Royal Academy of Cambodia
ចុះផ្សាយថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ - ម៉ោង៖ ១០ : ៣០នាទី
បន្ទាប់ពីកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលជាង៣ទស្សវត្សរ៍ ការបោះឆ្នោតថ្នាក់ជាតិលើកទីមួយ ដែលបានគ្រោងធ្វើឡើងនៅខែឧសភា ឆ្នាំ១៩៩៣ ត្រូវបានរៀបចំឡើងដោយស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ ដោយសារតែការព្រួយបារម្ភអំពីការវាយប្រហាររបស់កម្លាំងខ្មែរក្រហម ដែលបានជ្រើសយកការតស៊ូប្រដាប់អាវុធជាថ្មីម្ដងទៀត។ កងយោធពលខេមរភូមិន្ទ បានពង្រឹងនិងត្រៀមកម្លាំងដើម្បីបង្កបរិយាកាសល្អប្រសើរសម្រាប់ការបោះឆ្នោតនៅខែឧសភាខាងមុខ ហើយទោះជាយ៉ាងនេះក្ដី ទីតាំងដែលកម្លាំងរបស់ខ្មែរក្រហមអាចគ្រប់គ្រងបានមានតែ៣ប៉ុណ្ណោះគឺ ម៉ាឡៃ ប៉ៃលិន និងអន្លង់វែង។
ជាមួយគ្នានេះដែរកងកម្លាំងរបស់អាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាហៅកាត់ថាអ៊ុនតាក់ ត្រូវបានដាក់ពង្រាយនៅតាមទីតាំងនិងតំបន់ដែលរដ្ឋកម្ពុជាបានគ្រប់គ្រងតែប៉ុណ្ណោះដើម្បីសង្កេតការណ៍និងធ្វើរបាយការណ៍អំពីស្ថានការណ៍របស់ប្រទេសកម្ពុជានាពេលនោះ។ នៅទីបំផុតសង្គ្រាមវាយឆ្មក់របស់ខ្មែរក្រហមបានកើតឡើងដោយមិននឹកស្មានទុកជាមុន គឺនៅផ្លូវលេខ១២ ដែលភ្ជាប់ភាគខាងកើតនិងភាគខាងលិចនៃប្រទេសកម្ពុជា និងការដណ្ដើមបានទីរួមខេត្តសៀមរាបដោយមិននឹកស្មានដល់របស់កម្លាំងខ្មែរក្រហម។
ជាការពិត ការនឹកស្មានមិនដល់នេះ គឺដោយសារក្រៅតែពីមូលដ្ឋានទាំង៣ខាងលើនេះ ខ្មែរក្រហមមិនមានមូលដ្ឋាន ណានៅជិតខេត្តនេះទៀតនោះទេ ហេតុនេះហើយគេក៏មិននឹកស្មានថាខ្មែរក្រហមនឹងវាយប្រហារដណ្ដើមយកខេត្តសៀមរាបនោះដែរ។ លើសពីនេះទៅទៀត នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស របបរដ្ឋកម្ពុជាបានអនុវត្តទៅតាមអ្វីដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ដោយធ្វើការកាត់បន្ថយកម្លាំង ពិសេសប្រមូលអាវុធយុទ្ធភ័ណ្ឌមួយចំនួនទុកនៅក្នុងឃ្លាំង ប៉ុន្តែសម្រាប់ខ្មែរក្រហមដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែរនោះ ពុំបានអនុវត្តដូចនេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ខ្មែរក្រហមដណ្ដើមកាន់កាប់បានទីរួមខេត្តសៀមរាបត្រឹមតែ៥ម៉ោងតែប៉ុណ្ណោះ ព្រោះនៅក្រោយពីកម្លាំងរបស់របបរដ្ឋកម្ពុជាប្រមូលនិងត្រៀមកម្លាំងរួច ក៏បានវាយប្រហារទៅលើទីតាំងបញ្ជាការរបស់កម្លាំងខ្មែរក្រហមនៅសៀមរាបដោយជោគជ័យ។
បើទោះជាមានហេតុការណ៍ដូចនេះក្ដី ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ១៩៩៣ ក៏បានប្រព្រឹត្តទៅរហូតដល់ចប់សព្វគ្រប់ ក៏ប៉ុន្តែគេនៅចាំបានថា នៅពេលនោះគណបក្សហ្វ៊ុនស៊ិនប៉ិចបានធ្វើការឃោសនាដោយយកព្រះកិត្តិនាមរបស់សម្ដេចព្រះនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) ធ្វើជាដើមទុនយ៉ាងធំសម្រាប់ស្វែងរកប្រជាប្រិយភាពនិងការគាំទ្រជាសន្លឹកឆ្នោត ពីប្រជាជន ចាប់តាំងពីការប្រើប្រាស់ពាក្យពេចន៍ថា «ស្រុកមានសង្គ្រាមដោយសារគ្មានស្ដេច ចុះបើស្ដេចមកដល់ហើយ ហេតុអ្វីមិនថ្វាយអំណាចទៅស្ដេច ដើម្បីស្រុកសុខសាន្ត?» រហូតដល់នៅក្នុងពាក្យពេចន៍ខ្លះ ថែមទាំងបានលើកឡើងថា «បើហ្វ៊ុនស៊ិនប៉ិចឈ្នះឆ្នោត នឹងថ្វាយអំណាចជូនសម្ដេចព្រះនរោត្ដមសីហនុ» ថែមទៀតផង។
តាមការពិតទៅ សម្ដេចព្រះនរោត្ដមសីហនុ ព្រះបររមរតនកោដ្ឋ ព្រះអង្គបានប្រកាសដោយអង្គឯងថា ព្រះអង្គប្រកាន់យកជំហរអព្យាក្រឹត្យនៅចំពោះកម្លាំងនយោបាយទាំងអស់របស់កម្ពុជារួចទៅហើយនោះ។ នៅទីបំផុតទៅ ក្រោយការប្រកាសលទ្ធផលនៃការបោះឆ្នោត មានប្រតិកម្មជាច្រើនបានផ្ទុះឡើង ដែលក្នុងនោះ អ្វីដែលគួរឱ្យកត់ សម្គាល់ជាខ្លាំងនោះគឺ មានសែរាជវង្សមួយព្រះអង្គបានប្រកាសមិនទទួលស្គាល់ការបោះឆ្នោត រហូតដល់ប្រកាសបង្កើតតំបន់អប្បគមន៍នៅខេត្តស្ថិតនៅត្រើយខាងកើតទន្លេមេគង្គថែមទៀតផង។
ដោយមើលឃើញពីស្ថានភាពផុយស្រួយដែលនាំទៅដល់ការបែកបាក់ជាតិ និងអាចផ្ទុះជាសង្គ្រាមផ្ទៃក្នុងជាថ្មី ក៏ដូចជាការមើលឃើញអំពីលទ្ធភាពនៃការគ្រប់គ្រងស្ថានការណ៍ប្រទេសទាំងមូលរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច សម្ដេចព្រះនរោត្ដមសីហនុ បានសម្រេចប្រកាសថាព្រះអង្គនឹងដោះស្រាយបញ្ហារវាងកូនចៅរបស់ព្រះអង្គ ជំនួសអាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំកម្ពុជាហៅកាត់ថាអ៊ុនតាក់។
នៅទីបញ្ចប់ ក្រោមការសម្របសម្រួលរបស់សម្ដេចព្រះនរោត្ដមសីហនុ រាជរដ្ឋាភិបាលថ្មីក្នុងនីតិកាលទីមួយនៃរដ្ឋសភាជាតិកម្ពុជា ត្រូវបានបង្កើតឡើងក្រោមរូបភាពឆន្ទៈនយោបាយបង្រួបបង្រួមឯកភាពផ្ទៃក្នុងជាតិ។ប៉ុន្តែទោះបីជាមានព្រះរាជបូជនីយកិច្ចពីសម្ដេចព្រះនរោត្ដមសីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងដូចនេះក្ដី ក៏ការ ប៉ះទង្គិចប្រដាប់អាវុធជាទ្រង់ទ្រាយធំមួយក្នុងជួររាជរដ្ឋាភិបាលថ្មីនេះ បានផ្ទុះឡើងដោយជៀសមិនផុតនៅចុងនីតិកាលទី១នៃរដ្ឋសភា...(សូមរង់ចាំអានភាគបន្ត...)
RAC Media | លឹម សុវណ្ណរិទ្ធ
កំណើតប្រហែល៦០០ឆ្នាំមុនគ្រិស្តសករាជ។ ទស្សនវិជ្ជាចាប់កំណើតតាំងពីពេលដែលមនុស្សចេះត្រិះរិះពិចារណារកហេតុផលចំពោះអ្វីៗដែលនៅក្នុងខ្លួនមនុស្សនិងចេះត្រិះរិះពិចារណាលើវត្ថុនិងបាតុភូតនៅក្នុងពិភពលោកនេះ។ គេបានដឹងថា ប...
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបសំណេះសំណាល ជាមួយលោក យ៉ុងវ៉ា ស៊ិន...
យោងតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានគណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរ នៅក្នុងពិធីប្រកាសឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ»ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី២៥...
ថ្លែងនៅក្នុងសុន្ទរកថាបូកសរុប និងប្រាកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ“វចនានុក្រមខ្មែរ” ព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្...
នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ របស់រាជបណ្ឌិត្យសភាកម្ពុជា ក្រោមការរៀបចំរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានខិតខំស្រាវជ្រាវនិងចងក្រង រៀបចំជាវចនានុក្រមខ្មែរ ឆ្នាំ២០២២ នេះឡើង។...
នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣រាជបណ្ឌិត្យសភាកម្ពុជាមានកិត្តិយស បានរៀបចំ « ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅវចនានុក្រមខ្មែរ បោះពុម្ពសៀវភៅ និងទម្រង់ឌីជីថល» និងចុចប៊ូតុងសម្ពោធបើកប្រើប្រាស់ជាផ្លូវការ ដែ...