Royal Academy of Cambodia
ដោយ៖ លឹម សុវណ្ណរិទ្ធ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់បទបញ្ជាជាកំហិតឱ្យផ្នែកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរអគ្គិសនីកម្ពុជាចុះដោះស្រាយជាបន្ទាន់ដើម្បីឆ្លើយតបចំពោះបញ្ហាតម្លៃអគ្គិសនីនៅតាមទីផ្សារ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានការប្រើប្រាស់អគ្គិសនីតាមការបញ្ចុះតម្លៃ ដូចគ្នាជាមួយតម្លៃដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់។ នេះបើតាមការប្រកាសឱ្យដឹងនៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់ឯកឧត្ដម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។
កម្ពុជាដែលកំពុងកសាងប្រទេសលើគ្រប់វិស័យដើម្បីឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលខាងមុខនេះ ត្រូវការជាចាំបាច់នូវប្រភពថាមពលដែលមានតម្លៃសមរម្យសម្រាប់ជាចលករក្នុងការជំរុញសកម្មភាព និងដំណើរការនៃវិស័យនានាដែលជាម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ ទាំងក្នុងវិស័យសិប្បកម្ម ឧស្សាហកម្ម និងការដឹកជញ្ជូនជាដើម។ ថ្វីត្បិតថាតម្លៃអគ្គិសនីនៅកម្ពុជាហាក់មានតម្លៃខ្ពស់ជាងប្រទេសជិតខាងក៏ដោយក្ដី ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បាននិងកំពុងខិតខំយកចិត្តទុកដាក់លើវិស័យថាមពលអគ្គិសនីនេះជាទីគួរកត់សម្គាល់ តាមរយៈការជំរុញនិងលើកទឹកចិត្តដល់ការវិនិយោគទៅលើស្ថានីយ៍ផលិតថាមពលអគ្គិសនីនានា ពិសេសការកសាងនូវទំនប់វារីអគ្គិសនីនៅតាមទន្លេសំខាន់ៗក្នុងប្រទេសកម្ពុជា។ តួយ៉ាងនាពេលថ្មីៗនេះ ទំនប់វារីអគ្គិសនីដ៏ធំមួយរបស់កម្ពុជាគឺ វារីអគ្គិសនីសេសានក្រោម២ ដែលស្ថិតខេត្តស្ទឹងត្រែង ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់កាលពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ។
នាពេលកន្លងមក អាជ្ញាធរអគ្គិសនីកម្ពុជាបានពង្រីកបណ្ដាញបញ្ជូនតង់ស្យុងអគ្គិសនីជាបន្តបន្ទាប់ និងបានផ្ដល់អាជ្ញាបណ្ណដល់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជននៅតាមបណ្ដាខេត្ត និងទីប្រជុំជននានាជាច្រើន ដើម្បីសម្រួលដល់ការផ្គត់ផ្គង់អគ្គិសនីជូនដល់ប្រជាពលរដ្ឋកម្ពុជា ហើយដែលក្នុងនោះ ៩៥% នៃអ្នកផ្គត់ផ្គង់អគ្គិសនីឯកជន បានប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់ដំណើរការរោងចក្រផលិតអគ្គិសនី។ ដោយមើលឃើញពីផលវិបាកដែលកើតចេញពីការកំណត់តម្លៃប្រេងឥន្ធនៈខ្ពស់ខ្លាំងនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែនិងថាមពល និងក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ បានបង្កើតគណៈកម្មការដែលមានសមាសភាពចម្រុះពាក់ព័ន្ធ ធ្វើការកំណត់តម្លៃអតិបរមានៃប្រេងឥន្ធនៈនៅកម្ពុជារៀងរាល់១០ថ្ងៃម្ដង។
ពាក់ព័ន្ធនឹងតម្លៃអគ្គិសនីនេះដែរ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែងថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងចូលដល់ឆ្នាំ២០១៩ ហើយដែលតម្លៃប្រើប្រាស់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងមានតម្លៃកាន់តែមានតម្លៃទាបជាបន្តបន្ទាប់ទៅទៀត។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល កំពុងសិក្សាលទ្ធភាពលើគម្រោងវារីអគ្គិសនីជាច្រើនទៀត (២០១៧ដល់ ២០២៥) ក្នុងតំបន់ភាគឦសាន និងដងទន្លេមេគង្គមានដូចជា ទន្លេសេសានក្រោម៣, ទន្លេសេសានក្រោម១, ទន្លេស្រែពក៣, ព្រែកល្អាង១ និង២, ស្ទឹងពោធិ៍សាត់១, ស្ទឹងបាត់ដំបង២, ព្រែកឆ្លូង២, សេកុង, សំបូរ, រោងចក្រដើរដោយធ្យូងថ្មចំនួន៤គម្រោង និងរោងចក្រដើរដោយថាមពលកំដៅចំនួន១។ល។
RAC Media
នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញ ដោយសុវត្តិភាពហើយ បន្ទាប់...
(ហាណូយ,វៀតណាម)៖ អង្ករក្រអូបប្រណិតរបស់កម្ពុជា បានឈ្នះពានរង្វាន់ជាអង្ករល្អជាងគេបំផុត ក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។នេះបើតាមការបញ្ជាក់របស់ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់ប...
នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកកាន់មាតុប្រទេសវិញហើយបន្ទាប់ពីបានអ...
ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២៩១៨មេដឹកនាំប្រទេសមេគង្គ និងជប៉ុន សម្រេចបាននូវផែនការយុទ្ធសាស្ត្ររួមគ្នាជាច្រើន នាអំឡុងនៃកិច្ចប្រជុំកំពូលលើកទី១០នៅក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៩ ដល់ថ...