Royal Academy of Cambodia
ភ្នំពេញ៖ ជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ដែលធ្វើការងារក្នុងវិស័យឯកជនដទៃផ្សេងទៀតដែលពុំមែនជាកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍សុំឱ្យក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈ ពិចារណាទៅលើការកំណត់ប្រាក់ឈ្នួលអប្បបរមាជូនអ្នកធ្វើការក្នុងវិស័យសំណង់ និងសេវាកម្មនានា។ សម្ដេចបានលើកឡើងបែបនេះ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពិធីសំណេះ សំណាលជាមួយកូនក្មួយកម្មករ កម្មការិនី ១៧,៦២១នាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ នៅ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ដើម្បីឆ្ពោះទៅកាន់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជាគ្រប់រូប រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ទៅលើការដំឡើងប្រាក់ខែជូនដល់មន្ត្រីរាជការ កម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ ដែលមានជាបន្តបន្ទាប់រហូតមកតាមលំដាប់លំដោយ។ នៅក្នុងនោះសម្រាប់កម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ បានទទួលនូវការសម្រួលបន្ថែមលើការចំណាយ ដោយរដ្ឋបានអន្តរាគមន៍ដើម្បីបន្ថយការចំណាយលើថ្លៃទឹក និងថ្លៃភ្លើងសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូន-កម្មការិនីកាត់ដេរផងដែរ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយពិនិត្យមើលឃើញពីភាពចាំបាច់នៃការគិតគូរអំពីជីវភាពរបស់អ្នកធ្វើការងារក្នុងវិស័យសំណង់ និងសេវាកម្មនានាផ្សេង កាលពីកម្មករ-កម្មការិនីកាត់ដេរ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ បានប្រកាសឱ្យក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈពិចារណាលើសំណើរបស់ក្រុមសហភាពសហព័ន្ធសហជីព និងសមាគមចំនួន ៦ ដែលបានស្នើសុំរាជរដ្ឋាភិបាលកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករវិស័យសំណង់ និងសេវាកម្មនានា កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៨។
គួរបញ្ជាក់ផងដែរថា គិតត្រឹមឆ្នាំ២០១៨ មន្ត្រីរាជការទាំងអស់ទទួលបានប្រាក់បៀវត្សយ៉ាងតិច១លានរៀលក្នុងមួយខែ ខណៈដែលកម្មករ-កម្មការិនីកាត់ដេរ ទទួលបានប្រាក់ឈ្នួលអប្បបរមា ឬហៅថាប្រាក់ខែគោលយ៉ាងតិចចំនួន ១៧០ដុល្លារ ក្នុងឆ្នាំ២០១៨ មិនតែប៉ុណ្ណោះ ចាប់ពីដើមឆ្នាំ២០១៩តទៅ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-កម្មការិនីកាត់ដេរនឹងទទួលបានចំនួន ១៨២ដុល្លារ ដែលនេះនឹងមិនរាប់បញ្ចូលនូវប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលកម្មករនិយោជិតធ្លាប់ទទួលបាននោះឡើយ៕
RAC Media | លឹម សុវណ្ណរិទ្ធ
អាណាចក្រចេនឡាចាត់ទុកជារដ្ឋ ដំបូងៗមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាណាចក្រ ឬ រដ្ឋសំខាន់ៗ និងដំបូងបង្អស់ក្នុងដែនដីអាស៊ីអាគ្នេយ៍មានដូចជារដ្ឋហ្វូណន រដ្ឋចេនឡា និង រដ្ឋអង្គរ (អាណាចក្រអង្គរ ឬ ចក្រភពអង្គរ) ។...
កាលពីវេលាម៉ោង១២:៣៣ នាទី រំលងអធ្រាត្រថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខនៃគណបក្សប្រជាជនកម្ពុជា បានបង្ហោះឃ្លីបវីដេអូមួយប្រវែង ៨នាទីនិង២៨វិនាទី...
កាលដែលពួកយើងជាមនុស្សមានរបៀបរៀបរយ ត្រឹមត្រូវ ធ្វើអ្វីច្បាស់លាស់ មានវិន័យ វាមិនមែនជារឿងងាយនោះទេ ហើយបើសិនជាពួកយើងមិនទម្លាប់រឿងនឹងទៀត វាកាន់តែពិបាក។ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ យ៉ាងណាមិញ ជីវិតនៅ...
ការស្រាវជ្រាវនេះ មានគោលបំណងឈ្វេងយល់អំពីកម្រិតនៃជំងឺថប់បារម្ភ (Anxiety) របស់និស្សិតវិស្វករដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ កម្រងសំណួរសម្រាប់វាស់កម្...