Royal Academy of Cambodia
ដោយ៖ លឹម សុវណ្ណរិទ្ធ
គំនិតផ្ដួចផ្ដើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសបំផ្លាញជាតិខ្លួន ត្រូវបានប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជន សម្ដេចតេជោ ហ៊ុន សែន លើកឡើងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ព្រមទាំងបានទទួលគាំទ្រ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងអង្គការសង្គមស៊ីវិលនានាជាបន្តបន្ទាប់ ដោយបានអះអាងថាច្បាប់នេះឆ្លើយតបនឹងតម្រូវការប្រទេសជាតិជាក់ស្ដែង និងត្រូវនឹងកាលៈទេសៈបច្ចុប្បន្ន ពិសេសក្នុងអំឡុងពេលដែលប្រជាជាតិប្រឈមមុខនឹងការឈ្លានពាន។ ទោះជាយ៉ាងណា គំនិតផ្ដួចផ្ដើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ក៏រងការប្រតិកម្មនិងរិះគន់ពីសំណាក់មជ្ឈដ្ឋានមួយចំនួនផងដែរ ដែលក្នុងនោះមានការចោទប្រកាន់ថា វិសោធនកម្មនេះគឺជាការរំលោភសិទ្ធិមនុស្ស ការរំលាយជាតិសាសន៍ និងរហូតដល់មានការចោទថាស្មើនឹងអំពើប្រល័យពូជសាសន៍ក្នុងសម័យទំនើបថែមទៀតផង។ តើវិសោធនកម្មដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសបំផ្លាញជាតិខ្លួន មានអត្ថន័យយ៉ាងណាចំពោះកម្ពុជា?
នៅក្នុងដំណើរការអភិវឌ្ឍនៃសង្គមជាតិនីមួយៗ ការចូលរួមចំណែកប្រកបដោយភាពសកម្ម និងចេតនាសុចរិតចំពោះសង្គមពីសំណាក់សមាជិកសង្គមទាំងអស់ ពិតជាមសំខាន់និងចាំបាច់បំផុត រាប់ចាប់តាំងពីថ្នាក់ដឹកនាំ អ្នកនយោបាយ ប្រជាពលរដ្ឋ សង្គមស៊ីវិល ក៏ដូចជាវិស័យឯកជនជាដើម។ ភាពស្មោះត្រង់នឹងប្រជាជាតិរបស់ខ្លួន មានន័យថា ទោះបីជាប្រព្រឹត្តសកម្មភាពនៅក្នុងទិដ្ឋភាព ឬកាលៈទេសៈណាក៏ដោយ សមាជិកសង្គមទាំងអស់ គប្បីតោងពិនិត្យពិចារណាធ្វើយ៉ាងណា ដើម្បីរួមចំណែកស្ថាបនាសង្គម ពូនជ្រំនិងតម្កល់ប្រយោជន៍ជាតិសាសន៍និងប្រទេសជាតិរបស់ខ្លួន ដោយចៀសវាងនូវទង្វើទាំងឡាយដែលនាំខូចដល់ប្រយោជន៍ជាតិ ឬហុចផលទៅឱ្យបរទេសទាំងឡាយដែលមានចេតនាទុច្ចរិតមកលើជាតិសាសន៍ខ្លួន ដូចសុភាសិតខ្មែរមួយឃ្លាលើកឡើងថា “មិនជួយចូកជួយចែវ កុំយកជើងរាទឹក”។
ទោះបីជាក្នុងកាលៈទេសៈ ឬចេតនាណាមួយក៏ដោយក្ដី អ្នកបំផ្លាញផលប្រយោជន៍ជាតិឬឃុបឃិតជាមួយបរទេសប្រឆាំងនឹងជាតិសាសន៍ខ្លួន ពិតជាពុំស័ក្តិសមនឹងទទួលបានសញ្ជាតិនៃប្រជាជាតិដែលខ្លួនព្យាយាមបំផ្លិចបំផ្លាញនោះទេ។ ត្រង់ចំណុចនេះ គេត្រូវដឹងថា សញ្ជាតិនៃប្រជាជាតិមួយពិតជាមានគុណតម្លៃខ្លាំងណាស់ រហូតដល់មានប្រទេសខ្លះ ថែមទាំងបានកំណត់ឱ្យប្រជាពលរដ្ឋរបស់ខ្លួនមានសញ្ជាតិតែមួយគត់ថែមទៀតផង។ សម្រាប់ប្រទេសកម្ពុជាផ្ទាល់ កន្លងមក មានអ្នកនយោបាយខ្មែរមួយចំនួនបានធ្វើនយោបាយដោយប្រើប្រាស់សញ្ជាតិខ្មែរដែលទទួលបានពីកំណើតរបស់ខ្លួន ប៉ុន្តែនៅពេលដែលពួកគេត្រូវប្រឈមនឹងការកាត់ទោស ដោយសារទង្វើរបស់ខ្លួនប្រាសចាកនឹងច្បាប់ជាធរមានរបស់កម្ពុជា ពួកគេបែរជាប្រើប្រាស់សញ្ជាតិទីពីររបស់ខ្លួន សុំឱ្យរដ្ឋម្ចាស់សញ្ជាតិធ្វើអន្តរាគមន៍ស្នើសុំរាជរដ្ឋាភិបាលកម្ពុជាឱ្យមានការយោគយល់ និងសម្របសម្រួលករណីរបស់ខ្លួនទៅវិញ។ ការណ៍នេះ ហាក់ឆ្លុះបញ្ចាំងដោយប្រយោលឱ្យឃើញពីការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាពីសំណាក់រដ្ឋបរទេសមួយចំនួន ដែលផ្ទុយទៅនឹងគោលការណ៍ច្បាប់អន្តរជាតិ ពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិថែមទៀតផង។ តាមរយៈមេរៀននេះ ទើបកាលពីឆ្នាំ២០២១ រដ្ឋសភាកម្ពុជាបានសម្រេចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលបានកំហិតថា អ្នកកាន់តំណែងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ត្រូវតែមានសញ្ជាតិខ្មែរតែមួយគត់។ បន្ថែមពីលើនេះ កាលពីអំឡុងឆ្នាំ២០២៣ ក្រោយពីមានភាគីទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកយកបញ្ហាអ្នកនយោបាយខ្មែរជាប់ទោស ដែលមានសញ្ជាតិពីរ សម្ដេចតេជោ ហ៊ុន សែន ក្នុងតំណែងជានាយករដ្ឋមន្ត្រី ក៏ធ្លាប់បានលើកឡើងអំពីលទ្ធភាពនៃការធ្វើវិសោធនកម្មច្បាប់ កំណត់ឱ្យអ្នកនយោបាយ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធត្រូវមានសញ្ជាតិខ្មែរតែមួយគត់ ក្រោមហេតុផលដើម្បីបង្ហាញពីជាតិនិយម និងធានាដល់ការអនុវត្តច្បាប់នៅកម្ពុជាផងដែរ។
ជាការពិតណាស់ មិនត្រឹមតែច្បាប់ឬលិខិតបទដ្ឋានគតិយុត្តិផ្សេងៗនោះទេ រដ្ឋធម្មនុញ្ញរបស់ប្រទេសនីមួយៗ ក៏សុទ្ធតែអាចត្រូវបានធ្វើវិសោធនកម្មផងដែរ ដើម្បីឱ្យស្របទៅតាមស្ថានការណ៍និងកាលៈទេសៈតម្រូវជាក់ស្ដែង ព្រោះលើលោកនេះមិនមានអ្វីដែលឥតខ្ចោះនោះឡើយ ហេតុនេះទាមទារឱ្យមានការកែតម្រូវដោយខានពុំបាន។ បើទោះបីជាដូច្នេះក្ដី ការធ្វើវិសោធនកម្មច្បាប់ឬរដ្ឋធម្មនុញ្ញក្ដី ត្រូវតែឈរនៅលើគោលការណ៍ចម្បងមួយគឺធ្វើឡើងដោយផ្អែកលើផលប្រយោជន៍សាធារណៈ និងរួមចំណែកដល់ការថែរក្សាសន្តិសុខ សន្តិភាព និងសណ្ដាប់ធ្នាប់សង្គមជាតិទាំងមូល ហើយខ្លឹមសារនៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ឬរដ្ឋធម្មនុញ្ញ ត្រូវតែមានអត្ថន័យជាការអនុវត្តដោយទូទៅមិនចំពោះ (អនុវត្តចំពោះគ្រប់បុគ្គល និងគ្រប់ករណីទាំងអស់ដោយគ្មានការលើកលែង)។ ថ្មីៗកន្លងទៅនេះ ប្រឈមនឹងការរំលោភបំពាន និងមហិច្ឆតាឈ្លានពានឥតឈប់ឈររបស់បរទេសជិតខាង ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយ បានរួបរួមគ្នាជាជំហរជាតិតែមួយ ក្នុងឆន្ទៈប្រឆាំងនឹងកងទ័ពឈ្លានពានរបស់ថៃ ប៉ុន្តែផ្ទុយទៅវិញ អតីតអ្នកនយោបាយប្រឆាំងមួយរូប បែរជាបានបង្ហាញនូវគោលជំហរផ្ទុយពីប្រជាជាតិរបស់ខ្លួន នៅក្នុងករណីដែលថៃបានឈ្លានបំពានលើអធិបតេយ្យភាពជាតិខ្លួន និងថែមទាំងបានលើកយកខ្លឹមសារដែលកាសែតថៃដកស្រង់សម្ដីដែលខ្លួនលើកឡើងប្រឆាំងនឹងផលប្រយោជន៍ខ្មែរ ក្នុងន័យប្រកបដោយភាពអំនួតថែមទៀតផង។ ពិតប្រាកដណាស់ ការប្រជែងនយោបាយ ដែលព្យាយាមវាយប្រហារដៃគូដើម្បីយកប្រៀបឬភាពឈ្នះរបស់ខ្លួន គឺជារឿងធម្មតារបស់អ្នកនយោបាយ តែការក្លែងព័ត៌មាននិងប្រតិដ្ឋរឿងហេតុដើម្បីវាយប្រហារដៃគូដែលធ្វើឱ្យគ្រោះថ្នាក់ ឬប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិ ក្នុងពេលដែលជាតិសាសន៍ខ្លួនត្រូវប្រឈមជាមួយនឹងបរទេស មិនគួរកើតមានឡើយ។ នេះមិនត្រឹមតែជាការធ្វើនយោបាយក្នុងចេតនាទុច្ចរិត និងគ្រោះថ្នាក់ចំពោះជាតិប៉ុណ្ណោះទេ តែថែមទាំងជានយោបាយអត្តឃាតសម្រាប់ខ្លួនឯងថែមទៀតផង ព្រោះប្រជាជាតិទាំងមូល មិនអាចទទួលយកអ្នកនយោបាយដែលស្រេកឃ្លានតែអំណាច និងយកគំនុំបុគ្គលខ្លួនមកលាយឡំនឹងកិច្ចការប្រទេសជាតិនោះទេ។
ទោះជាយ៉ាងណា ទង្វើប្រឆាំងនឹងផលប្រយោជន៍ជាតិ មិនមែនកើតមានឡើងជាលើកទីមួយនោះទេ ប៉ុន្តែជារៀងដរាបមក អ្នកនយោបាយប្រឆាំងរូបនេះតែងតែផ្ដោតជាសំខាន់ទៅលើការវាយប្រហារនិងចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរុញច្រានឱ្យមានចរន្តប្រឆាំងនឹងរដ្ឋាភិបាលស្ទើតែគ្រប់សំណុំរឿង និងព្យាយាមធ្វើយ៉ាងណាទាញទម្លាក់ប្រជាប្រិយភាពរបស់បក្សកាន់អំណាចនៅរាល់ករណី ដែលប្រជាពលរដ្ឋសាទរនិងគាំទ្រចំណាត់ការឬដំណោះស្រាយរបស់រដ្ឋាភិបាល។ ត្រង់ចំណុចនេះ ធ្វើឱ្យគេនឹកឃើញដល់ត្រកូលមន្ត្រីក្បត់ជាតិខ្មែរមួយគ្រួសារនៅមុននិងអំឡុងសម័យអាណានិគមបារាំងគឺ គ្រួសារអភ័យវង្ស ដែលបានក្បត់នឹងជាតិមាតុភូមិខ្លួនទៅបម្រើឱ្យស្ដេចសៀមដែលជាសត្រូវជាតិសាសន៍ខ្មែរ។ មិនត្រឹមតែក្បត់នឹងផែនដីដែលផ្ដល់កំណើតដល់ខ្លួននិងក្រុមគ្រួសារប៉ុណ្ណោះទេ ពូជពង្សអតីតអ្នកគ្រប់គ្រងខេត្តបាត់ដំបងរូបនេះ ថែមទាំងហ៊ានប្រកាសកាន់ដែនដីខ្មែរទៅភ្ជាប់នឹងនគរសៀមថែមទៀតផង។ លើសពីនេះ អភ័យវង្សឃួង នៅក្រោយពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ក៏មិនបានបំភ្លេចពីគំនិតឈ្លានពានយក ទឹកដីខេត្តបាត់ដំបងនិងសៀមរាបនោះទេ ថែមទាំងបានគាំទ្រឱ្យមានការបង្កើតចលនាក្នុងស្រុកខ្មែរនៅឆ្នាំ១៩៤៦ ដែលយកលេសប្រឆាំងនឹងវត្តមានអាណានិគមបារាំង តែការពិតគឺដើម្បីគ្រប់គ្រងសភាពការណ៍នៅកម្ពុជា ហើយផ្ដោតទៅលើការប្រឆាំងមិនឱ្យបារាំងទាមទារខេត្តបាត់ដំបង និងសៀមរាប (ដែលត្រូវបានកាត់ទៅឱ្យថៃនៅពេលដែលជប៉ុនកាន់កាប់កម្ពុជា) មកឱ្យខ្មែរវិញទៀតផង។ នេះគឺជាប្រវត្តិសាស្ត្រដ៏អាម៉ាស់របស់ខ្មែរ ដែលមានមន្ត្រីហ៊ានកាត់ទឹកដីកំណើតឱ្យសត្រូវ និងថែមទាំងទៅរស់នៅធ្វើខ្ញុំបម្រើជាតិសាសន៍ដទៃប្រឆាំងនឹងជាតិកំណើតខ្លួនថែមទៀតផង។
បន្ថែមពីនេះ គេក៏គួរតែកត់សម្គាល់ផងដែរថា ប្រទេសកម្ពុជាក្នុងសម័យសង្គមរាស្ត្រនិយមក៏ធ្លាប់បានអនុម័តច្បាប់បាត់សញ្ជាតិខ្មែរ កាលពីឆ្នាំ១៩៦៨ផងដែរ។ ការអនុម័តច្បាប់នេះ ធ្វើឡើងនៅក្នុងពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជានាពេលនោះ កំពុងប្រឈមមុខនឹងការបែកបាក់ជាតិ ដែលអ្នកនយោបាយខ្មែរម្ខាងៗប្រកាន់មនោគមវិជ្ជានយោបាយយ៉ាងងប់ងុលរៀងៗខ្លួន និងស្រេកឃ្លានអំណាចហើយយកមនោគមវិជ្ជានយោបាយធ្វើជាត្រីមុខដើម្បីទទួលបានការគាំទ្រពីមហាអំណាចនៅប្លុកនីមួយៗ។ អ្នកនយោបាយទាំងនោះបានបំភ្លេចចោលនូវឧត្ដមប្រយោជន៍ជាតិជារួម រហូតដល់មានការបែងចែកពណ៌សម្បុរនយោបាយជាខ្មែរស ខ្មែរខៀវ និងខ្មែរក្រហម រួចយកជាតិសាសន៍ខ្មែរគ្នាឯងជាសត្រូវ និងប្រព្រឹត្តសកម្មភាពប្រឆាំងនឹងផលប្រយោជន៍ប្រទេសជាតិថែមទៀតផង។
មេរៀនក្នុងប្រវត្តិសាស្ត្រខ្មែរទាំងអស់នេះ ក៏អាចជាបទពិសោធន៍មួយដែលគេគួរពិចារណាអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនាក្នុងពេលនេះផងដែរ ព្រោះអ្នកឃុបឃិតជាមួយបរទេសប្រឆាំងជាតិសាសន៍ខ្លួន មិនគួរត្រូវបានលើកលែង ហើយអនុញ្ញាតឱ្យបន្តមានសញ្ជាតិដែលខ្លួនប៉ុនប៉ងបំផ្លិចបំផ្លាញនោះទេ ទោះបីជាអ្នកបុគ្គលរូបនោះមានដើមកំណើតជាជនជាតិខ្មែរក៏ដោយក្ដី។ ហេតុផលដែលបុគ្គលទាំងនោះមិនគួរបន្តមានសញ្ជាតិនៃរដ្ឋដែលខ្លួនប៉ុនប៉ងបំផ្លាញ ក៏ព្រោះតែពួកគេអាចប្រើប្រាស់សិទ្ធិ សេរីភាព ការការពារនិងគាំពារ និងអត្ថប្រយោជន៍ស្រេបច្បាប់ផ្សេងៗដែលទទួលបានពីប្រទេសជាតិខ្លួន ទៅបម្រើតែគោលបំណងធ្វើវិទ្ធង្សនា ឬដើម្បីប្រព្រឹត្តទង្វើប្រឆាំងនឹងប្រជាជាតិខ្លួនទៅវិញតែប៉ុណ្ណោះ។
ជាការពិតណាស់ ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ (រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣១) ដូច្នេះរាជរដ្ឋាភិបាលមានកាតព្វកិច្ចនៅក្នុងការគោរពច្បាប់និងលិខិតបទដ្ឋានគិតយុត្តិអន្តរជាតិទាំងឡាយ ដែលមានជាធរមាន ស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញរបស់ខ្លួន។
នៅក្នុងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស (១០ ធ្នូ ១៩៤៨) ត្រង់មាត្រា ១៥ បានចែងថា “មនុស្សគ្រប់រូប មានសិទ្ធិទទួលបានសញ្ជាតិមួយ។ គ្មានជនណាម្នាក់អាចត្រូវដកហូតសញ្ជាតិ ឬរារាំងសិទ្ធិប្ដូរសញ្ជាតិរបស់ខ្លួនតាមអំពើចិត្តបាន។ ” មានន័យថា គេមិនអាចដកហូតសញ្ជាតិ ឬរារាំងសិទ្ធិប្ដូរសញ្ជាតិរបស់បុគ្គលណាស្រេចតែនឹងចិត្តចង់បានរបស់ខ្លួនដោយគ្មានហេតុផលសមស្របឡើយ ប៉ុន្តែនេះមិនមានន័យថា បុគ្គលគ្រប់រូបនឹងមិនអាចបាត់បង់សញ្ជាតិរបស់ខ្លួននោះទេ។ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សដដែល នៅត្រង់មាត្រា ៧ បានចែងថា “ជនគ្រប់រូប មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងមានសិទ្ធិទទួលការការពារពីច្បាប់ស្មើៗគ្នា ដោយគ្មានការរើសអើង។ [...] ” ដូច្នេះការអនុវត្តច្បាប់ ត្រូវធ្វើឡើងជាទូទៅដោយមិនចំពោះ ហើយមនុស្សទាំងអស់ត្រូវតែស្ថិនៅក្រោមពិដាននៃច្បាប់ ក៏ដូចជារដ្ឋធម្មនុញ្ញនៃប្រទេសនីមួយៗ ដោយគ្មានជនណាមួយអាចយកសម្អាងទៅលើហេតុផលផ្សេងៗ ហើយបង្កើតលក្ខខណ្ឌពិសេសសម្រាប់ខ្លួននិងក្រុម រួចទាត់ចោលនូវរដ្ឋធម្មនុញ្ញ និងច្បាប់មានជាធរមានរបស់ប្រទេសនីមួយៗឡើយ។ ពលរដ្ឋដែលមានសញ្ជាតិនៃរដ្ឋនីមួយៗ មានកាតព្វកិច្ចគោរពនិងអនុវត្តច្បាប់រដ្ឋដែលខ្លួនទទួលសញ្ជាតិជាកំហិត។ ត្រង់ចំណុចនេះ ខ្លឹមសារនៃធម្មនុញ្ញសហប្រជាជាតិ នៅក្នុងជំពូកទី១ អំពីវត្ថុបំណង និងគោលការណ៍ ត្រង់ប្រការ២ ចំណុចទី៧ បានចែងថា “មិនមានបទប្បញ្ញត្តិណាមួយនៃធម្មនុញ្ញបច្ចុប្បន្ន អនុញ្ញាតឱ្យអង្គការសហប្រជាជាតិ ធ្វើកិច្ចអន្តរាគមន៍ក្នុងរឿងទាំងឡាយដែលពាក់ព័ន្ធនឹងយុត្តាធិការនៃ រដ្ឋណាមួយ ឬតម្រូវឱ្យសមាជិកសមាជិកាបញ្ជូនបញ្ហាទាំងនោះ ទៅដោះស្រាយក្រោមធម្មនុញ្ញបច្ចុប្បន្នឡើយ ប៉ុន្តែគោលការណ៍នេះនឹងមិនធ្វើឱ្យមានការរើសអើងចំពោះការអនុវត្តវិធានការអនុវត្តក្រោមជំពូកទី VII ឡើយ។ ” មានន័យថា រដ្ឋសមាជិកអង្គការសហប្រជាជាតិទាំងអស់ ពិតជាមានសិទ្ធិនៅក្នុងការចាត់វិធានការនានាស្របទៅតាមច្បាប់និងរដ្ឋធម្មនុញ្ញជាធរមានរបស់ខ្លួនដើម្បីការពារសន្តិសុខ សន្តិភាព និងអធិបតេយ្យភាពជាតិរបស់ខ្លួនអាស្រ័យទៅតាមស្ថានភាពជាក់ស្ដែង។
ជាមួយគ្នានេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំពូកទី ៣ អំពី សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ត្រង់មាត្រា៤៩ ថ្មី វាក្យខណ្ឌទី២ បានចែងថា “ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្ដី ឬដោយប្រយោលក្ដី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជានិងប្រជាពលរដ្ឋខ្មែរឡើយ។ ” នេះមានន័យថា អ្នកឃុបឃិតជាមួយបរទេសបំផ្លាញជាតិខ្មែរខ្លួនឯង ពិតជាបានបំពានរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិរួចស្រេចទៅហើយ ដែលជាការក្បត់នឹងប្រទេសកម្ពុជាជាមាតុភូមិកំណើរនិង/ឬរដ្ឋដែលផ្ដល់សញ្ជាតិឱ្យខ្លួន ដូច្នេះអ្នកទាំងនោះ មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលត្រូវបន្តកាន់សញ្ជាតិខ្មែរនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ ដំណើរការឈានទៅធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺជាសិទ្ធិស្របច្បាប់របស់អ្នកតំណាងរាស្ត្រនៅរដ្ឋសភា សមាជិកព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលអនុវត្តមុខនាទីរបស់ខ្លួន ដែលយល់ឃើញអំពីភាពចាំបាច់ តម្រូវការជាក់ស្ដែង និងធានាបាននូវសន្តិសុខ សន្តិភាព និងសណ្ដាប់ធ្នាប់ប្រទេសជាតិ។ ចំណែកការសម្រេចសេចក្ដីនៅក្រោយច្បាប់ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនេះត្រូវបានចូលជាធរមាន ឆន្ទានុសិទ្ធិគឺស្ថិតនៅលើស្ថាប័នតុលាការ ដែលមានយុត្តាធិការនៅក្នុងការសម្រេចសេចក្ដីទៅលើសំណុំរឿងនីមួយៗ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលកំណត់អំពីឯករាជ្យភាពនៃអំណាចកំពូលទាំង៣របស់រដ្ឋគឺ នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ ត្រង់ចំណុចនេះ ទោះបីជាវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានអនុម័តនិងចូលជាធរមានក៏ដោយ ដើម្បីកំណត់ថាជនណាបានប្រព្រឹត្តអំពើឃុបឃិតជាមួយបរទេស បំផ្លាញជាតិខ្លួន គឺស្ថិតនៅលើស្ថាប័នតុលាការ មិនមែនស្ថិតនៅលើអង្គនីតិប្បញ្ញត្តិ ឬអង្គនីតិប្រតិបត្តិនោះឡើយ។ មានន័យថា អ្នកដែលមិនបានប្រព្រឹត្តអំពើឃុបឃិតជាមួយបរទេសបំផ្លាញជាតិខ្លួន មិនគួរមានការព្រួយបារម្ភចំពោះដំណើរការវិសោធនកម្មរដ្ឋធម្មនុញ្ញដកសញ្ជាតិនេះឡើយ ហើយ គេក៏មិនគួរមានទុទិដ្ឋិនិយមលើប្រព័ន្ធដឹកនាំរដ្ឋនៃប្រទេសទាំងមូលថា គ្មានសុចរិតភាព ឬអយុត្តិធម៌ ហើយរៀបចំវិសោធនកម្មដើម្បីផ្ដោតគោលដៅតែលើបុគ្គល ឬក្រុមណាមួយនោះឡើយ ព្រោះនៅក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋគឺជាម្ចាស់អំណាច និងជាតុលាការកាត់សេចក្ដីលើការដឹកនាំរបស់គណបក្សនយោបាយនីមួយៗ តាមរយៈសន្លឹកឆ្នោតនៅរៀងរាល់៥ឆ្នាំម្ដង។
ជារួម ដោយផ្អែកទៅលើគោលការណ៍អធិបតេយ្យភាព ឧត្ដមប្រយោជន៍ជាតិ បទពិសោធន៍ប្រវត្តិសាស្ត្រ និងឈរលើហេតុផលសច្ចភាព ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសបំផ្លាញជាតិខ្លួន គឺជាការណ៍ចាំបាច់ និងមានសារៈសំខាន់ ដើម្បីធានាការពារប្រជាជាតិពីការធ្វើវិទ្ធង្សនាដោយរដ្ឋបរទេសតាមរយៈអ្នកមានសញ្ជាតិខ្មែរ (ទាំងអ្នកមានសញ្ជាតិពីកំណើត និងអ្នកទើបទទួលបានសញ្ជាតិតាមរយៈអាពាហ៍ពិពាហ៍ឬការធ្វើសញ្ជាតូបនីយកម្ម) ជំរុញឆន្ទៈមនសិកាស្នេហាជាតិ និងជាការដាស់ស្មារតីនិងក្រើនរំឭកដល់បុគ្គលគ្រប់រូបដែលមានសញ្ជាតិខ្មែរ ត្រូវគិតគូរពិចារណាឱ្យបានហ្មត់ចត់និងគ្រប់ជ្រុងជ្រោយ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ចៀសវាងការប្រព្រឹត្តទង្វើទាំងឡាយ ដែលប្រឆាំងជាតិសាសន៍ខ្មែរ ឬហុចផលទៅដល់បរទេសដែលមានចេតនាមិនទុច្ចរិតមកលើប្រទេសនិងប្រជាជនកម្ពុជា៕
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...
សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...