ព័ត៌មាន

«ត្រូវចេះខ្ចីកម្លាំងជនបរទេសជួយអភិវឌ្ឍប្រទេស, រៀនសូត្រពីប្រទេស២» ដោយ៖ យង់ ពៅ

2019-01-09 04:05:31 ថ្ងៃពុធ, 09 មករា 2019 ម៉ោង 11:05 AM
អ្នកមើល 3195
post_detail

ប្រវត្តិសាស្ត្រយូរអង្វែង កម្ពុជាធ្លាប់ជាចក្រភពដ៏ធំនៅក្នុងតំបន់។ ក្រោយអាណាចក្រមហានគរ ចក្រភពមួយនេះ ប្រែទៅជាប្រទេសមួយដែលតូច ទន់ខ្សោយ និងក្រីក្រនៅក្នុងតំបន់ទៅវិញ។ ក្នុងប្រវត្តិសម័យទំនើប កម្ពុជាត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលមានសង្គ្រាមស៊ីវិល និងមានសង្គ្រាមឈ្លានពីសំណាក់ប្រទេសជិតខាងដ៏យូរលង់ដែរ។ ប្រទេសថៃ និងប្រទេសវៀតណាម សុទ្ធសឹងតែជាប្រទេសដែលធា្លប់បានចូលឈ្លានពានកម្ពុជា ហើយរហូតមកដល់សព្វថ្ងៃនេះ ទឹកដីមួយភាគធំរបស់កម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសថៃ និងប្រទេសវៀតណាមផង ដែរ។

ប្រសិនបើនិយាយអំពីការស្នេហាជាតិ ឬការសោកស្តាយទឹកដី ដែលបាត់បង់នៅក្នុងប្រវត្តិសាស្ត្រនោះ គឺពលរដ្ឋកម្ពុជាគ្រប់រូប អ្នកណាក៏ស្រឡាញ់ និងស្នេហាជាតិដែរ គ្រាន់តែសមត្ថភាពនៃការបង្ហាញក្តីស្រឡាញ់នោះ ផ្សេងគ្នាទៅតាមលទ្ធភាពដែលអាចធ្វើបានតែប៉ុណ្ណោះ។

ការបាត់បង់ទឹកដីទៅប្រទេសជិតខាង បានធ្វើឱ្យពលរដ្ឋកម្ពុជាមួយចំនួនមានជំងឺជាតិនិយមជ្រុល ធ្វើ​ឱ្យ​​កើតមាននូវទំនាក់ទំនងស្អប់-ស្រឡាញ់ (love-hate relations) ទៅតាមអារម្មណ៍​ និងនិន្នាការសង្គមនយោបាយចំពោះជនបរទេសទាំងឡាយណាដែលមានបំណងមករស់នៅឬមកវិនិយោគនៅក្នុង​ប្រទេសកម្ពុជា ឧទាហរណ៍ជាក់ស្តែង នៅពេលសព្វ ថ្ងៃនេះ ក្រៅពីការព្រួយបារម្មណ៍ចំពោះជនជាតិវៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជា ក៏នៅមានការព្រួយបារម្មណ៍ចំពោះជនជាតិចិនដែលរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។ ជាការពិតណាស់ យើងមិនអាចបន្ទោសអ្នកដែលព្រួយបារម្មណ៍នោះ ថាខុស ឬមិនត្រឹមត្រូវនោះទេ ព្រោះនោះគឺជាអ្វីដែលបានកើតមាននៅក្នុងប្រវត្តិសាស្ត្ររួចហើយ។

យើងត្រូវចាំថា សម័យកាលរបស់ប្រទេសនីមួយៗតែងមានការប្រែប្រួល ហើយមិនមែនលំហូរនៃជនបរទេស សុទ្ធតែជាបញ្ហានោះទេ ព្រោះថាប្រទេសមហាអំណាចជាច្រើនក្នុងលោក សុទ្ធសឹងតែបានកសាងប្រទេសដោយប្រើកម្លាំងជនបរទេស ឬជនចំណាកស្រុក ដូចជាសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរីជាដើម។

សូមក្រឡេកមើលប្រទេស២ ដែលមួយជាប្រទេសតូច ហើយមួយទៀតជាប្រទេសធំ ដែលបានធ្វើសមាហរណកម្មអន្តោប្រវេសន៍ជួយអភិវឌ្ឍប្រទេសខ្លួនក្លាយជាមហាយក្ស និងស្អាតស្អំបាននៅក្នុងពិភពលោកបាន៖

ទី១). ប្រទេសសិង្ហបុរី៖ សិង្ហបុរី ដែលជាប្រទេសនៅក្នុងអាស៊ាន បានទទួលឯករាជ្យនៅឆ្នាំ១៩៦៥ ហើយក៏ជារដ្ឋមួយក្នុងចំណោមស្ថាបនិកអាស៊ានឆ្នាំ១៩៦៧ផងដែរ។  នៅពេលនោះ លោក លី ក្វាន់យូ (Lee Kuan Yew) បានធ្វើសមា ហរណកម្មអន្តោប្រវេសន៍ចូលក្នុងសង្គមជាតិខ្លួន។ លោក លី ក្វាន់យូ មានទស្សនៈវែងឆ្ងាយក្នុងការធ្វើឱ្យសិង្ហបុរីមានការរីកចម្រើនទៅមុខ លោកបានសម្រេចចិត្តធ្វើសមាហរណកម្មអន្តោប្រវេសន៍ ដោយការលើកទឹកចិត្តដល់ជនអន្តោប្រវេសន៍ឱ្យមករស់នៅក្នុងប្រទេសសិង្ហបុរី ប្រសិនបើគេអាចបង្កើតការងារដល់ប្រជាពលរដ្ឋសិង្ហបុរី ពិសេសការចែករំលែកនូវចំណេះ ជំនាញ បច្ចេកទេសរបស់ពួកគេដល់ប្រជាជនដែលកំពុងតែរស់នៅក្នុងប្រទេសសិង្ហបុរីបាន។

 ទី២). សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក មហាអំណាចទី១នៃភពផែនដីយើងនេះ ជារដ្ឋសហព័ន្ធ ដែលមានរដ្ឋ៥០ មានផ្ទៃដី ៩.៦២៩.០៩១គីឡូម៉ែត្រក្រឡា និងប្រជាជនប្រមាណ ៣០៧លាននាក់ ធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាប្រទេសធំជាងគេលំដាប់ទី៣ ឬ ទី៤ និងមានប្រជាជនច្រើនជាងគេទី៣ នៅលើពិភពលោក។

ប្រវត្តិសាស្ត្រពិភពលោកសម័យទំនើបបាននិងកំពុងកត់ត្រាអំពី សហរដ្ឋអាម៉េរិក គឺជាប្រជាជាតិរីកស្ទុះងើបឡើងជាង ២០០ឆ្នាំរៀងរហូតមក អមជាមួយនឹងប្រជាជនចម្រុះជាតិសាសន៍ និងពហុវប្បធម៌ ច្រើន​ជាងគេលើពិភពលោក ដែលជាលទ្ធផលនៃការធ្វើអន្តោប្រវេសន៍ដ៏ច្រើនលើសលុបចូលទៅកាន់សហរដ្ឋអាម៉េរិក។ នៅត្រង់ចំណុចនេះយើងអាច​និយាយបានថា សហរដ្ឋអាម៉េរិកមិនចង្អៀតចង្អល់នឹងគំនិតអភិរក្សនិយមជ្រុលវប្បធម៌ ឬរើសអើងជាតិសាសន៍នោះទេ អាម៉េរិកតែងទទួលយកអន្តោប្រវេសន៍ដែលមានលុយ និងបញ្ញាញាណឱ្យបានចូលរួមរស់ជាមួយសង្គម​អាម៉េរិកបាន សំខាន់ត្រូវគោរពច្បាប់ដ៏តឹងតែងរបស់ខ្លួនបាន។ យើងអាចកត់សម្គាល់ចំណុច មួយទៀតនៅក្នុងសម័យកាលសង្គ្រាមត្រជាក់ ពិភពលោកបានបែងចែកជាពីរតាមមនោគមន៍នយោបាយ រីឯសហរដ្ឋអាម៉េរិក និងសហ ភាពសូវៀតជាសត្រូវសួពូជ ប៉ុន្តែប្រទេសទាំងពីរបែរជាមានកិច្ចសហការលើវិស័យអវកាស។

សរុបជារួមមក យើងត្រូវបើកចិត្តឱ្យទូលាយធ្វើការជាមួយជនបរទេស ដែលមកកម្ពុជាដោយស្របច្បាប់ និងដែលអាចបង្កើតការងារឬប្រយោជន៍សម្រាប់ប្រទេសកម្ពុជាបាន  តែរដ្ឋាភិបាលកម្ពុជាត្រូវពង្រឹងច្បាប់អន្តោប្រវេសន៍ឱ្យបានខ្លាំង និងពង្រឹងការអនុវត្តច្បាប់នេះ ចំណែកឯពលរដ្ឋកម្ពុជាវិញនោះមិនគួរមានជាតិនិយមដោយខ្វះការពិចារណានោះទេ ព្រោះថាសូម្បីមហានគរខ្មែរដ៏រុងរឿងក៏អាស្រ័យលើបុព្វបុរសខ្មែរចេះខ្ចីកម្លាំងបរទេសជួយអភិវឌ្ឍមហានគរដែរ។






អត្ថបទទាក់ទង

កម្មវិធីកិច្ចពិភាក្សាតុមូលស្តីពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយ

កម្មវិធីកិច្ចពិភាក្សាតុមូលស្តីពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយនៅថ្ងៃស្អែកនេះគឺ៖ ពេលព្រឹក៖ គណបក្សយុវជនកម្ពុជា Vs គណបក្សខ្មែររួបរួមជាតិពេលរសៀល៖ គណបក្សខ្មែរតែមួយ Vs គណបក្សឆន្ទៈខ្មែរសាធារណជន អាចចូលរួមស្ត...

2018-05-29 16:38:02   ថ្ងៃអង្គារ, 29 ឧសភា 2018 ម៉ោង 11:38 PM
«កិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវនិងអប់រំ»

នៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩:៣០ព្រឹក នៅសាលនាងនួននៃរាជបណ្ឌិត្យកម្ពុជា បានរៀបចំ អង្គជំនួបមួយជាមួយប្រតិភូឥណ្ឌាស្តីពី «កិច្ចសហប្រតិបត្តិ...

2018-05-28 10:04:19   ថ្ងៃចន្ទ, 28 ឧសភា 2018 ម៉ោង 05:04 PM
«ពិធីការពារ និក្ខេបទសាកល្បង ថ្នាក់បណ្ឌិត ជំនាន់ទី២ វគ្គ១ នៃរាជបណ្ឌិត្យសភាកម្ពុជា»

នៅរសៀលថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំកម្មវិធីការពារសាកល្បងនិក្ខេបបទ បេក្ខជនបណ្ឌិ...

2018-05-26 01:57:43   ថ្ងៃសៅរ៍, 26 ឧសភា 2018 ម៉ោង 08:57 AM
គម្រោងកម្មវិធីកិច្ចពិភាក្សាតុមូល ស្តីពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយ

នៅសល់ពេលប្រមាណជាង២ខែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ នឹងចាប់ផ្តើមឡើងនៅទូទាំងប្រទេស ហើយរហូតមកទល់ពេលនេះ គណបក្សនយោបាយប្រមាណជា ២០គណបក្ស ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានប្រកាសទ...

2018-05-25 17:45:04   ថ្ងៃសុក្រ, 25 ឧសភា 2018 ម៉ោង 12:45 AM
«អាគារឥន្ទ្រទេវី» ចំណងដៃពីថ្មីសម្រាប់វិស័យបណ្តុះបណ្តាលនិងស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា !

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ​ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបន្ទាប់ពីបញ្ចប់បេសកកម្មជូនជាតិ និងស្ថាប័ននៅប្រទេសថៃ និងខេត្តព្រះវិហាររួចមក នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូ...

2018-05-25 16:47:09   ថ្ងៃសុក្រ, 25 ឧសភា 2018 ម៉ោង 11:47 PM
ពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ស្រុកឆែប ខេត្តព្រះវិហារ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃសុក្រ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ...

2018-05-18 14:15:45   ថ្ងៃសុក្រ, 18 ឧសភា 2018 ម៉ោង 09:15 PM

សេចក្តីប្រកាស