ព័ត៌មាន

«ជប៉ុននឹងសាងសង់សួនសត្វដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅខេត្តព្រះវិហារ»

2018-07-28 16:17:34 ថ្ងៃសៅរ៍, 28 កក្កដា 2018 ម៉ោង 11:17 PM
អ្នកមើល 4441
post_detail

ក្នុងឱកាសស្វាគមន៍ដល់ភ្ញៀវជប៉ុន ដែលមានគម្រោងដាក់វិនិយោគបង្កើតសួនសត្វដ៏ធំនៅកម្ពុជា នៅក្នុងទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បង្ហាញពីក្តីពេញចិត្តចំពោះទឹកចិត្តរបស់ជនជាតិជប៉ុនដែលស្រឡាញ់ធម្មជាតិ និងមកវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនវិនិយោគជាច្រើនបានមកបានទំនាក់ទំនងរាជបណ្ឌិត្យសភាកម្ពុជាពីការវិនិយោគនានានៅតំបន់ឧទ្យាន​ តែភាគច្រើនគេមានចរឹតជាអ្នករកស៊ី ជាជាងការគិតគូរពីផលប្រយោជន៍នៃសង្គមជាតិ តែក្រុមហ៊ុនជប៉ុន BM Nature Safari Co. Ltd. បានបង្ហាញពីឆន្ទៈក្នុងការការពារឱ្យជីវចម្រុះ ដែលជិតផុតពូជ និងងាយរងគ្រោះ អាចមានឱកាសបន្តមានវត្តមានបន្តទៀត។ 

ឆ្លៀតឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានអនុញ្ញាតឱ្យរាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតឡើងនូវច្បាប់ដាច់ដោយឡែកមួយ​សម្រាប់​​គ្រប់គ្រងតំបន់ឧទ្យាន ការពារប្រភេទសត្វព្រៃ និងព្រៃឈើពីការកាប់បំផ្លាញដោយមនុស្ស។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា មុននឹងការអនុវត្តច្បាប់ យើង​​ត្រូវការ​ការអប់រំផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋជាមុន ទើបចាប់ផ្តើមការអនុវត្តច្បាប់ការពារតំបន់ឧទ្យាន។ ទោះយ៉ាងណាការអនុវត្តច្បាប់នេះ មិនមែនមានន័យថា ប្រជាជនមិនអាចចូលក្នុងព្រៃអាស្រ័យ​​អនុផល​ព្រៃឈើបានទេ បងប្អូនប្រជាពលរដ្ឋ​ នៅតែអាចអាស្រ័យអនុផលព្រៃឈើនានា ដូចជា ច្បោះជ័រ រកទំពាំង ផ្សឹត ជាដើម។

តបនឹងការលើកឡើងពីទស្សនវិស័យ និងការតាំងចិត្តជំរុញការអភិរក្ស និងការអភិវឌ្ឍ​តំបន់​ឧទ្យាន​រាជ​បណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប លោកគីណូ ស៊ីតាក់ ស៊ូរិ ប្រធានក្រុមហ៊ុន BM Nature Safari Co. Ltd. បានមានប្រសាសន៍ថា ខាងភាគីក្រុមហ៊ុនជប៉ុនត្រូវការ ឱ្យមាននូវសហគមន៍មួយ​ដែល​បង្ហាញពីការប្រាស្រ័យទាក់ទងល្អជាមួយគ្នា និងជីវិតនៃការរស់នៅល្អរវាងធម្មជាតិនិងមនុស្ស។«យើងនឹងប្រើបច្ចេកវិជ្ជាទំនើបក្នុងការប្រែក្លាយតំបន់នេះ ដែលមានលក្ខណៈពិសេស គឺកែសម្រួលហេដ្ឋារចនាសម្ព័ន្ធនានា បង្កើតជាតំបន់សារមន្ទីរ បង្កើតឱ្យមានការបណ្តុះបណ្តាលនានា បង្កើត​ឱ្យមានការដឹកជញ្ជូនដែលមានលក្ខណៈពិសេសសម្រាប់ទេសចរណ៍ធម្មជាតិ»។ 

បើតាមការបង្ហាញរបស់ឯកឧត្តម សូត្រ សំណាង ប្រធានក្រុមការងារឧទ្យានឫស្សីត្រឹប បានប្រាប់ឱ្យដឹងថា លោកមានការជឿជាក់លើក្រុមហ៊ុនជប៉ុនមួយនេះ ក្នុងការដាក់ទុនវិនិយោគធ្វើសួនសត្វខ្នាតធំមួយដែលមិនធ្លាប់បានធ្វើនៅក្នុងប្រទេសកម្ពុជា។ ភាគីជប៉ុន ពេញចិត្តនឹងលក្ខណៈភូមិសាស្ត្រនៃតំបន់ឧទ្យាននៅភាគខាងជើងនៃប្រទេស ហើយថា តំបន់ព្រៃនេះ នឹងក្លាយជាតំបន់ថែរក្សាការពារប្រភេទសត្វព្រៃដែលកំពុងតែរងការគម្រាមកំហែង ដែលមួយចំនួនសឹងជិតផុតពូជ។ គម្រោងការបង្កើតសួនសត្វនេះឡើង គឺចំពេលវេលា និងសមស្របនឹងចក្ខុវិស័យរបស់រាជបណ្ឌិត្យសភាកម្ពុជាក្នុងការថែរក្សាពូជសត្វព្រៃកម្ពុជា ជាពិសេសប្រភេទសត្វដែលជិតផុតពូជ នៅក្នុងតំបន់ឧទ្យានឫស្សីត្រឹប។ 

សូមបញ្ជាក់ថា ការអនុវត្តគម្រោងនេះ មិនមែនជាគម្រោងការលើកទី១របស់ក្រុមហ៊ុន BM Nature Safari Co. Ltd. នោះទេ ក្រុមហ៊ុនជប៉ុននេះ បានធ្វើកិច្ចការនេះនៅជាង១០០ប្រទេសមកហើយ ជាពិសេសនៅប្រទេសក្នុងតំបន់អាហ្វ្រីក គឺសម្រាប់អ្នកដែលចូលចិត្តធម្មជាតិ។ បើទោះជាតំបន់ឧទ្យានមានបញ្ហាបន្តិចនាពេលបច្ចុប្បន្នទាក់ទងនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ធ តែនេះនឹងលែងជាបញ្ហាទៀតហើយ ព្រោះក្រុមហ៊ុនសួនសត្វជប៉ុននេះ បានតាំងចិត្តក្នុងការជួយបញ្ឈប់ការបំផ្លាញធម្មជាតិ គឺត្រូវការឱ្យព្រៃជម្រកសត្វ និងសត្វព្រៃបន្តមានវត្តមានជាបន្តនៅលើភពផែនដីនេះ។

មុននឹងបញ្ចប់កម្មវិធីចុះកិច្ចព្រមព្រៀងគ្នាក្នុងការបង្កើតសួនសត្វខ្នាតធំដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងច្បាស់ពីការតាំងចិត្តក្នុងការថែរក្សា អភិរក្ស និងអភិវឌ្ឍន៍តំបន់ឧទ្យានឫស្សីត្រឹប ដោយធ្វើការសន្យាចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទាំងអស់ សូមធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងមើលថា តើឧទ្យានឫស្សីត្រឹបនេះ នឹងក្លាយជាតំបន់អភិរក្ស ឬជាកន្លែងដែលត្រូវបំផ្លាញ។ តំបន់ឧទ្យាន នឹងមិននៅជាតំបន់រហោស្ថានទៀតទេ រាជបណ្ឌិត្យសភាកម្ពុជា​នឹងប្រែក្លាយតំបន់នេះ ឱ្យក្លាយជាតំបន់គំរូសម្រាប់ប្រជាជនទាំងអស់គ្នា និងពិភពលោក។ ក្រុមហ៊ុនដែលមកសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា នឹងមិនមែនជាក្រុមហ៊ុនមកបំផ្លាញ តែជាអ្នកមកអភិរក្ស និងអភិវឌ្ឍន៍តំបន់ឧទ្យាន។»កម្មវិធីចុះអនុស្សរណៈយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុន BM Nature Safari Co. Ltd. បានរៀបចំធ្វើឡើងនៅសាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជា នៅវេលាព្រឹកថ្ងៃសៅរ៍ ១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។

RAC Media


អត្ថបទទាក់ទង

ឥណ្ឌូប៉ាស៊ីហ្វិក ជាតំបន់ភូមិសាស្ត្រនយោបាយថ្មីមួយរបស់អាម៉េរិក

យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...

2018-04-08 11:52:31   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:52 PM
ការបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជា

វេលាម៉ោង៧:៣០ ព្រឹក ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំប្រឡងបញ្ចប់មុខវិជ្ជា (Final Exam) ថ្...

2018-04-08 11:39:33   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:39 PM
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី

សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...

2018-03-14 06:47:20   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:47 PM
ជំនួបពិភាក្សាការងារ

នៅរសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ZENG YU FENG សាស្ត្រាចារ្យសាកលវិទ្យា...

2018-03-14 06:36:13   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:36 PM
ចនានុក្រមអក្ខរាវិរុទ្ធ

កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងក...

2018-03-14 06:32:21   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:32 PM
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

2018-03-14 06:26:23   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM

សេចក្តីប្រកាស