ព័ត៌មាន

«កិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវនិងអប់រំ»

2018-05-28 10:04:19 ថ្ងៃចន្ទ, 28 ឧសភា 2018 ម៉ោង 05:04 PM
អ្នកមើល 4722
post_detail

នៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩:៣០ព្រឹក នៅសាលនាងនួននៃរាជបណ្ឌិត្យកម្ពុជា បានរៀបចំ អង្គជំនួបមួយជាមួយប្រតិភូឥណ្ឌាស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវ និងអប់រំ» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជា។


សមាសភាពចូលរួមក្នុងជំនួប រួមមាន៖

  • ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា 
  • ឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី អគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា
  • លោកបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ
  • លោកបណ្ឌិត ឈឹម សុខាន់ដារា អនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប
  • លោកបណ្ឌិត សាន សុរាវនិត មន្ត្រីផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវ
  • លោក សេង មាន មន្ត្រីផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវ
  • ប្រតិភូមកពីប្រទេសឥណ្ឌា ចំនួន ១១រូប។


នៅក្នុងកិច្ចចាប់ផ្តើមក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា៖ «រាជបណ្ឌិត្យសភាកម្ពុជាពិតជាមានសេចក្តីសោមនស្សរីករាយជាពន់ពេកដែលបានទទួលគណៈប្រតិភូឥណ្ឌា ហើយរាជបណ្ឌិត្យសភាកម្ពុជា មានក្តីសង្ឃឹមយ៉ាងមុតមាំថា គណៈប្រតិភូឥណ្ឌា និងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់រាជបណ្ឌិត្យសភាកម្ពុជានឹងមានកិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវឱ្យបានទូលំទូលាយ»។ ឯកឧត្តមក៏បានបង្ហាញជូនប្រតិភូឥណ្ឌាអំពីរចនាសម្ព័ន្ធគ្រប់គ្រង មុខងារសំខាន់របស់វិទ្យាស្ថាននីមួយៗ និងក៏ដូចជាមជ្ឈមណ្ឌល ចំណុះនៃរាជបណ្ឌិត្យសភកម្ពុជាផងដែរ។ ឯកឧត្តម បានរៀបរាប់ដោយសង្ខេបពីឧទ្យានរាជបណ្ឌិត្យ សភា កម្ពុជា តេជោសែន ឫស្សីត្រឹប ដែលជាតំបន់ប្រវត្តិសាស្រ្តសំបូរទៅដោយធនធានធម្មជាតិ ជីវចម្រុះជាច្រើនប្រភេទ ជាពិសេស ការរកឃើញឡស្លដែកដែលមានតាំងតែពីសម័យអង្គរមកម្ល៉េះ។ ទាក់ទងនឹងចំណុចនេះឯកឧត្តមសង្ឃឹមថា ប្រតិភូឥណ្ឌា នឹងមានកិច្ចសហប្រតិការជាមួយរាជបណ្ឌិត្យសភាកម្ពុជាលើកិច្ចការស្រាវជ្រាវនៅតំបន់ប្រវត្តិសាស្រ្តដ៏សំបូរបែបមួយនេះ។



ឆ្លើយតបនឹងប្រសាសន៍របស់ឯកឧត្តម យង់ ពៅ គណៈប្រតិភូឥណ្ឌា បានបង្ហាញអំពីចំណាប់អារម្មណ៍ដែលបានមកដល់ប្រទេសកម្ពុជា និងបានមកជួបថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជាដើម្បីពិភាក្សាទៅលើកិច្ចការស្រាវជ្រាវដែល អាចនឹងធ្វើសហប្រតិបត្តិការជាមួយគ្នាបាន។ លោកសាស្រ្តាចារ្យតំណាងឱ្យគណៈប្រតិភូឥណ្ឌា និងសហការី បានមានចំណាប់អារម្មណ៍អំពី ក្បាច់រចនានៅតាមបណ្តាប្រាសាទបុរាណខ្មែរ ដូចជាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន មានបង្កប់នូវរចនាបទមួយចំនួនដែលមានសភាពប្រហាក់ប្រហែលនឹងរចនាបទនៅក្នុងសាសនាមួយរបស់ ឥណ្ឌា នោះគឺសាសនាជែន (Jainism) ដែលជាសាសនាមានអាយុកាលជាង ៣០០០ឆ្នាំមកហើយ។ គណៈប្រតិភូឥណ្ឌា បានជំរុញឱ្យមានការសហការសិក្សាស៊ីជម្រៅអំពីដើមកំណើតនៃការកសាងប្រាសាទដែលមាននៅក្នុងប្រទេសកម្ពុជាផងដែរ។ 

លោកសាស្ត្រាចារ្យ ក៏បានបញ្ជាក់ដែរថា សាសនាជេននេះមិនមែនជាសាសនាហិណ្ឌូនោះទេ ហើយសាសនាជេន នេះមានការប្រព្រឹត្តិនិងវិន័យច្បាស់លាស់ណាស់ លើកកម្ពស់ឱ្យមនុស្សទាំងឡាយរស់នៅក្នុងសន្តិភាព ដោយមិនគាំទ្រឱ្យមានអំពើហឹង្សាណាមួយឡើយ។ មួយវិញទៀត សាសនានេះ មានគោលបំណងអប់រំមនុស្សឱ្យចេះចែករំលែក និងសាងតែអំពើល្អ។ សាសនាជេន នេះមានឥទ្ធិពលមកលើតំបន់អាស៊ីអាគ្នេយ៍ អាព្រិច និងតំបន់មួយចំនួនទៀត តាមរយៈអ្នកជំនួញជនជាតិឥណ្ឌានៅក្នុងតំបន់នីមួយៗ។ លោកបញ្ជាក់ថា ក្រៅពីសាសនានេះ ភាសា វប្បធម៌ អរិយធម៌ និងបច្ចេកវិទ្យាផ្សេងៗ ក៏បានដើរតួនាទីសំខាន់សម្រាប់ការធ្វើជំនួញនានាផងដែរ។ អាស្រ័យហេតុនេះហើយតំណាងគណៈប្រតិភូឥណ្ឌា និងសហការី បានស្នើដល់ភាគីរាជបណ្ឌិត្យសភាកម្ពុជា គួរមានការសិក្សាស៊ីជម្រៅទៅលើប្រភព និងឥទ្ធិពលនៃសាសនានេះផងដែរ ហើយខាងភាគីឥណ្ឌា បានសន្យាផ្តល់អាហារូបករណ៍ដល់រាជបណ្ឌិត្យសភាកម្ពុជាសម្រាប់ការសិក្សាថ្នាក់បណ្ឌិត ១កន្លែង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២កន្លែង លើមុខវិជ្ជាសិក្សាស្រាវជ្រាវមុខជំនាញប្រវត្តិសាស្រ្ត និងបុរាណវិទ្យា។ រីឯ ការចុះអនុស្សរណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀង នឹងរៀបចំធ្វើនៅពេលក្រោយ។


ទន្ទឹមនឹងគ្នានោះដែរ លោក ឈឹម សុខាន់ដារា អនុប្រធានឧទ្យានឫស្សីត្រឹប បានមានចំណាប់អារម្មណ៍ថា ប្រទេសឥណ្ឌា និងកម្ពុជាមានប្រវត្តិទាក់ទងគ្នាតាំងតែសម័យកាលមុនមកដល់បច្ចុប្បន្ន ហើយឥទ្ធិពលនៃវប្បធម៌ឥណ្ឌា ក៏មានច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។ ហេតុដូច្នេះហើយលោកសង្ឃឹមថា ប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិការទ្វេរភាគីលើវិស័យស្រាវជ្រាវដើម្បីជម្រុញឱ្យវប្បធម៌របស់ប្រទេសទាំងពីរកាន់តែមានភាពល្បីរន្ទឺ។ ភ្ជាប់ជាមួយនឹងការផ្តោតការសិក្សាស្រាវជ្រាវលើបញ្ហាប្រវត្តិសាស្ត្រ និងបុរាណវិទ្យា លោកឈឹម សុខាន់ដារា ក៏បានរៀបរាប់ដោយសង្ខេបថា ឧទ្យានឫស្សីត្រឹប ដែលមានទំហំ១១៤,៣៥ គឺឡូម៉ែត្រការ៉េ សំបូរ​ពោរពេញទៅដោយធនធានធម្មជាតិ ធនធានវប្បធម៌ និងធនធានប្រវត្តិសាស្រ្ត ហើយរាជបណ្ឌិត្យសភាកម្ពុជា កំពុងធ្វើការសិក្សាស្រាវជ្រាវនៅតំបន់នោះដើម្បីស្វែងរករបកគំហើញថ្មីៗសម្រាប់ជាធាតុចូលជូនរដ្ឋាភិបាលកម្ពុជា។ ទាក់ទងនឹងចំណុចនេះ លោកក៏សង្ឃឹមផងដែរថា ភាគីឥណ្ឌានឹងសហការរៀបចំជាគម្រោងស្រាវជ្រាវនានា ក្នុងគោលដៅរួមមួយដើម្បីសិក្សាស្រាវជ្រាវនៅតំបន់ប្រវត្តិសាស្រ្តមួយនេះ។ ចុងក្រោយ ភាគីទាំងពីរក៏បានឯកភាពគ្នា ពិនិត្យលទ្ធភាពដើម្បីបង្កើតមានការសិក្សាស្រាវជ្រាវរួម ឬធ្វើសិក្ខាសាលារួមគ្នា ក្នុងពេលខាងមុខ៕

ព័ត៌មានដោយ សេង មាន | RAC Media 


សរុបលទ្ធផលពីកិច្ចជំនួបរវាងរាជបណ្ឌិត្យសភាកម្ពុជា និងប្រតិភូឥណ្ឌា ចំណុចសំខាន់ៗមួយចំនួនបានទទួលការឯកភាព ដូចខាងក្រោម៖កិច្ចសហប្រតិការលើវិស័យស្រាវជ្រាវដែលមានគោលដៅរួមគ្នា លើការស្រាវជ្រាវខាងប្រវត្តិសាស្រ្ត និងបុរាណវិទ្យាភាគីឥណ្ឌាផ្តល់អាហារូបករណ៍ចំនួន៣កន្លែង (១កន្លែងសម្រាប់ថ្នាក់បណ្ឌិត និង២កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) ដល់រាជបណ្ឌិត្យសភាកម្ពុជា លើមុខជំនាញប្រវត្តិសាស្រ្ត និងបុរាណវិទ្យា។កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់នឹងពិភាក្សាពិស្តារនៅពេលដ៏ខ្លីខាងមុខ៕


អត្ថបទទាក់ទង

«មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជាទទួលបានគ្រឿងឥស្សរិយយសពីវិទ្យាស្ថានស្តង់ដាកម្ពុជានៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម»

ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាជិកក្រុមប្រឹក្សាស្តង់ដាជាតិ​ និងគណៈកម្មការបច្ចេកទេសដែលមានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍស្តង់ដាជាតិ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស...

2018-09-03 09:36:36   ថ្ងៃចន្ទ, 03 កញ្ញា 2018 ម៉ោង 04:36 PM
«ពិធីការពារគម្រោងនិក្ខេបបទលម្អិតថ្នាក់បណ្ឌិត...»

នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២ និង៣០ រសៀល ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «កម្មវិធីការពារគម្រោងនិក្...

2018-08-31 14:56:49   ថ្ងៃសុក្រ, 31 សីហា 2018 ម៉ោង 09:56 PM
«ការបោះជំហានរបស់រាជបណ្ឌិត្យសភាកម្ពុជានៅក្នុងឆាកអន្តរជាតិ...»

នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៨ គណៈប្រតិភូរបស់រាជបណ្ឌិត្យ សភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អមដំណើរដោយឯកឧត្តមបណ្ឌិតសភាច...

2018-08-31 14:09:20   ថ្ងៃសុក្រ, 31 សីហា 2018 ម៉ោង 09:09 PM
«កម្ពុជានឹងមានជ្ឍមណ្ឌលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយក្លេអ៊ែរ...»

កាលព្រឹកថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានរៀបចំកិច្ចប...

2018-08-29 11:05:46   ថ្ងៃពុធ, 29 សីហា 2018 ម៉ោង 06:05 PM
កិច្ចសហប្រតិបត្តិការថ្មីមួយជាមួយមជ្ឈមណ្ឌលអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកខេត្តយូណាន

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយមជ្ឈមណ្ឌលអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកខេត្តយូណាន់ ទីក្រុងគុនមីង នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការនាំផល...

2018-08-26 11:23:36   ថ្ងៃអាទិត្យ, 26 សីហា 2018 ម៉ោង 06:23 PM
សមិទ្ធផលធំមួយទៀត៖ «ពិធីសែនក្រុងពាលី អគារឥន្ទ្រទេវី» ចាប់ផ្តើមជាផ្លូវការ!

កាលពីឆ្នាំកន្លង រាជបណ្ឌិត្យសភាកម្ពុជា បានរៀបធ្វើពិធីក្រុងពាលីសាងសង់«អគារខេមរវិទូ»កំពស់៤ជាន់មួយ នៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា ចំណែកនៅឆ្នាំនេះ រាជបណ្ឌិត្យសភាកម្ពុជា  បានរៀបចំពិធី «សែនក្រុងពាលីបុកគ្...

2018-08-26 10:53:57   ថ្ងៃអាទិត្យ, 26 សីហា 2018 ម៉ោង 05:53 PM

សេចក្តីប្រកាស