Royal Academy of Cambodia
វៀតណាម ដែលជាប្រទេសមួយនៅជិតខាងកម្ពុជា ហើយដែលជាប្រទេសមួយមានទំនាក់ទំនល្អជាមួយកម្ពុជាផងដែរនោះ បានបង្កើតច្បាប់គ្រប់គ្រងអ៊ិនធឺណិត ដោយច្បាប់នោះបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩នេះ។
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ សមាជិកសភាសហរដ្ឋអាម៉េរិកមួយក្រុម ដែលមានគ្នាចំនួន១៧រូប បានសរសេរលិខិតមួយច្បាប់ផ្ញើជូនរដ្ឋាភិបាលវៀតណាម ដើម្បីប្រឆាំងជំទាស់នឹងច្បាប់គ្រប់គ្រងអ៊ិនធឺណិតដ៏តឹងរ៉ឹងនេះ ដែលបានតម្រូវឱ្យក្រុមហ៊ុនអ៊ិនធឺណិត ដូចជា Facebook និង Google រក្សាព័ត៌មានរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេស ហើយតម្រូវឱ្យក្រុមហ៊ុនទាំងនោះបើកការិយាល័យនៅក្នុងប្រទេសរបស់ខ្លួនផងដែរ។
ច្បាប់ថ្មីនេះ ត្រូវបានរដ្ឋាភិបាលវៀតណាមអនុម័តកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ហើយតម្រូវឱ្យក្រុមហ៊ុនអ៊ិនធឺណិត បញ្ជាក់ព័ត៌មានរបស់អ្នកប្រើប្រាស់ និងបង្ហាញទិន្នន័យរបស់អ្នកប្រើប្រាស់ទៅកាន់អាជ្ញាធរ ដោយមិនតម្រូវឱ្យមានដីការបស់តុលាការឡើយ។
សកម្មជន និងអ្នកតស៊ូមតិជាច្រើនបានសំដែងការមិនពេញចិត្តចំពោះការអនុម័តច្បាប់នេះ ហើយមានជនជាតិវៀតណាមខ្លះបានសំដែងមតិនៅតាមបណ្តាញសង្គម Twitter ថា «ចាប់ពីថ្ងៃនេះតទៅ ពួកគេនឹងបង្ហាញតែរូបថតសែលហ្វីដែលបង្ហាញពីភាពសប្បាយ ហើយនឹងមិនបញ្ចេញយោបល់អ្វីផ្សេងនោះទេ»។
វៀតណាម ជាប្រទេសមួយដែលមានភាពប៉ិនប្រសប់នៅក្នុងការប្រើប្រាស់នយោបាយការបរទេស ហើយស្របពេលដែលកម្ពុជាបានរងសម្ពាធនៃការដកការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបនោះ វៀតណាមដែលជាប្រទេសមិនសូវមានស្ថានភាពសិទ្ធិមនុស្សល្អជាងកម្ពុជានោះ បែរជាទទួលបានការអនុគ្រោះពិសេសពីសហភាពអឺរ៉ុបទៅវិញ។ នៅក្នុងចំណុចនេះ ហាក់បានបញ្ជាក់ថា «អ្នកដែលប៉ិនប្រសប់ នឹងទទួលបានការស្រឡាញ់» ឬថា «ខ្ញុំមិនស៊ីជោរទេ តែបើបង្អាប់ខឹង»។
ប្រទេសវៀតណាមមានលក្ខណៈស្រដៀងគ្នាជាក់ច្បាស់មួយចំនួន ដូចគ្នាទៅនឹងប្រទេសចិនដែរ ដូចជា ការដឹកនាំដោយគណបក្សកុម្មុយនិស្តបែបឯកបក្ស ការដាក់កំហិតលើអ៊ីនធឺណិត និងក្រុមហ៊ុនអ៊ីនធឺណិត និងការរីកចម្រើនសេដ្ឋកិច្ចខ្ពស់ដែលនាំមុខដោយការនាំចេញ បន្ទាប់ពីបានចាប់ផ្ដើមធ្វើឯកជនូបនីយកម្មនៅក្នុងទសវត្សរ៍១៩៨០ ជាដើម។ ប៉ុន្តែ ចំណុចខុសគ្នាសំខាន់រវាងប្រទេសទាំងពីរគឺថា នៅក្នុងប្រទេសវៀតណាម ជាទូទៅគេឃើញដៃគូបរទេសនានាអាចសម្រេចបាននូវកិច្ចប្រឹងប្រែងរបស់ពួកគេដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នាបែបទ្វេភាគី។
មូលហេតុដែលខ្ញុំលើកយកប្រទេសចិន មកនិយាយខាងលើបន្តិចនោះ គឺចង់បញ្ជាក់ថា ប្រទេសចិនជាប្រទេសមហាអំណាចមួយក្នុងពិភពលោក ហើយវៀតណាមបានយកលំនាំរបស់ប្រទេសចិនក្នុងការអភិវឌ្ឍប្រទេស ដោយមិនខ្វល់ថាអ្នកណានិយាយយ៉ាងណា ឬអ្នកណានិយាយរិះគន់ខ្លួននោះទេ ឱ្យតែចំណុចនោះសំខាន់សម្រាប់ការអភិវឌ្ឍប្រទេស ឬការគ្រប់គ្រងស្ថានការណ៍ប្រទេស នោះគេនឹងអនុម័តដើម្បីការពារប្រយោជន៍ និងសន្តិសុខជាតិរបស់គេ។
ពេលខ្លះវាជាការលំបាកណាស់សម្រាប់ពលរដ្ឋនៃប្រទេសផ្សេង ដើម្បីធ្វើការវិនិច្ឆ័យស្ថានការណ៍ ឬសាច់រឿងមួយ ដែលកំពុងតែកើតឡើង ឬបានកើតឡើងនៅក្នុងប្រទេសមួយទៀត ឧទាហរណ៍ ករណីរបស់លោកស្រី អ៊ុង សានស៊ូជី នៃប្រទេសភូមា ដែលនៅពេលនេះ ត្រូវបានប្រទេសលោកខាងលិចសម្តែងការខកចិត្តដោយសារតែការមិនយកចិត្តទុកដាក់របស់លោកស្រីចំពោះបញ្ហាជនជាតិរ៉ូហីងយ៉ា តែសម្រាប់ពលរដ្ឋភូមាភាគច្រើន នាំគ្នាគោរពស្រឡាញ់លោកស្រី ក្នុងនាមជាអ្នកដឹកនាំរបស់ពួកគេ។
ចំណែកឯប្រទេសចិនវិញ មានការរឹតបន្តឹងលើប្រព័ន្ធអ៊ិនធឺណិតណាស់ ដោយសារតែរដ្ឋាភិបាលចិនមិនបានអនុញ្ញាតឱ្យពលរដ្ឋចិនប្រើប្រាស់បណ្តាញសង្គមនានាដូចជា Facebook, Twitter, ឬ Google ដែលបង្កើតដោយប្រទេសលោកខាងលិចនោះទេ ដោយតម្រូវឱ្យពលរដ្ឋប្រើបណ្តាញសង្គមដែលបង្កើតឡើងដោយប្រទេសចិនខ្លួនឯងជំនួសវិញ តែពលរដ្ឋភាគច្រើនហាក់មានការពេញចិត្ត នៅពេលដែលប្រទេសមានការរីកចម្រើន និងមានស្ថិរភាព ហើយពលរដ្ឋភាគច្រើនក៏មានអារម្មណ៍ជាតិនិយមចំពោះប្រទេសរបស់គេណាស់ដែរ។
ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេស រដ្ឋាភិបាលនៃប្រទេសមួយអាចនឹងអនុវត្តច្បាប់ផ្សេងគ្នាទៅតាមភាពចាំបាច់របស់ប្រទេសនោះ ហើយពេលខ្លះ ការមើលពីខាងក្រៅ ដោយមិនមានសិក្សាឱ្យបានស៊ីជម្រៅនោះទេ នាំឱ្យមានការសន្និដ្ឋានខុសអំពីអ្វីដែលកំពុងតែកើតមាននោះ។
(លោក ស៊ឺន សម គឺជាមន្ត្រីទំនាក់ទំនងសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជារាល់មតិយោបល់ដែលមាននៅក្នុងអត្ថបទនេះ មិនបានឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រាជបណ្ឌិត្យសភាកម្ពុជាទាំងមូលនោះទេ)។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានបង្កើតឡើងដើម្បីជួយជ្រោមជ្រែងដល់អ្នកនាំចេញ ឬអ្នកនាំ ចូលទៅប្រទេសជាដៃគូតាមរយៈការផ្តល់ទីផ្សារ និងការបន្តយរបាំងពាណិជ្ជកម្ម។កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម...
កាលពីព្រឹកថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្ត្រសង្គម បានដឹកនាំក្រុមការងារមានល...
ប្រេងជាថាមពលដ៏សំខាន់ក្នុងផលិតកម្មសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ ផលិតកម្មពីធម្មជាតិ និងពាណិជ្ជកម្មប្រេងកាតបានក្លាយជាឧស្សាហកម្មដ៏ធំរបស់ពិភពលោក ពិសេស ប្រទេសនាំប្រេងចេញដែលហៅថា អូប៉ិច (OPEC)។ ផលិតកម្...
ផ្អែកលើលក្ខណៈភូមិសាស្ត្រ «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» គឺជាតំបន់មួយដែលលាតសន្ធឹងលើតំបន់មហាសមុទ្រពីរ គឺមហាឥណ្ឌានិងសមុទ្រប៉ាស៊ីហ្វិក។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ប្រទេសចិនបានដាក់ចេញនូវការផ្លាស់ប្តូរផែនទីគំនិត...
ជម្លោះពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក បានចាប់ផ្ទុះឡើងមុនដំបូងនៅដើមឆ្នាំ២០១៨។ សង្រ្គាមពាណិជ្ជកម្មវាងប្រទេសមហាអំណាចទាំងពីរនេះ បានអូសបន្លាយជាច្រើនខែដែលអាចជះឥទ្ធិពលដ៏ខ្លាំងក្លាមួយបណ្តាលឱ្យប៉ះពាល...