ព័ត៌មាន

«ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញបិទកម្មវិធីសន្និសីទអន្តរជាតិ នៅសណ្ឋាគារអង្គរសេនជូរី»

2018-12-20 11:32:42 ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 06:32 PM
អ្នកមើល 3401
post_detail

ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី១៤ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក ៖ វប្បធម៌ ប្រវតិ្ត និងមោទកភាព» ដែលបានប្រារព្វធ្វើនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារអង្គរសេនជូរី ក្រុងសៀមរាប ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ 

នៅក្នុងឱកាសនៃការបិទកម្មវិធីនោះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន័ថា «ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ខ្ញុំមានសេចក្តីសោមនស្ស រីករាយជាអនេកកប្បការ ដោយបានចូលរួមជាអធិបតី ក្នុងពិធីបិទសន្និសីទអន្តរជាតិ លើកទី១៤ ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវត្តិ និងមោទកភាព » ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការឧបត្ថម្ភរបស់មូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់ នៅក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃនេះ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ បណ្ឌិត ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិ ដ៏មានសារប្រយោជន៍នេះ»  និងបានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ដែលបានមកពីការស្រាវជ្រាវក្នុងវិស័យវប្បធម៌នៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក។

សកម្មភាពរបស់មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជានៅពេលនេះ បានបង្ហាញឱ្យឃើញអំពីតម្លៃ និងសារៈប្រយោជន៍របស់អង្គសន្និសីទអន្តរជាតិលើកទី១៤ ស្ដីពី « តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវត្តិ និងមោទកភាព » ក្នុងការរួមចំណែកលើកស្ទួយតម្លៃវប្បធម៌បណ្តាប្រជាជាតិ ទាំងឡាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាស៊ីប៉ាស៊ីហ្វិក និងវប្បធម៌ពិភពលោក នាយុគសម័យ សាកលភាវូបនីយកម្មនេះ។

«បើកាលណាគេចូលចិត្តរស់បានយូរ បើគេមិនចូលចិត្តស្លាប់» ឯកឧត្ដមបណ្ឌិត យង់ ពៅ បានបញ្ជាក់ក្នុងន័យថា ជំរុញលើកទឹកចិត្ត​ក្នុងការសិក្សាស្រាវជ្រាវ ការពារ និងអភិវឌ្ឍសម្បត្តិវប្បធម៌នានា ដូចជា ល្ខោនបាសាក់ ល្ខោនយីកែ របាំបុរាណ ជាដើម គឺត្រូវសិក្សារកវិធីទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋឱ្យងាកមកចូលរួមទស្សនាឡើងវិញ។ នៅពេលដែលសម្បត្តិវប្បធម៌មួយមានអ្នកស្រឡាញ់ចូលចិត្តច្រើន នោះនឹងរីកចំរើននិងកាន់តែមានសកម្មភាពឡើង តែបើគ្មានអ្នកចូលចិត្តមើលវិញ វប្បធម៌នោះ​នឹងត្រូវប្រឈមនឹងការបាត់បង់។ 

សូមជម្រាបជូនដែរថា លោកសាស្ត្រាចារ្យ ផាក អ៊ីនគុក ( Park In-Kook) ប្រធានមូលនិធិកូរ៉េ សម្រាប់ការសិក្សាជាន់ខ្ពស់ ( Korean Foundation for Advanced Studies) បានបន្តកិច្ចព្រមពៀងជាមួយរាជបណ្ឌិត្យសភាកម្ពុជាទៅលើវិស័យសិក្សាស្រាវ​ជ្រាវ​ជាន់ខ្ពស់ កាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីឱ្យមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជាបន្តសកម្មភាពរបស់ខ្លួន​នៅក្នុងឆ្នាំ២០១៩។ រាជបណ្ឌិត្យសភាកម្ពុជា ក្រោមការដឹកនាំ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានកំពុងតែខិត​ខំ​ពង្រីកវិសាលភាពចូលលរួមរបស់បណ្តាអ្នកសិក្សាស្រាវជ្រាវ និងបញ្ញវន្ត ពីតំបន់អាស៊ីប៉ាស៊ីហ្វិក និងសកលលោក។ 

នៅទីបញ្ចប់នៃការថ្លែងសុន្ទរកថាបិទកម្មវិធី ឯកឧត្ដមបណ្ឌិត យង់ ពៅ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាវាគ្មិន ជាអ្នកចូល រួមទាំងអស់ ពីបណ្តាស្ថាប័នជាតិ ស្ថាប័នអន្តរជាតិទាំង១៨ប្រទេស សរុប១១៥រូប ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិនេះ ក៏ដូចជាគណៈកម្មការ រៀបចំសន្និសីទអន្តរជាតិ ដែលខិតខំប្រឹងប្រែងរៀបចំកម្មវិធី ដោយជោគជ័យតាំងពីដើម រហូតដល់ចប់ និងសូមឱ្យដំណើរទស្សនកិច្ចសិក្សានាថ្ងៃស្អែក នៅរមណីយដ្ឋានប្រវត្តិសាស្រ្ត ទឹកដីអង្គរខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយក្តីរីករាយ និងសូមឱ្យដំណើរនិវត្តន៍មាតុភូមិវិញ ប្រកបដោយសុខសុវត្ថិភាពគ្រប់ៗរូបកុំបីខាន ហើយនឹងវិលជួបគ្នានៅឆ្នាំក្រោយទៀតជាមួយនឹង លទ្ធផលនៃការស្រាវជ្រាវថ្មីៗ ដែលពោរពេញ ទៅដោយគុណប្រយោជន៍សម្រាប់ប្រជាជាតិ អាស៊ីអាគ្នេយ៍ អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកយើងនេះ។ 

RAC MEDIA


អត្ថបទទាក់ទង

«វប្បធម៌សន្តិភាពតាមរយៈប្រព័ន្ធគំនិតខ្មែរ» អត្ថបទស្រាវជ្រាវដោយ៖ បណ្ឌិត ណុន សុខា ប្រធានផ្នែកអក្សរសាស្រ្តនិងអក្សរសិល្ប៍ នៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

ការរស់នៅរបស់ជនជាតិខ្មែរតែងមានទម្លាប់ផ្សារភ្ជាប់ជីវភាពរបស់ខ្លួនទៅនឹងធម្មជាតិដែលមាននៅជុំវិញខ្លួនរបស់គេ។ គំនិតខ្មែរដែលបានភ្ជាប់ជីវភាពរបស់ខ្លួនទៅនឹងបាតុភូតនេះ គឺក្នុងន័យស្វែងរកភាពស្ងប់ស្ងាត់ខាងផ្លូវចិត្ត...

2019-01-29 05:27:06   ថ្ងៃអង្គារ, 29 មករា 2019 ម៉ោង 12:27 PM
សាកលវិទ្យាល័យ Ubon Rachathani Rajabhat មានបំណងចុះអនុស្សរណៈជាមួយរាជបណ្ឌិត្យសភាកម្ពុជា

នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Ubon Rachathani Rajabhat នៃព្រះរាជាណាចក្រថៃ ដែលមានគោលបំណងម...

2019-01-25 08:55:14   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 03:55 PM
សមិទ្ធផលស្នាដៃស្រាវជ្រាវ៖ «បច្ចេកវិទ្យាសម្រាប់ផលិតនិងការប្រើប្រាស់បាយអូឆាដើម្បីបង្កើនទិន្នផលកសិកម្ម»

ក្រុមការងារស្រាវជ្រាវចុះត្រួតពិនិត្យដំណាំពោតនៅស្ថានីយពិសោធន៍ខេត្តកំពង់ស្ពឺតាមរយៈការសម្របសម្រួលដោយផ្ទាល់របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ ព្រមទាំងមានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ឯកឧត្តមបណ្ឌិតសភ...

2019-01-25 08:11:35   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 03:11 PM
ក្រុមប្រឹក្សាជាតិភាសាខ្មែរសប្តាហ៍នេះ៖ អនុម័តបចេ្ចកសព្ទអក្សរសិល្ប៍ (៣) និងបច្ចេកសព្ទគីមីនិងរូបវិទ្យា (៤)

បច្ចុប្បន្ន ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា កំពុងដំណើរការកិច្ចប្រជុំអនុម័តបច្ចេកសព្ទអក្សរសិល្ប៍ នៅរៀងរាល់ថ្ងៃអង្គារ និងបច្ចេកសព្ទគីមីវិទ្យា និងរូបវិទ្យានៅរៀងរាល់ថ្ងៃពុធ ប្រចាំសប្តាហ...

2019-01-25 06:33:41   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 01:33 PM
តើអ្វីជាមុខងារបេសកកម្មការទូត?

ស្ថានបេសកកម្មដែលបង្កើតឡើងក្នុងប្រទេសនីមួយៗសុទ្ធតែមានមុខងាររបស់ខ្លួន ហើយមុខងារនោះមានដូចខាងក្រោម៖ ១) មុខងារតំណាង៖ ជាតំណាងរបស់រដ្ឋដាក់ទូត ដែលភាសាអង់គ្លេសហៅថា Sending State រដ្ឋដែលចាត់មន្ត្រីធ្វើជាតំណាងមក...

2019-01-25 04:35:48   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 11:35 AM
«អ្នកជាតិនិយមខ្មែរមួយចំនួនគួរមើលប្រទេសជិតខាង» ដោយ៖ ស៊ឺន សម

ប្រទេសកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងកោះឥណ្ឌូចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសថៃនៅទិសខាងបស្ចិម និងពាយ័ព្យ ជាប់ប្រទេសឡាវនៅទិសឧត្តរ ប្រទេសវៀតណាមនៅទិសបូព៌ា និងឈូងសមុទ្...

2019-01-24 11:32:52   ថ្ងៃព្រហស្បតិ៍, 24 មករា 2019 ម៉ោង 06:32 PM

សេចក្តីប្រកាស