ព័ត៌មាន

«ច្បាប់គ្រប់គ្រងអ៊ិនធឺណិតនៅវៀតណាមបានចូលជាធរមាននៅដើមឆ្នាំ ២០១៩នេះ» ដោយ លោក ស៊ឺន សម

2019-01-03 05:22:21 ថ្ងៃព្រហស្បតិ៍, 03 មករា 2019 ម៉ោង 12:22 PM
អ្នកមើល 3192
post_detail

វៀតណាម ដែលជាប្រទេសមួយនៅជិតខាងកម្ពុជា ហើយដែលជាប្រទេសមួយមានទំនាក់ទំនល្អជាមួយកម្ពុជាផងដែរនោះ  បានបង្កើតច្បាប់គ្រប់គ្រងអ៊ិនធឺណិត ដោយច្បាប់នោះបានចូលជាធរមាននៅថ្ងៃទី១​ ខែមករា ​ឆ្នាំ២០១៩នេះ។ 

កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ សមាជិកសភាសហរដ្ឋអាម៉េរិកមួយក្រុម ដែលមានគ្នាចំនួន១៧រូប បានសរសេរលិខិតមួយច្បាប់ផ្ញើជូនរដ្ឋាភិបាលវៀតណាម ដើម្បីប្រឆាំងជំទាស់នឹងច្បាប់គ្រប់គ្រងអ៊ិនធឺណិត​ដ៏តឹងរ៉ឹងនេះ  ដែលបានតម្រូវឱ្យក្រុមហ៊ុនអ៊ិនធឺណិត ដូចជា Facebook និង Google រក្សាព័ត៌មាន​របស់អ្នកប្រើប្រាស់នៅក្នុងប្រទេស ហើយតម្រូវឱ្យក្រុមហ៊ុនទាំងនោះបើកការិយាល័យនៅក្នុងប្រទេស​របស់ខ្លួនផងដែរ។ 

ច្បាប់ថ្មីនេះ ត្រូវបានរដ្ឋាភិបាលវៀតណាមអនុម័តកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ហើយតម្រូវឱ្យក្រុមហ៊ុនអ៊ិនធឺណិត បញ្ជាក់ព័ត៌មានរបស់អ្នកប្រើប្រាស់ និងបង្ហាញទិន្នន័យរបស់អ្នកប្រើប្រាស់ទៅកាន់អាជ្ញាធរ ដោយមិនតម្រូវឱ្យមានដីការបស់តុលាការឡើយ។ 

សកម្មជន និងអ្នកតស៊ូមតិជាច្រើនបានសំដែងការមិនពេញចិត្តចំពោះការអនុម័តច្បាប់នេះ ហើយមានជនជាតិវៀតណាមខ្លះបានសំដែងមតិនៅតាមបណ្តាញសង្គម Twitter ថា «ចាប់ពីថ្ងៃនេះតទៅ ពួកគេនឹងបង្ហាញតែរូបថតសែលហ្វីដែលបង្ហាញពីភាពសប្បាយ ហើយនឹងមិនបញ្ចេញយោបល់អ្វីផ្សេងនោះទេ»។ 

វៀតណាម ជាប្រទេសមួយដែលមានភាពប៉ិនប្រសប់នៅក្នុងការប្រើប្រាស់នយោបាយការបរទេស ហើយស្របពេលដែលកម្ពុជាបានរងសម្ពាធនៃការដកការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបនោះ វៀតណាមដែលជាប្រទេសមិនសូវមានស្ថានភាពសិទ្ធិមនុស្សល្អជាងកម្ពុជានោះ បែរជាទទួលបានការអនុគ្រោះពិសេសពីសហភាពអឺរ៉ុបទៅវិញ។ នៅក្នុងចំណុចនេះ ហាក់បានបញ្ជាក់ថា «អ្នកដែលប៉ិនប្រសប់ នឹងទទួលបានការស្រឡាញ់» ឬថា «ខ្ញុំមិនស៊ីជោរទេ តែបើបង្អាប់ខឹង»។ 

ប្រទេស​វៀតណាម​មាន​លក្ខណៈ​ស្រដៀង​គ្នា​ជាក់​ច្បាស់​មួយ​ចំនួន ដូចគ្នាទៅនឹងប្រទេសចិនដែរ ដូចជា ​ការ​ដឹកនាំ​ដោយ​គណបក្ស​កុម្មុយនិស្ត​បែប​ឯក​បក្ស ការ​ដាក់​កំហិត​លើ​អ៊ីនធឺណិត និង​ក្រុមហ៊ុន​អ៊ីនធឺណិត និង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ខ្ពស់​ដែល​នាំ​មុខ​ដោយ​ការ​នាំ​ចេញ បន្ទាប់ពី​បាន​ចាប់ផ្ដើម​ធ្វើ​ឯកជនូបនីយកម្ម​នៅ​ក្នុង​ទសវត្សរ៍១៩៨០ ជា​ដើម។ ប៉ុន្តែ ចំណុច​ខុស​គ្នា​សំខាន់​រវាង​ប្រទេស​ទាំង​ពីរ​គឺ​ថា នៅ​ក្នុង​ប្រទេស​វៀតណាម ជា​ទូទៅ​គេ​ឃើញ​ដៃគូ​បរទេស​នានា​អាច​សម្រេច​បាន​នូវ​កិច្ច​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​ដោះស្រាយ​ភាព​ខ្វែង​គំនិត​គ្នាបែប​ទ្វេភាគី។

មូលហេតុដែលខ្ញុំលើកយកប្រទេសចិន មកនិយាយខាងលើបន្តិចនោះ គឺចង់បញ្ជាក់ថា ប្រទេសចិនជាប្រទេសមហាអំណាចមួយក្នុងពិភពលោក ហើយវៀតណាមបានយកលំនាំរបស់ប្រទេសចិនក្នុងការអភិវឌ្ឍប្រទេស ដោយមិនខ្វល់ថាអ្នកណានិយាយយ៉ាងណា ឬអ្នកណានិយាយរិះគន់ខ្លួននោះទេ ឱ្យតែចំណុចនោះសំខាន់សម្រាប់ការអភិវឌ្ឍប្រទេស ឬការគ្រប់គ្រងស្ថានការណ៍ប្រទេស នោះគេនឹងអនុម័តដើម្បីការពារប្រយោជន៍ និងសន្តិសុខជាតិរបស់គេ។ 

ពេលខ្លះវាជាការលំបាកណាស់សម្រាប់ពលរដ្ឋនៃប្រទេសផ្សេង ដើម្បីធ្វើការវិនិច្ឆ័យស្ថានការណ៍ ឬសាច់រឿងមួយ ដែលកំពុងតែកើតឡើង ឬបានកើតឡើងនៅក្នុងប្រទេសមួយទៀត ឧទាហរណ៍ ករណីរបស់លោកស្រី អ៊ុង សានស៊ូជី នៃប្រទេសភូមា ដែលនៅពេលនេះ ត្រូវបានប្រទេសលោកខាងលិចសម្តែងការខកចិត្តដោយសារតែការមិនយកចិត្តទុកដាក់របស់លោកស្រីចំពោះបញ្ហាជនជាតិរ៉ូហីងយ៉ា តែសម្រាប់ពលរដ្ឋភូមាភាគច្រើន នាំគ្នាគោរពស្រឡាញ់លោកស្រី ក្នុងនាមជាអ្នកដឹកនាំរបស់ពួកគេ។ 

ចំណែកឯប្រទេសចិនវិញ មានការរឹតបន្តឹងលើប្រព័ន្ធអ៊ិនធឺណិតណាស់ ដោយសារតែរដ្ឋាភិបាលចិនមិនបានអនុញ្ញាតឱ្យពលរដ្ឋចិនប្រើប្រាស់បណ្តាញសង្គមនានាដូចជា Facebook, Twitter, ឬ​ Google ដែលបង្កើតដោយប្រទេសលោកខាងលិចនោះទេ ដោយតម្រូវឱ្យពលរដ្ឋប្រើបណ្តាញសង្គមដែលបង្កើតឡើងដោយប្រទេសចិនខ្លួនឯងជំនួសវិញ តែពលរដ្ឋភាគច្រើនហាក់មានការពេញចិត្ត នៅពេលដែលប្រទេសមានការរីកចម្រើន និងមានស្ថិរភាព​ ហើយពលរដ្ឋភាគច្រើនក៏មានអារម្មណ៍ជាតិនិយមចំពោះប្រទេសរបស់គេណាស់ដែរ។ 

ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេស រដ្ឋាភិបាលនៃប្រទេសមួយអាចនឹងអនុវត្តច្បាប់ផ្សេងគ្នាទៅតាមភាពចាំបាច់របស់ប្រទេសនោះ ហើយពេលខ្លះ ការមើលពីខាងក្រៅ ដោយមិនមានសិក្សាឱ្យបានស៊ីជម្រៅនោះទេ នាំឱ្យមានការសន្និដ្ឋានខុសអំពីអ្វីដែលកំពុងតែកើតមាននោះ។ 

(លោក ស៊ឺន សម គឺជាមន្ត្រីទំនាក់ទំនងសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជារាល់មតិយោបល់ដែលមាននៅក្នុងអត្ថ​បទនេះ មិនបានឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រាជបណ្ឌិត្យសភាកម្ពុជាទាំងមូលនោះទេ)។



អត្ថបទទាក់ទង

ឯកឧត្តមបណ្ឌិត យង់ ពៅ៖ ទឹក គឺជាជីវិត

កាលពីថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម បណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ...

2023-08-19 02:27:16   ថ្ងៃសៅរ៍, 19 សីហា 2023 ម៉ោង 09:27 AM
Sustaining Cambodia's Relations with Japan in the Indo-Pacific Era By: Dr. Seun Sam

In the ever-evolving landscape of international relations, Cambodia's strategic partnership with Japan has played a significant role in shaping the country's development and progress. As the Indo-Paci...

2023-08-15 15:18:16   ថ្ងៃអង្គារ, 15 សីហា 2023 ម៉ោង 10:18 PM
Wang Yi's Visit to Cambodia is very Important and Meaningful By: Dr. Seun Sam

The visit of Chinese Foreign Minister Wang Yi in Cambodia from August 12-13, 2023 holds immense significance, not only for the bilateral relations between the two nations but also for the broader regi...

2023-08-12 08:09:33   ថ្ងៃសៅរ៍, 12 សីហា 2023 ម៉ោង 03:09 PM
ភស្ដុតាងបុរាណវត្ថុនៅស្ថានីយស្រែអំពិល ដោយ៖ ឯកឧត្តមបណ្ឌិត ផុន កសិកាប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម, រាជបណ្ឌិត្យសភាកម្ពុជានិង លោក៖ ផុន ជាកុសល សមាជិកក្រុមប្រឹក្សាស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

ស្រែអំពិល គឺជាឈ្មោះភូមិមួយស្ថិតនៅក្នុងឃុំឈើទាល ស្រុកគៀនស្វាយ ខេត្ត កណ្តាល ហើយក៏ជាភូមិមួយបន្សល់ទុកគ្រឹះប្រាសាទយ៉ាងច្រើន ដែលនៅរាយពាសពេញបរិវេណនៃតំបន់ទាំងមូល ព្រមទាំងបំណែកកុលាលភាជន៍ ជាច្រើននៅរាយប៉ាយតាមទ...

2023-08-07 14:32:58   ថ្ងៃចន្ទ, 07 សីហា 2023 ម៉ោង 09:32 PM
Cambodian Students’ Motivation to Learn English: A Case Study of a Private University in Phnom Penh By: Sothea Seng, Secretariat of Council of Academicians, Royal Academy of Cambodia

The present small-scale study examined the relationship between integrative and instrumental motivation and English proficiency among Cambodian university students. The participants were seventy-two (...

2023-08-07 14:13:07   ថ្ងៃចន្ទ, 07 សីហា 2023 ម៉ោង 09:13 PM
សំណង់ស្ថាបត្យកម្ម និង រចនាបថនៃប្រាសាទត្រពាំងប្រាសាទ ដោយ៖ ឯកឧត្ដមបណ្ឌិត ផុន កសិកា- ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

ការសិក្សាស្រាវជ្រាវ បានចាប់ផ្តើមនៅដើមសតវត្សទី២០ ដោយមានអ្នកប្រាជ្ញជនជាតិបារាំបានសិក្សាចុះបញ្ជីប្រាសាទ ទូទាំងប្រទេសកម្ពុជា រួមមានលោក Lunet De Lajonquière លោក Etienne Aymonier និងលោក Bernard Phillipes Gr...

2023-08-05 13:27:10   ថ្ងៃសៅរ៍, 05 សីហា 2023 ម៉ោង 08:27 PM

សេចក្តីប្រកាស