ព័ត៌មាន

តើវិសោធនកម្មរដ្ឋធម្មនុញ្ញដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសបំផ្លាញជាតិខ្លួន មានអត្ថន័យយ៉ាងណាចំពោះកម្ពុជា?

2025-07-08 07:42:10 ថ្ងៃអង្គារ, 08 កក្កដា 2025 ម៉ោង 02:42 PM
អ្នកមើល 1187
post_detail1

ដោយ៖ លឹម សុវណ្ណរិទ្ធ

គំនិតផ្ដួចផ្ដើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិពីអ្នកឃុប​ឃិតជាមួយ​បរទេស​បំផ្លាញជាតិខ្លួន ត្រូវបានប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជន សម្ដេច​តេជោ ហ៊ុន សែន លើកឡើងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ព្រមទាំងបាន​ទទួល​គាំទ្រ ​ពីសំណាក់​ថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងអង្គការសង្គមស៊ីវិលនានាជាបន្តបន្ទាប់ ដោយ​បាន​អះអាងថា​ច្បាប់​នេះឆ្លើយតបនឹងតម្រូវការប្រទេសជាតិជាក់ស្ដែង និងត្រូវនឹង​កាលៈ​ទេសៈ​បច្ចុប្បន្ន ពិសេសក្នុងអំឡុងពេលដែលប្រជាជាតិប្រឈម​មុខនឹង​ការឈ្លានពាន។ ទោះជា​យ៉ាង​ណា គំនិតផ្ដួច​ផ្ដើម​ធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ក៏រងការប្រតិកម្មនិង​រិះ​គន់​ពី​សំណាក់​​មជ្ឈដ្ឋាន​មួយចំនួន​ផង​ដែរ ដែលក្នុងនោះមានការចោទប្រកាន់ថា វិសោធនកម្ម​នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស ការរំលាយ​ជាតិ​សាសន៍ និងរហូតដល់មានការចោទថា​ស្មើនឹង​អំពើ​ប្រល័យ​ពូជសាសន៍ក្នុង​សម័យទំនើបថែម​ទៀត​ផង។ តើវិសោធនកម្មដកសញ្ជាតិពី​អ្នក​ឃុប​ឃិត​ជាមួយបរទេសបំផ្លាញជាតិខ្លួន មាន​អត្ថ​ន័យ​យ៉ាងណាចំពោះកម្ពុជា?

នៅក្នុងដំណើរការអភិវឌ្ឍនៃសង្គមជាតិនីមួយៗ ការចូល​រួម​ចំណែក​ប្រកប​ដោយ​ភាព​សកម្ម និងចេតនាសុចរិតចំពោះសង្គមពីសំណាក់សមាជិកសង្គម​ទាំងអស់ ពិត​ជាម​សំខាន់និង​ចាំ​បាច់បំផុត រាប់ចាប់តាំងពីថ្នាក់ដឹកនាំ អ្នកនយោបាយ ប្រជា​ពលរដ្ឋ សង្គម​ស៊ីវិល ក៏ដូចជា​វិស័យឯកជនជាដើម។ ភាពស្មោះត្រង់នឹងប្រជាជាតិរបស់ខ្លួន មានន័យថា ទោះបីជាប្រព្រឹត្តសកម្ម​ភាពនៅក្នុងទិដ្ឋភាព ឬកាលៈទេសៈណាក៏ដោយ សមាជិក​សង្គម​ទាំង​អស់ គប្បីតោង​ពិនិត្យពិចារណាធ្វើយ៉ាងណា ដើម្បីរួមចំណែក​ស្ថាបនា​សង្គម ពូនជ្រំ​និង​តម្កល់​ប្រយោជន៍​ជាតិសាសន៍​និង​ប្រទេសជាតិរបស់ខ្លួន ដោយចៀសវាង​នូវ​ទង្វើ​ទាំង​ឡាយ​ដែល​នាំខូចដល់ប្រយោជន៍ជាតិ ឬហុចផលទៅឱ្យបរទេសទាំងឡាយ​ដែល​មាន​ចេតនា​ទុច្ចរិតមកលើជាតិសាសន៍ខ្លួន ដូច​សុភា​សិត​ខ្មែរមួយឃ្លាលើកឡើងថា “មិន​ជួយ​ចូក​ជួយចែវ កុំយកជើងរាទឹក”។

ទោះបីជាក្នុងកាលៈទេសៈ ឬចេតនាណាមួយក៏ដោយក្ដី អ្នក​បំផ្លាញ​ផល​ប្រយោជន៍​ជាតិឬឃុបឃិត​ជាមួយ​បរទេស​ប្រឆាំងនឹងជាតិសាសន៍ខ្លួន ពិត​ជា​ពុំ​ស័ក្តិ​សម​នឹងទទួល​បាន​សញ្ជាតិនៃប្រជាជាតិដែលខ្លួនព្យាយាមបំផ្លិចបំផ្លាញនោះទេ។ ត្រង់​ចំណុច​នេះ គេត្រូវ​ដឹង​ថា សញ្ជាតិនៃប្រជាជាតិមួយពិតជាមានគុណតម្លៃខ្លាំងណាស់ រហូត​ដល់​មានប្រទេសខ្លះ ថែម​ទាំងបានកំណត់ឱ្យប្រជាពលរដ្ឋរបស់ខ្លួន​មានសញ្ជាតិ​តែ​មួយ​គត់​ថែម​ទៀតផង។ សម្រាប់​ប្រទេសកម្ពុជាផ្ទាល់ កន្លងមក មានអ្នក​នយោបាយខ្មែរមួយ​ចំនួន​បាន​​ធ្វើ​នយោបាយ​​ដោយប្រើប្រាស់សញ្ជាតិខ្មែរដែលទទួលបានពីកំណើតរបស់ខ្លួន ប៉ុន្តែ​នៅ​ពេល​ដែល​​ពួកគេ​ត្រូវប្រឈម​នឹង​ការកាត់ទោស ដោយសារទង្វើរបស់ខ្លួនប្រាសចាកនឹងច្បាប់​ជា​ធរ​មានរបស់​កម្ពុជា ពួកគេបែរជាប្រើប្រាស់សញ្ជាតិទីពីររបស់ខ្លួន សុំឱ្យរដ្ឋ​ម្ចាស់​សញ្ជាតិ​ធ្វើ​អន្តរាគមន៍​ស្នើ​សុំរាជរដ្ឋាភិបាលកម្ពុជាឱ្យមានការយោគយល់ និងសម្របសម្រួល​ករណី​រប​ស់​ខ្លួន​ទៅ​វិញ។ ការណ៍​នេះ ហាក់ឆ្លុះបញ្ចាំងដោយប្រយោលឱ្យឃើញពីការលូកដៃចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ពី​សំណាក់រដ្ឋបរទេសមួយចំនួន ដែលផ្ទុយទៅនឹង​គោល​ការណ៍​ច្បាប់​អន្តរជាតិ ពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិថែមទៀតផង។ តាមរយៈ​មេរៀន​នេះ ទើប​កាល​ពី​ឆ្នាំ២០២១ រដ្ឋសភាកម្ពុជាបានសម្រេច​ធ្វើវិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ ដែល​បាន​កំហិតថា អ្នកកាន់តំណែងប្រធានក្រុមប្រឹក្សា​ធម្មនុញ្ញ ប្រធាន​ព្រឹទ្ធសភា  ប្រធាន​រដ្ឋសភា និង​នាយក​រដ្ឋមន្ត្រី ត្រូវតែមានសញ្ជាតិ​ខ្មែរ​តែ​មួយគត់។ បន្ថែមពីលើនេះ កាល​ពី​អំឡុងឆ្នាំ២០២៣ ក្រោយពីមានភាគីទូតបរទេសប្រចាំព្រះរាជាណា​ចក្រ​កម្ពុជា បានលើក​យក​បញ្ហា​អ្នក​នយោបាយ​ខ្មែរជាប់ទោស ដែលមានសញ្ជាតិពីរ សម្ដេចតេ​ជោ ហ៊ុន សែន ក្នុង​តំណែង​ជានាយករដ្ឋមន្ត្រី ក៏​ធ្លាប់​បានលើកឡើងអំពី​លទ្ធ​ភាពនៃការធ្វើ​វិសោធន​កម្ម​ច្បាប់ កំណត់​ឱ្យ​អ្នកនយោបាយ មន្ត្រី​រាជការស៊ីវិល កងកម្លាំង​ប្រដាប់​អាវុធត្រូវមានសញ្ជាតិ​ខ្មែរតែ​មួយ​គត់ ក្រោមហេតុផលដើម្បីបង្ហាញពីជាតិនិយម និង​ធានា​ដល់ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជាផងដែរ។

ជាការពិតណាស់ មិនត្រឹមតែច្បាប់ឬលិខិតបទដ្ឋានគតិយុត្តិផ្សេងៗនោះទេ រដ្ឋ​ធម្ម​នុញ្ញរបស់ប្រទេសនីមួយៗ ក៏សុទ្ធតែអាចត្រូវបានធ្វើវិសោធនកម្មផងដែរ ដើម្បីឱ្យស្របទៅ​តាម​ស្ថានការណ៍និងកាលៈទេសៈតម្រូវជាក់ស្ដែង ព្រោះលើលោកនេះមិនមានអ្វីដែលឥត​ខ្ចោះ​នោះឡើយ ហេតុនេះទាមទារឱ្យមានការកែតម្រូវដោយខានពុំបាន។ បើទោះបីជាដូច្នេះ​ក្ដី ការធ្វើវិសោធនកម្មច្បាប់ឬរដ្ឋធម្មនុញ្ញក្ដី ត្រូវតែឈរនៅលើគោល​ការណ៍​ចម្បងមួយ​គឺ​ធ្វើឡើងដោយផ្អែកលើផល​ប្រយោជន៍សាធារណៈ និងរួមចំណែកដល់ការថែរក្សាសន្តិសុខ សន្តិភាព និងសណ្ដាប់ធ្នាប់សង្គមជាតិទាំងមូល ហើយខ្លឹមសារនៃច្បាប់ស្ដីពីវិសោធនកម្ម​ច្បាប់ឬរដ្ឋធម្មនុញ្ញ ត្រូវតែមានអត្ថន័យជាការអនុវត្តដោយទូទៅមិនចំពោះ (អនុវត្ត​ចំពោះ​គ្រប់​បុគ្គល និងគ្រប់ករណីទាំងអស់ដោយគ្មានការលើកលែង)។ ថ្មីៗកន្លងទៅនេះ ​ប្រឈម​នឹងការរំលោភបំពាន និងមហិច្ឆតាឈ្លានពានឥតឈប់ឈររបស់បរទេសជិតខាង ប្រជា​ពល​រដ្ឋ​ខ្មែរគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយ បានរួបរួមគ្នាជាជំហរជាតិតែមួយ ក្នុង​ឆន្ទៈ​ប្រឆាំង​នឹងកងទ័ពឈ្លានពានរបស់ថៃ ប៉ុន្តែផ្ទុយទៅវិញ អតីតអ្នកនយោបាយ​ប្រឆាំង​មួយ​រូប បែរជាបានបង្ហាញនូវគោលជំហរផ្ទុយពីប្រជាជាតិរបស់ខ្លួន នៅក្នុងករណីដែល​ថៃ​បាន​ឈ្លានបំពានលើអធិបតេយ្យភាពជាតិខ្លួន និងថែមទាំងបានលើកយកខ្លឹមសារដែល​កាសែតថៃដកស្រង់សម្ដីដែលខ្លួនលើកឡើងប្រឆាំងនឹងផលប្រយោជន៍ខ្មែរ ក្នុងន័យប្រកប​ដោយ​ភាពអំនួតថែមទៀតផង។ ពិតប្រាកដណាស់ ការប្រជែងនយោបាយ ដែលព្យាយាម​វាយ​ប្រហារ​ដៃគូ​ដើម្បី​យកប្រៀបឬភាព​ឈ្នះរបស់ខ្លួន ​គឺ​ជា​រឿងធម្មតារបស់អ្នកនយោបាយ តែការ​ក្លែង​ព័ត៌​មាន​និងប្រតិដ្ឋរឿងហេតុដើម្បីវាយប្រហារដៃគូ​ដែល​ធ្វើ​ឱ្យគ្រោះ​ថ្នាក់ ឬ​ប៉ះ​ពាល់​ដល់ផលប្រយោជន៍ប្រទេសជាតិ ក្នុង​ពេលដែល​ជាតិសាសន៍ខ្លួន​ត្រូវ​ប្រឈម​ជាមួយ​នឹង​បរទេស មិនគួរកើតមានឡើយ។ នេះមិនត្រឹមតែជាការធ្វើនយោបាយ​ក្នុងចេតនាទុច្ចរិត និងគ្រោះថ្នាក់ចំពោះជាតិប៉ុណ្ណោះទេ តែថែមទាំងជានយោបាយអត្តឃាតសម្រាប់ខ្លួនឯង​ថែមទៀតផង ព្រោះប្រជាជាតិទាំងមូល មិនអាចទទួលយកអ្នកនយោបាយ​ដែលស្រេក​ឃ្លានតែអំណាច និងយកគំនុំបុគ្គលខ្លួនមកលាយឡំនឹងកិច្ចការប្រទេសជាតិនោះទេ។

ទោះ​ជាយ៉ាងណា ទង្វើប្រឆាំងនឹងផលប្រយោជន៍ជាតិ មិនមែនកើតមានឡើង​ជាលើក​ទីមួយ​នោះ​ទេ ប៉ុន្តែជារៀងដរាបមក អ្នកនយោបាយប្រឆាំងរូបនេះតែងតែ​ផ្ដោត​ជាសំខាន់ទៅ​លើ​ការ​វាយប្រហារនិងចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរុញច្រានឱ្យ​មាន​​ចរន្ត​ប្រឆាំង​នឹង​រដ្ឋាភិបាលស្ទើតែគ្រប់សំណុំរឿង និងព្យាយាមធ្វើយ៉ាងណា​ទាញ​ទម្លាក់​ប្រជាប្រិយភាព​របស់​បក្សកាន់អំណាចនៅរាល់ករណី ដែលប្រជាពលរដ្ឋសាទរនិងគាំទ្រ​ចំណាត់ការ​ឬ​ដំណោះស្រាយរបស់រដ្ឋាភិបាល។ ត្រង់ចំណុចនេះ ធ្វើឱ្យគេនឹកឃើញដល់​ត្រកូល​មន្ត្រី​ក្បត់​ជាតិខ្មែរមួយគ្រួសារនៅមុននិងអំឡុងសម័យអាណានិគមបារាំងគឺ គ្រួសារ​អភ័យ​វង្ស ដែល​បាន​ក្បត់​នឹងជាតិមាតុ​ភូមិ​​ខ្លួនទៅបម្រើឱ្យស្ដេចសៀមដែលជាសត្រូវជាតិ​សាសន៍​ខ្មែរ។ មិន​ត្រឹម​តែ​ក្បត់នឹងផែនដី​ដែលផ្ដល់កំណើតដល់ខ្លួននិងក្រុមគ្រួសារ​ប៉ុណ្ណោះ​ទេ ពូជពង្ស​អតីត​​អ្នក​គ្រប់​គ្រង​ខេត្តបាត់ដំបង​រូបនេះ ថែមទាំងហ៊ានប្រកាសកាន់ដែនដី​ខ្មែរ​ទៅភ្ជាប់​នឹង​នគរ​សៀម​ថែម​ទៀត​ផង។ លើសពីនេះ អភ័យវង្សឃួង នៅក្រោយពីឡើង​កាន់​តំណែង​​ជា​នាយក​រដ្ឋមន្ត្រីថៃ ក៏មិនបានបំភ្លេចពីគំនិតឈ្លានពានយក ទឹកដីខេត្តបាត់ដំបង​និង​សៀម​រាប​នោះទេ ថែមទាំងបានគាំទ្រឱ្យមានការបង្កើតចលនាក្នុង​ស្រុកខ្មែរ​នៅ​ឆ្នាំ​១៩៤៦ ដែល​យកលេសប្រឆាំងនឹងវត្តមានអាណានិគមបារាំង តែការពិតគឺដើម្បី​គ្រប់​គ្រង​សភាពការណ៍នៅកម្ពុជា ហើយផ្ដោតទៅលើការ​ប្រឆាំង​មិនឱ្យបារាំងទាមទារខេត្តបាត់ដំបង និងសៀមរាប (ដែល​ត្រូវ​បាន​កាត់ទៅឱ្យថៃនៅពេលដែលជប៉ុនកាន់កាប់កម្ពុជា) ​មក​ឱ្យ​ខ្មែរ​វិញ​ទៀតផង។ ​នេះគឺជា​ប្រវត្តិ​សាស្ត្រដ៏អាម៉ាស់របស់ខ្មែរ ដែលមាន​មន្ត្រីហ៊ានកាត់​ទឹក​ដី​កំណើត​ឱ្យ​សត្រូវ និងថែម​ទាំងទៅរស់នៅធ្វើខ្ញុំបម្រើជាតិសាសន៍ដទៃ​ប្រឆាំងនឹង​ជាតិ​កំណើត​ខ្លួនថែមទៀតផង។

បន្ថែមពីនេះ គេក៏គួរតែកត់សម្គាល់ផងដែរថា ប្រទេសកម្ពុជាក្នុងសម័យសង្គម​រាស្ត្រ​និយមក៏ធ្លាប់បាន​អនុម័ត​ច្បាប់​បាត់សញ្ជាតិខ្មែរ កាលពីឆ្នាំ១៩៦៨ផងដែរ។ ការអនុម័តច្បាប់​នេះ ធ្វើឡើងនៅក្នុងពេលដែល​ស្ថាន​ការណ៍​នយោបាយនៅកម្ពុជានាពេលនោះ កំពុង​ប្រឈម​​មុខ​នឹង​ការបែកបាក់ជាតិ ដែល​អ្នក​នយោបាយខ្មែរម្ខាងៗប្រកាន់មនោគម​វិជ្ជា​នយោបាយយ៉ាងងប់ងុលរៀងៗខ្លួន និងស្រេកឃ្លានអំណាចហើយយកមនោគមវិជ្ជា​នយោបាយធ្វើជាត្រីមុខ​ដើម្បី​ទទួល​បានការគាំទ្រពីមហាអំណាចនៅប្លុកនីមួយៗ។ អ្នក​នយោបាយទាំងនោះបានបំភ្លេច​ចោល​នូវឧត្ដមប្រយោជន៍​​ជាតិជារួម រហូតដល់​មាន​ការ​បែង​ចែកពណ៌សម្បុរនយោបាយ​ជា​ខ្មែរ​ស ខ្មែរខៀវ និងខ្មែរក្រហម រួចយកជាតិ​សាសន៍​ខ្មែរ​គ្នា​ឯង​ជាសត្រូវ និងប្រព្រឹត្ត​សកម្មភាព​ប្រឆាំង​នឹង​ផល​ប្រយោជន៍ប្រទេសជាតិថែមទៀតផង។

មេ​រៀន​​​ក្នុង​ប្រវត្តិសាស្ត្រខ្មែរទាំងអស់នេះ ក៏អាចជាបទ​ពិសោធន៍មួយដែលគេគួរ​ពិចារណាអំពី​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​នា​ក្នុង​ពេលនេះផងដែរ ព្រោះ​អ្នក​ឃុប​ឃិត​ជាមួយបរទេសប្រឆាំង​ជាតិ​សាសន៍ខ្លួន មិនគួរត្រូវបានលើក​លែង ហើយអនុញ្ញាតឱ្យ​បន្ត​មាន​សញ្ជាតិ​ដែល​ខ្លួន​ប៉ុនប៉ងបំផ្លិចបំផ្លាញ​នោះទេ ទោះបីជាអ្នកបុគ្គលរូបនោះមាន​ដើម​កំណើត​ជាជន​ជាតិ​ខ្មែរ​ក៏ដោយក្ដី។ ហេតុផលដែលបុគ្គលទាំងនោះមិនគួរបន្តមាន​សញ្ជាតិ​នៃ​រដ្ឋ​ដែល​​ខ្លួន​ប៉ុន​ប៉ង​បំផ្លាញ ក៏ព្រោះតែពួកគេអាចប្រើប្រាស់សិទ្ធិ សេរីភាព ការការពារ​និង​គាំពារ និងអត្ថ​ប្រយោជន៍​ស្រេបច្បាប់ផ្សេងៗដែលទទួលបាន​ពីប្រទេសជាតិខ្លួន ទៅ​បម្រើ​តែគោលបំណងធ្វើវិទ្ធង្សនា ឬ​ដើម្បី​ប្រព្រឹត្ត​ទង្វើ​ប្រឆាំង​នឹង​ប្រជាជាតិខ្លួន​ទៅ​វិញតែ​ប៉ុណ្ណោះ។

ជាការពិតណាស់ ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់និងគោរពសិទ្ធិមនុស្ស ដូច​មាន​ចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង​សិទ្ធិ​កុមារ (រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣១) ដូច្នេះរាជរដ្ឋាភិបាលមានកាតព្វ​កិច្ចនៅក្នុងការគោរពច្បាប់និងលិខិត​បទដ្ឋានគិត​យុត្តិ​អន្តរជាតិទាំងឡាយ ដែល​មានជា​ធរមាន ស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញរបស់ខ្លួន។

នៅក្នុងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស (១០ ធ្នូ ១៩៤៨) ត្រង់មាត្រា ១៥ បានចែងថា “មនុស្សគ្រប់រូប មានសិទ្ធិទទួល​បាន​សញ្ជាតិ​មួយ។ គ្មានជនណាម្នាក់អាច​ត្រូវ​ដកហូតសញ្ជាតិ ឬរារាំងសិទ្ធិប្ដូរសញ្ជាតិ​របស់​ខ្លួន​តាម​អំពើ​ចិត្តបាន។ ” មានន័យថា គេមិន​អាច​ដកហូតសញ្ជាតិ ឬរារាំងសិទ្ធិ​ប្ដូរសញ្ជាតិរបស់បុគ្គល​ណា​ស្រេចតែនឹងចិត្តចង់បាន​របស់​ខ្លួន​ដោយគ្មានហេតុផលសមស្របឡើយ ប៉ុន្តែនេះមិនមានន័យថា បុគ្គលគ្រប់រូបនឹងមិន​អាចបាត់បង់សញ្ជាតិរបស់​ខ្លួននោះ​ទេ។ ​សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សដដែល នៅត្រង់មាត្រា ៧ បានចែងថា “ជន​គ្រប់​រូប មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងមាន​សិទ្ធិ​ទទួល​ការការពារពីច្បាប់ស្មើៗគ្នា ដោយ​គ្មានការរើសអើង។ [...] ” ដូច្នេះការអនុវត្តច្បាប់ ត្រូវ​ធ្វើ​ឡើងជាទូទៅដោយមិនចំពោះ ហើយមនុស្សទាំងអស់ត្រូវតែស្ថិនៅក្រោមពិដាននៃច្បាប់ ក៏ដូចជារដ្ឋធម្មនុញ្ញនៃប្រទេស​នីមួយៗ ដោយគ្មានជនណាមួយអាចយកសម្អាង​ទៅលើ​ហេតុផលផ្សេងៗ ហើយបង្កើត​លក្ខ​ខណ្ឌពិសេសសម្រាប់ខ្លួននិងក្រុម រួចទាត់ចោលនូវ​រដ្ឋ​ធម្មនុញ្ញ និងច្បាប់មានជា​ធរមាន​របស់​ប្រទេសនីមួយៗឡើយ។ ពលរដ្ឋដែលមានសញ្ជាតិ​នៃរដ្ឋនីមួយៗ មានកាតព្វកិច្ចគោរព​និង​អនុវត្តច្បាប់រដ្ឋដែលខ្លួនទទួលសញ្ជាតិជាកំហិត។ ត្រង់ចំណុចនេះ ខ្លឹមសារនៃធម្មនុញ្ញសហប្រជា​ជាតិ នៅក្នុងជំពូកទី១ អំពីវត្ថុបំណង និងគោលការណ៍ ត្រង់ប្រការ២ ចំណុចទី៧ បានចែងថា “មិនមានបទប្បញ្ញត្តិ​ណាមួយនៃ​ធម្មនុញ្ញ​បច្ចុប្បន្ន អនុញ្ញាតឱ្យអង្គការសហ​ប្រជាជាតិ ធ្វើកិច្ចអន្តរាគមន៍ក្នុងរឿងទាំង​ឡាយ​ដែល​ពាក់ព័ន្ធ​នឹង​យុត្តាធិការនៃ រដ្ឋ​ណា​មួយ ឬតម្រូវឱ្យសមាជិកសមាជិកាបញ្ជូន​បញ្ហា​ទាំងនោះ ទៅដោះ​ស្រាយ​ក្រោម​ធម្មនុញ្ញ​បច្ចុប្បន្ន​ឡើយ ប៉ុន្តែគោលការណ៍នេះនឹងមិនធ្វើឱ្យ​មានការរើស​អើង​ចំពោះការអនុវត្តវិធានការ​អនុវត្ត​ក្រោមជំពូកទី VII ឡើយ។ ” មានន័យថា រដ្ឋសមាជិក​អង្គ​ការសហប្រជា​ជាតិទាំងអស់ ពិតជា​មាន​សិទ្ធិ​នៅក្នុងការចាត់​វិធាន​ការ​​នានា​ស្របទៅតាមច្បាប់និងរដ្ឋធម្មនុញ្ញជាធរមានរបស់ខ្លួនដើម្បី​ការ​ពារសន្តិសុខ សន្តិភាព និង​អធិប​តេយ្យភាព​ជាតិរបស់​ខ្លួនអាស្រ័យទៅតាមស្ថានភាពជាក់​ស្ដែង។

ជាមួយគ្នានេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំពូកទី ៣ អំពី សិទ្ធិ និង​ករណីយ​កិច្ច​របស់​ប្រជាពលរដ្ឋខ្មែរ ត្រង់មាត្រា៤៩ ថ្មី វាក្យខណ្ឌទី២ បានចែងថា “ប្រជា​ពល​រដ្ឋខ្មែរ​គ្រប់​រូប​ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិជាធំ ហើយមិន​ត្រូវធ្វើ​សកម្ម​ភាព​ណាមួយ ទោះ​ដោយ​ផ្ទាល់​ក្ដី ឬដោយ​ប្រយោល​ក្ដី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​និង​ប្រជា​ពល​រដ្ឋ​ខ្មែរឡើយ។ ” នេះមានន័យថា អ្នកឃុបឃិតជាមួយ​បរទេស​បំផ្លាញ​ជាតិខ្មែរ​ខ្លួនឯង ពិតជាបានបំពានរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ​រួច​ស្រេច​ទៅហើយ ដែល​ជាការក្បត់នឹងប្រទេសកម្ពុជាជាមាតុភូមិកំណើរនិង/ឬ​រដ្ឋ​ដែលផ្ដល់​សញ្ជាតិឱ្យខ្លួន ដូច្នេះអ្នក​ទាំងនោះ មិនមាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់​ដែលត្រូវបន្តកាន់​សញ្ជាតិ​ខ្មែរ​នោះ​ឡើយ។

ទោះជាយ៉ាងណាក៏ដោយ ដំណើរការឈានទៅធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺជាសិទ្ធិ​ស្រប​ច្បាប់​របស់​អ្នកតំណាងរាស្ត្រនៅរដ្ឋសភា សមាជិកព្រឹទ្ធសភា និងក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​អនុវត្ត​មុខនាទីរបស់ខ្លួន ដែលយល់ឃើញអំពីភាពចាំបាច់ តម្រូវការ​ជាក់ស្ដែង និង​ធានាបាននូវសន្តិសុខ សន្តិភាព និងសណ្ដាប់ធ្នាប់​ប្រទេសជាតិ។ ចំណែកការសម្រេចសេចក្ដី​នៅក្រោយច្បាប់ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនេះត្រូវបានចូលជាធរមាន ឆន្ទានុសិទ្ធិ​គឺ​ស្ថិត​នៅ​លើស្ថាប័នតុលាការ ដែលមានយុត្តាធិការនៅក្នុង​ការសម្រេចសេចក្ដីទៅលើ​សំណុំ​រឿង​នីមួយៗ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលកំណត់អំពី​ឯក​រាជ្យ​ភាពនៃអំណាចកំពូលទាំង៣របស់រដ្ឋគឺ នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ ត្រង់​ចំណុច​នេះ ទោះបីជាវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានអនុម័តនិងចូល​ជាធរមាន​ក៏​ដោយ ដើម្បី​កំណត់ថាជនណាបានប្រព្រឹត្តអំពើឃុបឃិតជាមួយបរទេស បំផ្លាញជាតិខ្លួន គឺស្ថិត​នៅ​លើស្ថាប័នតុលាការ មិនមែនស្ថិតនៅលើអង្គនីតិប្បញ្ញត្តិ ឬអង្គនីតិប្រតិបត្តិនោះឡើយ។ មានន័យថា អ្នកដែលមិនបានប្រព្រឹត្តអំពើឃុបឃិតជាមួយ​បរទេសបំផ្លាញជាតិខ្លួន មិន​គួរ​មានការព្រួយបារម្ភចំពោះដំណើរការវិសោធនកម្ម​រដ្ឋធម្ម​នុញ្ញ​ដកសញ្ជាតិនេះឡើយ ហើយ គេក៏មិនគួរមានទុទិដ្ឋិនិយមលើប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​នៃ​ប្រទេស​​ទាំងមូលថា គ្មាន​សុចរិត​ភាព​ ឬ​អយុត្តិ​ធម៌ ហើយ​រៀបចំវិសោធនកម្មដើម្បីផ្ដោតគោលដៅតែលើបុគ្គល ឬ​ក្រុម​ណា​មួយ​នោះ​ឡើយ ព្រោះ​នៅក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋគឺជាម្ចាស់អំណាច និងជាតុលាការ​កាត់សេចក្ដីលើការដឹកនាំរបស់គណបក្សនយោបាយនីមួយៗ តាម​រយៈ​សន្លឹក​ឆ្នោតនៅរៀង​រាល់៥ឆ្នាំម្ដង។

ជារួម ដោយផ្អែកទៅលើគោលការណ៍អធិបតេយ្យភាព ឧត្ដមប្រយោជន៍ជាតិ បទ​ពិសោធន៍​ប្រវត្តិសាស្ត្រ និង​ឈរលើហេតុផលសច្ចភាព ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​ដក​សញ្ជាតិពីអ្នកឃុបឃិត​ជាមួយ​​បរទេសបំផ្លាញជាតិខ្លួន គឺជា​ការណ៍ចាំបាច់ និង​មាន​សារៈ​សំខាន់ ដើម្បីធានា​ការពារប្រជាជាតិពីការធ្វើវិទ្ធង្សនាដោយរដ្ឋបរទេសតាមរយៈអ្នកមាន​សញ្ជាតិខ្មែរ (ទាំងអ្នកមានសញ្ជាតិពីកំណើត និងអ្នកទើបទទួលបានសញ្ជាតិតាមរយៈ​អាពាហ៍ពិពាហ៍ឬការធ្វើសញ្ជាតូបនីយកម្ម) ជំរុញ​ឆន្ទៈ​មនសិកាស្នេហាជាតិ និងជាការដាស់​ស្មារតី​និងក្រើនរំឭក​ដល់​បុគ្គល​គ្រប់រូបដែល​មាន​​សញ្ជាតិ​ខ្មែរ ត្រូវគិតគូរពិចារណាឱ្យបាន​ហ្មត់​ចត់និងគ្រប់ជ្រុងជ្រោយ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ចៀសវាង​ការ​ប្រព្រឹត្តទង្វើទាំងឡាយ ដែលប្រឆាំងជាតិសាសន៍ខ្មែរ ឬហុច​ផល​ទៅ​ដល់​បរទេស​ដែលមាន​ចេតនាមិនទុច្ចរិតមក​លើ​ប្រទេស​និងប្រជាជនកម្ពុជា៕

អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជា ទទួលជំនួបជាមួយក្រុមហ៊ុន EMCAST កូរ៉េ ដើម្បីពិភាក្សាស្វែងរកឱកាសសហការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកវិទ្យា AI សម្រាប់ជាប្រយោជន៍ជំនួយដល់ការងារពលរដ្ឋខ្មែរ

កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិត...

2023-06-22 11:20:40   ថ្ងៃព្រហស្បតិ៍, 22 មិថុនា 2023 ម៉ោង 06:20 PM
CAMBODIA- VIETNAM DYNAMICS RELATIONS By: UCH Leang, Scholar from Department of Asian, African and Middle East studies of International Relations Institute of Cambodia of the Royal Academy of Cambodia.

Cambodia and China have expanded strategic cooperation and upgraded relations to a “diamond cooperation framework” in six priority areas: political cooperation, production capacity and quality, agricu...

2023-06-20 05:04:59   ថ្ងៃអង្គារ, 20 មិថុនា 2023 ម៉ោង 12:04 PM
Higher-middle-income of Cambodia in 2030 on the rough road By: UCH Leang, Scholar from Department of Asian, African and Middle East studies of International Relations Institute of Cambodia of the Royal Academy of Cambodia.

A country's national income often has a massive impact on its level of human development and the overall quality of life its residents enjoy. The World Bank, examines the GNI (Gross National Income) p...

2023-06-06 15:02:23   ថ្ងៃអង្គារ, 06 មិថុនា 2023 ម៉ោង 10:02 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កំពុងស្ថិតនៅរដូវដាំដុះ និងប្រមូលផល

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន៖ ខួប៦៥ឆ្នាំនៃចំណងការទូតរវាងកម្ពុជា-ចិន» នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតស...

2023-05-27 04:17:26   ថ្ងៃសៅរ៍, 27 ឧសភា 2023 ម៉ោង 11:17 AM
ទស្សនៈស្ដីពីជីវិតរបស់ព្រះពុទ្ធសមណគោតម ដោយ៖ លោក ឈុន ផាវ៉េង, មន្ត្រីនាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យានៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

ព្រះសិទ្ធត្ថកុមារ ដែលក្រោយមកមនុស្សជាច្រើនស្គាល់ថា ព្រះពុទ្ធ គឺជាបុត្រានៃមហាក្សត្រនៃប្រទេសឥណ្ឌាបុរាណ ដែលត្រូវស្នងរាជ្យសម្បត្តិបន្តពីព្រះវរបិតា។ ទោះបី បិតាខំប្រឹងប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីរៀប...

2023-05-25 08:05:24   ថ្ងៃព្រហស្បតិ៍, 25 ឧសភា 2023 ម៉ោង 03:05 PM
ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា និងបានជួបពិភាក្សាផ្លាស់ប្ដូរទស្សនៈជាមួយនឹងឯកឧត្ដមបណ្ឌិត យង់ ពៅ និងថ្នាក់ដឹកនាំវិទ្យាស្ថាននៃរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញទស្សនកិច្ចនៅរា...

2023-05-23 13:14:03   ថ្ងៃអង្គារ, 23 ឧសភា 2023 ម៉ោង 08:14 PM

សេចក្តីប្រកាស