Royal Academy of Cambodia
ក្នុងឱកាសស្វាគមន៍ដល់ភ្ញៀវជប៉ុន ដែលមានគម្រោងដាក់វិនិយោគបង្កើតសួនសត្វដ៏ធំនៅកម្ពុជា នៅក្នុងទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បង្ហាញពីក្តីពេញចិត្តចំពោះទឹកចិត្តរបស់ជនជាតិជប៉ុនដែលស្រឡាញ់ធម្មជាតិ និងមកវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនវិនិយោគជាច្រើនបានមកបានទំនាក់ទំនងរាជបណ្ឌិត្យសភាកម្ពុជាពីការវិនិយោគនានានៅតំបន់ឧទ្យាន តែភាគច្រើនគេមានចរឹតជាអ្នករកស៊ី ជាជាងការគិតគូរពីផលប្រយោជន៍នៃសង្គមជាតិ តែក្រុមហ៊ុនជប៉ុន BM Nature Safari Co. Ltd. បានបង្ហាញពីឆន្ទៈក្នុងការការពារឱ្យជីវចម្រុះ ដែលជិតផុតពូជ និងងាយរងគ្រោះ អាចមានឱកាសបន្តមានវត្តមានបន្តទៀត។
ឆ្លៀតឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានអនុញ្ញាតឱ្យរាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតឡើងនូវច្បាប់ដាច់ដោយឡែកមួយសម្រាប់គ្រប់គ្រងតំបន់ឧទ្យាន ការពារប្រភេទសត្វព្រៃ និងព្រៃឈើពីការកាប់បំផ្លាញដោយមនុស្ស។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា មុននឹងការអនុវត្តច្បាប់ យើងត្រូវការការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាមុន ទើបចាប់ផ្តើមការអនុវត្តច្បាប់ការពារតំបន់ឧទ្យាន។ ទោះយ៉ាងណាការអនុវត្តច្បាប់នេះ មិនមែនមានន័យថា ប្រជាជនមិនអាចចូលក្នុងព្រៃអាស្រ័យអនុផលព្រៃឈើបានទេ បងប្អូនប្រជាពលរដ្ឋ នៅតែអាចអាស្រ័យអនុផលព្រៃឈើនានា ដូចជា ច្បោះជ័រ រកទំពាំង ផ្សឹត ជាដើម។
តបនឹងការលើកឡើងពីទស្សនវិស័យ និងការតាំងចិត្តជំរុញការអភិរក្ស និងការអភិវឌ្ឍតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប លោកគីណូ ស៊ីតាក់ ស៊ូរិ ប្រធានក្រុមហ៊ុន BM Nature Safari Co. Ltd. បានមានប្រសាសន៍ថា ខាងភាគីក្រុមហ៊ុនជប៉ុនត្រូវការ ឱ្យមាននូវសហគមន៍មួយដែលបង្ហាញពីការប្រាស្រ័យទាក់ទងល្អជាមួយគ្នា និងជីវិតនៃការរស់នៅល្អរវាងធម្មជាតិនិងមនុស្ស។«យើងនឹងប្រើបច្ចេកវិជ្ជាទំនើបក្នុងការប្រែក្លាយតំបន់នេះ ដែលមានលក្ខណៈពិសេស គឺកែសម្រួលហេដ្ឋារចនាសម្ព័ន្ធនានា បង្កើតជាតំបន់សារមន្ទីរ បង្កើតឱ្យមានការបណ្តុះបណ្តាលនានា បង្កើតឱ្យមានការដឹកជញ្ជូនដែលមានលក្ខណៈពិសេសសម្រាប់ទេសចរណ៍ធម្មជាតិ»។
បើតាមការបង្ហាញរបស់ឯកឧត្តម សូត្រ សំណាង ប្រធានក្រុមការងារឧទ្យានឫស្សីត្រឹប បានប្រាប់ឱ្យដឹងថា លោកមានការជឿជាក់លើក្រុមហ៊ុនជប៉ុនមួយនេះ ក្នុងការដាក់ទុនវិនិយោគធ្វើសួនសត្វខ្នាតធំមួយដែលមិនធ្លាប់បានធ្វើនៅក្នុងប្រទេសកម្ពុជា។ ភាគីជប៉ុន ពេញចិត្តនឹងលក្ខណៈភូមិសាស្ត្រនៃតំបន់ឧទ្យាននៅភាគខាងជើងនៃប្រទេស ហើយថា តំបន់ព្រៃនេះ នឹងក្លាយជាតំបន់ថែរក្សាការពារប្រភេទសត្វព្រៃដែលកំពុងតែរងការគម្រាមកំហែង ដែលមួយចំនួនសឹងជិតផុតពូជ។ គម្រោងការបង្កើតសួនសត្វនេះឡើង គឺចំពេលវេលា និងសមស្របនឹងចក្ខុវិស័យរបស់រាជបណ្ឌិត្យសភាកម្ពុជាក្នុងការថែរក្សាពូជសត្វព្រៃកម្ពុជា ជាពិសេសប្រភេទសត្វដែលជិតផុតពូជ នៅក្នុងតំបន់ឧទ្យានឫស្សីត្រឹប។
សូមបញ្ជាក់ថា ការអនុវត្តគម្រោងនេះ មិនមែនជាគម្រោងការលើកទី១របស់ក្រុមហ៊ុន BM Nature Safari Co. Ltd. នោះទេ ក្រុមហ៊ុនជប៉ុននេះ បានធ្វើកិច្ចការនេះនៅជាង១០០ប្រទេសមកហើយ ជាពិសេសនៅប្រទេសក្នុងតំបន់អាហ្វ្រីក គឺសម្រាប់អ្នកដែលចូលចិត្តធម្មជាតិ។ បើទោះជាតំបន់ឧទ្យានមានបញ្ហាបន្តិចនាពេលបច្ចុប្បន្នទាក់ទងនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ធ តែនេះនឹងលែងជាបញ្ហាទៀតហើយ ព្រោះក្រុមហ៊ុនសួនសត្វជប៉ុននេះ បានតាំងចិត្តក្នុងការជួយបញ្ឈប់ការបំផ្លាញធម្មជាតិ គឺត្រូវការឱ្យព្រៃជម្រកសត្វ និងសត្វព្រៃបន្តមានវត្តមានជាបន្តនៅលើភពផែនដីនេះ។
មុននឹងបញ្ចប់កម្មវិធីចុះកិច្ចព្រមព្រៀងគ្នាក្នុងការបង្កើតសួនសត្វខ្នាតធំដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងច្បាស់ពីការតាំងចិត្តក្នុងការថែរក្សា អភិរក្ស និងអភិវឌ្ឍន៍តំបន់ឧទ្យានឫស្សីត្រឹប ដោយធ្វើការសន្យាចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទាំងអស់ សូមធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងមើលថា តើឧទ្យានឫស្សីត្រឹបនេះ នឹងក្លាយជាតំបន់អភិរក្ស ឬជាកន្លែងដែលត្រូវបំផ្លាញ។ តំបន់ឧទ្យាន នឹងមិននៅជាតំបន់រហោស្ថានទៀតទេ រាជបណ្ឌិត្យសភាកម្ពុជានឹងប្រែក្លាយតំបន់នេះ ឱ្យក្លាយជាតំបន់គំរូសម្រាប់ប្រជាជនទាំងអស់គ្នា និងពិភពលោក។ ក្រុមហ៊ុនដែលមកសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា នឹងមិនមែនជាក្រុមហ៊ុនមកបំផ្លាញ តែជាអ្នកមកអភិរក្ស និងអភិវឌ្ឍន៍តំបន់ឧទ្យាន។»កម្មវិធីចុះអនុស្សរណៈយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុន BM Nature Safari Co. Ltd. បានរៀបចំធ្វើឡើងនៅសាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជា នៅវេលាព្រឹកថ្ងៃសៅរ៍ ១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។
RAC Media
គ្រូបង្រៀនត្រូវតែបំពេញតម្រូវការប្រចាំថ្ងៃជាបន្ទាន់ ដូចជាការរៀបចំមេរៀន ការវាយតម្លៃការអនុវត្តរបស់សិស្ស ការបង្កើត និងគ្រប់គ្រងបរិយាកាសក្នុងថ្នាក់រៀនដោយយុត្តិធម៌ និងសមធម៌។ ដោយសារតែភាពបន្ទាន់ បញ្ហាប្រឈមទាំ...
ការរីកដុះដាលនៃក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដើម្បីធ្វើការផ្លាស់ប្តូរ បានកើតឡើងនៅក្នុងចន្លោះទស្សវត្សទី៨០ និង៩០ ដោយយោងលើហេតុផលសំខាន់ៗមួយចំនួនមានដូចជា៖ (១) មនុស្សម្នាក់ៗនៅក្នុងសង្គមបានចាប់ផ្តើមគិត...
ដោយ៖ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជាក្រុមទស្សនវិទូបានប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវផ្សេងៗគ្នា ដើម្បីឈានទៅបង្កើតចំណេះដឹង ឬរបកគំហើញថ្មីៗ ដោយអាស្រ័យលើបញ្ហាកំពុងសិក្សាស្រាវជ្រា...
ការប្រែប្រួល តែងតែកើតមានជានិច្ច ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពីពេលមួយទៅពេលមួយ ពីកន្លែងមួយទៅកន្លែងមួយ។ ពីមុនគេតែងលើកឡើងថា«ធនធានមនុស្ស ជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេសជាតិ»។ ពាក្យ «ធនធានមនុស្ស» ក្លាយជ...
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានក្លាយទៅជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៣ ហើយនឹងបន្ទាប់ពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជ...
ក្រុមទស្សនវិទូ ដែលនិយមលើការសិក្សាស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់ទ្រឹស្តីពីមុនៗ (Postpositivist) បានបញ្ជាក់ថា រាល់ចំណេះដឹង ឬទស្សនដែលមានស្រាប់ទាំងអស់មិនប្រាកដថាត្រឹមត្រូវ១០០%នោះទេ។ អ្ន...