ព័ត៌មាន

«៩ វិច្ឆិកា ២០១៨៖ ខួប៦៥ឆ្នាំ នៃឯករាជ្យជាតិកម្ពុជា និងជាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ»

2018-11-07 09:36:25 ថ្ងៃពុធ, 07 វិច្ឆិកា 2018 ម៉ោង 04:36 PM
អ្នកមើល 3627
post_detail

ចុះផ្សាយថ្ងៃទី៧  ខែវិច្ឆិកា ឆ្នាំ២០១៨ - ម៉ោង៖ ៤ :៣០ នាទីរសៀល

ភ្នំពេញ៖ ក្រោយពីទទួលបានឯករាជ្យបរិបូណ៌ពីសាធារណរដ្ឋបារាំង មកដល់ពេលនេះ មានរយៈពេល៦៥ឆ្នាំមកហើយ។

ថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ប្រទេសនិងប្រជាជនកម្ពុជានឹងប្រារព្ធទិវាបុណ្យឯករាជ្យរបស់ខ្លួនដែលបានទទួលតាំងពីឆ្នាំ១៩៥៣រៀងមក ហើយបើតាមការប្រកាសរបស់រាជរដ្ឋាភិបាល នៅឆ្នាំនេះទិវាបុណ្យឯករាជ្យជាតិ នឹងត្រូវបានធ្វើយ៉ាងអធិកអធមជាងឆ្នាំមុនៗ។

នៅពេលដែលនិយាយពីទិវាបុណ្យឯករាជ្យជាតិ ប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រាកដជានឹកឃើញដល់អតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះនរោត្តម សីហនុ ដែលបានខិតខំប្រឹងប្រែងបំពេញព្រះរាជបូនីយកិច្ច ក្នុងបុព្វហេតុឯករាជ្យភាពនៃប្រទេសជាតិមាតុភូមិ និងបានទទួលព្រះគោរម្យងារជា ព្រះបិតាឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ការតស៊ូទាមទារឯករាជ្យរបស់កម្ពុជាបានចាប់ផ្ដើមទទួលផ្លែផ្កានៅឆ្នាំ១៩៤៩ ដែលកាលណោះ តាមសន្ធិសញ្ញាដែលចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ១៩៤៩ បារាំងបានទទួលស្គាល់តាមផ្លូវច្បាប់នូវ ឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ប៉ុន្តែទោះជាយ៉ាងនេះក្ដី ឯករាជ្យដែលបារាំងបានអះអាងថាបានទទួលស្គាល់នេះ គឺមានតែឈ្មោះនិងរូបរាងតែប៉ុណ្ណោះ ដោយនៅក្នុងឯករាជ្យនេះ វិស័យសំខាន់ៗជាច្រើន ដែលបារាំងនៅតែបន្តកាន់កាប់ ពុំទាន់ផ្ដល់ជូនកម្ពុជា មានដូចជា អធិបតេយ្យខាងយុត្ដិធម៌ នគរបាល បញ្ជាការយោធា ការទូត ការប្ដូរនិងការឱ្យចាយធនប័ត្រជាដើម។

ក្រោយមកទៀត ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានយាងទៅគង់នៅតំបន់ស្វយ័តមួយដែល រួមមានខេត្តសៀមរាប បាត់ដំបងនិងកំពង់ធំដើម្បីបន្តការទាមទារឯករាជ្យពេញលេញជូនជាតិមាតុភូមិ ហើយទ្រង់បានប្រ កាសថា ព្រះអង្គនឹងយាង ចូលរាជធានីវិញ នៅពេលណាដែលបារាំង ព្រមផ្ទេរមកឱ្យប្រទេសកម្ពុជាវិញនូវកេតន ភ័ណ្ឌចុង ក្រោយនៃឯករាជ្យរបស់ខ្លួន។ គួរបញ្ជាក់ផងដែរថា ស្វយ័តភាពផ្នែកយោធានៃខេត្ដទាំងនេះ ត្រូវបានប្រគល់ ឱ្យប្រទេសកម្ពុជា ដោយមានការទាមទារមួយរបស់ព្រះមហាក្សត្រកម្ពុជា ដែលបានធ្វើឡើងនៅឆ្នាំ១៩៤៩ សម្រាប់ខេត្តសៀមរាបនិងខេត្ដកំពង់ធំ និងនៅឆ្នាំ១៩៥២ សម្រាប់ខេត្ដបាត់ដំបង។ដើម្បីគាំទ្រដល់ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពេញលេញនេះ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ បានបង្កើតកងកម្លាំងជីវពលនារីក្លាហានមួយដែលក្រោយមកមានតួនាទីយ៉ាងធំធេងក្នុងបុព្វហេតុទាមទារឯករាជ្យភាព។

ជាលទ្ធផល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ ការចុះហត្ថលេខារវាងបារាំងនិងកម្ពុជា លើកិច្ចព្រមព្រៀងផ្ទេរអំណាចតុលាការត្រូវបានធ្វើឡើង។ ហើយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរសមត្ថកិច្ចរបស់កងនគររបាល និងបន្ថែមពីលើនេះគឺការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងស្ដីពីអធិបតេយ្យខាងយោធារបស់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥៣។

ជាចុងក្រោយ អធិបតេយ្យពេញលេញនៅលើវិស័យការទូតត្រូវបានធ្វើឡើងតាមរយៈការប្ដូរលិខិតរវាងរដ្ឋាភិបាលបារាំងនិងរាជរដ្ឋាភិបាលកម្ពុជា (ជាចម្លើយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ចំពោះកំណត់មួយរបស់រាជរដ្ឋា ភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៥៣ ដែលប្រគល់ដោយអគ្គស្នងការរបស់សាធារណ រដ្ឋបារាំង លេខ៣៩៣អ៊ែ ចុះថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ ១៩៥៣)។

នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ស្ដេចបានយាងចូលមកក្នុងរាជធានីភ្នំពេញវិញ នៅលើចម្ងាយផ្លូវប្រមាណជា ៣០០គីឡូម៉ែត្រដែលព្រះអង្គបានយាងដំណើរ ប្រជារាស្ដ្រខ្មែរក្នុងទឹកមុខរំភើប រីករាយ និងរំជួលចិត្តជាខ្លាំង ចំពោះឯករាជ្យភាពពេញលេញដែលព្រះអង្គបានទទួលជោគជ័យជាប្រវត្តិសាស្ត្រសម្រាប់មាតុភូមិកម្ពុជា។

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ លោកឧត្ដមសេនីយ៍ឡង់ក្លាត បានប្រគល់យ៉ាងមហោឡារិកនូវអំណាចបញ្ជាការរបស់ខ្លួនថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ហើយកងទ័ពនិងអគ្គសេនាធិការរបស់បារាំង បានដកថយពីព្រះរាជាណាចក្រកម្ពុជា គឺនៅពេលនោះហើយដែលឯករាជ្យរបស់កម្ពុជាបានក្លាយទៅជាឯករាជ្យដ៏ពេញលេញបរិបូរណ៌។ ហើយនោះក៏ជាថ្ងៃដែលកងយោធពលខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជា ចាប់បដិសន្ធិជាផ្លូវការផងដែរ ដោយបានបង្កើតអគ្គសេនាធិការនៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងអាកាសភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិន្ទ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃអាទិត្យទី០៤ ខែវិច្ឆិកានេះ កងកម្លាំងប្រដាប់អាវុធមកពី៣ស្ថាប័នគឺ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស កងកម្លាំងទាហាន និងកងកម្លាំងនគរបាលជាតិ ចំនួនប្រមាណជាជិត ៦ពាន់នាក់ ដែលចែកចេញជា ៥៤ផែន បានចូលរួមហ្វឹកហាត់រួមគ្នានៅមុខព្រះបរមរាជវាំង។ ហើយការហ្វឹកហាត់លើកទី២ នឹងធ្វើឡើងនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ៕

RAC Media | លឹម សុវណ្ណរិទ្ធ


                                            


                                              


                       

                                        

អត្ថបទទាក់ទង

កម្ពុជានិងសហរដ្ឋអាម៉េរិក៖ ទំនាក់ទំនងនិងទំនុកចិត្តដែលត្រូវស្តារវិញ, ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើងនៅខែ កក្កដា ឆ្នាំ១៩៥០។ បើគិតមកដល់ពេលនេះ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានរយៈពេលជាង៧០ឆ្នាំហើយ ប៉ុន្តែទំនាក់ទំនង​នេះ​ហាក់នៅមិនទា...

2021-05-28 13:18:01   ថ្ងៃសុក្រ, 28 ឧសភា 2021 ម៉ោង 08:18 PM
គោលនយោបាយការបរទេសចិន៖ ក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-25 05:14:24   ថ្ងៃអង្គារ, 25 ឧសភា 2021 ម៉ោង 12:14 PM
តើអ៊ីស្រាអែលជាខ្លាក្នុងព្រៃឬជាខ្លាចូលភូមិ? ដោយ៖ បណ្ឌិត ខែក វីរៈ

...

2021-05-21 01:50:58   ថ្ងៃសុក្រ, 21 ឧសភា 2021 ម៉ោង 08:50 AM
នយោបាយការបរទេសចិនជាមួយថៃ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-20 12:34:40   ថ្ងៃព្រហស្បតិ៍, 20 ឧសភា 2021 ម៉ោង 07:34 PM
ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:32 PM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM

សេចក្តីប្រកាស