Royal Academy of Cambodia
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំនូវសិក្ខាសាលាមួយស្ដីពី «កម្មវិធីអូស៊ីអខ្មែរ និងអក្សរខ្មែរបុរាណក្នុងបច្ចេកវិទ្យាព័ត៌មាន» ដោយវាគ្មិន៣រូបគឺ បណ្ឌិត ឈិត វណ្ណាឫទ្ធ បណ្ឌិត លឹម សេងឌី និងបណ្ឌិត មាឃ បូរ៉ា។
នៅក្នុងឱកាសបើកសិក្ខាសាលានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ ថា ការរៀបចំសិក្ខាសាលាខាងលើនេះ គឺជាការរៀបចំដោយលើកយកប្រធានបទនៃគម្រោងស្រាវជ្រាវ២ ផ្សេងគ្នាដើម្បីជាការបង្ហាញដល់សាធារណជន ហើយនៅបន្ទាប់ពីគម្រោងទាំងពីរនេះត្រូវបានបញ្ចប់ វានឹងក្លាយទៅជាជោគ ជ័យថ្មីមួយសម្រាប់ប្រទេសកម្ពុជាទាំងមូល។
ជាការបន្ថែម ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបង្ហាញនូវជំនឿចិត្តថា នៅពេលដែលគម្រោងស្រាវជ្រាវទាំងពីរនេះទទួលបានជោគជ័យ វានឹងក្លាយទៅជាស្នាដៃជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា ដែលក្នុងនោះទីមួយគឺគេអាចថតចម្លងអត្ថបទដែលសរសេរជាអក្សរខ្មែរចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រដោយមិនចាំបាច់វាយឡើងវិញ ចំណែកគម្រោងស្រាវជ្រាវមួយផ្សេងទៀត នឹងជួយឱ្យសាធារណជនទូទៅ ពិសេសអ្នកសិក្សាស្រាវជ្រាវទាំងអស់អាចអានអក្សរខ្មែរសម័យបុរាណដោយមិនចាំបាច់ត្រូវការអ្នកជំនាញចាំជួយបកប្រែដូចមុននោះឡើយ។
ឯកឧត្ដមបណ្ឌិត្យសភាចារ្យបានបន្តថា ការងាររបស់បញ្ញវ័ន្តគឺជាការងារដើម្បីការរីកចម្រើននៃសង្គមជាតិ និងការសិក្សាស្រាវជ្រាវសម្រាប់បញ្ញវ័ន្តដទៃទៀត ហើយអត្ថប្រយោជន៍ដែលទទួលបានមានច្រើន គឺទាំងថវិកាដែលបានពី គម្រោងស្រាវជ្រាវ កិត្តិយស និងកេរ្តិ៍ឈ្មោះសម្រាប់ទុកដល់អ្នកជំនាន់ក្រោយ។ ហើយបន្ទាប់ពីគម្រោងនេះទទួលបានជោគជ័យ បណ្ឌិត្យសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា នឹងស្នើសុំមេដាយថ្នាក់ជាតិដើម្បីជាសក្ខីភាពក្នុងការផ្ដល់កិត្តិយសជូនអ្នកស្រាវជ្រាវដែលបានបង្កើតស្នាដៃថ្មី។លើសពីនេះទៅទៀត ឯកឧត្ដមប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសង្កត់ធ្ងន់ថា សម្រាប់បញ្ញវ័ន្តឬអ្នកស្រាវជ្រាវទាំងឡាយរបស់កម្ពុជា ដែលអាចស្វែងរកនូវរបកគំហើញ ឬក៏ស្នាដៃស្រាវជ្រាវថ្មី ដែលផ្ដល់នូវឧត្ដមប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ឯកឧត្ដមក៏នឹងស្នើសុំគោរមងារជាបណ្ឌិត សភាចារ្យជូនបញ្ញវ័ន្តឬអ្នកស្រាវជ្រាវរូបនោះផងដែរ ដើម្បីជាការតបស្នងនូវការខិតខំប្រឹងប្រែងរបស់ពួកគេសម្រាប់ប្រទេសជាតិ។
គួរបញ្ជាក់ផងដែរថា បើតាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច គម្រោងអក្សរខ្មែរបុរាណគឺផ្ដើមគំនិតតាំងពីលោកបណ្ឌិត ឡុង សៀម មកម្ល៉េះ ប៉ុន្តែមិនទាន់បានដំណើរការនៅឡើយ ហើយក្រោយពីឯកឧត្ដមបណ្ឌិត សភាចារ្យឡើងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបានជំរុញឱ្យគម្រោងនេះដំណើរការចេញជារូបរាងពិតប្រាកដ។
ចំណែកឯគម្រោងកម្មវិធីអូស៊ីអខ្មែរវិញ បើតាមលោកបណ្ឌិត លឹម សេងឌី មកដល់បច្ចុប្បន្ននេះគម្រោងស្រាវជ្រាវបានសម្រេចជាលទ្ធផល ៧៥% ហើយ ហើយលោកបណ្ឌិតនឹងខិតខំដើម្បីឱ្យគម្រោងនេះចប់សព្វគ្រប់នាពេលឆាប់ៗខាងមុខនេះ៕
RAC Media | លឹម សុវណ្ណរិទ្ធ
បន្ទាប់ពីសង្គ្រាមស៊ីវិលចិន (១៩២៧-១៩៤៩) បានបិទបញ្ចប់ សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រកាសបង្កើតឡើងនៅឆ្នាំ១៩៤៩ ក្រោយចលនាកុម្មុយនីស្តបានយកឈ្នះលើកម្លាំងទ័ពរបស់រដ្ឋាភិបាលគួមីងតាងដែលបានភៀសខ្លួនទៅកាន់កោះតៃ...
ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌរូបី (កេរដំណែលបន្សល់ពីដូនតាតាំងពីសម័យបុរាណ)។ សម្បត្តិបេតិកភណ្ឌទាំងនោះរួមមានប្រាសាទបុរាណ វិហារពុទ្ធសាសនាបុរាណ ស្ពានបុរាណ ឡបុរាណ ផ្លូវបុរាណ ភូមិដ...
ខ្លឹមសារសំខាន់ៗជាមូលដ្ឋានក្នុងទស្សនវិជ្ជាហិណ្ឌូ បង្ហាញពីគំនិតស្តីអំពីវដ្តគ្មានទីបញ្ចប់នៃការកើតនិងការស្លាប់។ វដ្តគ្មានទីបញ្ចប់នៃការកើត និងការស្លាប់ គេហៅថា សំសារៈ (samsara) ឬ វាលវដ្តសង្សារ។ វាលវដ្តសង្សា...
មនុស្សជាតិទូទៅ ទោះចង់ឬមិនចង់ តែងបានអនុវត្តទ្រឹស្តីទស្សនវិជ្ជាសង្គម ដោយចៀសមិនរួច។ ទស្សនវិទូជាច្រើនបានកំណត់សកម្មភាពមួយចំនួនសម្រាប់ សម្គាល់ថាមនុស្សជាតិពិតជាបាននិងកំពុងរស់នៅដោយប្រើប្រាស់ទស្សនវិជ្ជាសង្គម។...
ថ្មីៗនេះមានសារព័ត៌មានជាច្រើនបានសរសេរពីទំនាក់ទំនងកម្ពុជាជាមួយសហរដ្ឋអាម៉េរិក ជាពិសេសលើប្រធានបទក្ដៅចំពោះការធ្វើដំណើររបស់សម្ដេចតេជោ ហ៊ុន សែន ទៅប្រទេសចិន រហូតដល់វិវឌ្ឍនាការពី “មិត្តដែកថែប” ទៅ “មិត្តត្បូងពេ...
កម្ពុជានិងចិនមានទំនាក់ទំនងជាមួយគ្នាក្នុងប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំកន្លងមកហើយ ដែលនៅពេលនោះមានរូបភាពច្រើនតែទៅលើទំនាក់ទំនងតាមរយៈការធ្វើជំនួញផ្លូវទឹក ការជ្រាបចូលនៃវប្បធម៌ និងការផ្លាស់ប្ដូរជនជាតិចិនចូលមករ...