ព័ត៌មាន

«ល្ខោនខោលរបស់កម្ពុជា បានបញ្ចូលជាផ្លូវការនៅក្នុងបញ្ជីបេតិកភណ្ឌអរូបីយនៃមនុស្សជាតិរបស់យូណេស្កូ»

2018-11-29 03:37:48 ថ្ងៃព្រហស្បតិ៍, 29 វិច្ឆិកា 2018 ម៉ោង 10:37 AM
អ្នកមើល 298
post_detail

នេះ ជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ដែលទទួលបាននូវកិត្តិយសល្បីខ្ទរខ្ទាលើឆាកអន្តរជាតិ ដោយការសម្រេចអនុម័តទទួលចុះបញ្ជី«ល្ខោនខោល»របស់កម្ពុជា ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលម៉ិញនេះ នៅក្នុងកិច្ចប្រជុំលើក​ទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស តាមសេចក្តីសម្រេច Decision 13.COM.10.a.3 ។

(រូបភាពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)

ការសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូនៅពេលនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការខិតខំពុះពារចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំមន្រ្តីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដោយមានកិច្ចសហការគាំទ្រយ៉ាងផុសផុលពីសិល្បករ អង្គការសមាគម សង្គមស៊ីវិល ក្នុងវិស័យសិល្បៈវប្បធម៌ និងការជួយគាំទ្រលើកទឹកចិត្ត ពីមហាជននិងស្រទាប់យុវជនកម្ពុជាទាំងមូលទើបយើង បានទទួលនូវលទ្ធផលជោគជ័យនៃការដាក់បញ្ចូលនូវល្ខោនខោលនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដ៏ត្រចះត្រចង់នេះ។ 

បេតិកភណ្ឌវប្បធម៌រូបិយរបស់ជាតិយើង បានរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺលើឆាកអន្តរជាតិព្រមទាំងជាតួអង្គមួយលេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោកថែមទៀតផង។ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងជនរួមជាតិកម្ពុជាគ្រប់រូប សូមចូលរួមអបអរសាទរ វាយគង ទូងស្គ ទះប៉ោត គោះត្រដោក នៅម៉ោង១០យប់ នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទូទាំងប្រទេសកម្ពុជា៕

សូមជម្រាបជូនដែរថា កន្លងមកនេះ មានការលេចលឺអំពីការប្រកួតប្រជែងគ្នាក្នុងការរៀបចំដាក់ល្ខោនខោល របស់កម្ពុជា និងថៃ ដាក់ទៅអង្គការយូណេស្កូ ហើយក៏ធ្វើរំជើបរំជួលដល់ស្រទាប់មហាជនជាច្រើន ដែលស្រឡាញ់នូវសម្បត្តិវប្បធម៌របស់ប្រទេស។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលក៏មិនបានព្រងើយកន្តើយនឹងផលប្រយោជន៍ជាតិនោះដែរ ហើយបានខិតខំបំពេញកិច្ចការនិងរៀបចំឯកសារជាភ័ស្តុតាងនានាដាក់ជូនគណៈកម្មការវាយតម្លៃ។ 

រាជបណ្ឌិត្យសភាកម្ពុជា សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័ន ដែលបានខំប្រឹងប្រែងសម្រាប់បុព្វហេតុជាតិ និងសូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលយកចិត្តទុកដាក់និងស្រឡាញ់សម្បត្តិ​វប្បធម៌របស់ជាតិ។

ប្រភព៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន និង ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

RAC Media


អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស