ព័ត៌មាន

«ដំណើរនយោបាយកម្ពុជា៖ ជំហរនិងសម្បទានដើម្បីឧត្ដមប្រយោជន៍ជាតិ»

2018-12-05 15:41:38 ថ្ងៃពុធ, 05 ធ្នូ 2018 ម៉ោង 10:41 PM
អ្នកមើល 3833
post_detail

ដោយ លឹម សុវណ្ណរិទ្ធ

ចុះផ្សាយថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ - ម៉ោង៖  ១០:៣០ នាទីយប់

ភ្នំពេញ៖ មកទល់នឹងឆ្នាំ២០១៨នេះ មានរយៈពេល៣៩ឆ្នាំហើយដែលរបបប្រល័យមនុស្សជាតិត្រូវបានផ្ដួលរំលំ ហើយដែលប្រជាជាតិកម្ពុជាបានស្គាល់ជាថ្មីនូវតម្លៃក្នុងការរស់នៅជាមនុស្សជាតិពេញលេញឡើងវិញ។ ជាមួយគ្នានេះដែរ អស់រយៈពេល២៥ឆ្នាំ ដែលកិច្ចព្រមព្រៀងសន្តិភាពមួយបាននាំមកនូវប្រជាធិបតេយ្យសេរីពហុបក្សមកឱ្យកម្ពុជា ប៉ុន្តែបើយើងមើលឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនោះ មកត្រឹមឆ្នាំ២០១៨នេះ វាទើបតែកន្លងផុតបាន២០ឆ្នាំប៉ុណ្ណោះ ដែលកម្ពុជាបានចាកផុតពីការគ្រប់គ្រងតាមរបៀបស្បែកខ្លា។

បើក្រឡេកទៅមើលប្រវត្តិសាស្ត្រឡើងវិញ គេត្រូវរំឭកអំពីចលនាតស៊ូមួយដែលកើតចេញអំពីប្រជាជនប្រឆាំងនឹងការដឹកនាំដ៏ឃោរឃៅ ព្រៃផ្សៃ និងអមនុស្សធម៌នៃរបបកម្ពុជាប្រជាធិបតេយ្យ។ ដោយមានការចូលរួមយ៉ាងផុសផុលពីបណ្ដាជនអ្នកស្នេហាជាតិទាំងឡាយ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ដឹកនាំដោយសមមិត្ត ហេង សំរិន ដែលរណសិរ្សនេះមានគោលដៅវាយរំលំរបបកម្ពុជាប្រជាធិបតេយ្យ និងដោយមានការជួយជ្រោមជ្រែងពីកងទ័ពស្ម័គ្រចិត្តវៀតណាម។ នៅទីបំផុត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានទទួលជោគជ័យលើកម្លាំងនៃរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយបង្កើតរដ្ឋាភិបាលថ្មីមួយនៅកម្ពុជាដែលមានឈ្មោះថា «សាធារណរដ្ឋប្រជាមានិតកម្ពុជា»។ បើទោះបីជារដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានគ្រប់គ្រងលើទឹកដីប្រមាណជាង៩០%ទៅហើយក្ដី ក៏នៅលើឆាកអន្តរជាតិ ប្រទេសលោកសេរីទាំងឡាយ ពុំបានទទួលស្គាល់រដ្ឋាភិបាលដែលកើតចេញពីការតស៊ូរបស់ប្រជាជនកម្ពុជានេះដែរ ហើយផ្ទុយទៅវិញ គេបែរជាប្រគល់អសនៈរបស់កម្ពុជានៅក្នុងអង្គការសហប្រជាជាតិទៅឱ្យរបបកម្ពុជាប្រជាធិប​តេយ្យ ដែលបានប្រល័យជីវិតមនុស្សជាតិយ៉ាងរង្គាលដោយមិនរើសមុខ មិនរើសជាតិសាសន៍ និងទាំងដោយគ្មានការកាត់សេចក្ដីណាមួយនោះឡើយ។ នេះក៏ដោយសារតែនាពេលនោះ សាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាម៉េរិកបានចាប់ដៃគ្នា រួមគ្នាប្រឈមនឹងសហភាពសូវៀត ដែលកំពុងតែកើនឥទ្ធិពលខ្លាំងនៅក្នុងនយោបាយមនោគមវិជ្ជាពិភពលោក ហើយចិននិងអាម៉េរិកនៅតែបន្តគាំទ្រដល់របបកម្ពុជាប្រជាធិបតេយ្យដែលក្រោយមកបានរួមគ្នាជាមួយនឹងចលនាពីរផ្សេងទៀត​គឺ​ហ្វ៊ុនស៊ិនប៉ិច និងកម្លាំងរបស់លោកតាស៊ឺនសានបង្កើតជារដ្ឋាភិបាលត្រីភាគី។ បើទោះជាយ៉ាងនេះក្ដី របបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបន្តដំណើររបស់ខ្លួនទាំងដោយប្រឈមនឹងការហ៊ុមព័ទ្ធនយោបាយនិងសេដ្ឋកិច្ចពីបស្ចិមប្រទេស ក៏ដូចជាប្រឈមនឹងការប៉ុនប៉ងវិលត្រឡប់មកដណ្ដើមអំណាចវិញរបស់ពួកខ្មែរក្រហម។

ទោះបីជាសាធារណរដ្ឋប្រជាមានិតកម្ពុជាបានកាន់កាប់ទឹកដីស្ទើរតែទាំងស្រុង និងមានកម្លាំងទ័ពមានប្រៀបទៅលើក្រុមខ្មែរត្រីភាគីក្ដី ក៏មេដឹកនាំនៃរបបនេះ ពិសេសសមមិត្ត ហ៊ុន សែន បានយល់យ៉ាងច្បាស់ថា មានតែការចរចាគ្នារវាងខ្មែរនឹងខ្មែរប៉ុណ្ណោះ ដែលអាចឈានទៅដោះស្រាយបានទាំងស្រុងនូវវិបត្តិនយោបាយនិងសង្គ្រាមជាង៣ទសវត្សរ៍មកនេះ។ ហេតុនេះហើយទើប សមមិត្ត ហ៊ុន សែន ចាប់ផ្ដើមបោះដៃចរចាជាមួយនឹងក្រុមខ្មែរត្រីភាគី ដែលនៅពេលនោះជំនាញការវៀតណាមនៅកំពុងមានវត្តមានពាសពេញប្រទេសកម្ពុជា។ ម្យ៉ាងដោយសារតែឧត្ដមគតិនិងមនសិការជាតិនេះហើយ ទើបនៅទីបំផុត វរជននយោបាយ​ដ៏មានឥទ្ធិពលពីររូបរបស់កម្ពុជាគឺ សម្ដេចនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) ដែលជាប្រមុខនៃក្រុមខ្មែរត្រីភាគី និង សមមិត្ត ហ៊ុន សែន ដែលតំណាងឱ្យរដ្ឋាភិបាលនៃរបបរដ្ឋកម្ពុជា សម្រេចបាននូវសមិទ្ធផលនិងជោគជ័យរួមគ្នាជាប្រវត្តិសាស្ត្រ​សម្រាប់នយោបាយ និងសន្តិភាពនៅកម្ពុជាគឺ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្ដីពីបញ្ហាកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ 

ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមាន កម្ពុជាបានស្គាល់នូវការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ជាលើកដំបូង ក្រោយសង្គ្រាមស៊ីវិលជាង៣ទសវត្សរ៍ ប៉ុន្តែនៅក្នុងក្រុមខ្មែរត្រីភាគីឯណោះ អតីតកម្លាំងនៃរបបកម្ពុជាប្រជាធិប​តេយ្យ​(ខ្មែរក្រហម) បានបោះបង់ចោលនូវឱកាសនៃការចូលរួមប្រកួតប្រជែងយកអំណាចដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យ ហើយចាប់​កាន់អាវុធឡើងវិញ ដែលបង្ខំឱ្យកម្លាំងនៃរបបរដ្ឋកម្ពុជា ត្រូវបដិសេធមិនព្រមទុកអាវុធតាមការស្នើសុំរបស់អាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) ដែលប្រការនេះបានបណ្ដាលឱ្យមានការព្រួយបារម្ភជាថ្មីទៀត អំពីការលាប់ឡើងវិញនៃដំបៅសង្គ្រាមស៊ីវិលនៅកម្ពុជា... (សូមរង់ចាំអានភាគបន្ត...)

RAC Media 



អត្ថបទទាក់ទង

«ប្រវត្តិ និងសារៈសំខាន់នៃពុទ្ធិកសិក្សានៅកម្ពុជា»

(រូបថត៖ http://5000-years.org/)វិស័យអប់រំផ្នែកពុទ្ធិកសិក្សាជាវិស័យមួយដែលបានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ វិស័យនេះបានចាប់បដិសន្ធិជាច្រើនសតវត្សរ៍មកហើយ គឺនៅមុនរជ្ជកាលនៃការគ្រប់គ្រងរបស់អតីត...

2022-06-22 03:24:45   ថ្ងៃពុធ, 22 មិថុនា 2022 ម៉ោង 10:24 AM
សមិទ្ធផលថ្មី សៀវភៅ «តក្កវិទ្យាជាមួយការអនុវត្ត»

សៀវភៅ «តក្កវិទ្យាជាមួយការអនុវត្ត» រៀបចំសម្រាប់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ អ្នកសិក្សា និង អ្នកស្រាវជ្រាវលើវិស័យគណិតវិទ្យា។ សៀវភៅនេះ ជាផ្នែកមួយនៃពីជគណិត ដែលផ្តល់ឱ្យនិស្សិតត្រូវ សិក្សាទទួលបានចំណេះដឹងខ...

2022-06-22 02:59:11   ថ្ងៃពុធ, 22 មិថុនា 2022 ម៉ោង 09:59 AM
រាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ទឹកថ្នាំសម្លាប់មេរោគជូនក្រសួងសុខាភិបាល

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធ...

2022-06-16 12:19:23   ថ្ងៃព្រហស្បតិ៍, 16 មិថុនា 2022 ម៉ោង 07:19 PM
ជំនួបប្រជុំបង្កើនកិច្ចសហប្រតិបត្តិការជាមួយរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃពុធនេះ ទី១៥ ខែមិថុនា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសទទួលបដិសណ្ឋារកិច្ចឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ។ នៅក្នុងជំ...

2022-06-16 03:14:22   ថ្ងៃព្រហស្បតិ៍, 16 មិថុនា 2022 ម៉ោង 10:14 AM
ជំនួបម្ចាស់សៀវភៅ 24-Hour English Pronunciation 101

នាថ្ងៃពុធ ទី ១១ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងមន្រ្តីជំនាញអប់រំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ លោក លី សុជាតិ អ្នករៀបរៀបចងក្រងសៀវភៅ 24-Hour English Pronunci...

2022-05-12 01:29:46   ថ្ងៃព្រហស្បតិ៍, 12 ឧសភា 2022 ម៉ោង 08:29 AM
ជំនួបគោរមវន្តកិត្តិយស កសាងគុណកថា កិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី

លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានអនុញ្ញាតឱ្យក្រុមការងារលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ តាមការចាត់តាំងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ...

2022-05-10 14:52:10   ថ្ងៃអង្គារ, 10 ឧសភា 2022 ម៉ោង 09:52 PM

សេចក្តីប្រកាស