ព័ត៌មាន

«បណ្ឌិតសភាចារ្យ សុខ ទូច៖ ដើម្បីមានឥទ្ធិពលលើប្រទេសមួយ មហាអំណាចត្រូវតែផ្ដល់គុណតម្លៃដល់ប្រទេសនោះឱ្យកាន់តែច្រើន» ដោយ៖ លឹម សុវណ្ណរិទ្ធ

2019-01-05 10:13:29 ថ្ងៃសៅរ៍, 05 មករា 2019 ម៉ោង 05:13 PM
អ្នកមើល 3283
post_detail

ភ្នំពេញ៖ «ដើម្បីមានឥទ្ធិពលលើប្រទេសមួយ មហាអំណាចត្រូវតែផ្ដល់គុណតម្លៃដល់ប្រទេសនោះឱ្យកាន់តែច្រើន» នេះគឺជាប្រយោគមួយឃ្លាដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងអង្គបាឋកថាមួយ ស្ដីពី «រដ្ឋាភិបាល​ដើមស្រល់» ដែលរៀប​ចំដោយរាជបណ្ឌិត្យសភាកម្ពុជា និងដោយមានការឧទ្ទេសនាមផ្ទាល់ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៩ នេះ។        

ក្នុងបាឋកថាដែលមានការចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិតសរុបជាង១០០អង្គ/នាក់ដែលមកពីបណ្ដាមជ្ឈដ្ឋានផ្សេងៗគ្នា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងនូវប្រយោគ​មួយឃ្លានេះនៅក្នុងការបកស្រាយរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ទាក់ទងទៅនឹងសំណួរដែលបានចោទឡើងថា «ក្នុងក្របខណ្ឌនយោបាយការបរទេសនិងទំនាក់ទំនងអន្តរជាតិ តើនៅក្នុងរដ្ឋាភិបាលដើមស្រល់ ត្រូវធ្វើយ៉ាងដូចម្ដេច?»។        

ជាការឆ្លើយតបទៅនឹងចម្ងល់ខាងលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា នៅក្នុងទំនាក់ទំនងអន្តរជាតិ រដ្ឋាភិបាលមួយត្រូវតែមានភាពបត់បែនយ៉ាងឈ្លាសវៃ ដោយផ្លាស់ប្ដូរឥរិយាបថទៅតាមតថភាពនៃការវិវឌ្ឍ​នៃបរិបទនយោបាយពិភពលោក ដូចជាមនោគមជាដើម។ ប្រសិនបើអាម៉េរិកចង់ឱ្យកម្ពុជាគោរព គឺត្រូវបង្កើនការវិនិយោគឱ្យកាន់​តែ​ច្រើនបន្ថែមទៀតមកកម្ពុជា។        

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងនូវឧទាហរណ៍មួយថានៅពេលដែលសហភាពសូវៀតមិនទាន់ដួលរលំផង របបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលប្រកាន់មនោគមវិជ្ជាកុំម្មុយនីស្តក្រោមសហភាពសូវៀត បែរជាហ៊ានទៅចរចាជាមួយ​នឹង​ក្រុមខ្មែរត្រីភាគីដែលដឹកនាំដោយសម្ដេចសីហនុទៅវិញ ខណៈដែលជំនាញការវៀតណាមកំពុងមានវត្តមានពេញប្រទេសកម្ពុជា។         

ប្រសាសន៍ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងថា «ឧទាហរណ៍ ចាប់ពីឆ្នាំ១៩៧៩ដល់១៩៩៣ ពេលនោះសហភាពសូវៀតមិនទាន់ដួលរលំទេ កម្ពុជា គឺមើលនយោបាយនរណា? សហភាពសូវៀត ប៉ុន្តែមានបុរសមួយដែលហៅថាបុរសខ្លាំង គឺសមមិត្ត ហ៊ុន សែន ហ្នឹងឯង ដែលហ៊ានចរចាជាមួយសម្ដេចនរោត្ដមសីហនុ នៅឆ្នាំ១៩៨៧ ពេលហ្នឹងជំនាញការកំពុងនៅពេញប្រទេស»។        

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ការប្រែប្រួលនេះគឺដូចគ្នាទៅនឹងនយោបាយការបរទេសផងដែរ ដែលកាលពីសម័យកាលមុនកម្ពុជាចាត់ទុកអាម៉េរិក ជាប្រទេសឈ្លានពាននិងជាសត្រូវ ប៉ុន្តែពេលនេះក្នុងសម័យព្រះរាជាណាចក្រទី២ កម្ពុជានិងអាម៉េរិក គឺជាដៃគូ ជាមិត្តភាពនឹងគ្នា។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «នយោបាយការបរទេសក៏ដូចគ្នា នៅពេលនោះអាម៉េរិកជាចក្រពត្តិ អាម៉េរិកជាសត្រូវ ដល់តែឥឡូវអាម៉េរិកគឺជាមិត្តភក្តិ អាម៉េរិកគឺជាមហាអំណាចលេខមួយ ឃើញទេវាប្រែប្រួលលឿនណាស់ លឿនមែនទែន»។        

ដោយភ្ជាប់ប្រធានបទអំពីផ្លាស់ប្ដូរគោលនយោការបរទេសរបស់អាម៉េរិកពីរដ្ឋការលោកអូបាម៉ា មកក្រោមរដ្ឋការរបស់លោក ដូណាល់ត្រាំ ដែលជ្រើសយក នយោបាយ «American First» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់យ៉ាងច្បាស់​ថា បច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់នយោបាយការបរទេសចម្រុះពណ៌ ហើយដែលត្រូវស្វែងរកចំណេញរៀងៗខ្លួន ហើយក្នុងទំនាក់​ទំនងរវាងកម្ពុជា ចិន និងអាម៉េរិក គឺជំនួយរបស់មហាអំណាចទាំងពីរនេះមានលក្ខណៈខុសគ្នាដោយ «ជំនួយរបស់​ចិន​គឺមានបំណង ចំណែកឯជំនួយរបស់អាម៉េរិកគឺមានចំណង» ហើយដែលចំណងរបស់អាម៉េរិកមាន៣គឺ៖ តម្លាភាព យុត្តិធម៌ ប្រជាធិបតេយ្យ ។ ប៉ុន្តែឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសរំឭកផងដែរថា ប្រសិនបើអាម៉េរិកចង់ឱ្យកម្ពុជាដើរតាម គឺត្រូវ​តែ​ផ្ដល់គុណតម្លៃដល់កម្ពុជា ពុំមែនត្រឹមតែការ វិនិយោគបន្តិចបន្តួចដូចបច្ចុប្បន្ននោះទេ។        

ឯកឧត្ដមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា៖ «បច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់នយោបាយការបរទេសចម្រុះពណ៌ ហើយដែលត្រូវស្វែងរកចំណេញរៀងៗខ្លួន។ ចិនជំនួយមានបំណង អាម៉េរិកជំនួយមានចំណង ដែលចំណងនេះមាន៣គឺ៖ តម្លាភាព យុត្តិធម៌ ប្រជាធិបតេយ្យ។ ប៉ុន្តែការដែលមហាអំណាចចង់ឱ្យគោរពនិងដើរតាម គឺត្រូវផ្ដល់ផលប្រយោជន៍ឱ្យគេ មិន​មែន​យកមកដាក់កម្ពុជា តែកូកាកូឡានិងហាំបឺហ្គ័រនោះទេ។ ហើយកម្ពុជាមិនមែនចាប់តែចិននោះទេ គឺកម្ពុជាក៏បានចាប់ជប៉ុន​ដែរ ដែលត្រង់នេះហើយខ្ញុំបានជប៉ុនថាត្រូវធ្វើផ្លូវឱ្យបានល្អមានគុណភាព ហើយដោយឡាននៅកម្ពុជាភាគច្រើនគឺ​ជា​ឡានជប៉ុនមិនមែនឡានចិននោះទេ» ។        

សរុបចុងក្រោយនៃការបកស្រាយ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឡើងថា «នយោបាយការបរទេសនិងទំនាក់ទំនងអន្តរជាតិគឺប្រែប្រួលទៅតាមមេដឹកនាំ របបនយោបាយ និងមនោគមវិជ្ជា»។

RAC Media


អត្ថបទទាក់ទង

បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM
នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM
ហេតុអ្វីមានវិធីចូលឆ្នាំប្រពៃណីចិននៅកម្ពុជា? ដោយ៖ លោក ហៃ សុវង្ស មន្ត្រីស្ម័គ្រចិត្តនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-29 09:42:36   ថ្ងៃសៅរ៍, 29 មករា 2022 ម៉ោង 04:42 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ មហាអំណាចនឹងមិនបណ្ដោយឱ្យវិបត្តិអ៊ុយក្រែនផ្ទុះក្លាយទៅជាសង្គ្រាមនោះឡើយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្...

2022-01-28 13:06:18   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 08:06 PM
អត្ថបទរបាំម៉ុងសាយក្នុងពិធីចូលឆ្នាំប្រពៃណីចិន ដោយ៖ លោក ខុម មុនីប្បញ្ញា វិទ្យស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-28 05:27:35   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 12:27 PM
តម្លៃអប់រំនៃការបណ្តុះធម្មចរិយា ដោយ៖ លោកស្រី បណ្ឌិត ជា វណ្ណី នាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

តម្លៃអប់រំនៃការបណ្តុះធម្មចរិយា សីលធម៌ សុជីវធម៌ និងគុណធម៌ គឺមានសារសំខាន់ ដ្បិតវាជាគោលសម្រាប់ទូន្មានខ្លួនឱ្យមានចរិយាសណ្តាប់ធ្នាប់ល្អ មានសីលធម៌ វៀរចាកការប្រព្រឹត្តិទង្វើអាក្រក់ដែលមិនគប្បីធ្វើ ជាទង្វើដែលន...

2022-01-26 12:59:34   ថ្ងៃពុធ, 26 មករា 2022 ម៉ោង 07:59 PM

សេចក្តីប្រកាស