Royal Academy of Cambodia
លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូ ណាល់ត្រាំ បានសម្រេចចិត្តភ្លាមៗក្នុងការដកទ័ពអាម៉េរិកទាំងអស់ចេញពីប្រទេសស៊ីរី ហើយចំណុចនេះគឺជាការរំលឹកថ្មីមួយទៀតដល់អ្នកដែលជឿការសន្យារបស់អាមេរិក។
នាយឧត្តមសេនីយ៍របស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តសហភាពអឺរ៉ុប មានការខឹងសម្បារចំពោះការជាប់ទាក់ទងនៃភូមិសាស្ត្រនយោបាយ ដោយសារតែការផ្លាស់ប្តូរមិនទៀងរបស់អាម៉េរិក។ នៅពេលដែលអាម៉េរិកដកខ្លួនចេញពីប្រទេសស៊ីរី កងកម្លាំងឃើដគាំទ្រដោយអាម៉េរិក ដែលបានវាយប្រហារប្រឆាំងក្រុមរដ្ឋឥស្លាមក្នុងនាមសហរដ្ឋអាម៉េរិកនៅភាគខាងជើងនៃប្រទេសស៊ីរី នឹងទទួលរងការវាយប្រហារដ៏ខ្លាំង។
ការដកខ្លួនរបស់អាម៉េរិកចេញពីប្រទេសស៊ីរីនៅពេលនេះ ធ្វើឱ្យនឹកឃើញដល់លោកសេនាប្រមុខ លន់ ណល់ ដែលជាអ្នកជឿជាក់លើសហរដ្ឋអាម៉េរិក ហើយបានផ្ញើវាសនាប្រទេសកម្ពុជាជាមួយអាម៉េរិក ដោយសង្ឃឹមថា អាម៉េរិកនឹងជួយកម្ពុជាឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំង ឬជាប្រទេសដែលរឹងមាំមួយ តែអ្វីៗមិនដូចការគិតនោះទេ ដោយសារសហរដ្ឋអាម៉េរិកតែងគិតពីប្រយោជន៍របស់ជាតិគេជាធំ ដូច្នេះហើយនៅពេលដែលអាម៉េរិកចាញ់សង្គ្រាមវៀតណាម អាម៉េរិកបានសម្រេចចិត្តដកខ្លួនចេញពីសង្គ្រាម ហើយក៏បានសម្រេចចិត្តចោលកម្ពុជាដែលជាមិត្តរបស់ខ្លួននៅពេលនោះដែរ។
ការដកខ្លួនចេញពីប្រទេសស៊ីរីនៅពេលនេះ មិនត្រឹមតែអាម៉េរិកម្នាក់នោះទេ តែក៏មានប្រទេសរុស្ស៊ី ដែលបានយល់ឃើញថា ការបន្តវត្តមានកងទ័ពរបស់ខ្លួននៅក្នុងប្រទេសស៊ីរី ជាការអត់ប្រយោជន៍ ហើយមានបំណងដកទ័ពចេញពីប្រទេសស៊ីរីដែរ។ កាលប្រទេសស៊ីរីនៅល្អ ប្រទេសមហាអំណាចនាំគ្នាដាក់ទ័ព ដោយភាគីខ្លះគាំទ្ររដ្ឋាភិបាល ហើយភាគីខ្លះទៀតគាំទ្រក្រុមប្រឆាំង ដោយធ្វើឱ្យមានការបាញ់ប្រហារ និងការសម្លាប់គ្នា ហើយអ្នកដែលស្លាប់ និងរងគ្រោះពិតប្រាកដ គឺប្រជាពលរដ្ឋស្លូតត្រង់របស់ស៊ីរី តែនៅពេលដែលមិនអាចស្តារប្រទេសស៊ីរីវិញបាន ប្រទេសមហាអំណាចនាំគ្នាដកខ្លួនចេញ ដោយប្រើពាក្យថា “ដល់ពេលដែលគេត្រូវដកកងទ័ពចេញហើយ ព្រោះបានកំចាត់សត្រូវអស់ហើយ”។
តើអ្នកណាជាសត្រូវពិតប្រាកដ? ប្រជាជនស៊ីរី ឬរដ្ឋាភិបាលស៊ីរី? ព្រោះថាភាគច្រើននៃអ្នកស្លាប់ចំពោះបញ្ហាសង្គ្រាមនៅស៊ីរី គឺជាពលរដ្ឋរបស់ប្រទេសស៊ីរី។
បញ្ហាប្រទេសស៊ីរីនៅពេលនេះ ជាការរំលឹកដល់ប្រទេសសម្ព័ន្ធមិត្តអាម៉េរិកជាច្រើនទៀត ដែលដូចជាកូរ៉េខាងត្បូង ជប៉ុន ហ្វីលីពីន និងសិង្ហបុរីជាដើម ឱ្យពិចារណាចំពោះមិត្តភាពរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក។ សម្រាប់ប្រទេសកម្ពុជាវិញ គឺមានមេរៀនច្រើនណាស់ ដែលត្រូវរៀនសូត្រ ទាំងជាមួយសហរដ្ឋអាម៉េរិក ឬជាមួយចិន។ ស្ថានការក្នុងប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកសេនាប្រមុខ លន់ ណល់ ជាមេរៀនឆ្លុះបញ្ចាំងអំពីទំនាក់ទំនងជាមួយសហអាម៉េរិក ហើយកម្ពុជាក្នុងសម័យខ្មែរក្រហម គឺជាមេរៀនដែលកម្ពុជាត្រូវរៀនសូត្រអំពីទំនាក់ទំនងជាមួយប្រទេសចិន។
ការប្រើប្រាស់នយោបាយការបរទេសដ៏ឆ្លាតវៃ ដូចអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បានកំពុងតែធ្វើនៅពេលបច្ចុប្បន្ននេះ គឺជាការត្រឹមត្រូវបំផុត ដោយមិនត្រូវប្រកាន់តែប្រទេសណាមួយ ឬលំអៀងទៅរកប្រទេសណាមួយនោះទេ គឺកម្ពុជាជាមិត្តជាមួយប្រទេសទាំងអស់ក្នុងលោក។
RAC Media
ថ្វីបើសហរដ្ឋអាម៉េរិក បានបង្កើតការិយាល័យកុងស៊ុល នៅប្រទេសវៀតណាម ដែលជាប្រទេសជិតខាងរបស់កម្ពុជា នៅចុងទសវត្សរ៍ ឆ្នាំ១៨០០ ក្ដី តែសហរដ្ឋអាម៉េរិក មិនទាន់មានវត្ដមានរបស់ខ្លួនជាផ្លូវការនៅភ្នំពេញ រហូតដល់ឆ្នាំ១៩៥០...
នៅរសៀលថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូ នៃសាកលវិទ្យាល័យ Northwest...
គម្រោងកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯកបានចាប់ដំណើរការឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក នៅ ស្ថានីយបុរាណវិទ្យាភូមិមូលជើងឯក ស្ថិ...
កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយដែលមានការចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធានរាជបណ្ឌិត...