Royal Academy of Cambodia
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំនូវសិក្ខាសាលាមួយស្ដីពី «កម្មវិធីអូស៊ីអខ្មែរ និងអក្សរខ្មែរបុរាណក្នុងបច្ចេកវិទ្យាព័ត៌មាន» ដោយវាគ្មិន៣រូបគឺ បណ្ឌិត ឈិត វណ្ណាឫទ្ធ បណ្ឌិត លឹម សេងឌី និងបណ្ឌិត មាឃ បូរ៉ា។
នៅក្នុងឱកាសបើកសិក្ខាសាលានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ ថា ការរៀបចំសិក្ខាសាលាខាងលើនេះ គឺជាការរៀបចំដោយលើកយកប្រធានបទនៃគម្រោងស្រាវជ្រាវ២ ផ្សេងគ្នាដើម្បីជាការបង្ហាញដល់សាធារណជន ហើយនៅបន្ទាប់ពីគម្រោងទាំងពីរនេះត្រូវបានបញ្ចប់ វានឹងក្លាយទៅជាជោគ ជ័យថ្មីមួយសម្រាប់ប្រទេសកម្ពុជាទាំងមូល។
ជាការបន្ថែម ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបង្ហាញនូវជំនឿចិត្តថា នៅពេលដែលគម្រោងស្រាវជ្រាវទាំងពីរនេះទទួលបានជោគជ័យ វានឹងក្លាយទៅជាស្នាដៃជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា ដែលក្នុងនោះទីមួយគឺគេអាចថតចម្លងអត្ថបទដែលសរសេរជាអក្សរខ្មែរចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រដោយមិនចាំបាច់វាយឡើងវិញ ចំណែកគម្រោងស្រាវជ្រាវមួយផ្សេងទៀត នឹងជួយឱ្យសាធារណជនទូទៅ ពិសេសអ្នកសិក្សាស្រាវជ្រាវទាំងអស់អាចអានអក្សរខ្មែរសម័យបុរាណដោយមិនចាំបាច់ត្រូវការអ្នកជំនាញចាំជួយបកប្រែដូចមុននោះឡើយ។
ឯកឧត្ដមបណ្ឌិត្យសភាចារ្យបានបន្តថា ការងាររបស់បញ្ញវ័ន្តគឺជាការងារដើម្បីការរីកចម្រើននៃសង្គមជាតិ និងការសិក្សាស្រាវជ្រាវសម្រាប់បញ្ញវ័ន្តដទៃទៀត ហើយអត្ថប្រយោជន៍ដែលទទួលបានមានច្រើន គឺទាំងថវិកាដែលបានពី គម្រោងស្រាវជ្រាវ កិត្តិយស និងកេរ្តិ៍ឈ្មោះសម្រាប់ទុកដល់អ្នកជំនាន់ក្រោយ។ ហើយបន្ទាប់ពីគម្រោងនេះទទួលបានជោគជ័យ បណ្ឌិត្យសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា នឹងស្នើសុំមេដាយថ្នាក់ជាតិដើម្បីជាសក្ខីភាពក្នុងការផ្ដល់កិត្តិយសជូនអ្នកស្រាវជ្រាវដែលបានបង្កើតស្នាដៃថ្មី។លើសពីនេះទៅទៀត ឯកឧត្ដមប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសង្កត់ធ្ងន់ថា សម្រាប់បញ្ញវ័ន្តឬអ្នកស្រាវជ្រាវទាំងឡាយរបស់កម្ពុជា ដែលអាចស្វែងរកនូវរបកគំហើញ ឬក៏ស្នាដៃស្រាវជ្រាវថ្មី ដែលផ្ដល់នូវឧត្ដមប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ឯកឧត្ដមក៏នឹងស្នើសុំគោរមងារជាបណ្ឌិត សភាចារ្យជូនបញ្ញវ័ន្តឬអ្នកស្រាវជ្រាវរូបនោះផងដែរ ដើម្បីជាការតបស្នងនូវការខិតខំប្រឹងប្រែងរបស់ពួកគេសម្រាប់ប្រទេសជាតិ។
គួរបញ្ជាក់ផងដែរថា បើតាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច គម្រោងអក្សរខ្មែរបុរាណគឺផ្ដើមគំនិតតាំងពីលោកបណ្ឌិត ឡុង សៀម មកម្ល៉េះ ប៉ុន្តែមិនទាន់បានដំណើរការនៅឡើយ ហើយក្រោយពីឯកឧត្ដមបណ្ឌិត សភាចារ្យឡើងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបានជំរុញឱ្យគម្រោងនេះដំណើរការចេញជារូបរាងពិតប្រាកដ។
ចំណែកឯគម្រោងកម្មវិធីអូស៊ីអខ្មែរវិញ បើតាមលោកបណ្ឌិត លឹម សេងឌី មកដល់បច្ចុប្បន្ននេះគម្រោងស្រាវជ្រាវបានសម្រេចជាលទ្ធផល ៧៥% ហើយ ហើយលោកបណ្ឌិតនឹងខិតខំដើម្បីឱ្យគម្រោងនេះចប់សព្វគ្រប់នាពេលឆាប់ៗខាងមុខនេះ៕
RAC Media | លឹម សុវណ្ណរិទ្ធ
រាជបណ្ឌិត្យសភាកម្ពុជា៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១១:០០នាទី ដល់ ១២:៣០នាទីថ្ងៃត្រង់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ...
ភ្នំពេញ៖ នៅថ្ងៃពុធ ២៣ តុលានេះ គឺជាថ្ងៃគម្រប់ខួប២៨ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៩) ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលខ្មែរ។ ឆ្លៀតក្នុងឱកាសនេះ យើងសូមរំឭក អំពីខ្លឹមសារនៃកិច...
ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំសិក្ខាសាលាមួយស្តីពី «វិសិដ្ឋកម្មកម្មវិធីអូស៊ីអខ្មែរ Khmer Intelligent OCR software Update » ដោយ ក្រុមការងារគ...
នៅរដូវបុណ្យកឋិនទាននាឆ្នាំ២០១៩នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្ថាប័នឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រមាណ៦០នាក់ បានដង្ហែរកឋិនទាននាំយកត្រៃយ៍...
កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តមបណ្ឌិតសភាចារ្...