ព័ត៌មាន

«ជំនួបជាមួយអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីការអភិវឌ្ឍសង្គម»

2019-01-03 15:51:19 ថ្ងៃព្រហស្បតិ៍, 03 មករា 2019 ម៉ោង 10:51 PM
អ្នកមើល 2752
post_detail

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ទទួលជួបជាមួយលោក ថន វណ្ដុង នាយកប្រតិបត្តិអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីការអភិវឌ្ឍសង្គម ដើម្បីពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពនៃការអនុវត្តគម្រោងរួមគ្នានៅតាមមូលដ្ឋាន ដើម្បីរួមចំណែកជួយពលរដ្ឋតាមមូលដ្ឋាន និងផ្តល់ឱកាសសិក្សារៀនសូត្រដល់កុមារនៅតាមទីជនបទ។ 

អង្គការសកម្មភាពព្រះពុទ្ធ​សាសនា ដើម្បីការអភិវឌ្ឍសង្គម (BSDA) មិនធ្វើការបម្រើឱ្យគណបក្សនយោបាយណាឬក៏ផ្សព្វផ្សាយពីសាសនារបស់សមាជិកខ្លួនឡើយ។ BSDA ជាអង្គការសហគមន៍បានបង្កើតឡើង ដោយឈរលើគោលការណ៍ព្រះពុទ្ធសាសនានៃធម៌មេត្តា ដើម្បីផ្តល់អំណាចដល់ប្រជាជនដែលងាយរងគ្រោះ និងលើកកម្ពស់ការចូលរួមទំនាក់ទំនងល្អក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីរួមចំណែកលុបបំបាត់ភាពក្រីក្រ។ 

នៅក្នុងឱកាសនៃជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាដើម្បីរកលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការលើប្រធានបទដូចខាងក្រោម៖ 

១) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់សិក្ខាកាមនៃភាគីទាំងពីរ

២) ការបញ្ជូនគ្រូឧទ្ទេសទៅបណ្តុះបណ្តាលតាមភាពចាំបាច់របស់ដៃគូ

៣) ការស្វែងរកដៃគូអភិវឌ្ឍផ្សេងទៀតដើម្បីប្រយោជន៍រួមរបស់ភាគីទាំងពីរ

៤) ការបណ្តុះបណ្តាលជំនាញសម្រាប់ពលរដ្ឋនៅតំបន់ឧទ្យានឫស្សីត្រឹប ដែលមានទីតាំងក្នុងខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា

៥) ធ្វើរួមគ្នាក្នុងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដូចជា៖ កម្មវិធីអប់រំ, កម្មវិធីសុខភាព, កម្មវិធីបម្រែបម្រួលអាកាសធាតុ, កម្មវិធីគណនេយ្យភាពសង្គម, កម្មវិធីសហគ្រាសសង្គម។

សូមបញ្ជាក់ថា នេះគ្រាន់តែជាការពិភាក្សាដើម្បីស្វែងយល់លទ្ធភាពនៃការបំពេញការងារតែប៉ុណ្ណោះ ហើយការបំពេញសកម្មភាពណាមួយរបស់ភាគីទាំងពីរ នឹងត្រូវធ្វើឡើងដោយមានការពិភាក្សា និងផែនការច្បាស់លាស់សម្រាប់ភាគីទាំងពីរ។ ជំនួបនេះបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅរាជបណ្ឌិត្យសភាកម្ពុជា។ 

RAC Media


អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស