Royal Academy of Cambodia
ដោយ៖ លោក ស៊ឺន សំ
មជ្ឈមណ្ឌលសា្រវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា បានកំពុងរៀបចំសន្និសីទអន្តរជាតិមួយ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវតិ្ត និងមោទកភាព» នាថ្ងៃនេះ។ កម្មវិធីសន្និសីទអន្តរជាតិនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់បញ្ញវន្តនិងអ្នកស្រាវជ្រាវក្នុងតំបន់និងពិភពលោក សម្រាប់ចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈទៅលើតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក និងដើម្បីលើកកម្ពស់ និងជំរុញឱ្យមានភាពសុខដុមរមនា ភាពថ្កុំថ្កើងនៃអារ្យធម៌របស់ប្រជាជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កម្មវិធីនេះ មានការអញ្ជើញភ្ញៀវចូលរួមពីសំណាក់អ្នកសា្រវជ្រាវជាតិ និងអន្តរជាតិ ប្រមាណ១០០នាក់ និងប្រព្រឹត្តធ្វើឡើងទៅចាប់ថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារអង្គរសេនជូរី ក្រុងសៀមរាប ខេត្តសៀមរាប។
នេះជាសន្និសីទលើកទី១៤ ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា នាឆ្នាំនេះដោយមានវាគ្មិនអញ្ជើញមកពីមកពី១៥ប្រទេស រួមមាន កម្ពុជា ថៃ វៀតណាម ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី កូរ៉េ ចិន ជប៉ុន អង់គ្លេស សហរដ្ឋអាមេរិក បារាំង ស្វីស សរុប១១០រូប។ អង្គសន្និសីទនឹងមានការពិភាក្សាផ្តោះប្តូរយោបល់គ្នារវាងវាគ្មិន និងអ្នកចូលរួមទាំងអស់ ដោយផ្តោតការយកចិត្តទុកដាក់លើសន្តិភាព និងភាពសុខុដុមរមនា ដើម្បីរក្សានូវសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនទាំងក្នុងតំបន់អាស៊ាន អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក ក្រោមស្ថានភាពវប្បធម៌នៃបណ្តាប្រជាជាតិផ្សេងពីគ្នា នាសម័យបច្ចុប្បន្ននេះ។ ក្នុងអង្គសន្និសីទដ៏មានអត្ថន័យនេះ រាជបណ្ឌិត្យសភាកម្ពុជា មានក្តីសង្ឃឹមយ៉ាងមុតមាំថា សាស្រ្តាចារ្យ បណ្ឌិត អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ ជាវាគ្មិនទាំង១៥ប្រទេស នឹងចែករំលែកចំណេះដឹងជាលទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីៗ នាសម័យសមាហរណកម្មតំបន់នេះ បានយ៉ាងល្អប្រសើរជាក់ជាមិនខាន។
ទាំងនេះ គឺជាការចូលរួមវិភាគទានដ៏មានតម្លៃចំពោះវិស័យវប្បធម៌ ក្នុងតំបន់ក៏ដូចជាពិភពលោក នាដំណាក់កាលសមាហរណកម្មតំបន់អាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិកនាឆ្នាំ២០១៨ ដោយផ្តោតការពិភាក្សាលើខ្លឹមសារប្រធានបទចម្បងស្តីអំពី វប្បធម៌ ប្រវត្តិ និងមោទកភាព និងប្រធានបទរងចំនួនបីគឺ៖
១-ទំនើបកម្មអភិបាលកិច្ចនៃវប្បធម៌
២-បញ្ហាប្រឈមនៃសាកលភាវូបនីយកម្មវប្បធម៌
៣-ការលើកកម្ពស់បេតិកភណ្ឌពិភពលោក
គួររំលឹកដែរថា មូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់ នៃសាធារណរដ្ឋកូរ៉េ បានឧបត្ថម្ភគាំទ្រចំពោះមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរៀបចំសន្និសីទអន្តរជាតិ ស្តីអំពី «តម្លៃវប្បធម៌អាស៊ីអាគ្នេយ៍» នៅព្រះរាជាណាចក្រកម្ពុជា ចំនួន១៣លើកកន្លងមក គឺបានចូលរួមចំណែកដល់ការសិក្សាស្រាវជ្រាវ ឈ្វេងយល់ ផ្សព្វផ្សាយ ថែរក្សាការពារវប្បធម៌ អរិយធម៌ ប្រពៃណី បច្ចេកវិទ្យារបស់ប្រជាជាតិនីមួយៗ។
កម្មវិធីសន្និសីទអន្តរជាតិលើកទី១៤ ស្តីអំពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវត្តិ និងមោទកភាព» នេះ នឹងបង្ហាញនូវសារប្រយោជន៍នៃការពិភាក្សាផ្តោះប្តូរយោបល់ អំពីការផ្សារភ្ជាប់វប្បធម៌ជាមួយសង្គមជាតិ ដោយផ្តោតការយកចិត្តទុកដាក់លើវប្បធម៌សន្តិភាព និងភាពសុខុដុមរមនា ដើម្បីរក្សានូវសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន ទាំងក្នុងតំបន់ និងពិភពលោក៕
RAC MEDIA
គិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះ ការងារស្តារ និងជួសជុលស្ពាននេះឡើងវិញសម្រេចបាន៩៧% ហើយ និងគ្រោងបើកឱ្យដំណើរការនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ហើយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ...
ក្នុងគោលដៅក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ក្រសួងធនធានទឹក និងឧតុនិយម បានជីក និងស្តារជីកស្រះធំៗចនួន ០៦ កាលពីខែមីនា ឆ្នាំ២០១៨៖១.ស្រះត្រឹប ១...
ថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ...
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យមួយ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីទិវាជាតិអំណាន និងបានកំណត់យក់ថ្ងៃទី១១មីនា ប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ហើយការសម្រេចជ្រើសរើសយកថ្ងៃទី១១មីនានេះ ដោយសារជាថ្ងៃ...