ព័ត៌មាន

រាជរដ្ឋាភិបាលដាក់កំហិតឱ្យមន្ត្រីពាក់ព័ន្ធចុះដោះស្រាយតម្លៃអគ្គិសនីតាមទីផ្សារ ឱ្យបានដូចតាមការកំណត់របស់រដ្ឋ

2018-12-19 14:29:57 ថ្ងៃពុធ, 19 ធ្នូ 2018 ម៉ោង 09:29 PM
អ្នកមើល 3992
post_detail

ដោយ៖ លឹម សុវណ្ណរិទ្ធ   

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់បទបញ្ជាជាកំហិត​ឱ្យ​ផ្នែក​ពាក់​ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ និងអាជ្ញាធរ​អគ្គិសនី​កម្ពុជា​ចុះ​ដោះ​ស្រាយ​ជា​បន្ទាន់ដើម្បី​ឆ្លើយ​តបចំពោះ​បញ្ហា​តម្លៃ​អគ្គិសនី​នៅ​តាម​ទីផ្សារ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានការប្រើប្រាស់អគ្គិសនីតាមការបញ្ចុះតម្លៃ ដូចគ្នាជាមួយតម្លៃ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បានកំណត់។ នេះបើតាមការ​ប្រកាស​ឱ្យ​ដឹង​នៅ​លើ​គណនី​បណ្ដាញសង្គម​ហ្វេស​ប៊ុក​របស់ឯកឧត្ដម ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល។

កម្ពុជា​ដែល​កំពុង​កសាង​ប្រទេស​លើ​គ្រប់​វិស័យ​ដើម្បី​ឆ្ពោះ​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នា​ពេល​ខាង​មុខ​នេះ ត្រូវការជាចាំបាច់នូវប្រភពថាមពល​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​ជា​ចលករ​ក្នុង​ការ​ជំរុញសកម្មភាព និងដំណើរការនៃវិស័យនានាដែលជាម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ ទាំងក្នុងវិស័យសិប្បកម្ម ឧស្សាហកម្ម និងការដឹកជញ្ជូនជាដើម។ ថ្វីត្បិតថាតម្លៃអគ្គិសនីនៅកម្ពុជាហាក់មានតម្លៃខ្ពស់ជាងប្រទេសជិតខាងក៏ដោយក្ដី ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បាននិងកំពុងខិតខំយកចិត្តទុកដាក់លើវិស័យថាមពលអគ្គិសនីនេះជាទីគួរកត់សម្គាល់ តាមរយៈការជំរុញនិងលើកទឹកចិត្តដល់ការវិនិយោគទៅលើស្ថានីយ៍ផលិតថាមពលអគ្គិសនីនានា ពិសេសការកសាងនូវទំនប់វារីអគ្គិសនីនៅតាមទន្លេសំខាន់ៗក្នុងប្រទេសកម្ពុជា។ តួយ៉ាងនាពេលថ្មីៗនេះ ទំនប់វារីអគ្គិសនីដ៏ធំមួយរបស់កម្ពុជាគឺ វារីអគ្គិសនីសេសានក្រោម២ ដែលស្ថិតខេត្តស្ទឹងត្រែង ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់កាលពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ។

នាពេលកន្លងមក អាជ្ញាធរអគ្គិសនីកម្ពុជាបានពង្រីកបណ្ដាញបញ្ជូនតង់ស្យុងអគ្គិសនីជាបន្តបន្ទាប់ និងបានផ្ដល់អាជ្ញាបណ្ណដល់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជននៅតាមបណ្ដាខេត្ត និងទីប្រជុំជននានាជាច្រើន ដើម្បីសម្រួលដល់ការផ្គត់ផ្គង់អគ្គិសនីជូនដល់ប្រជាពលរដ្ឋកម្ពុជា ហើយដែលក្នុងនោះ ៩៥% នៃអ្នកផ្គត់ផ្គង់អគ្គិសនីឯកជន បានប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់ដំណើរការរោងចក្រផលិតអគ្គិសនី។ ដោយមើលឃើញពីផលវិបាកដែលកើតចេញពីការកំណត់តម្លៃប្រេងឥន្ធនៈខ្ពស់ខ្លាំងនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​រ៉ែ​និង​ថាមពល និង​ក្រសួងពាណិជ្ជកម្ម​ ដែលជាសេនាធិការ បានបង្កើតគណៈកម្មការដែលមានសមាសភាពចម្រុះពាក់ព័ន្ធ ធ្វើការកំណត់តម្លៃអតិបរមានៃប្រេងឥន្ធនៈនៅកម្ពុជារៀងរាល់១០ថ្ងៃម្ដង។

ពាក់ព័ន្ធនឹងតម្លៃអគ្គិសនីនេះដែរ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់វារីអគ្គិសនីសេសានក្រោម​២ ខេត្តស្ទឹងត្រែងថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងចូលដល់ឆ្នាំ២០១៩ ហើយដែលតម្លៃប្រើប្រាស់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងមានតម្លៃកាន់តែមានតម្លៃទាបជាបន្តបន្ទាប់ទៅទៀត។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល កំពុង​សិក្សា​លទ្ធភាព​លើ​គម្រោង​វា​រី​អគ្គិសនី​ជាច្រើន​ទៀត (២០១៧​ដល់ ២០២៥) ក្នុង​តំបន់​ភាគ​ឦសាន និង​ដង​ទន្លេមេគង្គមានដូចជា​ ទន្លេសេសាន​ក្រោម​៣, ទន្លេសេសាន​ក្រោម១, ទន្លេស្រែពក៣, ព្រែក​ល្អាង១ និង២,​ ស្ទឹង​ពោធិ៍សាត់​១, ស្ទឹង​បាត់ដំបង​២, ព្រែក​ឆ្លូង​២, សេកុង, សំបូរ,​ រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម​ចំនួន​៤​គម្រោង និង​រោងចក្រ​ដើរ​ដោយថាមពល​កំដៅ​ចំនួន​១។ល។

RAC Media


អត្ថបទទាក់ទង

ប្រធានរាជបណ្ឌិត្យសភាកម្ពុជានឹងចូលរួមជាអធិបតីបើកសន្និសីទអន្តរជាតិតាមប្រព័ន្ធអនឡាញលើកទី១ ស្តីពី:ការអប់រំ ប្រឹក្សាគរុកោសល្យ

...រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានាឱ្យបានជ្រាបថា នៅថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៧:០០នាទ...

2020-12-19 10:08:38   ថ្ងៃសៅរ៍, 19 ធ្នូ 2020 ម៉ោង 05:08 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាពិភាក្សា ស្ដីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាពិភាក្សា ស្ដីពី «ដំណើរការសរសេរប្រវត្តិសាស្ត្រប្...

2020-12-18 05:18:52   ថ្ងៃសុក្រ, 18 ធ្នូ 2020 ម៉ោង 12:18 PM
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំឆ្នាំ២០២០

នាព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុ...

2020-12-16 08:37:02   ថ្ងៃពុធ, 16 ធ្នូ 2020 ម៉ោង 03:37 PM
តម្លៃអច្ចន្តបរមាក្នុងសំណុំទិន្នន័យមួយអថេរ Outliers in Univariate Data ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា

2020-12-15 04:56:19   ថ្ងៃអង្គារ, 15 ធ្នូ 2020 ម៉ោង 11:56 AM
ប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគខាងកើតបន្ទាយលង្វែក ក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយ៖ ផុន កសិកា, ឡេង វិទូ, តាកេត ស័កដា និង សួ ប៉ុណ្ណារ៉ាត់

RAC Media

2020-12-12 04:10:09   ថ្ងៃសៅរ៍, 12 ធ្នូ 2020 ម៉ោង 11:10 AM
បឹងពិតត្រង់ និង កំណាត់ដើមឈើរយឆ្នាំ ដោយ៖ អ្នកស្រី ម៉ិល វាសនា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-12-09 07:22:36   ថ្ងៃពុធ, 09 ធ្នូ 2020 ម៉ោង 02:22 PM

សេចក្តីប្រកាស