Royal Academy of Cambodia
នៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩:៣០ព្រឹក នៅសាលនាងនួននៃរាជបណ្ឌិត្យកម្ពុជា បានរៀបចំ អង្គជំនួបមួយជាមួយប្រតិភូឥណ្ឌាស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវ និងអប់រំ» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជា។
សមាសភាពចូលរួមក្នុងជំនួប រួមមាន៖
នៅក្នុងកិច្ចចាប់ផ្តើមក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា៖ «រាជបណ្ឌិត្យសភាកម្ពុជាពិតជាមានសេចក្តីសោមនស្សរីករាយជាពន់ពេកដែលបានទទួលគណៈប្រតិភូឥណ្ឌា ហើយរាជបណ្ឌិត្យសភាកម្ពុជា មានក្តីសង្ឃឹមយ៉ាងមុតមាំថា គណៈប្រតិភូឥណ្ឌា និងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់រាជបណ្ឌិត្យសភាកម្ពុជានឹងមានកិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវឱ្យបានទូលំទូលាយ»។ ឯកឧត្តមក៏បានបង្ហាញជូនប្រតិភូឥណ្ឌាអំពីរចនាសម្ព័ន្ធគ្រប់គ្រង មុខងារសំខាន់របស់វិទ្យាស្ថាននីមួយៗ និងក៏ដូចជាមជ្ឈមណ្ឌល ចំណុះនៃរាជបណ្ឌិត្យសភកម្ពុជាផងដែរ។ ឯកឧត្តម បានរៀបរាប់ដោយសង្ខេបពីឧទ្យានរាជបណ្ឌិត្យ សភា កម្ពុជា តេជោសែន ឫស្សីត្រឹប ដែលជាតំបន់ប្រវត្តិសាស្រ្តសំបូរទៅដោយធនធានធម្មជាតិ ជីវចម្រុះជាច្រើនប្រភេទ ជាពិសេស ការរកឃើញឡស្លដែកដែលមានតាំងតែពីសម័យអង្គរមកម្ល៉េះ។ ទាក់ទងនឹងចំណុចនេះឯកឧត្តមសង្ឃឹមថា ប្រតិភូឥណ្ឌា នឹងមានកិច្ចសហប្រតិការជាមួយរាជបណ្ឌិត្យសភាកម្ពុជាលើកិច្ចការស្រាវជ្រាវនៅតំបន់ប្រវត្តិសាស្រ្តដ៏សំបូរបែបមួយនេះ។
ឆ្លើយតបនឹងប្រសាសន៍របស់ឯកឧត្តម យង់ ពៅ គណៈប្រតិភូឥណ្ឌា បានបង្ហាញអំពីចំណាប់អារម្មណ៍ដែលបានមកដល់ប្រទេសកម្ពុជា និងបានមកជួបថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជាដើម្បីពិភាក្សាទៅលើកិច្ចការស្រាវជ្រាវដែល អាចនឹងធ្វើសហប្រតិបត្តិការជាមួយគ្នាបាន។ លោកសាស្រ្តាចារ្យតំណាងឱ្យគណៈប្រតិភូឥណ្ឌា និងសហការី បានមានចំណាប់អារម្មណ៍អំពី ក្បាច់រចនានៅតាមបណ្តាប្រាសាទបុរាណខ្មែរ ដូចជាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន មានបង្កប់នូវរចនាបទមួយចំនួនដែលមានសភាពប្រហាក់ប្រហែលនឹងរចនាបទនៅក្នុងសាសនាមួយរបស់ ឥណ្ឌា នោះគឺសាសនាជែន (Jainism) ដែលជាសាសនាមានអាយុកាលជាង ៣០០០ឆ្នាំមកហើយ។ គណៈប្រតិភូឥណ្ឌា បានជំរុញឱ្យមានការសហការសិក្សាស៊ីជម្រៅអំពីដើមកំណើតនៃការកសាងប្រាសាទដែលមាននៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកសាស្ត្រាចារ្យ ក៏បានបញ្ជាក់ដែរថា សាសនាជេននេះមិនមែនជាសាសនាហិណ្ឌូនោះទេ ហើយសាសនាជេន នេះមានការប្រព្រឹត្តិនិងវិន័យច្បាស់លាស់ណាស់ លើកកម្ពស់ឱ្យមនុស្សទាំងឡាយរស់នៅក្នុងសន្តិភាព ដោយមិនគាំទ្រឱ្យមានអំពើហឹង្សាណាមួយឡើយ។ មួយវិញទៀត សាសនានេះ មានគោលបំណងអប់រំមនុស្សឱ្យចេះចែករំលែក និងសាងតែអំពើល្អ។ សាសនាជេន នេះមានឥទ្ធិពលមកលើតំបន់អាស៊ីអាគ្នេយ៍ អាព្រិច និងតំបន់មួយចំនួនទៀត តាមរយៈអ្នកជំនួញជនជាតិឥណ្ឌានៅក្នុងតំបន់នីមួយៗ។ លោកបញ្ជាក់ថា ក្រៅពីសាសនានេះ ភាសា វប្បធម៌ អរិយធម៌ និងបច្ចេកវិទ្យាផ្សេងៗ ក៏បានដើរតួនាទីសំខាន់សម្រាប់ការធ្វើជំនួញនានាផងដែរ។ អាស្រ័យហេតុនេះហើយតំណាងគណៈប្រតិភូឥណ្ឌា និងសហការី បានស្នើដល់ភាគីរាជបណ្ឌិត្យសភាកម្ពុជា គួរមានការសិក្សាស៊ីជម្រៅទៅលើប្រភព និងឥទ្ធិពលនៃសាសនានេះផងដែរ ហើយខាងភាគីឥណ្ឌា បានសន្យាផ្តល់អាហារូបករណ៍ដល់រាជបណ្ឌិត្យសភាកម្ពុជាសម្រាប់ការសិក្សាថ្នាក់បណ្ឌិត ១កន្លែង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២កន្លែង លើមុខវិជ្ជាសិក្សាស្រាវជ្រាវមុខជំនាញប្រវត្តិសាស្រ្ត និងបុរាណវិទ្យា។ រីឯ ការចុះអនុស្សរណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀង នឹងរៀបចំធ្វើនៅពេលក្រោយ។
ទន្ទឹមនឹងគ្នានោះដែរ លោក ឈឹម សុខាន់ដារា អនុប្រធានឧទ្យានឫស្សីត្រឹប បានមានចំណាប់អារម្មណ៍ថា ប្រទេសឥណ្ឌា និងកម្ពុជាមានប្រវត្តិទាក់ទងគ្នាតាំងតែសម័យកាលមុនមកដល់បច្ចុប្បន្ន ហើយឥទ្ធិពលនៃវប្បធម៌ឥណ្ឌា ក៏មានច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។ ហេតុដូច្នេះហើយលោកសង្ឃឹមថា ប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិការទ្វេរភាគីលើវិស័យស្រាវជ្រាវដើម្បីជម្រុញឱ្យវប្បធម៌របស់ប្រទេសទាំងពីរកាន់តែមានភាពល្បីរន្ទឺ។ ភ្ជាប់ជាមួយនឹងការផ្តោតការសិក្សាស្រាវជ្រាវលើបញ្ហាប្រវត្តិសាស្ត្រ និងបុរាណវិទ្យា លោកឈឹម សុខាន់ដារា ក៏បានរៀបរាប់ដោយសង្ខេបថា ឧទ្យានឫស្សីត្រឹប ដែលមានទំហំ១១៤,៣៥ គឺឡូម៉ែត្រការ៉េ សំបូរពោរពេញទៅដោយធនធានធម្មជាតិ ធនធានវប្បធម៌ និងធនធានប្រវត្តិសាស្រ្ត ហើយរាជបណ្ឌិត្យសភាកម្ពុជា កំពុងធ្វើការសិក្សាស្រាវជ្រាវនៅតំបន់នោះដើម្បីស្វែងរករបកគំហើញថ្មីៗសម្រាប់ជាធាតុចូលជូនរដ្ឋាភិបាលកម្ពុជា។ ទាក់ទងនឹងចំណុចនេះ លោកក៏សង្ឃឹមផងដែរថា ភាគីឥណ្ឌានឹងសហការរៀបចំជាគម្រោងស្រាវជ្រាវនានា ក្នុងគោលដៅរួមមួយដើម្បីសិក្សាស្រាវជ្រាវនៅតំបន់ប្រវត្តិសាស្រ្តមួយនេះ។ ចុងក្រោយ ភាគីទាំងពីរក៏បានឯកភាពគ្នា ពិនិត្យលទ្ធភាពដើម្បីបង្កើតមានការសិក្សាស្រាវជ្រាវរួម ឬធ្វើសិក្ខាសាលារួមគ្នា ក្នុងពេលខាងមុខ៕
ព័ត៌មានដោយ សេង មាន | RAC Media
សរុបលទ្ធផលពីកិច្ចជំនួបរវាងរាជបណ្ឌិត្យសភាកម្ពុជា និងប្រតិភូឥណ្ឌា ចំណុចសំខាន់ៗមួយចំនួនបានទទួលការឯកភាព ដូចខាងក្រោម៖កិច្ចសហប្រតិការលើវិស័យស្រាវជ្រាវដែលមានគោលដៅរួមគ្នា លើការស្រាវជ្រាវខាងប្រវត្តិសាស្រ្ត និងបុរាណវិទ្យាភាគីឥណ្ឌាផ្តល់អាហារូបករណ៍ចំនួន៣កន្លែង (១កន្លែងសម្រាប់ថ្នាក់បណ្ឌិត និង២កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) ដល់រាជបណ្ឌិត្យសភាកម្ពុជា លើមុខជំនាញប្រវត្តិសាស្រ្ត និងបុរាណវិទ្យា។កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់នឹងពិភាក្សាពិស្តារនៅពេលដ៏ខ្លីខាងមុខ៕
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាមានមូលដ្ឋានចំនួន ៤ដែលអាចថែរក្សាបូរណភាពទឹកដីរបស់ខ្លួនបាននោះគឺ ផែនទីរដ្ឋបាលបន្សល់ដោយអាណានិគមបារាំង បង្គោលព្រំដែនរដ្ឋបាលកូសាំងស៊ីន មូលដ្ឋានឯកសារដែលស្រាវជ្រាវនិងចងក្រងដោយរ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦...
ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ទីប្រឹក្សានៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រគល់សៀវភៅព្រះត្រៃបិដកចំនួន ១១០ក្បាល មកបណ្ណាល័យនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត យង់ ព...
សមិទ្ធផល ការរីកចម្រើននៃពិភពលោកនាពេលបច្ចុប្បន្ននេះ មិនមែនកើតឡើងឯកឯងទាំងស្រុងនោះទេ តែវាត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនតាមការវិវឌ្ឍនៃសម័យកាល។ ការវិវឌ្ឍទាំងនោះ គឺក៏កើតឡើងពីទ្រឹស្ដីនានានៃអ្នកប្រាជ្ញ ទស្សនវិទ...
ក្នុងទំនាក់ទំនងអន្តរជាតិ រដ្ឋនីមួយៗសុទ្ធសឹងតែមានអំណាចរបស់ខ្លួន ដែលដែនកំណត់នៃអំណាចនោះអាស្រ័យទៅលើលទ្ធភាពនៃការពង្រឹងឥទ្ធិពល និងឯករាជ្យភាពខាងនយោបាយ និងសេដ្ឋកិច្ច នៅក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសនានាលើពិភ...