ព័ត៌មាន

«ច្បាប់គ្រប់គ្រងអ៊ិនធឺណិតនៅវៀតណាមបានចូលជាធរមាននៅដើមឆ្នាំ ២០១៩នេះ» ដោយ លោក ស៊ឺន សម

2019-01-03 05:22:21 ថ្ងៃព្រហស្បតិ៍, 03 មករា 2019 ម៉ោង 12:22 PM
អ្នកមើល 3401
post_detail

វៀតណាម ដែលជាប្រទេសមួយនៅជិតខាងកម្ពុជា ហើយដែលជាប្រទេសមួយមានទំនាក់ទំនល្អជាមួយកម្ពុជាផងដែរនោះ  បានបង្កើតច្បាប់គ្រប់គ្រងអ៊ិនធឺណិត ដោយច្បាប់នោះបានចូលជាធរមាននៅថ្ងៃទី១​ ខែមករា ​ឆ្នាំ២០១៩នេះ។ 

កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ សមាជិកសភាសហរដ្ឋអាម៉េរិកមួយក្រុម ដែលមានគ្នាចំនួន១៧រូប បានសរសេរលិខិតមួយច្បាប់ផ្ញើជូនរដ្ឋាភិបាលវៀតណាម ដើម្បីប្រឆាំងជំទាស់នឹងច្បាប់គ្រប់គ្រងអ៊ិនធឺណិត​ដ៏តឹងរ៉ឹងនេះ  ដែលបានតម្រូវឱ្យក្រុមហ៊ុនអ៊ិនធឺណិត ដូចជា Facebook និង Google រក្សាព័ត៌មាន​របស់អ្នកប្រើប្រាស់នៅក្នុងប្រទេស ហើយតម្រូវឱ្យក្រុមហ៊ុនទាំងនោះបើកការិយាល័យនៅក្នុងប្រទេស​របស់ខ្លួនផងដែរ។ 

ច្បាប់ថ្មីនេះ ត្រូវបានរដ្ឋាភិបាលវៀតណាមអនុម័តកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ហើយតម្រូវឱ្យក្រុមហ៊ុនអ៊ិនធឺណិត បញ្ជាក់ព័ត៌មានរបស់អ្នកប្រើប្រាស់ និងបង្ហាញទិន្នន័យរបស់អ្នកប្រើប្រាស់ទៅកាន់អាជ្ញាធរ ដោយមិនតម្រូវឱ្យមានដីការបស់តុលាការឡើយ។ 

សកម្មជន និងអ្នកតស៊ូមតិជាច្រើនបានសំដែងការមិនពេញចិត្តចំពោះការអនុម័តច្បាប់នេះ ហើយមានជនជាតិវៀតណាមខ្លះបានសំដែងមតិនៅតាមបណ្តាញសង្គម Twitter ថា «ចាប់ពីថ្ងៃនេះតទៅ ពួកគេនឹងបង្ហាញតែរូបថតសែលហ្វីដែលបង្ហាញពីភាពសប្បាយ ហើយនឹងមិនបញ្ចេញយោបល់អ្វីផ្សេងនោះទេ»។ 

វៀតណាម ជាប្រទេសមួយដែលមានភាពប៉ិនប្រសប់នៅក្នុងការប្រើប្រាស់នយោបាយការបរទេស ហើយស្របពេលដែលកម្ពុជាបានរងសម្ពាធនៃការដកការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបនោះ វៀតណាមដែលជាប្រទេសមិនសូវមានស្ថានភាពសិទ្ធិមនុស្សល្អជាងកម្ពុជានោះ បែរជាទទួលបានការអនុគ្រោះពិសេសពីសហភាពអឺរ៉ុបទៅវិញ។ នៅក្នុងចំណុចនេះ ហាក់បានបញ្ជាក់ថា «អ្នកដែលប៉ិនប្រសប់ នឹងទទួលបានការស្រឡាញ់» ឬថា «ខ្ញុំមិនស៊ីជោរទេ តែបើបង្អាប់ខឹង»។ 

ប្រទេស​វៀតណាម​មាន​លក្ខណៈ​ស្រដៀង​គ្នា​ជាក់​ច្បាស់​មួយ​ចំនួន ដូចគ្នាទៅនឹងប្រទេសចិនដែរ ដូចជា ​ការ​ដឹកនាំ​ដោយ​គណបក្ស​កុម្មុយនិស្ត​បែប​ឯក​បក្ស ការ​ដាក់​កំហិត​លើ​អ៊ីនធឺណិត និង​ក្រុមហ៊ុន​អ៊ីនធឺណិត និង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ខ្ពស់​ដែល​នាំ​មុខ​ដោយ​ការ​នាំ​ចេញ បន្ទាប់ពី​បាន​ចាប់ផ្ដើម​ធ្វើ​ឯកជនូបនីយកម្ម​នៅ​ក្នុង​ទសវត្សរ៍១៩៨០ ជា​ដើម។ ប៉ុន្តែ ចំណុច​ខុស​គ្នា​សំខាន់​រវាង​ប្រទេស​ទាំង​ពីរ​គឺ​ថា នៅ​ក្នុង​ប្រទេស​វៀតណាម ជា​ទូទៅ​គេ​ឃើញ​ដៃគូ​បរទេស​នានា​អាច​សម្រេច​បាន​នូវ​កិច្ច​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​ដោះស្រាយ​ភាព​ខ្វែង​គំនិត​គ្នាបែប​ទ្វេភាគី។

មូលហេតុដែលខ្ញុំលើកយកប្រទេសចិន មកនិយាយខាងលើបន្តិចនោះ គឺចង់បញ្ជាក់ថា ប្រទេសចិនជាប្រទេសមហាអំណាចមួយក្នុងពិភពលោក ហើយវៀតណាមបានយកលំនាំរបស់ប្រទេសចិនក្នុងការអភិវឌ្ឍប្រទេស ដោយមិនខ្វល់ថាអ្នកណានិយាយយ៉ាងណា ឬអ្នកណានិយាយរិះគន់ខ្លួននោះទេ ឱ្យតែចំណុចនោះសំខាន់សម្រាប់ការអភិវឌ្ឍប្រទេស ឬការគ្រប់គ្រងស្ថានការណ៍ប្រទេស នោះគេនឹងអនុម័តដើម្បីការពារប្រយោជន៍ និងសន្តិសុខជាតិរបស់គេ។ 

ពេលខ្លះវាជាការលំបាកណាស់សម្រាប់ពលរដ្ឋនៃប្រទេសផ្សេង ដើម្បីធ្វើការវិនិច្ឆ័យស្ថានការណ៍ ឬសាច់រឿងមួយ ដែលកំពុងតែកើតឡើង ឬបានកើតឡើងនៅក្នុងប្រទេសមួយទៀត ឧទាហរណ៍ ករណីរបស់លោកស្រី អ៊ុង សានស៊ូជី នៃប្រទេសភូមា ដែលនៅពេលនេះ ត្រូវបានប្រទេសលោកខាងលិចសម្តែងការខកចិត្តដោយសារតែការមិនយកចិត្តទុកដាក់របស់លោកស្រីចំពោះបញ្ហាជនជាតិរ៉ូហីងយ៉ា តែសម្រាប់ពលរដ្ឋភូមាភាគច្រើន នាំគ្នាគោរពស្រឡាញ់លោកស្រី ក្នុងនាមជាអ្នកដឹកនាំរបស់ពួកគេ។ 

ចំណែកឯប្រទេសចិនវិញ មានការរឹតបន្តឹងលើប្រព័ន្ធអ៊ិនធឺណិតណាស់ ដោយសារតែរដ្ឋាភិបាលចិនមិនបានអនុញ្ញាតឱ្យពលរដ្ឋចិនប្រើប្រាស់បណ្តាញសង្គមនានាដូចជា Facebook, Twitter, ឬ​ Google ដែលបង្កើតដោយប្រទេសលោកខាងលិចនោះទេ ដោយតម្រូវឱ្យពលរដ្ឋប្រើបណ្តាញសង្គមដែលបង្កើតឡើងដោយប្រទេសចិនខ្លួនឯងជំនួសវិញ តែពលរដ្ឋភាគច្រើនហាក់មានការពេញចិត្ត នៅពេលដែលប្រទេសមានការរីកចម្រើន និងមានស្ថិរភាព​ ហើយពលរដ្ឋភាគច្រើនក៏មានអារម្មណ៍ជាតិនិយមចំពោះប្រទេសរបស់គេណាស់ដែរ។ 

ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេស រដ្ឋាភិបាលនៃប្រទេសមួយអាចនឹងអនុវត្តច្បាប់ផ្សេងគ្នាទៅតាមភាពចាំបាច់របស់ប្រទេសនោះ ហើយពេលខ្លះ ការមើលពីខាងក្រៅ ដោយមិនមានសិក្សាឱ្យបានស៊ីជម្រៅនោះទេ នាំឱ្យមានការសន្និដ្ឋានខុសអំពីអ្វីដែលកំពុងតែកើតមាននោះ។ 

(លោក ស៊ឺន សម គឺជាមន្ត្រីទំនាក់ទំនងសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជារាល់មតិយោបល់ដែលមាននៅក្នុងអត្ថ​បទនេះ មិនបានឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រាជបណ្ឌិត្យសភាកម្ពុជាទាំងមូលនោះទេ)។



អត្ថបទទាក់ទង

«កិច្ចប្រជុំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា»

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅរាជ​បណ្ឌិត្យសភាកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតី...

2020-01-29 10:28:00   ថ្ងៃពុធ, 29 មករា 2020 ម៉ោង 05:28 PM
«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា»

កាលពីរសៀលថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័...

2020-01-29 03:09:29   ថ្ងៃពុធ, 29 មករា 2020 ម៉ោង 10:09 AM
«ការសិតបដិមាទោលព្រះនាងឥន្រ្ទទេវី» ស្រាវជ្រាវនិងចងក្រងដោយ៖ យង់ ពៅ, ផុន កសិកា, ម៉ិល វាសនា, តាកេត ស័កដា, ហឿង សុធារស់, ប្រែង ពិសិដ្ឋ

...

2020-01-28 09:47:46   ថ្ងៃអង្គារ, 28 មករា 2020 ម៉ោង 04:47 PM
«ការសិក្សាអង្កេតបឋមអំពីម៉ូដសក់ផ្នួងមួយនៃចម្លាក់អប្សរនៅប្រាសាទអង្គវត្ត» ដោយ៖ ដោយ នូ ចាន់សុភី, ម៉ិល វាសនា, ប្រែង ពិសិដ្ឋ

...

2020-01-23 07:39:52   ថ្ងៃព្រហស្បតិ៍, 23 មករា 2020 ម៉ោង 02:39 PM
«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តពាក្យរបស់គណៈកម្មការព័ត៌មានវិទ្យា និងពិភាក្សា អនុម័តបច្ចេកសព្ទ បរិស្ថាននិងធនធានធម្មជាតិ...»

កាលពីរសៀលថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើក កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអ...

2020-01-23 05:21:31   ថ្ងៃព្រហស្បតិ៍, 23 មករា 2020 ម៉ោង 12:21 PM
«មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាត្រូវតែជាមន្ត្រីដែលមានសមត្ថភាពសកម្ម សីលធម៌ និងគោរពវិជ្ជាជីវៈពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាត្រូវតែជាមន្ត្រីដែលមានសមត្ថភាពសកម្ម សីលធម៌ និងគោរពវិជ្ជាជីវៈពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍជាតិឱ្យកាន់តែចម្រើន។ នេះជាប្រសាសន៍ក្រើនរម្លឹកថ្នាក់ដឹកនាំវ...

2020-01-22 05:23:38   ថ្ងៃពុធ, 22 មករា 2020 ម៉ោង 12:23 PM

សេចក្តីប្រកាស