ព័ត៌មាន

«ដំណើរទស្សនកិច្ចសាកលវិទ្យាធិការនៃ Southwest University នៅរាជបណ្ឌិត្យសភាកម្ពុជា»

2019-01-11 04:39:26 ថ្ងៃសុក្រ, 11 មករា 2019 ម៉ោង 11:39 AM
អ្នកមើល 3300
post_detail

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយលោកសាស្ត្រាចារ្យ Liu Meng និងគណៈប្រតិភូនៃសាកលវិទ្យាល័យ Southwest University នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាការងារ និងស្វែងរកលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។

សាកលវិទ្យាល័យ Southwest University គឺជាសាកលវិទ្យាល័យមួយស្ថិតនៅក្រោមក្រសួងអប់រំរបស់ប្រទេសចិនហើយនៅពេលនេះ មាននិស្សិតដែលកំពុងតែសិក្សាមានចំនួន ៦០០០០នាក់ និស្សិតថា្នក់បរិញ្ញាបត្រជាន់ខ្ពស់មានចំនួន ៥៧៣១នាក់ និងនិស្សិតថា្នក់បណ្ឌិតមានចំនួន៨១៩នាក់។ សាកលវិទ្យាល័យនេះ មានបណ្តុះបណ្តាលលើមុខជំនាញដូចជា ទស្សនវិជ្ជា សេដ្ឋកិច្ច ច្បាប់ គរុកោសល្យ អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ វិស្វកម្ម កសិកម្ម និងគ្រប់គ្រង។

នៅក្នុងជំនួបនេះ លោកសាស្ត្រាចារ្យ Liu Meng បានថ្លែងថា «នេះជាលើកទី១ ដែលលោកបានអញ្ជើញមកប្រទេសកម្ពុជា និងបានមានជំនួបជាមួយថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយវាពិតជាមានចំណាប់អារម្មណ៍ខ្លាំងណាស់ក្នុងកាលដែលមានទំនាក់ទំនងជាមួយប្រទេសកម្ពុជា»។ 

ក្រៅពីនោះលោកសាស្ត្រាចារ្យ ក៏បានបន្ថែមថា មុខវិជ្ជាអប់រំ និងកសិកម្ម នៅសាកលវិទ្យាល័យ Southwest University គឺជាមុខវិជ្ជាដែលទទួលបានចំណាត់ថា្នក់លេខមួយនៅក្នុងប្រទេសចិន។ នៅក្នុងប្រទេសចិនទាំងមូលសាកលវិទ្យាល័យនេះ ជាប់ចំណាត់ថា្នក់លេខ៤១ និងមានអាយុច្រើនជាង១០០ឆ្នាំមកហើយ។ ឆ្លងតាមបទពិសោធន៍ និងអ្វីដែលសាកវិទ្យាល័យរបស់លោកមាន លោកសាស្ត្រាចារ្យ Liu Meng  សង្ឃឹមថានឹងអាចបង្កើតទំនាក់ទំនងជាមួយរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នផ្សេងទៀតក្នុងប្រទេសកម្ពុជា។ 

រហូតមកដល់ពេលនេះមាននិស្សិតកម្ពុជាបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Southwest University មានចំនួន ១០ នាក់ ហើយនិស្សិតកំពុងសិក្សាមានចំនួនតែ ២នាក់ប៉ុណ្ណោះ។ ភាគីចិនសង្ឃឹមថានឹងមាននិស្សិតកម្ពុជាបន្ថែមទៀត ទៅសិក្សានៅសាកលវិទ្យាល័យរបស់លោក។

សាកលវិទ្យាល័យ Southwest University បានបំពេញការងារជោគជ័យជាច្រើន ដូចជាក្នុងវិស័យកសិកម្ម ក្នុងនោះក៏មានការចិញ្ចឹម​គោ​យក​ទឹកដោះផងដែរ ហើយភាគីទាំងពីរនឹងសិក្សាលទ្ធភាពធ្វើកិច្ចសហការជាមួយគ្នាលើវិស័យកសិកម្ម ព្រោះថា រាជ​បណ្ឌិត្យ​សភា​កម្ពុជាមានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ស្ថិតក្នុងខេត្តព្រះវិហារ ដែលជាកន្លែងមានសក្តា នុពលក្នុងការបំពេញការងារកសិកម្ម និងវិស័យផ្សេងទៀត។

ជាការឆ្លើយតបរបស់លោកសាស្ត្រាចារ្យ Liu Meng  ឯកឧត្តមបណ្ឌិត យង់ ពៅ បានលើកឡើងថាថា «តាមការរៀបរាប់របស់លោកសាស្ត្រាចារ្យបានបញ្ជាក់ថា ភាគីទាំងពីរមានចំណុចដូចគ្នាច្រើន។ បើសិនជាកាលណាគេនិយាយអំពីគោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយ ប្រទេសកម្ពុជា ជាចំណុចសំខាន់សម្រាប់ការអនុវត្តគោលនយោបាយនេះ។ ហេតុនោះ យើងត្រូវពង្រឹងកិច្ច​សហ​ប្រតិបត្តការវិទ្យាសាស្ត្រ ដើម្បីពង្រឹងទំនាក់ទំនងការបរទេសរបស់ប្រទេសយើងទាំងពីរ ព្រោះថាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ពិតជាមានការប្រឹងប្រែងណាស់ក្នុងការធ្វើកិច្ចការនេះ ហើយនាពេលថ្មីៗនេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើដំណើរស្ទើរតែពេញមួយខែក្នុងប្រទេសចិនដើម្បីស្វែងរកដៃគូសហការ។ រាជបណ្ឌិត្យសភាកម្ពុជាក៏បានបង្កើតមជ្ឈមណ្ឌលសិក្សាកម្ពុជាចំនួនពីរកន្លែងក្នុងប្រទេសចិនផងដែរ។  យើងសង្ឃឹថា យើងនឹងមានមជ្ឈមណ្ឌលសិក្សាកម្ពុជាមួយទៀតនៅក្នុងសាកលវិទ្យាល័យ Southwest University ផងដែរ»។

ភាគីទាំងពីរមានបំណងធ្វើកិច្ចសហការជាមួយគ្នាលើការសិក្សាភាសាចិននៅក្នុងប្រទេសកម្ពុជា នឹងការបញ្ជូននិស្សិតកម្ពុជាទៅសិក្សានៅទីនោះ  ព្រោះថានៅពេលនេះ មិនទាន់មាននិស្សិតកម្ពុជាច្រើនទេ ដែលបានដឹងពីឱកាសសិក្សានៅសាកលវិទ្យាល័យ Southwest University ហើយភាគីទាំងពីរក៏នឹងរកលទ្ធភាពចុះអនុស្សរណៈយោគយល់ជាមួយគ្នាដើម្បីអនុវត្តការងាររួមគ្នាក្នុងពេលសមស្របនៅពេលអនាគតផងដែរ។

ជំនួបនេះធ្វើឡើងនៅថ្ងៃ ៦កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅរាជបណ្ឌិត្យសភាសកម្ពុជា។

RAC Media | ស៊ឺន សម









អត្ថបទទាក់ទង

«ដំណើរនយោបាយកម្ពុជា៖ ជំហរនិងសម្បទានដើម្បីឧត្ដមប្រយោជន៍ជាតិ (ភាគទី២)»

ចុះផ្សាយថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ - ម៉ោង៖ ១០ : ៣០នាទីបន្ទាប់ពីកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលជាង៣ទស្សវត្សរ៍ ការបោះឆ្នោតថ្នាក់ជាតិលើកទីមួយ ដែលបានគ្រោងធ្វើឡើងនៅខែឧសភា ឆ្នាំ១៩៩៣ ត្រូវបានរៀបចំឡើងដោយស...

2018-12-12 03:57:18   ថ្ងៃពុធ, 12 ធ្នូ 2018 ម៉ោង 10:57 AM
«និម្មិតសញ្ញានៃមិត្តភាពរវាង រាជបណ្ឌិត្យសភាកម្ពុជានិងសាកលវិទ្យាល័យយូណាន ប្រទេសចិន»

ថ្ងៃអង្គារ៍ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ប្រធានមជ្ឈមណ្ឌលសិក្សាចិន លោកបណ្ឌិត គីសេរីវឌ្ឍន៍  តំណាងឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានចូលរួមដាំ...

2018-12-11 16:30:55   ថ្ងៃអង្គារ, 11 ធ្នូ 2018 ម៉ោង 11:30 PM
«ប្រជុំអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្បិ៍»

ថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្បិ៍ បានចំនួន០៩ព...

2018-12-11 16:10:16   ថ្ងៃអង្គារ, 11 ធ្នូ 2018 ម៉ោង 11:10 PM
«សាកលវិទ្យាល័យយូណាន សម្ភោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសិក្សាកម្ពុជា»

ខណៈដែលមជ្ឈមណ្ឌលសិក្សាចិន ទើបនឹងបានបង្កើតឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលដៅសិក្សាអំពីគម្រោងធំៗនិងសំខាន់ៗ ព្រមទាំងសិក្សាអំពីសេដ្ឋកិច្ចប្រទេសចិន ថ្មីៗនេះ នៅសាធារណរដ្ឋប្រជាមានិតចិនក៏មានបង្កើតមជ្ឍមណ្ឌលស...

2018-12-11 04:37:56   ថ្ងៃអង្គារ, 11 ធ្នូ 2018 ម៉ោង 11:37 AM
«ដំណើរនយោបាយកម្ពុជា៖ ជំហរនិងសម្បទានដើម្បីឧត្ដមប្រយោជន៍ជាតិ»

ដោយ លឹម សុវណ្ណរិទ្ធចុះផ្សាយថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ - ម៉ោង៖  ១០:៣០ នាទីយប់ភ្នំពេញ៖ មកទល់នឹងឆ្នាំ២០១៨នេះ មានរយៈពេល៣៩ឆ្នាំហើយដែលរបបប្រល័យមនុស្សជាតិត្រូវបានផ្ដួលរំលំ ហើយដែលប្រជាជាតិកម្ពុជាបានស្គាល់ជាថ្ម...

2018-12-05 15:41:38   ថ្ងៃពុធ, 05 ធ្នូ 2018 ម៉ោង 10:41 PM
«ប្រជុំអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា...»

ថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា...

2018-12-05 15:24:29   ថ្ងៃពុធ, 05 ធ្នូ 2018 ម៉ោង 10:24 PM

សេចក្តីប្រកាស