Royal Academy of Cambodia
ថ្ងៃ៧មករា ត្រូវបានដាក់បញ្ចូលជាថ្ងៃបុណ្យជាតិ ហើយក្រសួង ស្ថាប័នទាំងរដ្ឋនិងឯកជនទូទៅ ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក១ថ្ងៃ។ ថ្ងៃឈប់សម្រាកនេះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា ថ្ងៃនេះ គឺមិនមែនសម្រាប់តែជាការអបអររបស់គណបក្សប្រជាជនកម្ពុជាដាច់មុខនោះទេ។ ខាងក្រោមនេះ ជាអត្ថបទវិចាណកថា និងជាជ្រុងមួយនៃតថភាពប្រវត្តិសាស្ត្រកម្ពុជា ដែលគ្រប់គ្នាត្រូវដឹងនិងចងចាំទុក។
នៅក្នុងអំឡុងពេលនៃរបបបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ នៅចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩ ដែលត្រូវបានស្គាល់នៅពេលនោះថា «របបកម្ពុជាប្រជាធិបតេយ្យ» មានមនុស្សត្រូវបានស្លាប់ប្រមាណជាង ១,៧លាននាក់ ដែលសុទ្ធសឹងជាជនជាតិខ្មែរដែលបានឆ្លងកាត់លទ្ធផលនៃការបែងចែក ការប្រហារជីវិត ការធ្វើទារុណកម្មដោយការបង្អត់បាយ ជាពិសេស ការបង្ខំឱ្យធ្វើការងារខ្លាំងហួសកម្លាំង ហើយគ្មានអាហារបរិភោគគ្រប់គ្រាន់។ តែមហាវិនាសកម្មនេះត្រូវបានបញ្ចប់នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយសារការរំដោះនៃកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពប្រជាជនវៀតណាម ហើយថ្ងៃ«៧មករា» នេះត្រូវបានចាត់ទុកថ្ងៃជាប្រវត្តិសាស្ត្រនេះ ជាថ្ងៃកំណើតទីពីររបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
រំលឹកឡើងវិញពីអតីតកាលដ៏ខ្មៅងងឹត អ្វីៗទាំងអស់ស្ថិតក្នុងភាពទទេ នៅសល់តែសំណល់អគារចាស់ៗបាក់ទ្រុឌទ្រោមដោយសារភ្នក់ភ្លើងសង្គ្រាម សំណល់ពីការបំផ្លាញ។ អគារក្រសួង/ស្ថាប័ន ក្រុមហ៊ុនរដ្ឋនិងឯកជន សហគ្រាស មន្ទីរពេទ្យ វត្តអារ៉ាម សាលារៀន លំនៅដ្ឋានត្រូវបំផ្លាញស្ទើរអស់គ្មានសល់ គ្មានព្រះសង្ឃ គ្មានគ្រូបង្រៀន គ្មានសិស្ស។ល។ និយាយរួមដោយខ្លី គឺគ្រប់យ៉ាងក្លាយជាសំណល់ពីការជម្លៀសប្រជាជនចេញពីទីក្រុងទៅរស់នៅជនបទ ហើយត្រូវកម្មាភិបាលរបបខ្មែរក្រហម បង្ខំឱ្យធ្វើការជាទំងន់ គឺធ្វើការច្រើន ហូបតិច។ ប្រជាជនដែលមានកំហុស ឬត្រូវចោទប្រកាន់ថាមានកំហុស នឹងត្រូវហៅទៅ«កសាង» ដោយគ្មានថ្ងៃវិលវិញ។ នៅសម័យខ្មែរក្រហម ពាក្យ«កសាង» ឬ«ហៅទៅកសាង» គឺមានន័យស្មើនឹងនាំយកទៅកន្លែងឆ្ងាយធ្វើការជាធ្ងន់រហូតស្លាប់ខ្លួន និងគ្មានសង្ឃឹមថា បានត្រឡប់មកផ្ទះវិញ។ ករណីភាគច្រើន ត្រូវគេជឿថា ប្រជាជនដែលគេយកទៅកសាង គឺត្រូវខ្មែរក្រហមយកទៅសម្លាប់ចោលតែម្តង។
ជាការពិតណាស់ ថ្ងៃ«៧មករា» ជាថ្ងៃរំដោះទឹកដីកម្ពុជាទាំងមូលរួចផុតពីក្រញ៉ាំដៃប្រឡាក់ឈាមរបស់របបខ្មែរ ហើយក៏ជាថ្ងៃដែលប្រជាជនកម្ពុជាទាំងអស់ បានរួចផុតពីសេចក្តីទុក្ខវេទនាដោយសាររបបដែលសំបូរដោយពួកពេជ្ឈឃាតអាវខ្មៅ ដែលមានតែការកាប់សម្លាប់ប្រជាជនស្លូតត្រង់ និងការបំផ្លាញជាតិសាសន៍ខ្លួនឯង។ ថ្ងៃ«៧មករា» ជាខួបកំណើតទីពីររបស់ប្រជាជនកម្ពុជាទាំងអស់ ហើយក៏ជាស្នាដៃតែមួយគត់ដែលមិនមានអ្វីមកប្រដូច និងកែប្រែតថភាពប្រវត្តិសាស្ត្រដែលបានបង្ហាញពីការលះបង់ ការតស៊ូរបស់កុលបុត្រខ្មែរក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមស្លាក«កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដោយមានជំនួយពីកងទ័ពប្រជាជនវៀតណាម។
ចំពោះគណបក្សប្រជាជនកម្ពុជា យល់ថាជាថ្ងៃ«៧មករា» គឺជាថ្ងៃកំណើតទីពីររបស់ជាតិ និងប្រជាជនរបស់ប្រទេសកម្ពុជាទាំងអស់ ព្រោះថាបើគ្មានថ្ងៃ«៧មករា» ឆ្នាំ១៩៧៩ ទេនោះ ប្រជាជនខ្មែរ ក៏ដូចជាប្រទេសទាំងមូលមិនដឹងថានឹងបន្តទទួលរងវិនាសកម្មទៅជាយ៉ាងណាឡើយ។ ថ្ងៃ«៧មករា» គឺជាថ្ងៃដែលរបបខ្មែរក្រហមរបស់លោក សាឡុត ស ដែលគេស្គាល់ជាទូទៅថាឈ្មោះ ប៉ុល ពត នោះ ត្រូវបានដួលរលំ ហើយក៏មានប្រទេសមហាអំណាចជាច្រើន រួមទាំងសហរដ្ឋអាមេរិកបានទទួលស្គាល់ថ្ងៃ «៧មករា» ថាជាថ្ងៃដែលទីក្រុងភ្នំពេញត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលជាការផ្លាស់ប្តូរនូវទំព័រប្រវត្តិសាស្ត្រថ្មី និងជាការចាប់ផ្តើមនូវផ្លូវឆ្ពោះទៅកាន់អនាគតភ្លឺស្វាងមួយសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ថ្ងៃប្រវត្តិសាស្ត្រនេះ ជាសក្ខីភាពនាំប្រជាជនកម្ពុជាបានរួចចាកផុតពីរណ្តៅទុក្ខវេទនា និងបានទទួលនូវសិទ្ធសេរីភាពពេញលេញត្រឡប់មកវិញ។
ក្រោយថ្ងៃរំដោះប្រទេសចាកផុតពីរបបខ្មែរក្រហម ថ្ងៃ«៧មករា» ឆ្នាំ១៩៧៩ កម្ពុជា ត្រូវកសាងប្រទេសដោយចាប់ផ្តើមទំព័រប្រវត្តិសាស្ត្រថ្មីស្រឡាងមួយ ចាប់ផ្តើមពីបាតដៃទទេ ឬ ហៅ ការកសាងប្រទេសចាប់ផ្តើមពីចំណុចសូន្យ។
ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល ៤០ឆ្នាំ គឺចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មកដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ គឺកម្ពុជាបានបន្តអភិវឌ្ឍ និងរីកចម្រើនជាលំដាប់។ កម្ពុជាអភិវឌ្ឍ និងបន្តមានស្ថិរភាព សុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយមានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាច្រើនលើសលប់ បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំ និងអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការបោះឆ្នោត។ តែទន្ទឹមនឹងនេះដែរ ក៏មានប្រជាពលរដ្ឋខ្មែរដែលមាននិន្នាការគាំទ្រដល់គណបក្សប្រឆាំង បានចេញមុខមិនទទួលស្គាល់ថ្ងៃ៧មករា ខ្លះក៏បង្កើតជាបាតុកម្មជំទាស់ផ្សេងៗ។ ប្រវត្តិសាស្ត្ បានកត់ត្រាទុកច្បាស់មកថា ក្នុងអំឡុងពេលនោះ គឺកម្ពុជា បានរំដោះចេញពីរបបអាវខ្មៅ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងដោយមានជំនួយពីកងទ័ពប្រជាជនវៀតណាម។ បើគ្មានកិច្ចសហការរវាងកងកម្លាំងប្រដាប់អាវុធពីភាគីទាំងពីរនោះទេ របបកម្ពុជាប្រជាធិបតេយ្យ ទំនងជាមិនបញ្ចប់ត្រឹមរយៈពេល ៣ឆ្នាំ៨ខែ២០ថ្ងៃ ឬដួលរលំទាំងស្រុងនៅថ្ងៃ៧មករានោះទេ។ ហើយពលរដ្ឋកម្ពុជា ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ច្បាស់ណាស់មិនហ៊ានគិតទេថា តើនឹងមានប្រជាពលរដ្ឋប៉ុន្មានទៀតនឹងត្រូវស្លាប់ដោយសារតែភាពអត់ឃ្លាន ជំងឺរាតត្បាត និងការកាប់សម្លាប់ពីពួករបបអាវខ្មៅទាំងនោះ។ តើការប្រឆាំងនឹងថ្ងៃ៧មករា ដែលត្រូវចាត់ទុកជាថ្ងៃកំណើតទី២របស់លោកយាយ លោកតា លោកឳពុកអ្នកម្តាយ និងសាច់ញាតិរបស់ពលរដ្ឋខ្មែរ មានប្រយោជន៍អ្វីខ្លះ?
បន្ទាប់ពីដួលរលំរបបអាវខ្មៅ ចេញពីស្ថានភាពជាប្រទេសក្រីក្របំផុត ធនធានមនុស្សល្អៗ បញ្ញវន្តត្រូវសម្លាប់ចោលអស់ក្នុងរបបខ្មែរក្រហម គ្មានការវិនិយោគ គ្មានសំណង់អគារខ្ពស់ៗ គ្មានហេដ្ឋារចនាសម្ព័ន្ធ ។ល។ កម្ពុជា ត្រូវ ខិតខំទាំងត្រដាប ត្រដួស រៀបចំប្រទេសដោយផ្តើមចេញពីធនធានមនុស្សសេសសល់បន្តិចបន្តួច ចេញពីភាពទទេស្អាត បាតដៃទទេ គ្មានអ្វីទាំង អស់ រហូតមានការទទួលស្គាល់ថាជាប្រទេសមានការអភិវឌ្ឍឆាប់រហ័ស និងបានឈានមកដល់ដំណាក់កាលដែលកម្ពុជា អាចឈានជើងដោយមោទនភាពក្នុងឆាកអន្តរជាតិ ទាំងក្នុងកម្រិតតំបន់ និងកម្រិតពិភពលោក។ អ្វីដែលសមិទ្ធផលសំខាន់ គឺរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បាននាំកម្ពុជាឱ្យឆ្លងផុតពីប្រទេសមានប្រាក់ចំណូលកម្រិតទាប ឈានចូលជាប្រទេស មានប្រាក់ចំណូលមធ្យម កម្រិតទាប ហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ជាគោលនយោបាយ នឹងនាំកម្ពុជាឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ អ្វីគ្រប់យ៉ាងនឹងបន្តអនុវត្តតាមផែនការយុទ្ធសាស្ត្រជាតិ និងគោលនយោបាយរបស់ជាតិ ដើម្បីសម្រេចសេចក្តីប្រាថ្នានាំប្រជាជាតិខ្មែរឱ្យមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ នៅលើផ្លូវតែមួយ ដែលពលរដ្ឋគ្រប់បានដឹងគឺ «ស្ថិរភាព និងសន្តិភាព» ព្រោះបើមានសង្គ្រាម វិនាសកម្មនឹងកើតមាន គ្មានស្ថិរភាព គ្មានវិនិយោគ គ្មានអ្នកមានលុយណា ហ៊ានដាក់ទុននៅក្នុងប្រទេសយើងនោះទេ។
សរុបមក ក្នុងរយៈកាល ៤០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែរំដោះប្រជាជនកម្ពុជា ចេញពីរណ្តៅមរណៈនោះទេ ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ថែមទាំងអភិវឌ្ឍន៍ប្រទេស ប្រជាជនបានស្គាល់ការរីកចម្រើន និងអភិវឌ្ឍន៍ មិនចាញ់ប្រទេសជិតខាងប៉ុន្មានឡើយ។ ដូច្នេះពលរដ្ឋខ្មែរទាំងអស់ ពិសេសយុវជនជំនាន់ក្រោយ សូមសំឡឹងពីផលប្រយោជន៍ជាតិជាធំ រួមគ្នាបន្តរក្សានូវរប្បធម៌ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ខិតខំបំពេញភារកិច្ចតាមមុខជំនាញរបស់ខ្លួន ធ្វើកិច្ចការសម្រាប់ជាប្រយោជន៍ដល់ទឹកដីដែលខ្លួនកំពុងជាន់។ ស្តាប់ វិភាគ ពិចារណា និងផ្តល់ជាគំនិតសម្រាប់ការអភិវឌ្ឍក្នុងមុខនាទីរបស់ខ្លួន សម្រាប់ការរៀបចំសណ្តាប់ធ្នាប់ និងការអភិវឌ្ឍផ្សេងៗ ដើម្បីបំបាត់ចោលនូវវប្បធម៌បន្ទោសគ្នា ដែលឫសគល់នៃសេចក្តីក្រោធ សេចក្តីអន្តរាយ និងនាំទៅរកការរាំងស្ទះដល់កិច្ចប្រឹងប្រែងសម្រាប់ជាប្រយោជន៍របស់សង្គមជាតិ។ តាមរយៈនៃការចូលរួមរបស់យុវជន ពលរដ្ឋខ្មែរគ្រប់រូប និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ច្បាស់ណាស់ថា កម្ពុជានឹងធ្វើដំណើរឆ្ពោះទៅរកវឌ្ឍនភាព ស្មើមុខស្មើមាត់ក្នុងឆាកអន្តរជាតិ ហើយការអនុវត្តគោលនយោបាយ ក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០របស់កម្ពុជា នឹងសម្រេចបានជាប្រាកដ៕
RAC Media
ហ្វេសប៊ុក)
យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...
សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...