជ្រាវទាំងក្នុងនិងក្រៅស្ថាប័ន ត្រូវជម្រុញការសិក្សាឱ្យបានស៊ីជម្រៅលើវិស័យសូត្រនេះ ព្រោះនេះ មិនមែនត្រឹមតែផ្តល់នូវអត្ថប្រយោជន៍ជូនដល់ស្ថាប័ន និងកសិករទូទៅប៉ុណ្ណោះទេ តែក៏ដើម្បីប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញកសិដ្ឋានចិញ្ចឹមកូននាង។ រាជបណ្ឌិត្យសភាកម្ពុជា សុខចិត្តខាតបង់ប្រសិនបើពេលសិក្សាស្រាវជ្រាវដំណើរការមិនល្អ តែមិនអាចឱ្យប្រជាពលរដ្ឋ ត្រូវបរាជ័យលើវិស័យផលិតកម្មសូត្រនេះទេ។ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំចងក្រងឯកសារស្រាវជ្រាវនានាអំពីផលិតកម្មសូត្រ និងផ្តល់ជាធាតុចូលជូនដល់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ អ្នកសិក្សា ជាពិសេសប្រជាកសិករខ្មែរទូទៅ។ ឯកសារទាំងនេះ នឹងក្លាយជាការចង្អុលបង្ហាញផ្លូវឆ្ពោះទៅរកភាពជោគជ័យលើអាជីវកម្មផលិតកម្មសូត្រ នៅក្នុងប្រទេសកម្ពុជា។
ក្នុងខណៈឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា នឹងជម្រុញឱ្យមានការអនុវត្តភូមិមួយផលិតផលមួយ នៅតំបន់កសិដ្ឋានដាំមនចិញ្ចឹមដង្កូវនាងនៅខេត្តព្រះវិហារ ដោយហេតុថា អ្នកវិនិយោគ មិនមកទិញផលិតផលសូត្រក្នុងចំនួនតិចតួចនោះទេ ដូច្នេះប្រជាពលរដ្ឋចូលរួមតិចគ្នាក៏មិនអាចបំពេញតម្រូវការដល់អ្នកវិនិយោគដែរ ក្នុងន័យនេះ ការចងក្រងជាសហគមន៍ នឹងដើរតួនាទីសំខាន់ក្នុងការលើកតម្លៃ និងការពារផលិតផលរបស់ខ្មែរយើង។
សូមបញ្ជាក់ថា កម្មវិធីបាឋកថានេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃ១១ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៧ សីហា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងវាគ្មិនកិត្តិយស គឺ សាស្ត្រាចារ្យ លីវ ជីវ ភិង (Dr. Liu Ji Ping) ជានាយកស្តីទីនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលដង្កូវនាងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (២០០៧រហូតដល់បច្ចុប្បន្ន) និងជាអ្នកឯកទេសចិញ្ចឹមដង្កូវនាង និងសត្វល្អិតកសិកម្ម ដែលនឹងធ្វើបទបង្ហាញស្តីពី «ការកាត់បន្ថយភាពក្រីក្រតាមរយៈការដាំដំណាំមន និងចិញ្ចឹមដង្កូវនាង»។ កម្មវិធីនេះ ប្រព្រឹត្តឡើងដោយមានវត្តមានអ្នកចូលរួមមកពីក្រសួង ស្ថាប័នរដ្ឋនិងឯកជន ជាង ១0០នាក់៕
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំនៅព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្...
យន្តការកិច្ចសហប្រតិបត្តិការ មេគង្គ - ឡានឆាង (Mekong-Lancang Cooperation-MLC) គឺជាយន្តការសហប្រតិបត្តិការស្របតាមនិន្នាការបច្ចុប្បន្ននៃសាកលភាវូបនីយកម្ម និងសមាហរណកម្ម។មេគង្គ-ឡានឆាង(MLC) មានគោលបំណងលើកកម្...
ឆ្លងកាត់បាតុភូតធម្មជាតិ និងបាតុភូតសង្គមរាប់មិនអស់ ទាំងល្អ ទាំងអាក្រក់ នាពេលកន្លងមក ខ្ញុំបានមើលឃើញថាអត្ថិភាព ការរស់នៅ ជីវិត ឬវាសនារបស់ប្រជាជាតិឬរដ្ឋនីមួយៗនៅលើពិភពលោកនេះ ពិតជាជាប់ទាក់ទងគ្នាដោយមិនអាចប្រក...
ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងអាស៊ាននៅឆ្នាំ២០១៥ ដោយពឹងផ្អែកលើចំណុចសំខាន់ចំនួន ពីរ៖ ទីមួយ គឺគោលនយោបាយយុទ្ធសាស្ត្រប្រទាក់ក្រឡាគ្នារវាងសេដ្ឋកិច្ចនិងនយោបាយ និងទីពីរ គឺការខិតខំប្រឹងប្រែងរួមនិងជាសាធារណៈ...