ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជារៀបចំបាឋកថា ស្ដីពី «រដ្ឋាភិបាលដើមស្រល់» ចុះផ្សាយថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ | ដោយ៖ លឹម សុវណ្ណរិទ្ធ

2019-01-05 06:42:40 ថ្ងៃសៅរ៍, 05 មករា 2019 ម៉ោង 01:42 PM
អ្នកមើល 4915
post_detail

ភ្នំពេញ៖ នៅក្នុងបាឋកថានាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទាញចំណាប់អារម្មណ៍អង្គបាឋកថាទាំងមូលអំពីចំណងជើងនៃបាឋកថា ដោយឯកឧត្ដមបានរំឭកអំពីដំណើរវិវឌ្ឍ​នៃការដឹកនាំរដ្ឋពីសម័យកាលបុរាណរហូតមកដល់បច្ចុប្បន្ន ដែលផ្ដើមចេញពីការគ្រប់គ្រងរដ្ឋតាមបែបសាសនា ការគ្រប់គ្រងតាមបែបផ្ដាច់ការដែលអំណាចទាំងអស់ស្ថិតនៅ​ដៃមនុស្សតែម្នាក់។ បច្ចុប្បន្ននេះរបបដឹកនាំភាគច្រើននៅលើពិភពលោកបានចាប់យករបបប្រជាធិបតេយ្យ ដែលអំណាចដឹកនាំរដ្ឋកើតចេញពីការបោះឆ្នោតរបស់ប្រជាជននៃប្រទេសនីមួយៗ។ មហាក្សត្រដែលបានផ្លាស់ប្ដូរការដឹកនាំប្រទេសពីរបបរាជនិយមមកប្រជាធិបតេយ្យមុនគេបង្អស់គឺ ព្រះមហាក្សត្រនៃចក្រភពអង់គ្លេសនៅក្នុងសតវត្សរ៍ទី១៧ នៃ​គ.ស.។

ទោះយ៉ាងណានៅពេលដែលយើងបានស្តាប់ពាក្យថា «ដើមស្រល់» អ្នកស្តាប់ភាគច្រើន ប្រាកដជាគិតដល់ភាពអវិជ្ជមាន ដោយប្រៀបប្រដូចដើមស្រល់ទៅនឹងភាពមិនស្មោះត្រង់ ឬភាពមិនទៀងទាត់។ ឧទាហរណ៍ មនុស្សចិត្តស្រល់ ឬស្រីចិត្តចុងស្រល់ ដែលគេបានសំដៅដល់ភាពមិនល្អ។ តែអ្វីដែលនឹងត្រូវលើកមកបង្ហាញ​ក្នុង​បាឋកថា​នេះ គឺជារឿង​ផ្សេងដាច់ស្រឡះ។

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវទិដ្ឋភាពនៃដើមស្រល់ដែលស្ថិតក្នុងកាលៈទេសៈផ្សេងៗគ្នា ដូចជានៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងនៅតំបន់អឺរ៉ុប ដើមស្រល់ស្ថិតនៅតំបន់ត្រូពិច និងនៅតំបន់ក្ដៅហែងខ្លាំងនៅអាហ្វ្រិក។ ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកភាពរឹងមាំ អត់ធន់នឹងអាកាសធាតុរបស់ដើមស្រល់ ធ្វើជានិមិត្តរូបរបស់អ្នកនយោបាយ ហើយក៏ជាឧទាហរណ៍នៃគំរូរដ្ឋាភិបាលដែលរឹងមាំមួយ ដែលមានឫសគល់ផ្អែកលើវិស័យធំៗចំនួន៩ ហើយវិស័យឬក្រសួងដែលសំខាន់ជាងគេដែលប្រមុខរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់នោះគឺ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

បើតាមបាឋកថារបស់ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រៅពីក្រសួងសំខាន់ៗទាំង៣ នៅមានក្រសួងចំនួន៦ទៀតដែលជាឫសគល់នៃរដ្ឋាភិបាលដើមស្រល់គឺ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្តគូសបញ្ជាក់បន្ថែមថា ក្រៅពីនេះ នៅក្នុងរដ្ឋាភិបាលដើមស្រល់ នៅមានវិស័យជាមែកធាងសំខាន់ៗ៥ផ្សេងទៀត ដូចជា អប់រំ វប្បធម៌ សង្គម សាសនា និងភាសា។ នៅក្នុងនោះផងដែរ វិស័យអប់រំដែលត្រូវបានគេកត់សម្គាល់ គឺជាវិស័យដែលជាមែកធាងសំខាន់របស់រដ្ឋាភិបាល​ដើមស្រល់ ក៏ព្រោះវិស័យនេះគឺជាវិស័យដែលត្រូវកំណត់បម្រើដល់វិស័យផ្សេងៗទៀត។ ទោះយ៉ាងណា មានប្រទេសចំនួន៣ប៉ុណ្ណោះនៅអាស៊ីដែលកសាងប្រទេសចេញពីវិស័យអប់រំជាអាទិភាពផ្ទាល់។ ដោយសារតែមានការគាំទ្រពីមហាអំណាច ដូចជាប្រទេសជប៉ុន និងកូរ៉េខាងត្បូងជាដើម វិស័យ​ការពារជាតិ ត្រូវបានធានាដោយសហរដ្ឋអាម៉េរិកផ្ទាល់នៅក្រោយសង្គ្រាមលោកលើកទី២ និងសង្គ្រាមឧបទ្វីបកូរ៉េឆ្នាំ​១៩៥០។ ក្រៅពីនេះ នៅមានប្រទេសអាស៊ានមួយនិងខេត្តមួយរបស់ចិន ដែលជ្រើសយកវិស័យអប់រំជាអាទិភាពផ្ទាល់ គឺប្រទេសសិង្ហបុរី ដែលបានប្រើប្រាស់នយោបាយកាំប្រម៉ា គឺសិង្ហបុរីមានភាពវ័យឆ្លាត ទាក់ទាញនាំយកវិនិយោគទុនពីប្រទេសមហាអំណាច មកវិនិយោគ​ក្នុងប្រទេសរបស់ខ្លួន ដូច្នេះហើយ នៅពេលមានហេតុការណ៍អ្វីកើតឡើង ប្រទេសមហាអំណាចនឹងមិនបណ្តោយឱ្យ​វិនិយោគទុនរបស់ខ្លួន ត្រូវខូចខាតនោះទេ នេះមានប្រដូចមកថា មហាអំណាចត្រូវតែការពារប្រទេសដែលមាន​ការធ្វើវិនិយោគរបស់ខ្លួនច្រើន។

កម្មវិធីបាឋកថានេះ រៀបចំឡើងនៅព្រឹកថ្ងៃសៅរ៍ទី៥ ខែមករា ឆ្នាំ២០១៩នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា និងឧទ្ទេសនាមដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃការក្រុមប្រឹក្សាបណ្ឌិត​សភា​ចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា និងដោយមានការចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិតសរុបចំនួន១០៨ អង្គ/នាក់ ដែលនិមន្តនិងអញ្ជើញមក​ពីមជ្ឈដ្ឋានផ្សេងៗគ្នា ចូលរួមស្ដាប់ ស្វែងយល់ និងចោទសួរយ៉ាងផុសផុ ដើម្បីស្វែងយល់និងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតអំពីបាឋកថាដ៏មានអត្ថន័យសំខាន់នេះ៕

RAC Media

សូមចូលទីមើលការផ្សាយផ្ទាល់៖ ​https://www.facebook.com/725262267489254/videos/1989628871090413/UzpfSTI4ODA4NjgwNTAwNTIzMjo1NDQ1ODczNTkzNTUxNzQ/


អត្ថបទទាក់ទង

«ស្ថានភាពនយោបាយនៅម៉ាឡេស៊ីក្រោយការចាកចេញរបស់មហាធៀរ មហាម៉ាត់» ដោយ៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឍិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីរបស់លោក មហាធៀរ មហាម៉ាត់ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២០ បានធ្វើឱ្យស្ថានភាពនយោបាយនៅម៉ាឡេស៊ីមានភាពមិនច្បាស់លាស់។ វិបត្តិគ្មានគណៈរដ្ឋមន្ត្រីរយៈពេលខ្លីរបស់ម៉ាឡើស៊ីនេះនាំឱ្យមានក...

2020-03-10 09:40:26   ថ្ងៃអង្គារ, 10 មីនា 2020 ម៉ោង 04:40 PM
«ស្ថានភាពនៃទំនាក់ទំនងអាស៊ាន-សហរដ្ឋអាម៉េរិក» ដោយ៖ បណ្ឌិត តឹក មេង នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី

សហរដ្ឋអាម៉េរិកបានក្លាយជាដៃគូ​ចរចា​របស់អាស៊ាន​ចាប់តាំង​ពី​ឆ្នាំ​១៩៧៧ ពោលគឺបន្ទាប់ពីអាស៊ាន​បានបង្កើត​បាន​១០ឆ្នាំ​មកម្ល៉េះ។ ទំនាក់ទំនង​រវាង​សហរដ្ឋ​អាម៉េរិក​និង​អាស៊ាន​មានការ​អភិវឌ្ឍ​និង​ជិតស្និទ្ធ​ជាលំដា...

2020-03-10 09:20:55   ថ្ងៃអង្គារ, 10 មីនា 2020 ម៉ោង 04:20 PM
ឯកសារជំនួយស្មារតី ស្តីពី «ទំនាក់ទំនងប្រទេសកម្ពុជា-ប្រទេសជប៉ុន» ដោយ៖ ផាញ់ សារឿន មន្ត្រីខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា

2020-03-10 08:11:13   ថ្ងៃអង្គារ, 10 មីនា 2020 ម៉ោង 03:11 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យដើម្បីពិនិត្យភារកិច្ចការងារ និងការស្រាវជ្រាវរបស់មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំក្រុមប្...

2020-03-10 03:45:16   ថ្ងៃអង្គារ, 10 មីនា 2020 ម៉ោង 10:45 AM
ល្បែងនយោបាយក្នុងបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដោយ៖ ធន ឆាយពិសិដ្ឋមន្រ្តីស្រាវជ្រាវនៃនាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

កម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាប្រធានបទដ៏ក្តៅគគុក ដែលមិនត្រឹមតែបង្កការព្រួយបារម្ភដល់ប្រទេសជិតខាងនៅឧបទ្វីបកូរ៉េប៉ុណ្ណោះទេ គឺនៅជុំវិញពិភពលោកតែម្ដង ជាពិសេស សហរដ្ឋអាម៉េរិក ព្រោះថាកូរ...

2020-03-09 09:51:47   ថ្ងៃចន្ទ, 09 មីនា 2020 ម៉ោង 04:51 PM
ទិវានារីអន្តរជាតិ International Women's Day: IWD ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី

2020-03-08 05:23:48   ថ្ងៃអាទិត្យ, 08 មីនា 2020 ម៉ោង 12:23 PM

សេចក្តីប្រកាស