ព័ត៌មាន

«ថ្ងៃ៧ មករា មិនមែនជាថ្ងៃសម្រាប់តែគណបក្សប្រជាជនកម្ពុជានោះទេ‌»

2019-01-07 06:48:35 ថ្ងៃចន្ទ, 07 មករា 2019 ម៉ោង 01:48 PM
អ្នកមើល 3798
post_detail

ថ្ងៃ៧មករា ត្រូវបានដាក់បញ្ចូលជាថ្ងៃបុណ្យជាតិ ហើយក្រសួង ស្ថាប័នទាំងរដ្ឋនិងឯកជនទូទៅ ត្រូវបានអនុញ្ញាត​ឱ្យ​ឈប់​សម្រាក​១ថ្ងៃ។ ថ្ងៃឈប់សម្រាកនេះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា ថ្ងៃនេះ គឺមិនមែនសម្រាប់តែជាការអបអររបស់គណបក្ស​ប្រជាជន​កម្ពុជាដាច់មុខនោះទេ។ ខាងក្រោមនេះ ជាអត្ថបទវិចាណកថា និងជាជ្រុងមួយនៃតថភាពប្រវត្តិសាស្ត្រកម្ពុជា ដែលគ្រប់គ្នាត្រូវដឹងនិងចងចាំទុក។

នៅក្នុងអំឡុងពេលនៃរបបបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ នៅចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩ ដែលត្រូវបានស្គាល់នៅពេលនោះថា «របបកម្ពុជាប្រជាធិបតេយ្យ» មានមនុស្សត្រូវបានស្លាប់ប្រមាណជាង ១,៧លាននាក់ ដែលសុទ្ធសឹងជាជនជាតិខ្មែរដែលបានឆ្លងកាត់លទ្ធផលនៃការបែងចែក ការប្រហារជីវិត ការធ្វើទារុណកម្មដោយការបង្អត់បាយ ជាពិសេស ការបង្ខំឱ្យ​ធ្វើការងារខ្លាំងហួសកម្លាំង ហើយគ្មានអាហារបរិភោគគ្រប់គ្រាន់។ ​ តែ​មហា​វិនាស​កម្ម​​​នេះត្រូវបានបញ្ចប់នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយសារការរំដោះនៃកងទ័ពរណសិរ្សសាមគ្គី​សង្គ្រោះជាតិកម្ពុជា និងកងទ័ពប្រជាជនវៀតណាម ហើយថ្ងៃ«៧មករា» នេះត្រូវបានចាត់ទុកថ្ងៃជាប្រវត្តិសាស្ត្រនេះ ជាថ្ងៃកំណើតទីពីរ​របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

រំលឹកឡើងវិញពីអតីតកាលដ៏ខ្មៅងងឹត អ្វីៗទាំងអស់ស្ថិតក្នុងភាពទទេ នៅសល់តែ​សំណល់​អគារ​ចាស់ៗ​​បាក់ទ្រុឌទ្រោមដោយ​សារភ្នក់ភ្លើងសង្គ្រាម សំណល់​ពីការបំផ្លាញ។ អគារក្រសួង/ស្ថាប័ន ក្រុមហ៊ុន​រដ្ឋ​និង​ឯកជន សហគ្រាស មន្ទីរពេទ្យ វត្តអារ៉ាម សាលា​​រៀន លំនៅដ្ឋាន​​​ត្រូវបំផ្លាញស្ទើរអស់គ្មានសល់ គ្មានព្រះសង្ឃ គ្មានគ្រូបង្រៀន គ្មានសិស្ស។ល។ និយាយរួមដោយខ្លី ​គឺ​គ្រប់​យ៉ាង​​ក្លាយ​ជា​​សំណល់​ពី​ការជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុងទៅរស់នៅជនបទ ហើយត្រូវកម្មាភិបាលរបបខ្មែរក្រហម បង្ខំ​ឱ្យ​ធ្វើ​ការ​​ជាទំងន់ គឺធ្វើការច្រើន ហូបតិច។ ប្រជាជនដែលមានកំហុស ឬត្រូវចោទប្រកាន់ថាមានកំហុស នឹង​ត្រូវ​ហៅ​ទៅ«កសាង» ដោយគ្មានថ្ងៃវិលវិញ។ នៅសម័យខ្មែរក្រហម ពាក្យ«កសាង» ឬ«ហៅទៅកសាង» គឺមានន័យស្មើនឹង​នាំយក​ទៅកន្លែង​ឆ្ងាយ​ធ្វើការ​ជាធ្ងន់​រហូត​ស្លាប់​ខ្លួន និងគ្មានសង្ឃឹមថា បានត្រឡប់មកផ្ទះវិញ។ ករណីភាគច្រើន ត្រូវគេជឿថា ប្រជាជនដែលគេ​យក​ទៅកសាង គឺត្រូវខ្មែរក្រហមយកទៅសម្លាប់ចោលតែម្តង។

ជាការពិតណាស់ ថ្ងៃ«៧មករា» ជាថ្ងៃរំដោះទឹកដីកម្ពុជាទាំងមូល​រួចផុតពីក្រញ៉ាំដៃ​ប្រឡាក់​ឈាម​របស់​របប​ខ្មែរ ហើយក៏ជាថ្ងៃដែលប្រជាជនកម្ពុជាទាំងអស់ បានរួចផុតពីសេចក្តីទុក្ខវេទនាដោយសាររបប​ដែល​សំបូរ​ដោយ​ពួក​ពេជ្ឈឃាត​អាវខ្មៅ ដែល​មាន​តែការកាប់សម្លាប់ប្រជាជនស្លូតត្រង់ និងការ​បំផ្លាញ​ជាតិសាសន៍​ខ្លួន​ឯង។ ថ្ងៃ«៧មករា» ជាខួបកំណើតទីពីររបស់ប្រជាជនកម្ពុជាទាំងអស់ ហើយក៏ជាស្នាដៃ​តែ​មួយ​គត់​ដែល​មិន​មាន​អ្វីមកប្រដូច និងកែប្រែតថភាពប្រវត្តិសាស្ត្រដែលបានបង្ហាញពីការលះបង់ ការតស៊ូ​របស់​​កុល​បុត្រ​ខ្មែរ​ក្រោម​ការ​ដឹក​នាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមស្លាក«កងទ័ពរណសិរ្សសាមគ្គី​សង្គ្រោះជាតិកម្ពុជា» ដោយមាន​ជំនួយ​ពីកងទ័ពប្រជាជនវៀតណាម។

ចំពោះគណបក្សប្រជាជនកម្ពុជា យល់ថាជាថ្ងៃ«៧មករា» គឺជាថ្ងៃកំណើតទីពីររបស់ជាតិ និងប្រជាជនរបស់ប្រទេសកម្ពុជាទាំងអស់ ព្រោះថាបើគ្មានថ្ងៃ«៧មករា» ឆ្នាំ១៩៧៩ ទេនោះ ប្រជាជនខ្មែរ ក៏ដូចជាប្រទេសទាំង​មូលមិនដឹងថានឹងបន្ត​ទទួលរងវិនាសកម្ម​ទៅជាយ៉ាងណាឡើយ។ ថ្ងៃ«៧មករា» គឺជាថ្ងៃដែលរបបខ្មែរក្រហម​​​របស់លោក សាឡុត ស ដែលគេស្គាល់ជាទូទៅថាឈ្មោះ ប៉ុល ពត នោះ ត្រូវបានដួលរលំ ហើយក៏មានប្រទេស​មហាអំណាចជាច្រើន រួមទាំងសហរដ្ឋអាមេរិកបានទទួលស្គាល់ថ្ងៃ «៧មករា» ថាជាថ្ងៃ​ដែលទីក្រុង​ភ្នំពេញ​​ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលជាការផ្លាស់ប្តូរនូវទំព័រប្រវត្តិសាស្ត្រថ្មី និង​ជា​​ការចាប់ផ្តើមនូវផ្លូវឆ្ពោះទៅកាន់អនាគតភ្លឺស្វាងមួយសម្រាប់ប្រជាជន​​កម្ពុជាទាំងអស់។ ថ្ងៃប្រវត្តិសាស្ត្រនេះ ជាសក្ខីភាពនាំប្រជាជនកម្ពុជាបានរួចចាកផុតពីរណ្តៅទុក្ខវេទនា និងបានទទួលនូវសិទ្ធ​សេរីភាពពេញលេញ​ត្រឡប់​មកវិញ។​

ក្រោយថ្ងៃរំដោះប្រទេសចាកផុត​ពីរបបខ្មែរក្រហម ថ្ងៃ«៧មករា» ឆ្នាំ១៩៧៩ កម្ពុជា ត្រូវកសាងប្រទេស​ដោយ​ចាប់ផ្តើម​ទំព័រ​ប្រវត្តិ​សាស្ត្រថ្មីស្រឡាង​មួយ​ ចាប់ផ្តើមពីបាតដៃទទេ ឬ ហៅ ការកសាង​ប្រទេស​ចាប់​ផ្តើម​ពី​ចំណុច​សូន្យ។

ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល ៤០ឆ្នាំ គឺចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មកដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ គឺកម្ពុជាបានបន្តអភិវឌ្ឍ និងរីកចម្រើនជាលំដាប់។ កម្ពុជាអភិវឌ្ឍ និងបន្តមានស្ថិរភាព សុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយមានការគាំទ្រ​ពីប្រជាពលរដ្ឋ​កម្ពុជាច្រើនលើសលប់ បន្ត​គាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យ​បន្តដឹកនាំ និងអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការបោះឆ្នោត។ តែទន្ទឹមនឹងនេះដែរ ក៏មានប្រជាពលរដ្ឋខ្មែរដែលមាននិន្នាការគាំទ្រដល់គណបក្សប្រឆាំង បាន​ចេញ​​មុខមិនទទួលស្គាល់ថ្ងៃ៧មករា ខ្លះក៏បង្កើតជាបាតុកម្មជំទាស់ផ្សេងៗ។ ប្រវត្តិសាស្ត្ បានកត់ត្រាទុកច្បាស់មកថា ក្នុងអំឡុង​ពេល​នោះ គឺកម្ពុជា បានរំដោះចេញពីរបបអាវខ្មៅ ដោយកង​ទ័ព​រណសិរ្សសាមគ្គី​សង្គ្រោះជាតិកម្ពុជា និងដោយមានជំនួយ​ពី​កងទ័ពប្រជាជន​វៀតណាម។ បើគ្មានកិច្ចសហការរវាងកងកម្លាំងប្រដាប់អាវុធពីភាគីទាំងពីរនោះទេ របបកម្ពុជា​ប្រជា​ធិប​តេយ្យ ទំនងជាមិនបញ្ចប់ត្រឹមរយៈពេល ៣ឆ្នាំ៨ខែ២០ថ្ងៃ​ ឬដួលរលំទាំងស្រុងនៅថ្ងៃ៧មករានោះទេ។ ហើយពលរដ្ឋកម្ពុជា ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ច្បាស់ណាស់មិនហ៊ានគិតទេថា តើនឹងមានប្រជាពលរដ្ឋ​ប៉ុន្មាន​ទៀតនឹងត្រូវស្លាប់ដោយសារតែភាពអត់ឃ្លាន ជំងឺរាតត្បាត និងការកាប់សម្លាប់ពីពួករបបអាវខ្មៅទាំងនោះ​។ តើការប្រឆាំងនឹងថ្ងៃ៧មករា ដែលត្រូវចាត់ទុកជាថ្ងៃកំណើតទី២របស់លោកយាយ លោកតា លោក​ឳពុក​អ្នកម្តាយ​ និងសាច់ញាតិរបស់ពលរដ្ឋខ្មែរ មានប្រយោជន៍អ្វីខ្លះ?  

បន្ទាប់ពីដួលរលំរបបអាវខ្មៅ ចេញពីស្ថានភាព​ជា​ប្រទេស​ក្រីក្រ​​បំផុត ធនធានមនុស្សល្អៗ បញ្ញវន្ត​ត្រូវ​សម្លាប់​​ចោល​អស់ក្នុងរបបខ្មែរក្រហម គ្មានការវិនិយោគ គ្មានសំណង់អគារខ្ពស់ៗ គ្មានហេដ្ឋារចនាសម្ព័ន្ធ ។ល។​ កម្ពុជា ត្រូវ ខិតខំទាំងត្រដាប ត្រដួស រៀបចំប្រទេសដោយផ្តើមចេញ​ពី​ធនធានមនុស្សសេសសល់បន្តិចបន្តួច ចេញ​ពីភាពទទេស្អាត បាតដៃទទេ គ្មានអ្វីទាំង អស់ រហូតមានការទទួលស្គាល់ថាជាប្រទេសមាន​ការ​អភិវឌ្ឍ​​ឆាប់​រហ័ស និងបាន​ឈានមកដល់ដំណាក់កាលដែលកម្ពុជា អាចឈានជើងដោយមោទនភាពក្នុងឆាកអន្តរជាតិ ទាំង​ក្នុង​កម្រិត​តំបន់ និងកម្រិតពិភពលោក។ អ្វីដែលសមិទ្ធផលសំខាន់ គឺរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បាននាំកម្ពុជា​ឱ្យ​ឆ្លង​ផុត​ពីប្រទេសមានប្រាក់ចំណូលកម្រិតទាប ឈានចូលជាប្រទេស មានប្រាក់ចំណូលមធ្យម កម្រិតទាប ហើយ​រាជ​រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ជា​គោលនយោបាយ នឹងនាំ​កម្ពុជា​ឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់នៅឆ្នាំ២០៥០។ អ្វីគ្រប់យ៉ាងនឹងបន្តអនុវត្តតាមផែនការយុទ្ធសាស្ត្រជាតិ និងគោល​នយោ​បាយ​របស់​ជាតិ ដើម្បីសម្រេចសេចក្តីប្រាថ្នានាំប្រជាជាតិខ្មែរឱ្យមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ នៅលើផ្លូវតែ​មួយ ដែលពលរដ្ឋគ្រប់បានដឹងគឺ «ស្ថិរភាព និងសន្តិភាព» ព្រោះបើមានសង្គ្រាម វិនាសកម្មនឹងកើតមាន គ្មានស្ថិរភាព គ្មានវិនិយោគ គ្មានអ្នកមានលុយណា ហ៊ានដាក់ទុននៅក្នុងប្រទេសយើងនោះទេ។ ​ 

សរុបមក ក្នុងរយៈកាល ៤០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែរំដោះប្រជាជនកម្ពុជា ចេញពីរណ្តៅមរណៈនោះទេ ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ថែមទាំងអភិវឌ្ឍន៍ប្រទេស ប្រជាជនបានស្គាល់ការរីកចម្រើន និងអភិវឌ្ឍន៍ មិនចាញ់ប្រទេសជិតខាងប៉ុន្មានឡើយ។ ដូច្នេះពលរដ្ឋ​ខ្មែរទាំងអស់ ពិសេសយុវជនជំនាន់ក្រោយ សូមសំឡឹងពីផលប្រយោជន៍ជាតិជាធំ រួមគ្នាបន្ត​រក្សា​​នូវ​រប្បធម៌ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ខិតខំបំពេញភារកិច្ចតាមមុខជំនាញ​របស់ខ្លួន ធ្វើ​កិច្ចការ​សម្រាប់​​ជា​​ប្រយោជន៍​ដល់ទឹកដីដែលខ្លួនកំពុងជាន់។ ស្តាប់ វិភាគ ពិចារណា និងផ្តល់ជាគំនិត​សម្រាប់​ការ​អភិវឌ្ឍក្នុងមុខនាទីរបស់ខ្លួន សម្រាប់ការរៀបចំសណ្តាប់ធ្នាប់ និងការអភិវឌ្ឍផ្សេងៗ ដើម្បីបំបាត់ចោលនូវ​វប្បធម៌បន្ទោសគ្នា ដែលឫសគល់នៃសេចក្តីក្រោធ សេចក្តីអន្តរាយ និងនាំទៅរកការរាំងស្ទះដល់កិច្ចប្រឹងប្រែង​សម្រាប់​ជាប្រយោជន៍របស់សង្គមជាតិ។ តាមរយៈនៃការចូលរួមរបស់យុវជន ពលរដ្ឋខ្មែរគ្រប់រូប និងថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ​ច្បាស់ណាស់ថា កម្ពុជានឹងធ្វើដំណើរឆ្ពោះទៅរកវឌ្ឍនភាព ស្មើមុខស្មើមាត់ក្នុងឆាកអន្តរជាតិ ហើយការអនុវត្តគោលនយោបាយ ក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០របស់កម្ពុជា នឹង​សម្រេច​បានជាប្រាកដ៕  

RAC Media

 ហ្វេសប៊ុក)

អត្ថបទទាក់ទង

«សកម្មភាពក្រុមការងារវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ ចុះសិក្សាផ្ទៀងផ្ទាត់រូបបដិមាព្រះនាងឥន្រ្ទទេវី» ដោយ៖ កញ្ញា តាកេត ស័កដា

ដោយមានសំណូមពរពីក្រុមការងារសាងសង់អគារឥន្រ្ទទេវី ឱ្យអ្នកជំនាញបុរាណវត្ថុវិទ្យាសិក្សាផ្ទៀងផ្ទាត់រូបបដិមាព្រះនាងឥន្រ្ទទេវី ក្រុមការងារវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ ដែលមានលោកបណ្ឌិត ផុន កសិកា, លោក ហឿង ស...

2019-04-25 13:58:43   ថ្ងៃព្រហស្បតិ៍, 25 មេសា 2019 ម៉ោង 08:58 PM
«ប្រជុំដេីម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា»

ថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តដឹកនាំអង្គប្រជុំដេីម្បីពិនិត្យ ពិភាក្សា និង អនុម័...

2019-04-24 14:22:48   ថ្ងៃពុធ, 24 មេសា 2019 ម៉ោង 09:22 PM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

កាលពីថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍ បានចំ...

2019-04-24 14:17:07   ថ្ងៃពុធ, 24 មេសា 2019 ម៉ោង 09:17 PM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៦ - វគ្គទី២ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

មេបញ្ជាការបារាំង និងទាហានខ្មែរ នៅក្នុងភាគទី៦ វគ្គទី២នេះ យើងសូមបង្ហាញអំពីឈ្មោះទាហានបារាំង និងទាហានខ្មែរ ដែលបានស្លាប់ និងរងរបួស ក្នុងសង្គ្រាមលោកលើកទី១នៅប្រទេសបារាំង ហើយដែលត្រូវបានឆ្លាក់នៅលើផ្ទាំងថ្មកែវ...

2019-04-22 05:00:53   ថ្ងៃចន្ទ, 22 មេសា 2019 ម៉ោង 12:00 PM
គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិនីតិកោសលបណ្ឌិត» ត្រូវបានផ្តល់ជូនឯកឧត្តម ប៉ែន បញ្ញា

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៩/ ៥១៧ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩  ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គ...

2019-04-13 17:04:26   ថ្ងៃសៅរ៍, 13 មេសា 2019 ម៉ោង 12:04 AM
គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិនីតិកោសលបណ្ឌិត» ត្រូវបានផ្តល់ជូនឯកឧត្តម ឌិត មន្ទី

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៩/ ៥១៦ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គ...

2019-04-13 16:57:41   ថ្ងៃសៅរ៍, 13 មេសា 2019 ម៉ោង 11:57 PM

សេចក្តីប្រកាស