Royal Academy of Cambodia
ភ្នំពេញ៖ «ដើម្បីមានឥទ្ធិពលលើប្រទេសមួយ មហាអំណាចត្រូវតែផ្ដល់គុណតម្លៃដល់ប្រទេសនោះឱ្យកាន់តែច្រើន» នេះគឺជាប្រយោគមួយឃ្លាដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងអង្គបាឋកថាមួយ ស្ដីពី «រដ្ឋាភិបាលដើមស្រល់» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា និងដោយមានការឧទ្ទេសនាមផ្ទាល់ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៩ នេះ។
ក្នុងបាឋកថាដែលមានការចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិតសរុបជាង១០០អង្គ/នាក់ដែលមកពីបណ្ដាមជ្ឈដ្ឋានផ្សេងៗគ្នា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងនូវប្រយោគមួយឃ្លានេះនៅក្នុងការបកស្រាយរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ទាក់ទងទៅនឹងសំណួរដែលបានចោទឡើងថា «ក្នុងក្របខណ្ឌនយោបាយការបរទេសនិងទំនាក់ទំនងអន្តរជាតិ តើនៅក្នុងរដ្ឋាភិបាលដើមស្រល់ ត្រូវធ្វើយ៉ាងដូចម្ដេច?»។
ជាការឆ្លើយតបទៅនឹងចម្ងល់ខាងលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា នៅក្នុងទំនាក់ទំនងអន្តរជាតិ រដ្ឋាភិបាលមួយត្រូវតែមានភាពបត់បែនយ៉ាងឈ្លាសវៃ ដោយផ្លាស់ប្ដូរឥរិយាបថទៅតាមតថភាពនៃការវិវឌ្ឍនៃបរិបទនយោបាយពិភពលោក ដូចជាមនោគមជាដើម។ ប្រសិនបើអាម៉េរិកចង់ឱ្យកម្ពុជាគោរព គឺត្រូវបង្កើនការវិនិយោគឱ្យកាន់តែច្រើនបន្ថែមទៀតមកកម្ពុជា។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងនូវឧទាហរណ៍មួយថានៅពេលដែលសហភាពសូវៀតមិនទាន់ដួលរលំផង របបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលប្រកាន់មនោគមវិជ្ជាកុំម្មុយនីស្តក្រោមសហភាពសូវៀត បែរជាហ៊ានទៅចរចាជាមួយនឹងក្រុមខ្មែរត្រីភាគីដែលដឹកនាំដោយសម្ដេចសីហនុទៅវិញ ខណៈដែលជំនាញការវៀតណាមកំពុងមានវត្តមានពេញប្រទេសកម្ពុជា។
ប្រសាសន៍ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងថា «ឧទាហរណ៍ ចាប់ពីឆ្នាំ១៩៧៩ដល់១៩៩៣ ពេលនោះសហភាពសូវៀតមិនទាន់ដួលរលំទេ កម្ពុជា គឺមើលនយោបាយនរណា? សហភាពសូវៀត ប៉ុន្តែមានបុរសមួយដែលហៅថាបុរសខ្លាំង គឺសមមិត្ត ហ៊ុន សែន ហ្នឹងឯង ដែលហ៊ានចរចាជាមួយសម្ដេចនរោត្ដមសីហនុ នៅឆ្នាំ១៩៨៧ ពេលហ្នឹងជំនាញការកំពុងនៅពេញប្រទេស»។
បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ការប្រែប្រួលនេះគឺដូចគ្នាទៅនឹងនយោបាយការបរទេសផងដែរ ដែលកាលពីសម័យកាលមុនកម្ពុជាចាត់ទុកអាម៉េរិក ជាប្រទេសឈ្លានពាននិងជាសត្រូវ ប៉ុន្តែពេលនេះក្នុងសម័យព្រះរាជាណាចក្រទី២ កម្ពុជានិងអាម៉េរិក គឺជាដៃគូ ជាមិត្តភាពនឹងគ្នា។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «នយោបាយការបរទេសក៏ដូចគ្នា នៅពេលនោះអាម៉េរិកជាចក្រពត្តិ អាម៉េរិកជាសត្រូវ ដល់តែឥឡូវអាម៉េរិកគឺជាមិត្តភក្តិ អាម៉េរិកគឺជាមហាអំណាចលេខមួយ ឃើញទេវាប្រែប្រួលលឿនណាស់ លឿនមែនទែន»។
ដោយភ្ជាប់ប្រធានបទអំពីផ្លាស់ប្ដូរគោលនយោការបរទេសរបស់អាម៉េរិកពីរដ្ឋការលោកអូបាម៉ា មកក្រោមរដ្ឋការរបស់លោក ដូណាល់ត្រាំ ដែលជ្រើសយក នយោបាយ «American First» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់នយោបាយការបរទេសចម្រុះពណ៌ ហើយដែលត្រូវស្វែងរកចំណេញរៀងៗខ្លួន ហើយក្នុងទំនាក់ទំនងរវាងកម្ពុជា ចិន និងអាម៉េរិក គឺជំនួយរបស់មហាអំណាចទាំងពីរនេះមានលក្ខណៈខុសគ្នាដោយ «ជំនួយរបស់ចិនគឺមានបំណង ចំណែកឯជំនួយរបស់អាម៉េរិកគឺមានចំណង» ហើយដែលចំណងរបស់អាម៉េរិកមាន៣គឺ៖ តម្លាភាព យុត្តិធម៌ ប្រជាធិបតេយ្យ ។ ប៉ុន្តែឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសរំឭកផងដែរថា ប្រសិនបើអាម៉េរិកចង់ឱ្យកម្ពុជាដើរតាម គឺត្រូវតែផ្ដល់គុណតម្លៃដល់កម្ពុជា ពុំមែនត្រឹមតែការ វិនិយោគបន្តិចបន្តួចដូចបច្ចុប្បន្ននោះទេ។
ឯកឧត្ដមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា៖ «បច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់នយោបាយការបរទេសចម្រុះពណ៌ ហើយដែលត្រូវស្វែងរកចំណេញរៀងៗខ្លួន។ ចិនជំនួយមានបំណង អាម៉េរិកជំនួយមានចំណង ដែលចំណងនេះមាន៣គឺ៖ តម្លាភាព យុត្តិធម៌ ប្រជាធិបតេយ្យ។ ប៉ុន្តែការដែលមហាអំណាចចង់ឱ្យគោរពនិងដើរតាម គឺត្រូវផ្ដល់ផលប្រយោជន៍ឱ្យគេ មិនមែនយកមកដាក់កម្ពុជា តែកូកាកូឡានិងហាំបឺហ្គ័រនោះទេ។ ហើយកម្ពុជាមិនមែនចាប់តែចិននោះទេ គឺកម្ពុជាក៏បានចាប់ជប៉ុនដែរ ដែលត្រង់នេះហើយខ្ញុំបានជប៉ុនថាត្រូវធ្វើផ្លូវឱ្យបានល្អមានគុណភាព ហើយដោយឡាននៅកម្ពុជាភាគច្រើនគឺជាឡានជប៉ុនមិនមែនឡានចិននោះទេ» ។
សរុបចុងក្រោយនៃការបកស្រាយ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឡើងថា «នយោបាយការបរទេសនិងទំនាក់ទំនងអន្តរជាតិគឺប្រែប្រួលទៅតាមមេដឹកនាំ របបនយោបាយ និងមនោគមវិជ្ជា»។
RAC Media
នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានក្រុមជនជាតិជាច្រើនបានរស់នៅនិងធ្វើសមាហរណកម្មជាមួយជនជាតិខ្មែរ ព្រមទាំងបានក្លាយជាពលរដ្ឋខ្មែរស្របច្បាប់។ ក្រុមជនជាតិទាំងនោះរួមមាន ព្នង ចារ៉ាយ ទំពួន សួយ កួយ ស្អូច កាចក់ គ្រ...
កាលពីយប់ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២០ វិទ្យុសម្លេងសហរដ្ឋអាម៉េរិកបានផ្សាយអំពីការធ្វើសមយុទ្ធយោធារវាងប្រទេសកម្ពុជានិងប្រទេសចិន។ នៅក្នុងអត្តបទដែលផ្សាយនោះ វិទ្យុសម្លេងសហរដ្ឋអាម៉េរិកបានដកស្រង់ការយល់ឃើញរបស់អ្...
បើសិនជាយើងពិនិត្យមើលប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសកម្ពុជា នោះយើងនឹងបានឃើញថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដ៏កំសត់ និងបានឆ្លងកាត់សង្គ្រាមឈ្លានពាន និងសង្គ្រាមស៊ីវិលអស់កាលជាច្រើនសតវត្ស។ បើសិនជាយើងពិនិត្យម...
គិតមកដល់ពេលនេះ COVID-19 បានវាយលុកចូលដល់ប្រទេសនិងដែនដីសរុបជាង ១៧០ ហើយ នៅ ទូទាំងសកលលោក។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួនជាង ២០០, ០០០ នាក់ ក្នុងនោះអ្នកស្លាប់មានជិត១០,០០០នាក់ និងជា...
ខណៈពេលបងប្អូនខ្មែរឥស្លាមសរុបចំនួន ២៤នាក់មានផ្ទុកជំងឺកូវីដ-១៩ (Covid-19) ដែលកំពុងមានការរាតត្បាតជាសកល ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានផ្ញើសារលើក...