Royal Academy of Cambodia
ដោយ លឹម សុវណ្ណរិទ្ធ
ចុះផ្សាយថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ - ម៉ោង៖ ១០:៣០ នាទីយប់
ភ្នំពេញ៖ មកទល់នឹងឆ្នាំ២០១៨នេះ មានរយៈពេល៣៩ឆ្នាំហើយដែលរបបប្រល័យមនុស្សជាតិត្រូវបានផ្ដួលរំលំ ហើយដែលប្រជាជាតិកម្ពុជាបានស្គាល់ជាថ្មីនូវតម្លៃក្នុងការរស់នៅជាមនុស្សជាតិពេញលេញឡើងវិញ។ ជាមួយគ្នានេះដែរ អស់រយៈពេល២៥ឆ្នាំ ដែលកិច្ចព្រមព្រៀងសន្តិភាពមួយបាននាំមកនូវប្រជាធិបតេយ្យសេរីពហុបក្សមកឱ្យកម្ពុជា ប៉ុន្តែបើយើងមើលឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនោះ មកត្រឹមឆ្នាំ២០១៨នេះ វាទើបតែកន្លងផុតបាន២០ឆ្នាំប៉ុណ្ណោះ ដែលកម្ពុជាបានចាកផុតពីការគ្រប់គ្រងតាមរបៀបស្បែកខ្លា។
បើក្រឡេកទៅមើលប្រវត្តិសាស្ត្រឡើងវិញ គេត្រូវរំឭកអំពីចលនាតស៊ូមួយដែលកើតចេញអំពីប្រជាជនប្រឆាំងនឹងការដឹកនាំដ៏ឃោរឃៅ ព្រៃផ្សៃ និងអមនុស្សធម៌នៃរបបកម្ពុជាប្រជាធិបតេយ្យ។ ដោយមានការចូលរួមយ៉ាងផុសផុលពីបណ្ដាជនអ្នកស្នេហាជាតិទាំងឡាយ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ដឹកនាំដោយសមមិត្ត ហេង សំរិន ដែលរណសិរ្សនេះមានគោលដៅវាយរំលំរបបកម្ពុជាប្រជាធិបតេយ្យ និងដោយមានការជួយជ្រោមជ្រែងពីកងទ័ពស្ម័គ្រចិត្តវៀតណាម។ នៅទីបំផុត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានទទួលជោគជ័យលើកម្លាំងនៃរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយបង្កើតរដ្ឋាភិបាលថ្មីមួយនៅកម្ពុជាដែលមានឈ្មោះថា «សាធារណរដ្ឋប្រជាមានិតកម្ពុជា»។ បើទោះបីជារដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានគ្រប់គ្រងលើទឹកដីប្រមាណជាង៩០%ទៅហើយក្ដី ក៏នៅលើឆាកអន្តរជាតិ ប្រទេសលោកសេរីទាំងឡាយ ពុំបានទទួលស្គាល់រដ្ឋាភិបាលដែលកើតចេញពីការតស៊ូរបស់ប្រជាជនកម្ពុជានេះដែរ ហើយផ្ទុយទៅវិញ គេបែរជាប្រគល់អសនៈរបស់កម្ពុជានៅក្នុងអង្គការសហប្រជាជាតិទៅឱ្យរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានប្រល័យជីវិតមនុស្សជាតិយ៉ាងរង្គាលដោយមិនរើសមុខ មិនរើសជាតិសាសន៍ និងទាំងដោយគ្មានការកាត់សេចក្ដីណាមួយនោះឡើយ។ នេះក៏ដោយសារតែនាពេលនោះ សាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាម៉េរិកបានចាប់ដៃគ្នា រួមគ្នាប្រឈមនឹងសហភាពសូវៀត ដែលកំពុងតែកើនឥទ្ធិពលខ្លាំងនៅក្នុងនយោបាយមនោគមវិជ្ជាពិភពលោក ហើយចិននិងអាម៉េរិកនៅតែបន្តគាំទ្រដល់របបកម្ពុជាប្រជាធិបតេយ្យដែលក្រោយមកបានរួមគ្នាជាមួយនឹងចលនាពីរផ្សេងទៀតគឺហ្វ៊ុនស៊ិនប៉ិច និងកម្លាំងរបស់លោកតាស៊ឺនសានបង្កើតជារដ្ឋាភិបាលត្រីភាគី។ បើទោះជាយ៉ាងនេះក្ដី របបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបន្តដំណើររបស់ខ្លួនទាំងដោយប្រឈមនឹងការហ៊ុមព័ទ្ធនយោបាយនិងសេដ្ឋកិច្ចពីបស្ចិមប្រទេស ក៏ដូចជាប្រឈមនឹងការប៉ុនប៉ងវិលត្រឡប់មកដណ្ដើមអំណាចវិញរបស់ពួកខ្មែរក្រហម។
ទោះបីជាសាធារណរដ្ឋប្រជាមានិតកម្ពុជាបានកាន់កាប់ទឹកដីស្ទើរតែទាំងស្រុង និងមានកម្លាំងទ័ពមានប្រៀបទៅលើក្រុមខ្មែរត្រីភាគីក្ដី ក៏មេដឹកនាំនៃរបបនេះ ពិសេសសមមិត្ត ហ៊ុន សែន បានយល់យ៉ាងច្បាស់ថា មានតែការចរចាគ្នារវាងខ្មែរនឹងខ្មែរប៉ុណ្ណោះ ដែលអាចឈានទៅដោះស្រាយបានទាំងស្រុងនូវវិបត្តិនយោបាយនិងសង្គ្រាមជាង៣ទសវត្សរ៍មកនេះ។ ហេតុនេះហើយទើប សមមិត្ត ហ៊ុន សែន ចាប់ផ្ដើមបោះដៃចរចាជាមួយនឹងក្រុមខ្មែរត្រីភាគី ដែលនៅពេលនោះជំនាញការវៀតណាមនៅកំពុងមានវត្តមានពាសពេញប្រទេសកម្ពុជា។ ម្យ៉ាងដោយសារតែឧត្ដមគតិនិងមនសិការជាតិនេះហើយ ទើបនៅទីបំផុត វរជននយោបាយដ៏មានឥទ្ធិពលពីររូបរបស់កម្ពុជាគឺ សម្ដេចនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) ដែលជាប្រមុខនៃក្រុមខ្មែរត្រីភាគី និង សមមិត្ត ហ៊ុន សែន ដែលតំណាងឱ្យរដ្ឋាភិបាលនៃរបបរដ្ឋកម្ពុជា សម្រេចបាននូវសមិទ្ធផលនិងជោគជ័យរួមគ្នាជាប្រវត្តិសាស្ត្រសម្រាប់នយោបាយ និងសន្តិភាពនៅកម្ពុជាគឺ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្ដីពីបញ្ហាកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមាន កម្ពុជាបានស្គាល់នូវការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ជាលើកដំបូង ក្រោយសង្គ្រាមស៊ីវិលជាង៣ទសវត្សរ៍ ប៉ុន្តែនៅក្នុងក្រុមខ្មែរត្រីភាគីឯណោះ អតីតកម្លាំងនៃរបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម) បានបោះបង់ចោលនូវឱកាសនៃការចូលរួមប្រកួតប្រជែងយកអំណាចដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យ ហើយចាប់កាន់អាវុធឡើងវិញ ដែលបង្ខំឱ្យកម្លាំងនៃរបបរដ្ឋកម្ពុជា ត្រូវបដិសេធមិនព្រមទុកអាវុធតាមការស្នើសុំរបស់អាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) ដែលប្រការនេះបានបណ្ដាលឱ្យមានការព្រួយបារម្ភជាថ្មីទៀត អំពីការលាប់ឡើងវិញនៃដំបៅសង្គ្រាមស៊ីវិលនៅកម្ពុជា... (សូមរង់ចាំអានភាគបន្ត...)
RAC Media
ផ្លូវនឹងខ្សែក្រវាត់ជាច្រកសេដ្ឋកិច្ចមួយ សំដៅលើប្រព័ន្ធនៃការដឹកជញ្ជូនទំនិញឬសេវាឆ្លងដែន ជាពិសេសសម្រាប់ប្រទេសដែលគ្មានផ្លូវសមុទ្រ។ ច្រកសេដ្ឋកិច្ចនេះ អាចធ្វើឡើងតាមរយៈផ្លូវជាតិ ឬតាមរយៈផ្លូវដែក ដែលអាចជំរុញកំណ...
Pensonic Holdings Bhd គឺជាក្រុមហ៊ុនដែលផលិតសម្ភារប្រើប្រាស់របស់ម៉ាឡេស៊ី ហើយក្រុមហ៊ុននេះមានគោលបំណងពង្រីកសាខានៅក្នុងប្រទេសកម្ពុជា ដោយបច្ចុប្បន្នក្រុមហ៊ុន Pensonic កំពុងសម្លឹងមើល ខេត្តបាត់ដំបង ខេត្តសៀមរាប...
ភ្នំពេញ៖ នាវាចំនួន ២ គ្រឿងរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុនដែលមានឈ្មោះថា “សេតូយុគិ” និង“ស៊ីម៉ាយុគិ” ដឹកនាំដោយវរនាវីឯក យ៉ូស៊ីយូគី ណាកាហ្គាម៉ា មេបញ្ជាការកងពលធំហ្វឹកហ្វឺនលេខ១ នៃកងកម្លាំងស្វ័យការពារជើងទ...
ភ្នំពេញ៖ វត្តមានប្រជាជនចិននៅកម្ពុជា មានចាប់តាំងពីចុងសតវត្សរ៍ទី១៣ រហូតមកដល់បច្ចុប្បន្ន។ អន្ដោប្រវេសន៍ជនជាតិចិនដែលមកដល់កម្ពុជាដំបូងៗ ភាគច្រើនបំផុតជាបុរស ហើយពួកគេបានយកស្ត្រីខ្មែរធ្វើជា...
ខេត្តព្រះវិហារ៖ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់លោក Surachat Khahinthapong ប្រធានសមាគមចិញ្ចឹមគោទឹកដោះ វ៉ាងណាំយិនប្រ...