Royal Academy of Cambodia
ភ្នំពេញ៖ «ដើម្បីមានឥទ្ធិពលលើប្រទេសមួយ មហាអំណាចត្រូវតែផ្ដល់គុណតម្លៃដល់ប្រទេសនោះឱ្យកាន់តែច្រើន» នេះគឺជាប្រយោគមួយឃ្លាដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងអង្គបាឋកថាមួយ ស្ដីពី «រដ្ឋាភិបាលដើមស្រល់» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា និងដោយមានការឧទ្ទេសនាមផ្ទាល់ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៩ នេះ។
ក្នុងបាឋកថាដែលមានការចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិតសរុបជាង១០០អង្គ/នាក់ដែលមកពីបណ្ដាមជ្ឈដ្ឋានផ្សេងៗគ្នា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងនូវប្រយោគមួយឃ្លានេះនៅក្នុងការបកស្រាយរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ទាក់ទងទៅនឹងសំណួរដែលបានចោទឡើងថា «ក្នុងក្របខណ្ឌនយោបាយការបរទេសនិងទំនាក់ទំនងអន្តរជាតិ តើនៅក្នុងរដ្ឋាភិបាលដើមស្រល់ ត្រូវធ្វើយ៉ាងដូចម្ដេច?»។
ជាការឆ្លើយតបទៅនឹងចម្ងល់ខាងលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា នៅក្នុងទំនាក់ទំនងអន្តរជាតិ រដ្ឋាភិបាលមួយត្រូវតែមានភាពបត់បែនយ៉ាងឈ្លាសវៃ ដោយផ្លាស់ប្ដូរឥរិយាបថទៅតាមតថភាពនៃការវិវឌ្ឍនៃបរិបទនយោបាយពិភពលោក ដូចជាមនោគមជាដើម។ ប្រសិនបើអាម៉េរិកចង់ឱ្យកម្ពុជាគោរព គឺត្រូវបង្កើនការវិនិយោគឱ្យកាន់តែច្រើនបន្ថែមទៀតមកកម្ពុជា។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងនូវឧទាហរណ៍មួយថានៅពេលដែលសហភាពសូវៀតមិនទាន់ដួលរលំផង របបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលប្រកាន់មនោគមវិជ្ជាកុំម្មុយនីស្តក្រោមសហភាពសូវៀត បែរជាហ៊ានទៅចរចាជាមួយនឹងក្រុមខ្មែរត្រីភាគីដែលដឹកនាំដោយសម្ដេចសីហនុទៅវិញ ខណៈដែលជំនាញការវៀតណាមកំពុងមានវត្តមានពេញប្រទេសកម្ពុជា។
ប្រសាសន៍ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងថា «ឧទាហរណ៍ ចាប់ពីឆ្នាំ១៩៧៩ដល់១៩៩៣ ពេលនោះសហភាពសូវៀតមិនទាន់ដួលរលំទេ កម្ពុជា គឺមើលនយោបាយនរណា? សហភាពសូវៀត ប៉ុន្តែមានបុរសមួយដែលហៅថាបុរសខ្លាំង គឺសមមិត្ត ហ៊ុន សែន ហ្នឹងឯង ដែលហ៊ានចរចាជាមួយសម្ដេចនរោត្ដមសីហនុ នៅឆ្នាំ១៩៨៧ ពេលហ្នឹងជំនាញការកំពុងនៅពេញប្រទេស»។
បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ការប្រែប្រួលនេះគឺដូចគ្នាទៅនឹងនយោបាយការបរទេសផងដែរ ដែលកាលពីសម័យកាលមុនកម្ពុជាចាត់ទុកអាម៉េរិក ជាប្រទេសឈ្លានពាននិងជាសត្រូវ ប៉ុន្តែពេលនេះក្នុងសម័យព្រះរាជាណាចក្រទី២ កម្ពុជានិងអាម៉េរិក គឺជាដៃគូ ជាមិត្តភាពនឹងគ្នា។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «នយោបាយការបរទេសក៏ដូចគ្នា នៅពេលនោះអាម៉េរិកជាចក្រពត្តិ អាម៉េរិកជាសត្រូវ ដល់តែឥឡូវអាម៉េរិកគឺជាមិត្តភក្តិ អាម៉េរិកគឺជាមហាអំណាចលេខមួយ ឃើញទេវាប្រែប្រួលលឿនណាស់ លឿនមែនទែន»។
ដោយភ្ជាប់ប្រធានបទអំពីផ្លាស់ប្ដូរគោលនយោការបរទេសរបស់អាម៉េរិកពីរដ្ឋការលោកអូបាម៉ា មកក្រោមរដ្ឋការរបស់លោក ដូណាល់ត្រាំ ដែលជ្រើសយក នយោបាយ «American First» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់នយោបាយការបរទេសចម្រុះពណ៌ ហើយដែលត្រូវស្វែងរកចំណេញរៀងៗខ្លួន ហើយក្នុងទំនាក់ទំនងរវាងកម្ពុជា ចិន និងអាម៉េរិក គឺជំនួយរបស់មហាអំណាចទាំងពីរនេះមានលក្ខណៈខុសគ្នាដោយ «ជំនួយរបស់ចិនគឺមានបំណង ចំណែកឯជំនួយរបស់អាម៉េរិកគឺមានចំណង» ហើយដែលចំណងរបស់អាម៉េរិកមាន៣គឺ៖ តម្លាភាព យុត្តិធម៌ ប្រជាធិបតេយ្យ ។ ប៉ុន្តែឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសរំឭកផងដែរថា ប្រសិនបើអាម៉េរិកចង់ឱ្យកម្ពុជាដើរតាម គឺត្រូវតែផ្ដល់គុណតម្លៃដល់កម្ពុជា ពុំមែនត្រឹមតែការ វិនិយោគបន្តិចបន្តួចដូចបច្ចុប្បន្ននោះទេ។
ឯកឧត្ដមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា៖ «បច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់នយោបាយការបរទេសចម្រុះពណ៌ ហើយដែលត្រូវស្វែងរកចំណេញរៀងៗខ្លួន។ ចិនជំនួយមានបំណង អាម៉េរិកជំនួយមានចំណង ដែលចំណងនេះមាន៣គឺ៖ តម្លាភាព យុត្តិធម៌ ប្រជាធិបតេយ្យ។ ប៉ុន្តែការដែលមហាអំណាចចង់ឱ្យគោរពនិងដើរតាម គឺត្រូវផ្ដល់ផលប្រយោជន៍ឱ្យគេ មិនមែនយកមកដាក់កម្ពុជា តែកូកាកូឡានិងហាំបឺហ្គ័រនោះទេ។ ហើយកម្ពុជាមិនមែនចាប់តែចិននោះទេ គឺកម្ពុជាក៏បានចាប់ជប៉ុនដែរ ដែលត្រង់នេះហើយខ្ញុំបានជប៉ុនថាត្រូវធ្វើផ្លូវឱ្យបានល្អមានគុណភាព ហើយដោយឡាននៅកម្ពុជាភាគច្រើនគឺជាឡានជប៉ុនមិនមែនឡានចិននោះទេ» ។
សរុបចុងក្រោយនៃការបកស្រាយ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឡើងថា «នយោបាយការបរទេសនិងទំនាក់ទំនងអន្តរជាតិគឺប្រែប្រួលទៅតាមមេដឹកនាំ របបនយោបាយ និងមនោគមវិជ្ជា»។
RAC Media
(ព្រះវិហារ)៖ រាជបណ្ឌិត្យសភាកម្ពុជានឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបជាឧទ្យានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងកន្លែងផលិតផលដ៏ធំមួយនៅប្រទេសកម្ពុជា។ នេះជាការលើកឡ...
(ព្រះវិហារ)៖ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជាបានទៅធ្វើទស្សនកិច្ចសិក្សា និងបានចូលរួមដាំកូនឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម...
អតីតរាជធានីនេះ ដែលបង្កើតឡើងប្រហែលនៅដើមស.វ.ទី៦ នៃគ.ស។ សព្វថ្ងៃ អង្គរបុរី ជាស្រុកមួយរបស់ខេត្តតាកែវ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។នេះជាវីដេអូរខ្លីបង្ហាញពីសកម្មភាពខ្លះៗរបស់ក្រុមស្រាវជ្រាវបុរាណវិទ្យា...
RAC Media ប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ
ភូមិបឹងក្រចាប់ត្បូងស្ថិតនៅក្នុងឃុំព្រែកតាម៉ាក់ នៅត្រើយខាងលិចនៃទន្លេមេគង្គ ដែលមានផ្ទៃដីមួយភាគធំត្រូវលិចនៅរដូវវស្សា។ ដូច្នេះហើយ ការដាំដុះបន្លែគឺអាចផលិតបានច្រើនតែនៅរដូវប្រាំង។ កាលពីមុន កសិករដាំបន្លែត្រូវ...
ចាប់ពីមានការផ្ទុះមេរោគកូរ៉ូណា នៅចុងឆ្នាំ២០១៩ ហើយកំពុងបន្តមកទល់នឹងពេលនេះ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ចនិងវិស័យផ្សេងៗទៀតជាច្រើននៅលើពិភពលោក។ ក្នុងនោះវិស័យអាកាសចរណ៍ដែលជាវិស័យដឹកជញ្ជូនផ...